សៀមរាបៈបន្ទាប់ពី​មាន​បទ​បញ្ជា​របស់លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ជុំវិញ​ការ​ស្តារ​ដំណាំ​ស្រូវ​ខូច​ខាត​ដោយ​ទឹក​ជំនន់​រួច​មក លោក គន់ គីម អនុ​ប្រធាន​ទី ១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បាន​ចុះជួប​ប្រជុំ​ជាមួយ​អាជ្ញា​ធរ និងមន្ទីរ​ជំនាញ​ពីខេត្ត​សៀម​រាប ​និង​កំពង់​ធំ​នៅថ្ងៃទី ​៩ ខែ​តុលា ឆ្នាំ​ ២០២២ ។


លោក​ទេស​រដ្ឋ​មន្ត្រី​ គន់ គីម បាន​បញ្ជាក់​ពីគោល​ការណ៍​ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញនូ​វទិស​ដៅ​អាទិភាព​បន្ទាន់​ សម្រាប់​ប្រតិ​បត្តិការ​ត្រៀម​ផ្តល់​ពូជ​ស្រូវ និង​ដំណាំ​រួម​ផ្សំជូន​ដល់​ប្រជា​ពលរដ្ឋ​សម្រាប់​ស្តាជីវ​ភាព​ឡើង​វិញ​បន្ទាប់​ពីទឹក​ជំនន់​ស្រក។

លោក​ថា វិស័យ​ក​សិកម្ម​​​ ជាវិស័យ​ស្នូល​មួយ​ទ្រទ្រង់​សេដ្ឋ​កិច្ច​ប្រជា​ពលរដ្ឋ​កម្ពុជា។ លោកបាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ខេត្ត និង​មន្ទីរ​ធ​ន​ធានទឹក និង​ឧតុនិយម​ខេត្ត ចាំបាច់​ត្រូវ​សហ​ការ​គ្នាសិក្សា​ឱ្យបាន​ម៉ត់ចត់​អំពី​ភូមិសា​ស្រ្ត​នីមួយៗ ​ដែល​ត្រូវ​ស្តារ​ឡើង​វិញ ក្នុង​ពេល​ស្ថាន​ភាព​អាកាស​ធាតុ​បន្ត​ប្រឈម និង​អាច​អូស​បន្លាយ​ធ្វើឱ្យមានការ​រង​គ្រោះដោយ​ទឹក​ជំនន់​។


លោក​ គន់ គីម​បញ្ជក់ថា​៖ «ទោះបី​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា ក៏ត្រូវ​សិក្សា​អំពីការ​ស្តារ និង​ផ្តល់​ពូជ​ស្រូវ​ជូន​ប្រជា​កសិករ​ដែល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ក្រោយ​ទឹក​ជំនន់​បាន​ស្រក​ឱ្យ​ទទួល​បាន​ការ​ស្តារ​មុន​គេ ដើម្បីធានា​ជីវភាព​របស់​បង​ប្អូន​ប្រជា​កសិករ​ មិន​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​នេះ​»។

ក្នុង​កិច្ច​​ប្រជុំជាមួយ​អាជ្ញាធ​រ​ខេត្ត​កំពង់ធំ និង​សៀមរាប នៅថ្ងៃទី​ ០៩ ខែ​តុលា មន្ទីរ​កសិកម្ម​ខេត្ត បាន​ឱ្យដឹ​ង​ថា ខេត្ត​សៀម​រាប មាន​ស្រុក​​ចំនួន ៩ បាន​រង​ប៉ះពាល់​ដោយ​ទឹក​ជំនន់ ក្នុង​នោះមាន​ដំណាំ​ស្រូវ ប៉ះ​ពាល់ ៣២ ៤៦៥ ​ហិកតា ស្មើនឹង​ ២៥ ៦២៣​ គ្រួសារ ដោយ​ដំណាំ​ស្រូវ​ខូច​ខាត មាន ២ ៧៨ ៣​ហិកតា ខណៈ​ទំហំការ​ខូច​ខាត​នេះ គ្រោង​ធ្វើ​ការ​ស្តារ​ឡើងវិញ​ ជំហាន​ដំបូង ១ ៥០០ ​ហិកតា។​


របាយ​ការណ៍​ពីមន្ទីរ​កសិកម្មខេត្ត​កំពង់​ធំ បាន​ឱ្យដឹង​ថា​ ខេត្ត​នេះ​ទឹក​ជំនន់​ទឹក​ភ្លៀង​បាន​បង្ករ​ឱ្យមាន​ផលប៉ះ​ពាល់ដំណាំស្រូ​វសរុប ២៧ ៣៤៥ ហិកតា ​ខូចខា​ត ៩ ៥០០ ហិ​កតា ក្នុងនោះ​​មាន​ពលរដ្ឋ​រងគ្រោះ​ចំនួន​ ១៥ ២២៣ ​គ្រួសារ​។

របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បង្ហាញ​ថា គិតមក​ដល់ថ្ងៃ​ទី០៨ខែ​តុលា ខេត្តចំនួ​ន២២​ កើត​មាន​ជំនន់​ភ្លៀង ដែល​ទឹក​បាន​ជន់​លិច​នៅតាម​បណ្ដា​ស្រុកចំនួន​៧៦ បណ្ដាល​ឱ្យ​មនុស្ស​៤​​នាក់​ស្លាប់ ជម្លៀស​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៅ​​កាន់​ទីសុវត្ថិភាព​ ខូចខាត​ហេដ្ឋារចនា​សម្ព័ន្ធមួ​យចំ​នួន ខណៈ​ដែល​សាលារៀន​មួយ​ចំនួ​ន​ត្រូវ​បាន​បិទទ្វារប​ណ្ដោះអាសន្ន។

​ជំន​ន់​ទឹក​ភ្លៀង​បាន​ជន់​លិច ដំណាំ​ស្រូវ​គ្រប់​ប្រភេទ​ជាង១សែន​៥ម៉ឺន​ហិក​តា និងដំ​ណាំរួមផ្សំប្រ​មាណជា​ង​ ៤ ម៉ឺន ១ ពា​ន់ហិក​តា៕