ភ្នំពេញៈ ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំងអស់​ ទាំង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើត​នូវ​ក្រុម​កាយរឹទ្ធិ​ឱ្យបាន​គ្រប់​ស្ថាប័ន​អប់រំ​ ដែល​ចាត់ទុក​ជា​កម្លាំង​ស្នូល​នៃ​សីលធម៌​ ហើយ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​អតីត​សិស្ស​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ដែល​ពួកគេ​ធ្លាប់​សិក្សា​នោះ​ផង​ដែរ​។


ការ​អំពាវនាវ​នេះ​ត្រូវបាន​លោក​ ហ៊ុន​ សែន​ ថ្លែង​ឡើង​ នា​រសៀល​ថ្ងៃទី​ ១០​ ខែ​តុលា​ ក្នុង​ពិធី​បិទ​មហាសន្និបាត​កាយរឹទ្ធិ​ជាតិ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​សូម​យក​ចិត្ត​ទុក​ដាក់​បង្កើត​ឱ្យ​មាន​កម្លាំង​នេះ​ឡើង​ដែល​ចាត់​ទុកជា​កម្លាំង​ស្នូល​នៃ​ផ្នែក​សីលធម៌​ ព្រោះ​យើង​មិន​រើស​យក​ក្រុមញៀន​គ្រឿង​ញៀន​ចូល​ទេ​។ ​កម្លាំង​នេះ​គឺ​ជា​កម្លាំង​ដែល​សម្រិតសម្រាំង​គុណភាព​ច្បាស់លាស់​ ដែល​ធានា​ទាំង​បរិមាណ​ និង​គុណភាព​។​ ដូចនេះ​ហើយ​ ទាំង​រដ្ឋ​ និង​ឯកជន​គប្បី​ត្រូវមាន​កាយរឹទ្ធិ​នេះ​»​។


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​អំពាវនាវ​ទៅ​ដល់​អតីត​សិស្ស​នៅ​តាម​វិទ្យាល័យ​ ឬ​គ្រឹះស្ថាន​ឧត្តមសិក្សា​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ដល់​អតីត​សាលា​របស់​ខ្លួន​ឱ្យ​មាន​យុវជន​កាយរឹទ្ធិ​នេះ​ឡើង​។

ប្រមុខ​រាជរដ្ឋាភិបាល​រូប​នេះ​ មាន​មោទនភាព​ចំពោះ​ការរីកចម្រើន​នៃ​ចលនា​កាយរឹទ្ធិ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ជាមួយ​នឹង​ការកសាង​បាន​នូវ​សមាជិក​កាយរឹទ្ធិ​ក្នុង​ស្រទាប់​កុមារ​ និង​យុវជន​ទាំង​ក្នុង​គ្រឹះស្ថាន​សិក្សា​និង​សហគមន៍​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​ប្រមាណ​ជាង​ ១៧ ​ម៉ឺន​នាក់​។


លោក ​ហ៊ុន ​សែន ​ថ្លែង​ថា ​កាយរឹទ្ធ​កម្ពុជា​ គឺជា​អង្គការ​ចាត់តាំង​យុវជន​ដ៏​សកម្ម​ដែល​មាន​គោល​នយោបាយ​ និង​កម្មវិធី​ច្បាស់លាស់ ធ្វើឱ្យ​យុវជន​កម្ពុជា​ផ្លាស់ប្តូរ​ឥរិយាបថ​ការ​រស់នៅ​ ហើយ​ក្លាយជា​ពលរដ្ឋ​ល្អ​ និង​ជា​ពលរដ្ឋ​គំរូ​ជាមួយ​នឹង​ការចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ដែល​ចាប់ផ្តើម​ពី​បុគ្គល​គ្រួសារ​ និង​សហគមន៍​។

