ភ្នំពេញៈ បច្ចុប្បន្ន គ្រឹះស្ថានសិក្សា​ឯកជន​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ជាពិសេស​នៅតាម​ទីប្រជុំជន​។ និន្នាការ​នៃ​ការកើនឡើង​គ្រឹះស្ថានសិក្សា​ឯកជន​នេះ បាន​ជំរុញ​ឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុ​ជាមាន​ការវិវត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស ដែល​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​ដែលមាន​ជីវភាព​ធូរធារ អាច​បញ្ជូន​កូនៗ​ទៅ​សិក្សា​នៅ​សាលា​ឯកជន ជាពិសេស​សាលា​អន្តរជាតិ​ឯកជន​។ ទន្ទឹមនឹង​ការកើនឡើង​នេះ មានមតិ​សាធារណៈ​មួយចំនួន បង្ហាញ​ការព្រួយបារម្ភ​អំពី​គម្លាត​ស្ដង់ដានៃ​កម្រិត​អប់រំ​រវាង​វិស័យ​ទាំង ២។​

អ្នកគ្រូ មី បូរី ជា​គ្រូបង្រៀន​ឯកទេស ប្រវត្តិវិទ្យា និង​ភូមិវិទ្យា នៅ​អនុវិទ្យាល័យ​ត្រពាំង​រកា ស្រុក​ពញាឮ ខេត្តកណ្ដាល បាន​ថ្លែងថា​៖ «​សិស្ស​ដែលមាន​ជីវភាព​ល្អប្រសើរ ជាទូទៅ​គេ​ទៅ​រៀន​នៅ​សាលា​ឯកជន រីឯ​សិស្ស​ដែលមាន​ជីវភាព​ក្រ ឬ​មធ្យម គេ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​។ អ៊ីចឹ​ង​ហើយ ខ្ញុំ​គិតថា​ កម្រិត​អប់រំ​នៅ​សាលា​រដ្ឋ និង​សាលា​ឯកជន​គឺ​ពិត​ជាមាន​គម្លាត​គ្នា​ខ្លាំង​មែន​។ ជាក់ស្ដែង​យើង​ឃើញថា ​សាលា​ឯកជន​មាន​បំពាក់​សម្ភារ​បច្ចេកទេស​ទំនើបៗ មាន​រចនាសម្ព័ន្ធ វិន័យ និង​ស្តង់ដាល្អ​ជាង (​សាលា​រដ្ឋ​) ឧទាហរណ៍​ដូចជា​ការកំណត់​ចំនួន​សិស្ស​ជាក់លាក់ ដើម្បីឱ្យ​សមស្រប​ទៅនឹង​ទំហំ​ថ្នាក់ និង​ចំនួន​គ្រូបង្រៀន​»​។​

អ្នកគ្រូ​បង្រៀន​ថ្នាក់​អនុវិទ្យាល័យ​រូបនេះ​បាន​បន្តថា​៖ «​ចំណែកឯ​សាលា​រដ្ឋ​វិញ សាលា​ខ្លះ​គឺ​មានតែ​សាលា​ទេ ប៉ុន្តែ​អត់​មាន​គ្រូបង្រៀន ហើយ​សាលា​ខ្លះ គ្រូ​ម្នាក់​ត្រូវ​បង្រៀន​ ៤ ​ទៅ​ ៥​ មុខវិជ្ជា​ ហើយ​មិនត្រូវ​នឹង​ឯកទេស​របស់ខ្លួន​។ នៅ​សាលា​ខ្ញុំ​បង្រៀន​វិញ ថ្នាក់​ខ្លះ​មាន​ចំនួន​សិស្ស​រហូតដល់​ទៅ ៦២ នាក់​។ អ៊ីចឹង សំណួរ​សួរថា​ ពេល​គ្រូ​កំពុង​បង្រៀន​ទៅកាន់​សិស្ស តើ​ពួកគាត់​អាច​យល់បាន​កម្រិតណា​? ដូច្នេះ​ការបង្រៀន​គឺ​ពិបាក ដោយសារ​សិស្ស​ច្រើន​មាន​ភាព​រញ៉េរញ៉ៃ​»​។​


