ភ្នំពេញៈ ឯកសារ​នៃ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ចំនួន​ ១ ៤០០ ត្រូវ​បាន​លោក​ស្រី ម៉ាទីន ចាក​ឃ្វីន មេធាវី​តំណាង​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​នៃ​សាលាក្តី​ខ្មែរ​ក្រហម បរិច្ចាគ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ដែល​ការ​បរិច្ចាគ​នះ ​គឺ​ជាសក្ខីភាព​នៃ​ជំហាន​ឆ្ពោះ​ទៅ​មុខ នៅ​ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​បង្កើន​អត្ថប្រយោជន៍​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី, ជន​រងគ្រោះ និង​សមា​ជិកគ្រួ​សារ ដែល​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​។


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា នៅ​ថ្ងៃទី​ ១០ ខែតុលា បាន​ឱ្យ​ដឹងថា​ លោកស្រី ម៉ាទីន ចាក​ឃ្វីន មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្រុម​ទី៣ បាន​ធ្វើការ​បរិច្ចាគ នូវឯកសារ​រហូត​ដល់ ១ ៤០០​ ច្បាប់​​​ ដល់​បណ្ណសារ​ដ្ឋាន​របស់​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹង​ថា៖ «​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​រំពឹង​យ៉ាង​មុតមាំ ក្នុងការ​ធ្វើការជាមួយ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ម្នាក់ៗ, ជនរង​គ្រោះ, សមាជិក​គ្រួសារ​ដែល​មាន​រស់រានមាន​ជីវិតពី​របបខ្មែរ​ក្រហម ក៏ដូច​ជា​ភាគីពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​សម្រប​សម្រួល​ដល់​ការវិភាគ ការចែក​ផ្សាយ​ជូន​សាធារណជន​លើឯក​សារ​ជាក់​លាក់ និងការ​ប្រើ​ប្រាស់​ទូលំ​ទូលាយ​ជាង​នេះ​ក្នុងការ​អប់រំ​និង​ការស្រាវ​ជ្រាវ លើឯកសារ​ប្រវត្តិសាស្ត្រដែ​លបង្កប់​ព័ត៌មា​នដ៏វិ​សេ​សវិ​សាល ប៉ុន្តែមាន​សារ​ប្រយោជន៍​មហិមា​នេះ​»។


យុត្តិធម៌​មិន​គួរ ឬមិន​អាច​បញ្ចប់​ទៅនៅពេល​ដែល​តុលាការ​ចេញ​សេចក្តីវិនិច្ឆ័យ​ទោសចុង​ក្រោយទេ​។

ការ​សម្របសម្រួល​ដល់​ការវិភា​គ​នានា និង​ការផ្សព្វ​ផ្សាយ​នូវព័ត៌​មាន​ជាក់​លាក់ ក៏ដូច​ជាការប្រើប្រាស់​បន្ថែម​ក្នុង​គោល​បំណងអប់រំ និង​ការ​ចែក​ចាយ​ឯកសារ​ទាំង​អស់​នេះ សបញ្ជាក់អំ​ពីជំហានឆ្ពោះទៅ​មុខ​បន្ទាប់ ដើម្បីធ្វើ​ឱ្យកម្ពុជាឈាន​ទៅសម្រេច​បាន​នូវ​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​ជនរង​គ្រោះនៃ​របបខ្មែរ​ក្រហម។ នេះ​បើតាម​ការ​បញ្ជាក់​​របស់​​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។


មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​លើក​ឡើង​ទៀត​ថា៖ «ការ​បរិច្ចាគ​ឯកសារ​នេះ គឺជាសក្ខីភាព​នៃជំហាន​ឆ្ពោះទៅ​មុខ នៅក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្កើន​អត្ថប្រ​យោ​ជន៍របស់​ដើម​បណ្ដឹងរដ្ឋប្ប​វេណី, ជន​រងគ្រោះ និង​សមា​ជិក​គ្រួសារ​ដែល​រស់រាន​មាន​ជីវិត​ពីរបប​ខ្មែរ​ក្រហម ដើម្បី​ធា​នាថា យុត្តិធម៌​មិន​មែនបញ្ចប់​ទៅនៅ​ពេល​ដែល​តុលាកា​រ​ខ្មែរ​ក្រ​ហម​បិទ​បញ្ចប់​ប្រតិបត្តិ​ការ​របស់​ខ្លួន​ទេ»​។

