ភ្នំពេញៈ ​បច្ចុប្បន្ន​សិស្ស​ជាច្រើន​បាន​បន្តកន្ទុយ​គ្នា​រៀន​បន្ថែម​ក្រៅ​ម៉ោង ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទាំង​ ២​ កម្រិត និង​រៀន​បំពេញបន្ថែម​នូវ​ចន្លោះ​ខ្វះខាត​ដែល​ពួកគេ​រៀន​នៅ​ម៉ោង​រដ្ឋ​។​


យុវតី អ៊ី​ម​រ៉ា ចាន់​ធានី ជា​សិស្ស​នៅ​វិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន​ផ្សារ​ដើមថ្កូវ រៀបរាប់ថា ជាទូទៅ​ការសិក្សា​នៅ​សាលា​រដ្ឋ​នៅមាន​ភាពខ្វះខាត​ច្រើន​ដែល​តម្រូវឱ្យ​សិស្ស​ត្រូវ​​ស្វែងរក​ការរៀនសូត្រ​បន្ថែម ដូចជា​រៀន​គួរ​ជាដើម​។​

យុវតី​ ចាន់​ធានី ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ មិត្តភក្តិ​ខ្ញុំ​ពួកគាត់​ក៏​រៀន​បន្ថែម​ដែរ ដោយ​ក្នុង ១​ មុខវិជ្ជា​ អស់ប្រាក់​ប្រមាណ ៥០ ០០០​ រៀល ទៅ ៦០ ០០០ ​រៀល​ ក្នុង​ ១ ​ខែៗ​។ គេ​រៀន ៤​ មុខ គណិត រូប គីមី និង​ភាសា​ខ្មែរ​»។


យុវតី ចាន់​ធានី ​បន្ថែមថា សិស្សសាលា​ឯកជន​មិនសូវ​រៀន​ក្រៅ​ម៉ោង​ដូច​សិស្សសាលា​រដ្ឋ​ទេ​។ ម្យ៉ាង​ការបង្រៀន​នៅតាម​សាលា​ឯកជន គ្រួ​មក​បង្រៀន​ជាប់​មិន​ងាយ​អវត្តមាន​ឡើយ​។​

​យុវជនម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​មានមតិ​ថា សាលា​រដ្ឋ​មិនសូវមាន​វិន័យ​តឹងតែង​ប៉ុន្មាន​ទេ ការបង្រៀន​ការពន្យល់​មិន​មានការ​ក្បោះក្បាយ​អ្វី​ទេ ដោយសារ​កត្តា​ពេលវេលា​ និង​ស្ថានភាព​បន្ទប់​ចង្អៀត​ជាដើម​។ យុវជន​រូបនេះ បន្ថែមទៀតថា ការបង្រៀន​ម៉ោង​រដ្ឋ​ គឺ​មិនសូវ​ជា​យល់ច្បាស់​ដូច​ម៉ោង​រៀន​គួរ​ឡើយ​។


យុ​ជន​ជន​ម្នាក់នេះ​និយាយថា​៖ «ជាទូទៅ​រៀន​ម៉ោង​រៀន​គួរ​បន្ថែម​តែងតែមាន​លំ​ហាត់​ផ្សេងៗ និង​ងាយ​យល់​។ ហើយ​ជាទូទៅ​ខ្ញុំ​បាន​រៀន​បន្ថែម​ក្រៅ​ម៉ោង ជីវវិទ្យា គណិតវិទ្យា គីមី រូបវិទ្យា​។ ដោយ​ក្នុង​ ១ ​មុខ ១៥​ ដុល្លារ និង​មុខវិជ្ជា​ខ្លះ ២០ ​ដុល្លារ ក្នុង​ ១ ​ខែ ៥៥ ​ដុល្លារ​»។

គ្រូបង្រៀន​វិទ្យាល័យ ហ៊ុន សែន​ សេរីភាព​លោក គ្រិន ប៊ុនលី មានប្រសាសន៍ថា ការអប់រំ​នៅ​សាលា​រដ្ឋ​ភាគច្រើន មាន​ភាព​ពេញលេញ​ទាំងអស់ ទាំង​បំ​ណិ​ន ទាំង​ឥរិយាបថ ទាំង​សីលធម៌ ពេញលេញ​ទាំងអស់​។​

