តាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក កម្រិត​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​មិន​ខុសគ្នា​ប៉ុន្មាន​នោះទេ បើ​ធៀប​ទៅនឹង​ប្រទេសជិតខាង​ដូចជា ប្រទេស​ថៃ វៀតណាម និង​ឡាវ​។ ពលរដ្ឋ​កម្ពុជា​ក្នុង​ម្នាក់ ប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​មធ្យម ៧,៨៤ លីត្រ ​ក្នុង​​​ ១ ឆ្នាំ​។


​របាយការណ៍​ដដែល​បាន​បង្ហាញថា បុរស​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើនជាង​ស្ត្រី គឺ​រហូតដល់​ទៅ ១២,៩ លីត្រ​ក្នុង​មួយឆ្នាំ ខណៈដែល​ស្ត្រី​ប្រើប្រាស់​ត្រឹមតែ ៣,២១ លីត្រ​ ក្នុង​ ១ ឆ្នាំ​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល​បានបង្ហាញ​ការព្រួយបារម្ភ​អំពី​បញ្ហា​ជាច្រើន​ដែល​កើតមានឡើង​បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។

​លោក យ៉ុង គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​មានប្រសាសន៍ថា​៖ «​កម្រិត​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា​ស្ថិតក្នុង​អត្រា​ខ្ពស់​។ ហើយ​គ្រឿង​ស្រវឹង​នេះ បាន​ជះឥទ្ធិពល​អាក្រក់​ខ្លាំងណាស់​ដល់​សង្គមជាតិ​ទាំងមូល​។ ជាក់ស្ដែង​ដូចជា បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ការកើនឡើង​នៃ​ជំងឺមិនឆ្លង និង​ហិង្សា​ក្នុង​គ្រួសារ​»​។


​លោក​បាន​ថ្លែង​បញ្ជាក់​បន្ថែមថា៖ «​ប្រទេសជិតខាង គេ​ផឹក​ដែរ ប៉ុន្តែ​គេ​មានច្បាប់​ត្រឹមត្រូវ​ដើម្បី​រឹតបន្តឹង ហើយ​បញ្ហា​នេះ ដើម្បី​អាច​កាត់បន្ថយ​បាន លុះត្រាតែ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ព​ន្លឿ​ន​ការអនុម័ត​ច្បាប់​ស្តីពី​គ្រប់គ្រង​គ្រឿង​ស្រវឹង និង​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​»​។

​ទន្ទឹមនឹងនេះ​ផងដែរ លោកស្រី ផាត សុ​រី មានមុខរ​បរជា​អ្នកលក់ដូរ​គ្រឿងឧបភោគ ក៏បាន​លើកឡើងថា​៖ «​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បច្ចុប្បន្ននេះ​ គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ​ធ្ងន់ ព្រោះ​បើ​មើល​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ឃើញ​មានការ​ប្រជុំគ្នា​ផឹកស៊ី​រៀងរាល់ថ្ងៃ ដែល​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ការប្រកប​របរ​រកស៊ី ខាតបង់​ថវិកា​គ្រួសារ ការឈ្លោះប្រកែក​គ្នា ពេលខ្លះ​អាច​ដល់​ថ្នាក់​កាប់សម្លាប់​គ្នា​ក៏មានដែរ​»​។​


​លោកស្រី​បាន​បន្ថែមទៀតថា​៖ «​ក្មេងៗ​ដែលមាន​អាយុ​ទើបតែ​ ១៥ ឆ្នាំ​ឡើងទៅ ចាប់ផ្ដើម​ចេះ​ដើរ​ផឹកស្រា​បណ្ដើរៗ មើលទៅ​មាន​វ័យក្មេងៗ​ទេ ចឹ​ង​ហើយ​វា​ធ្វើឱ្យប៉ះពាល់​ដល់​ការសិក្សា​។ ក្មេង​ខ្លះ​ឈប់រៀន​ដោយសារ​ការសប្បាយ​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​ជ្រុល​»​។

​លោកស្រី​ក៏បាន​រំលេច​អំពី​ទុក្ខលំបាក​ក្នុង​គ្រួសារ​របស់លោក​ស្រី​ផ្ទាល់ ដោយសារតែ​ប្ដី​របស់លោក​ស្រី​ក៏​ជា​អ្នក​ដែល​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង​ច្រើន និង​តែងតែ​បង្កជម្លោះ ដូច្នេះ កត្តា​នេះ​បាន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ជីវភាព​គ្រួសារ បណ្ដាលឱ្យ​បន្ទុកគ្រួសារ​មួយផ្នែកធំ​ត្រូវបាន​ធ្លាក់​មកលើ​លោកស្រី​។

