កំពង់ធំៈ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​ ១ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​ ១៦ តុលា បាន​ចុះ​ជួប​សំណេះ​សំណាល និង​បាន​នាំយក​ពូជស្រូវ​ចំនួន ១០០-០០០ ​គីឡូក្រាម ទៅ​ចែក​ជូន​ដល់​ប្រជាកសិករ​ដែល​រងគ្រោះ​ចំនួន ១ ៤២៦ ​គ្រួសារ​នៅ​ស្រុក​ប្រាសាទ​សំបូរ​។


ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក​សុទ្ធ គឹមកុលមុន្នី ឱ្យ​ដឹងថា កម្រិត​ទឹក​នៅតាម​ដងស្ទឹង​សែន នៅតែ​ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរ​ប្រុងប្រយ័ត្ន​ដដែល ខណៈ​បណ្ដា​ខេត្ត​ដែល​រង​ការជន់លិច​ដោយ​ទឹកជំនន់ ទឹកបាន​ស្រក​ជា​បណ្ដើរៗ​ហើយ​។ លោក​ថា​៖ «​នៅ​ខាង​ស្ទឹងសែន​ស្ថានភាព​ទឹក នៅ​តែ​ស្ថិតក្នុង​កម្រិត​មួយ​ដ៏​គួរ​ប្រុងប្រយ័ត្ន​ ហើយ​តំបន់​មួយចំនួន​ទៀត គឺ​គ្រាន់តែ​ស្រក​យឺត ដោយសារ​តំបន់​នោះ​វា​នៅជាប់​នឹង​បឹង​ទន្លេសាប​ពីព្រោះ​ទឹក​បឹង​ទន្លេសាប​យើង វា​ខ្ពស់​ដែរ​»​។

លោក សុខ ហៃ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយ​ប្រាប់​ឱ្យ​ទាក់ទង​ទៅខាង​អ្នក​ទទួល​បន្ទុក​គ្រោះមហន្តរាយ​។


តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ស្ថានភាព​ជំនន់​ទឹកភ្លៀង​មកដល់​ពេលនេះ​បាន​ធ្វើឱ្យ​បណ្តា​ខេត្ត​ចំនួន​ ២៣ មាន​ ១០៥​ ស្រុក​-​ខណ្ឌ និង​ ៤៣៥​ ឃុំ​-​សង្កាត់​រង​ការជន់​លិច​។ ខេត្ត​ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ គឺ​មាន​ខេត្ត​កំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​បាត់ដំបង​។ ក្នុងនោះ​មាន​ដំណាំ​ស្រូវ​ជាង ១៩​ ម៉ឺន​ហិកតា​បាន​រង​ការជន់លិច​ក្នុង​នោះ​មាន​ជាង ៦ ​ម៉ឺន​ហិកតា​បាន​រង​ការខូចខាត និង​ធ្វើឱ្យ​ពលរដ្ឋ​ប្រមាណ ១១២ ៧៦០​ គ្រួសារ ស្មើនឹង ៥០៧ ៤០០ ​នាក់ រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​៕