​សូម​បញ្ជាក់​ដែរ​ថា ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥​ មក មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា បានជួយ​ដល់អ្នក​រស់រាន​មាន​ជីវិត​ពីរ​បបខ្មែរ​ក្រហម​ជាច្រើន​ ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​និងប្រមែប្រ​មូលចងក្រង​សាច់រឿ​ងនានា ដែល​គាំពារ​ដល់​ការ​ចងចាំ​ជាសាធា​រណៈ ការអប់រំ​ពីអំ​ពើប្រល័យ​ពូជ​សាសន៍ និង​ការងារ​របស់អ​ង្គជំនុំ​ជម្រះវិ​សាមញ្ញក្នុង​តុលាកា​រក​ម្ពុជា (ឬសាលា​ក្តីខ្មែរ​ក្រហម)​។

ទាក់ទង​នឹង​ការ​ផ្តល់​ឯកសារ​នេះ លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ថា នេះ​ជា​សិទ្ធិ​របស់​មេធាវី​ដែល​គាត់​អាច​ផ្តល់​ឱ្យ​អ្នក​ណា​ក៏​បាន ដោយសារ​វា​ជា​បណ្ណសារ​ផ្ទាល់​ខ្លួន ជា​សំណុំ​ឯកសារ​របស់​គាត់​ដែល​គាត់​មាន​ទាក់ទង​នឹង​ការ​ការពារ​ក្តី។

លោក​បាន​ថ្លែង​ថា៖ «គាត់​អាច​ផ្តល់​ជូន​បាន​ដែល​វា​ជា​ឯកសារ​ផ្ទាល់​ខ្លួន ពី​ព្រោះ​នៅ​តុលាការ​សម្រាប់​យើង​ឯកសារ​ទាំង​នោះ​យើង​ក៏​មាន​ដែរ​ ហើយ​យើង​បាន​ចាត់​ថ្នាក់​ជា​ឯកសារ​សាធារណៈ ឯកសារ​សម្ងាត់ និង​ឯកសារ​សម្ងាត់​បំផុត ដែល​គ្រប់គ្រង​ទៅ​តាម​ការងារ​តុលាការ។ ដូច​នេះ​វា​ជា​សិទ្ធិ​បុគ្គល​ផ្ទាល់​ខ្លួន​របស់​គាត់​ក្នុង​ការ​ផ្តល់​ឯកសារ​ទាំង​នេះ​ទៅ​ស្ថាប័ន​ណា​មួយ»។

ជាមួយ​គ្នា​នេះ​ដែរ លោក នេត្រ ភក្ត្រា ក៏​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​តុលាការ​កំពុង​តែ​បន្ត​កិច្ច​ការងារ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ទៅ​លើ​ការងារ​ដែល​នៅ​សេសសល់​របស់​តុលាការ​ក្នុង​រយៈពេល ៣ ឆ្នាំ​ទៅ​មុខ គឺ​ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៦ ដោយ​ផ្តោត​សំខាន់​លើ​ការ​គ្រប់គ្រង​ឯកសារ​របស់​តុលាការ ដើម្បី​ធានា​ដល់​ការ​ចូល​មើល​របស់​សាធារណជន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា​ប្រជាធិបតេយ្យ និង​ការ​កាត់​ក្តី​ផ្សេងៗ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​ក៏​ពង្រឹង​ទៅ​លើ​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​របស់​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​រយៈពេល ១៧ ឆ្នាំ​កន្លង​មក​នេះ ដល់​សាធារណជន​ដែល​យើង​បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​នីតិវិធី​របស់​តុលាការ​នេះ​ផង​ដែរ»៕