អ្នកគ្រូ​ក៏បាន​ថ្លែង​បញ្ជាក់​បន្ថែមថា​៖ «​ដើម្បី​កាត់បន្ថយ​គម្លាត​នេះ​បាន​គឺ​ត្រូវមាន​ការកែប្រែ​ពី​ថ្នាក់លើ​តែម្ដង ពាក់ព័ន្ធ​នឹង​ការប្រឡងប្រជែង​ក្នុង​វិស័យ​អប់រំ ព្រោះ​គ្រូ​នីមួយៗ មុននឹង​អាច​ចេញ​បង្រៀន​បាន លុះត្រាតែ​ត្រូវ​ឆ្លងកាត់​ការប្រឡង​។ ដូច្នេះ ទី១ ​គឺ​ការលុបបំបាត់​អំពើពុករលួយ ហើយ​ធ្វើ​ការប្រឡង​ដោយ​យុត្តិធម៌ និង​សមភាព នោះ​ទើប​វិស័យ​អប់រំ​មានការ​រីកចម្រើន​បាន ព្រោះ​នៅពេលដែល​ពួកគាត់​ប្រឡង​ជាប់​ដោយ​យុត្តិធម៌ មានន័យថា ​ពួកគាត់​ស្រឡាញ់​វិស័យ​គ្រូបង្រៀន​ហើយ អ៊ីចឹ​ង​នៅពេលដែល​គាត់​បង្រៀន គឺ​គាត់​បង្រៀន​ដោយមាន​មនសិការ​ជាង​គ្រូបង្រៀន​ដែល​ជាប់​ដោយសារ​អំពើពុករលួយ ឬក៏​សូកប៉ាន់​លុយ​ជាដើម​»​។​

គួរ​កត់សម្គាល់ថា គម្លាត​រវាង​គ្រឹះស្ថាន​ឯកជន និង​សាធារណៈ​គឺជា​បញ្ហា​មួយ​ក្នុង​វិស័យ​អប់រំ ដែល​ភាគី​ពាក់ព័ន្ធ​គួរ​ដាក់ចេញ​នូវ​យន្តការ​អន្តរាគមន៍ តាមរយៈ​ការពង្រឹង​លទ្ធភាព និង​សមត្ថភាព​គ្រឹះស្ថានសាធារណៈ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ជាង​មុន ដើម្បី​ប្រកួតប្រជែង​ជាមួយ​គ្រឹះស្ថាន​ឯកជន​។


លោកស្រី ព្រំ កល្យាណ​ សាស្ដ្រាចារ្យ​នីតិសាស្ដ្រ​បាន​ថ្លែងថា​៖ «​គម្លាត​រវាង​គ្រឹះស្ថាន​ឯកជន និង​សាធារណៈ មាន​កំណើន​កើនឡើង​ជាប្រចាំ​ពី ១​ ឆ្នាំទៅ​ ១ ឆ្នាំ ធ្វើឱ្យ​តំបន់​ជាច្រើន ជាពិសេស​តំបន់​ដាច់ស្រយាល និង​តំបន់​ទីជនបទ​ប្រឈម​នឹង​កង្វះ​សាលារៀន ទីកន្លែង​ខ្លះ​គ្រូបង្រៀន​ជា​គ្រូ​ជាប់កិច្ចសន្យា ប្រើប្រាស់​ថ្នាក់​បង្រៀន​គួរ (​បង្រៀន​ក្រៅ​ម៉ោង​) ការបង្រៀន​ ២ ថ្នាក់ ឬ​គ្រូបង្រៀន​ ២​ ពេល ឬ​៣​ពេល​ក៏មាន​។ ម្យ៉ាងទៀត ថវិកាជាតិ​នៅមានកម្រិត ម្ល៉ោះហើយ​រាជរដ្ឋាភិបាល​បានធ្វើ​ឯកជន​ភាវូបនីយកម្ម​លើ​វិស័យ​អប់រំ​។ ដូច្នេះ​វិស័យ​ឯកជន គឺ​ឈានមុខ​ទាំង​ផ្នែក​ជំនាញ​ទន់ និង​ជំនាញ​រឹង ហេដ្ឋារចនាសម្ព័ន្ធ មនោ​គម​ន៍វិជ្ជា និង​ផ្នែក​ផ្សេងៗ​ទៀត​»​។​

សាស្ត្រាចារ្យ​រូបនេះ​បាន​បន្តថា​៖ «​បញ្ហា​ខាងលើ​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​បន្ដ​អូសបន្លាយ​រយៈពេល​វែង នោះ​ផ្នែក​អប់រំ​ក៏​ដើរ​យឺត ជាពិសេស​ការអប់រំ​កុមារ​តូចៗ ឪពុកម្ដាយ​ព្រួយបារម្ភ​កូនៗ​តូចៗ មិន​អាចមក​រៀន​បានទេ​»​។ បន្ថែម​លើសពីនេះ លោកស្រី​សាស្ត្រាចារ្យ​ក៏បាន​រំលេច​អំពី​ដំណោះស្រាយ​ផងដែរ​ថា គ្រឹះស្ថាន​អប់រំ​គួរផ្ដោត​សំខាន់​ទៅលើ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​របស់​សាលារៀន ការបង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ​និង​ការ​អនុវត្ដ​កម្មវិធីសិក្សា​បាន​ពេញលេញ និង​ដិតដល់ ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន និង​ការងារ​អធិការកិច្ច និង​ចុងក្រោយ​គឺ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ន៍សាលារៀន​៕