លោកស្រី​ក៏បាន​សំណូមពរ​សូមឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​សម្រួល​កុំឱ្យ​មានការ​ផលិត​គ្រឿង​ស្រវឹង​ច្រើន គឺ​ផលិត​ក្នុង​កម្រិត​ណាមួយ​ល្មម ដើម្បី​ទុក​ទទួលទាន​ម្ដងម្កាល ពោលគឺ​ក្នុងឱកាស​ពិសេស​ណាមួយ​។​

​កញ្ញា ខា ស្រី​លីន ជា​និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ​នីតិសាស្ដ្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច បាន​យល់ឃើញថា​៖ «​ការប្រើប្រាស់​គ្រឿង​ស្រវឹង​គឺជា​កត្តារួម​ចំណែក​ដល់​ការកើនឡើង​នូវ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ពលរដ្ឋ​ភាគច្រើន នៅពេលដែល​គាត់​ផឹក​ស្រវឹង​ហើយ​បើកបរ វា​ធ្វើឱ្យ​គាត់​បាត់បង់​ស្មារតី​អំឡុងពេល​បើកបរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏បាន​ធ្វើឱ្យ​ខាតបង់​ថវិកា​ដែល​ការចំណាយ​នេះ​ពុំ​ទទួលបាន​ប្រយោជន៍​អ្វី​មកវិញ​ទេ​»​។​

​កញ្ញា​បាន​បន្ដទៀតថា ការ​ពិសា​គ្រឿង​ស្រវឹង​បានធ្វើ​ឱ្យមាន​ការរំលោភ​បំពាន​ផ្លូវភេទ និង​ធ្វើឱ្យ​មនុស្ស​លែង​ដឹង​ការខុសត្រូវ​។ ការណ៍​នេះ​នឹង​ធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស​នៅ​កម្ពុជា ធ្លាក់ចុះ​នូវ​ការអប់រំ និង​វប្បធម៌ ព្រោះតែ​ប្រជាពលរដ្ឋ​រវល់​តែ​សប្បាយ​ជាមួយ​គ្រឿង​អបាយមុខ​ទាំងអស់នេះ​។​

​និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ​រូបនេះ ក៏បានផ្ដល់​ជាម​តិ​ក្នុងការ​កាត់បន្ថយ​បញ្ហា​នេះ​ថា ដើម្បី​អាច​លុបបំបាត់​ការនិយម​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ សូមឱ្យ​ភាគី​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​កំណត់​តម្លៃ​នៃ​ការប្រកប​អាជីវកម្ម​គ្រឿង​ស្រវឹង​ឱ្យ​ខ្ពស់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្លាចរអា​ក្នុង​ការទិញ​យកទៅ​ពិសា​។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល​ក៏​គួរ​កំណត់​ចំនួន​ផលិត​គ្រឿង​ស្រវឹង​ឱ្យបាន​ជាក់លាក់​នៅតាម​រោងចក្រ ដើម្បី​អាច​កាត់បន្ថយ​ចរាចរណ៍​គ្រឿង​ស្រវឹង​។

​គួរបញ្ជាក់​បន្ថែម​ផងដែរ​ថា ការធ្វើ​ចរាចរណ៍​នាំចេញ នាំចូល និង​ផលិត​គ្រឿង​ស្រវឹង​ជាច្រើន​ប្រភេទ ជាពិសេស​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​នៅក្នុង​ប្រទេស​កម្ពុជា​កំពុងមាន​ការកើនឡើង​ជា​គំហុក​។ ហើយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ក្លាយជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​យើង​អាច​សង្កេត​មើលឃើញថា​នៅពេល​មាន​ពិធី​បុណ្យទាន ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​ឡើង​គេហដ្ឋាន​ថ្មី ពិធី​ខួបកំណើត ពិធីជប់លៀង និង​ពិធី​ផ្សេងៗ​ទៀត​តែងតែ​ប្រព្រឹត្ត​ទៅដោយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​៕

វីដេអូ៖