លោក​ គ្រិន ប៊ុនលី ថ្លែងថា​៖ «​រៀន​រាល់ថ្ងៃ​ គឺ​មិន​បែងចែក​វណ្ណៈ ស្ថិតនៅក្នុង​វណ្ណៈ​ត្រកូល​បែបណា​នោះទេ មក​រៀន​នៅ​សាលា​នេះ ​គឺ​ទទួលបាន​ការអប់រំ យកចិត្តទុកដាក់​ពី​សំណាក់​លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់។ ជាទូទៅ​សិស្សសាលា​រដ្ឋ​មានការ​អប់រំ បណ្ដុះបណ្ដាល​បានល្អ និង​ទទួលខុសត្រូវ​បានល្អ​»​។

លោកគ្រូ​បង្រៀន​អក្សរសាស្ត្រ ដ៏​មាន​ថ្វីមាត់​រូបនេះ​ក៏បាន​បន្ថែមថា ការរៀន​បន្ថែម​ក្រៅ​ម៉ោង​គឺ​លោកគ្រូ​-​អ្នកគ្រូ​មិនបាន​បង្ខំ​សិស្ស​ណា​ម្នាក់​នោះទេ ប្រសិនបើ​គាត់​ចង់​ពង្រឹង​មុខវិជ្ជា​ណាមួយ​ដែល​គាត់​ខ្វះខាត​ គឺ​គាត់​ស្វះ​ស្វែងរក​កន្លែង​ដែល​គាត់​អាច រៀន​ប៉ះប៉ូវ​កន្លែង​ដែល​គាត់​ខ្វះខាត​។ លោក​បញ្ជាក់ថា ហើយ​ជាទូទៅ​មក​រៀន​រាល់ថ្ងៃ​សិស្សសាលា​រដ្ឋ​គឺ​ខ្លះ​មាន​ជីវភាព​ធូរធារ​អ្នកខ្លះ​គឺ​ខ្វះខាត ហើយ​មិនមែន​សុទ្ធតែ​ការរៀន​បំប៉ន​ក្រៅ​ម៉ោង​ គឺ​ត្រូវតែ​យកលុយ​ទាំងអស់​នោះទេ​។

លោក​គ្រិន ប៊ុនលី​បន្ថែមថា​៖ «អ្វីដែល​លោកគ្រូ​ជួបប្រទះ​ផ្ទាល់ គឺមាន​ការយោគយល់​ច្រើន អ្នកណា​មាន​ប្រាក់​បង់​ក៏​បង់​អ្នកណា​អត់​ក៏​អត់ ព្រោះ​គ្រូ​និង​សិស្ស​តែងតែមាន​មនោសញ្ចេតនា​ជាមួយគ្នា​»។

លោកបញ្ជាក់ថា ការរៀន​សព្វថ្ងៃ​គឺ​នៅមានកម្រិត​ប្រសិនបើ​សិស្ស​មានបំណង​ចង់បាន​ប៊ួ​ក​ទៅ​ក្រៅប្រទេស​ដូច្នេះ​គាត់​ត្រូវរ​ករៀន​បន្ថែម​រក​វិញ្ញាសា​ទៅ​ក្រៅប្រទេស​។ ហើយ​បន្ថែម​ពីនេះ​លោក​ក៏​បញ្ជាក់ថា​៖ «​រឿង​គ្រូ​មិន​បង្រៀន​ម៉ោង​រដ្ឋ​យក​ពេល​ទៅ​បង្រៀន​ម៉ោង​រៀន​បន្ថែម​» ជាទូទៅ​ពាក្យ​នេះ​ជា​ពាក្យ​ចចាមអារ៉ាម​តែប៉ុណ្ណោះ​។ គ្រូ​នីមួយៗ​តែងតែមាន​មនសិការ​របស់គាត់​រៀ​ងៗ​ខ្លួន គ្មាន​គ្រូ​ណា​ម្នាក់​ចង់ឃើញ​សិស្ស​ល្ងង់​គាប​លុយ​ពី​សិស្ស​យកមក​បម្រើ​សេចក្ដីត្រូវការ​របស់ខ្លួន​នោះទេ​។ ពីព្រោះ​សាលារៀន​គួរ​ផ្សេងៗ​ទៀត​បើក​ពេញទី​ក្រុង​ធំៗ ដែល​ទទួលបាន​អាជ្ញា​ប័​ណ្ឌ​បើក​តើ នោះ​ជា​អំពើពុករលួយ​ដែរឬទេ​? ចម្លើយ​គឺ​អត់​ទេ​»​។​

