ភ្នំពេញៈ លោក ស្រី Jung H. Pak ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​ពហុភាគី​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ជា​ទ្វេភាគី​ ដើម្បី​ជំរុញ​ការតភ្ជាប់​គ្នា តម្លាភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​


​លោកស្រី​បញ្ជាក់​ដូច្នេះ​ក្នុង​កិច្ចពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​អ្នកជំនាញ​នៅ​តំបន់​ទន្លេមេគង្គ ស្តីពី​អន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រង​ធនធានធម្មជាតិ ធុរកិច្ច និង​ថាមពល​អាច​ប្រើប្រាស់​ឡើងវិញ នា​ថ្ងៃទី ​៨ ខែតុលា នៅក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់លោក​ស្រី​។

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​ ៨ ខែតុលាថា​៖ «​លោកស្រី​ថែមទាំង​បានបញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ជា​ទ្វេភាគី និង​តាមរយៈ​គម្រោង​ស្តីពី​ភាពជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ និង​សហរដ្ឋអាមេរិក និង​អង្គការ ស្ថាប័ន​ដទៃទៀត នៅក្នុង​តំបន់ ដើម្បី​ជំរុញ​កម្មវិធី និង​សកម្មភាព ក្នុងការ​លើកកម្ពស់​កា​រត​ភ្ជាប់​គ្នា តម្លាភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​»​។​


​ជាមួយគ្នានេះ​ផងដែរ នៅក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី Jung H. Pak ទទួល​ទស្សនកិច្ច​ពី​អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះរាំងស្ងួត និង​ទឹកជំនន់​ប្រចាំ​តំបន់​នៅឯ​គណៈកម្មការ​ទន្លេមេគង្គ (MRC) នា​ថ្ងៃទី​ ៨ ខែតុលា​នេះ​ផងដែរ​។

​ស្ថានទូត​សហរដ្ឋអាមេរិក​បញ្ជាក់​ថា លោកស្រី​បាន​ស្វែងយល់​បន្ថែម​អំពី​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​របស់ MRC នៅក្នុង​ការដោះស្រាយ​បញ្ហា​ទឹក​ហូរ​ឆ្លង​ប្រទេស ហើយ​បាន​សង្កត់ធ្ងន់​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​ពង្រឹងសមត្ថភាព​របស់ MRC តាមរយៈ​ការ​ផ្តល់ជំនួយ​ក្នុងការ​បណ្តុះបណ្តាល និង​ជំនួយ​បច្ចេកទេស​»​។​


​ស្ថានទូត​សហរដ្ឋអាមេរិក​បញ្ជាក់​ថា MRC មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្របសម្រួល​សកម្មភាព​បន្ធូរបន្ថយ​គ្រោះទឹកជំនន់​នៅក្នុង​អាង​ទន្លេមេគង្គ នៅ​ទូទាំង​អនុតំបន់​នេះ​។ សហរដ្ឋអាមេរិក​មាន​មោទនភាព​ក្នុង​ការជួយ​ដល់​ការងារ​របស់ MRC នៅក្រោម​គម្រោង​ភាពជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ និង​សហរដ្ឋអាមេរិក​៕