១៥​ តុលា​ ២០១២-១៥ ​តុលា​ ២០២២ ជា​ខួប​ ១០​ ឆ្នាំ​នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះ​វីរ​បិតា​ឯករាជ្យ​ជាតិ​កម្ពុជា​។ យ៉ាងណាមិញ ទោះ​ព្រះកាយ​ទ្រង់​បានចេញ​ចាក​ពី​កម្ពុជា តែ​អ្នកនយោបាយ​ខ្មែរ នៅតែ​ចងចាំ​ស្នាព្រះហស្ត​ក្នុងការ​ឆាកនយោបាយ​កម្ពុជា​។

លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស​កម្ពុជា​និយម​នាពេល​បច្ចុប្បន្ន បាន​កត់​សម្គាល់​ ៣​ ចំណុច​សំខាន់ៗ​។ លោក​ថា​៖ «​ទី​១​ គឺ​រឿង​ឯករាជ្យ​ជាតិ ព្រះអង្គ​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​ឱ្យបាន​ឯករាជ្យ ​៩​ វិច្ឆិកា​ ១៩៥៣ ហើយ​ចំណុច​ទី​២ ​រឿង​ដែល​សំខាន់ គឺ​ការទាមទារ​អ្វីដែល​បាត់បង់​មកវិញ តួយ៉ាង​រឿង​ប្រាសាទព្រះវិហារ ហើយ​ចុងក្រោយ​រឿង​ដែល​សំខាន់​បំផុត គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣ ​តុលា​ ១៩៩១​។ ទាំងអស់​នេះ​ជា​ស្នា​ព្រះហស្ត​ធំៗ​របស់​ព្រះអង្គ ដែល​ខ្ញុំ​បានឃើញ​តាមរយៈ​ប្រវត្តិសាស្ត្រ​»​។

រីឯ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បាន​លើកឡើង​ថា​៖ «​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ មាន​ស្នាដៃ​ធំធេង​នៅក្នុង​ប្រទេស​កម្ពុជា​»​។


លោក​ថា​៖ «​យើង​ឃើញ​ហើយ​ថា ក្នុងចំណោម​មហាក្សត្រ​ខ្មែរ ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ ព្រះបាទ​នរោត្តម សីហនុ គឺជា​ព្រះមហាក្សត្រ ដែល​លោក​បាន​បង្ហាញ​ស្នា​ព្រះហស្ត​នៅក្នុង​ការធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​ខ្មែរ​សាមគ្គីភាព​គ្នា ហើយ​ព្រះអង្គ​ជា​ក្សត្រ​មាន​ប្រជាប្រិយភាព​ខ្ពស់ ដែល​គ្មាន​អ្នកនយោបាយ​មាន​ស្មើ​ព្រះអង្គ​»​។

ទាំង​លោក យ៉ែម បុញ្ញឫទ្ធិ ទាំង​លោក សុន ឆ័យ សុទ្ធតែ​បាន​អះអាង​ថា ព្រះបាទ នរោត្តម សីហនុ ជា​តួអង្គ​ឥស្សរជន​នយោបាយ ដ៏​លេចធ្លោ​មួយរូប​របស់​កម្ពុជា​។


អស់​រយៈពេល​ ១០ ​ឆ្នាំ​នៃ​ការយាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតនកោដ្ឋ តែ​អ្នកនយោបាយ​ខ្មែរ​នៅតែ​កត់សម្គាល់​ពី​បណ្តាំ​របស់​ទ្រង់ ដែល​ប្រាថ្នា​ចង់ឃើញ​ការឯកភាព សាមគ្គីភាព ការរួបរួម​របស់​អ្នកនយោបាយ​។

លោក យ៉ែម បុញ្ញឫទ្ធិ លើក​ឡើង​ថា​៖ «​ជាការ​ពិតណាស់ តថភាព​នយោបាយ​ស្រុក​យើង​មួយរយៈ​ចុងក្រោយ​នេះ អាច​និយាយ​មានការ​រើសអើង​ក៏​ថា​បាន ហើយ​មាន​បញ្ហា​មួយចំនួន ហៅថា​ប្រកាន់​និន្នាការ​នយោបាយ​ហួសហេតុ​»​។

បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ លោក​នៅតែ​សង្ឃឹមថា អ្នកនយោបាយ​ខ្មែរ​គួរ​ប្រតិបត្តិ​តាម​បណ្តាំ​របស់​ព្រះ​បរម​រតន​កោ​ដ្ឋា ដែល​ប្រាថ្នា​រក​ការរួបរួម​គ្នា​។ លោក​ថា​៖ «​ការធ្វើ​បែបនេះ គឺ​ដើម្បី​ប្រយោជន៍​កម្ពុជា ប្រយោជន៍​ពលរដ្ឋ​នៅ​ថ្ងៃ​អនាគត ហើយ​គួររៀបចំ​គោលនយោបាយ​មួយ ដែលជា​គោលនយោបាយ​រួបរួម​ជាតិ ឯកភាព​ជាតិ ជួបជុំ​ជាតិខ្មែរ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ប្រឆាំង​»​។

សម្រាប់​លោក សុន ឆ័យ វិញ លោក​យល់​ថា ដំណោះស្រាយ​ចំពោះមុខ​នៅក្នុង​ស្ថានការណ៍​នយោបាយ​កម្ពុជា គឺ​អ្នកនយោបាយ​គួរតែ​ជួប​ជជែក​គ្នា ដោយ​ឈរលើ​បញ្ហា​ប្រទេសជាតិ​ជាធំ​។

លោក សុន ឆ័យ ថា​៖ «​ក្នុងអំឡុងពេល​រំឭក​ខួប​ ១០០​ ឆ្នាំ​នៃ​ការ​ប្រសូត និង​ ១០ ​ឆ្នាំ​នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គ​នេះ អ្នកនយោបាយ​គួរតែ​នឹក​ដល់​ស្នាដៃ​ព្រះអង្គ​បានធ្វើ​សម្រាប់​ប្រទេស​ជាតិខ្មែរ​។ ការខិតខំ​ការពារ​បូរណភាព អធិបតេយ្យភាព ឯករាជ្យភាព ការបង្រួបបង្រួម​អ្នកនយោបាយ​ទាំងអស់ ជា​គំរូ ដែល​យើង​មិនគួរ​យកឈ្នះ យក​ចាញ់ រៀងៗ​ខ្លួន​»​។

បើតាម​លោក សុន ឆ័យ គំរូ​វីរភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ គួរ​ណាស់​តែ​ត្រូវ​លើក​មក​ពិនិត្យ​សិក្សា​ជាថ្មី ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​ភាពកក់ក្តៅ ដូច​សម័យ​សង្គមរាស្ត្រនិយម របស់​ព្រះនរោត្តម សីហនុ​។

គួរ​រំលេច​ថា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ជា​ឥស្សរជន​នយោបាយ​ដ៏​ឆ្នើម​មួយរូប​ក្នុង​ឆាកនយោបាយ​ខ្មែរ ដែល​ទ្រង់​បាន​ដើរតួនាទី​ជា​អ្នក​ផ្សះផ្សារ និង​ទាមទារ​បាន​នូវ​ឯករាជ្យភាព​ជូន​កម្ពុជា​ផង​។ ទ្រង់​ព្រះ​បរម​រដ្ឋ​កោដ្ឋ បាន​យាង​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩២ ​ព្រះវស្សា នៅឯ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​៕