លោក​ថ្លែង​ថា​៖​ «​រាជ​រដ្ឋាភិបាល​តែងតែ​ផ្តល់​អាទិភាព​លើ​ការ​ពង្រឹង​សកម្មភាព​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ​តាមរយៈ​សកម្មភាព​កាយរឹទ្ធ​កម្ពុជា​ដែល​កម្លាំង​ចលករ​សម្រាប់​ការងារ​អប់រំ​ ការ​ហាត់​ពត់​លត់​ដំ​​ស្មារតី​ ព្រម​ទាំង​កាយ​សម្បទា​ប្រកប​ដោយ​សក្តានុពល​រួម​ជាមួយ​នឹង​ចំណេះដឹង​សីលធម៌​ល្អ​ ចរិយា​សម្បត្តិ​ ថ្លៃថ្នូរ ក្លាយជា​ពលរដ្ឋ​គំរូ​ស្រប​តាម​ចក្ខុវិស័យ​អង្គការ​ពិភពលោក​នៃ​ចលនា​កាយរឹទ្ធ គឺ​ការ​កសាង​ពិភពលោក​មួយ​ប្រកប​ដោយ​សមត្ថភាព​សម្រាប់​យុវជន​ទាំង​បច្ចុប្បន្ន​ និង​អនាគត​»​។

នា​ពិធី​បិទ​មហា​សន្និបាត​កាយរឹទ្ធ​ជាតិ​កម្ពុជា​នោះ​ដែរ ​លោក ​ហង់​ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​និង​ជា​ប្រធាន​កាយរឹទ្ធ​ជាតិ​កម្ពុជា ក៏​បាន​លើក​ឡើង​ឱ្យ​ដឹង​ផងដែរ​ថា ​កាយរឹទ្ធ​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ​ ២០០០ ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ​។

លោក​ ហង់​ជួន ណារ៉ុន ថ្លែង​ថា​៖​ ​«​ចលនា​កាយរឹទ្ធ​ជាតិ​គឺ​ជា​ចលនា​សម្រាប់​កុមារ​ និង​យុវជន​ និង​ជា​ការអប់រំ​កាយ​ក្រៅប្រព័ន្ធ​ដើម្បី​ជា​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ហើយ​កាយរឹទ្ធ​ជាតិ​ក៏​ជា​ការ​អប់រំ​បែប​ស្ម័គ្រចិត្ត​សម្រាប់​កុមារ ​និង​យុវជន​ដោយ​មិន​ធ្វើ​នយោបាយ​ និង​​បើក​ចំហ​ចំពោះ​ជន​គ្រប់​រូប​ដោយ​មិន​គិត​ពី​ភេទ​ ដើម​កំណើត​ ឬ​ជំនឿ ដោយ​អនុលោម​ទៅ​តាម​គោលបំណង​ គោលការណ៍ ​និង​វិធី​កាយរឹទ្ធ​កម្ម​»​។

លោក ​ហង់​ជួន ណារ៉ុន​ បាន​លើក​ឡើង​បន្ថែម​ថា ​ចលនា​កាយរឹទ្ធ​ជាតិ ​មាន​គោលបំណង​រួម​ចំណែក​អភិវឌ្ឍ​កុមារ​ និង​យុវជន​ឱ្យ​មាន​សក្តានុពល​ពេញលេញ​ខាង​ផ្លូវ​កាយ ​ផ្លូវ​ចិត្ត​​ ផ្លូវ​បញ្ញា​ ផ្លូវ​សង្គម​ និង​ផ្លូវ​អារម្មណ៍​ ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ ​និង​មាន​ភាព​ទទួល​ខុសត្រូវ​នៅក្នុង​សង្គមជាតិ​​ និង​អន្តរ​ជាតិ​។

លោក​ថា​ សមាជិក​ សមាជិកា​ម្នាក់ៗ​មាន​ភារកិច្ច​សំខាន់​ ៣ ​យ៉ាង​គឺ ភារកិច្ច​ចំពោះ​សាសនា​, ​ភារកិច្ច​ចំពោះ​ប្រទេស​ជាតិ​ និង​មនុស្ស​ជាតិ​ទាំង​អស់​ និង​ភារកិច្ច​ចំពោះ​ខ្លួន​ឯង​។

លោក​ថ្លែង​ថា៖​ ​«​ថ្ងៃនេះ​ ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​កាយរឹទ្ធ​ជាតិ​កម្ពុជា​ ដោយ​បាន​លោក ​លោក​ស្រី​ថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សា ​និង​គណៈ​កម្មាធិការ​ប្រតិបត្តិ​កាយរឹទ្ធ​ជាតិ​កម្ពុជា ​ថ្នាក់​ជាតិ ​រាជធានី​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ ទូទាំង​ប្រទេស​ប្រមាណ​ ៧០០ ​នាក់​ មក​ជួបជុំ​គ្នា​ក្នុង​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន​នេះ​»​៕​