ឯកអគ្គរាជទូត​ និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​និយាយ​ថា ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បង្ហាញ​តែ​ពី​ភាពអវិជ្ជមាន​របស់​រដ្ឋាភិបាល ដោយ​មិនបាន​មើលឃើញ​ពី​ភាព​វិជ្ជមាន​ឡើយ​។


នៅ​ទីក្រុង​ហ្សឺណែវ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៦ ខែតុលា ឆ្នាំ​ ២០២២ បេសកកម្ម​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​កិច្ចពិភាក្សា​របស់​អង្គការ​សហប្រជាជាតិ​ដោយ​អះអាង​ថា សិទ្ធិមនុស្ស​ក្នុង​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​សរសើរ​។

នៅក្នុង​កិច្ចពិភាក្សា​ដដែល ឯកអគ្គរាជទូត​ និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​ឆ្លើយតប​ចំពោះ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ថា ការរិះគន់​ដែល​លើក​យក​តែ​ជ្រុង​ម្ខាង​ទៅ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ គឺជា​ការធ្វើ​ឡើង​ដោយ​ប្រាសចាក​ពី​ការពិត​។


ឯកអគ្គរាជទូត​ និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​បាន​សម្គាល់​ថា​៖ «​សោកស្ដាយ​ចំពោះ​របាយការណ៍​ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​លើ​ទិដ្ឋភាព​ជាច្រើន ដោយ​មិន​លើក​ឱ្យ​មាន​តុល្យភាព​នូវ​អង្គហេតុ​ និង​អង្គច្បាប់ ដែល​ផ្ដល់​ដោយ​ស្ថាប័ន​ជាច្រើន​របស់​រដ្ឋ ទោះបី​ជា​រដ្ឋាភិបាល​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ​យ៉ាងណា​ក៏ដោយ​។ អ្នករាយការណ៍​ពិសេស​បាន​ធ្វើការ​សន្និដ្ឋាន​ដែល​មាន​ចរិត​នយោបាយ​»​។

ជុំវិញ​រឿងនេះ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​ថា មាន​ការលើកឡើង​ច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល និង​ទាំង​សហគមន៍​អន្តរជាតិ​អំពី​ការប្រឈម​នៃ​ស្ថានភាព​ការគោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។


អ្នកស្រី ចក់ សុភាព ​ថា​៖ «​យើង​ឃើញ​ថា​សេរីភាព​បញ្ចេញមតិ ការជួបជុំ​របស់​ប្រជាពលរដ្ឋ​ ដោយ​សន្តិវិធី ឬ​ការ​ចងក្រង​ជា​សមាគម​ត្រូវ​បាន​រឹតត្បិត​។ ហើយ​ខ្ញុំ​គូសបញ្ជាក់​រួចហើយ​ថា នៅក្នុង​ការតាមដាន​ត្រួតពិនិត្យ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ជាសកល ក៏មាន​ប្រទេស​ជាច្រើន​បាន​ផ្ដល់​នូវ​អនុសាសន៍​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​ផងដែរ ចឹង​ចំណោទ ថា​តើ​យើង​បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ដែល​ប្រទេស​ទាំងអស់​បាន​លើកឡើង​ឬ​នៅ​?»​។

អ្នកស្រី​បន្ថែម​ថា ថ្មីៗ​នេះ​អ្នករាយការណ៍​ពិសេស​បាន​លើកឡើង​នូវ​បញ្ហា និង​អនុសាសន៍​សំខាន់ៗ ដែល​ចាំបាច់​មួយ​ចំនួន​នៅក្នុង​របាយការណ៍​បេសកកម្ម​របស់​លោក និង​នៅពេល​ប្រជុំ​អង្គការ​សហប្រជាជាតិ ហើយ​អនុសាសន៍​ទាំងនេះ រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើឱ្យ​ប្រសើរ​ឡើង​ក្នុង​ផ្នែក​សិទ្ធិមនុស្ស​។

យោងតាម​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស អ្នករាយការណ៍​ពិសេស​បាន​ចាប់យក​ចំណុច​សំខាន់ៗ​ជាច្រើន រួមទាំង​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេល​ថ្មីៗ​នេះ ហើយ​បាន​បង្កើត​នូវ​គោល​សំខាន់ៗ ដើម្បី​ជួយ​ពន្លឿន​ការអនុវត្ត​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។

ដោយ​លោក​សង្កត់ធ្ងន់​លើ​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​៖ កែតម្រូវ​ភាពមិន​ស្រប​គ្នា​ទាក់ទង​នឹង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ ធានា​ឱ្យ​មាន​ប្រព័ន្ធ​ពហុបក្ស​ពិតប្រាកដ ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ការត្រួតពិនិត្យ និង​តុល្យភាព​ប្រឆាំងនឹង​ការរំលោភបំពាន​អំណាច និង​ការធានា​សម្រាប់​ការចូលរួម​របស់​ប្រជាជន និង​អំណាច​រួម សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ​២០២៣​។ ហើយ​និង​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​ប្រឆាំង​នយោបាយ អ្នក​កាសែត និង​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​តស៊ូ​មតិ​ដទៃទៀត​នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ទម្លាក់​សំណុំ​រឿង​របស់​តុលាការ​ប្រឆាំង​នឹង​ពួកគេ និង​បញ្ឈប់​ពី​ការយាយី ឬ​វាយប្រហារ​ពួកគេ​ជាដើម​៕