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោកស្រី អ៊ុក ឆា​យ៉ា​វី វិញ​លោកស្រី​យល់ថា ការអប់រំ​តាម​បណ្ដា​សាលា​រដ្ឋ​មួយចំនួន​ គឺ​គ្រាន់តែ​ច្បោលៗ​តែប៉ុណ្ណោះ ហើយ​សិស្ស​នៅ​សាលា ​គឺ​មិន​ទទួលបាន​ការសិក្សា​ពេញលេញ​នោះទេ​។

លោកស្រី ឆា​យ៉ា​វី ថ្លែងថា​៖ «​អ្នកខ្លះ​រៀន​ដល់ទី​១២ ហើយ អាន​អក្សរ​មិន​ដាច់​ផង​។ ការបណ្ដុះបណ្ដាល​ពី​គ្រូ ការយកចិត្តទុកដាក់​ពី​គ្រូ​បានល្អ​ហើយ តែ​អត់​មានការ​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​។ ហើយ​សិស្ស​គឺ​មិន​ប្រឹងប្រែង​រៀនសូត្រ​» ។​

​ប្រធាន​សមាគម​គ្រូបង្រៀន​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា សិស្ស​មួយចំនួន​គឺត្រូវធ្វើ​ការយក​លុយ​ម​ករៀន ហើយ​ពួកគាត់​ជា​អ្នក​ដែលមាន​បញ្ហា​ជីវភាព​ខ្វះខាត​។

លោកស្រីថ្លែងថា​៖ «​សាលារៀន​បង្រៀន​យកតែ​បរិមាណ​មិន​យកគុណ​ភាព​នោះទេ ប្រសិនបើ​គុណភាព​ប្រាកដ​ណាស់​សិស្ស​នឹង​ប្រឹងប្រែង​រៀនសូត្រ​ហើយ​។ ប្រសិនបើ​បន្ត​ការរៀន​បន្ថែម​ក្រៅ​ម៉ោង​នោះ​យុវជន​ខ្មែរ​នឹងមិន​ទទួលបាន​ការ​អប់​រំពេ​ញ​លេញ​ឡើយ​»។

ទោះជា​យ៉ាងណាក្ដី លោកស្រី ចាត់ទុកថា​ការរៀន​បន្ថែម​ក្រៅ​ម៉ោង​មិនមែនជា​អំពើពុករលួយ​នោះទេ​។​

ក្រសួង​អប់រំ ធ្លាប់​បានចេញ​សេចក្ដីណែនាំ​ជាច្រើនលើក​ច្រើនសា​ ដើម្បី​បញ្ជា​ឱ្យ​នាយក​សាលា​នានា គ្រប់គ្រង​បុគ្គលិក​របស់ខ្លួន​កុំឱ្យ​កើតមាន​ករណី​បង្ខំ​ឱ្យ​សិស្ស​រៀន​គួរ​ក្នុង​ម៉ោង​សិក្សា​របស់​រដ្ឋ​ និង​បង្រៀន​គួរ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ជាដើម​។

​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួនណា​រ៉ុ​ន ធ្លាប់មាន​ប្រសាសន៍ថា៖ «​បើ​បង្រៀន​គួរ សូម​បង្រៀន​ឱ្យបាន​ពិត និង​ច្បាស់លាស់ ដោយ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​»៕