សៀមរាបៈ​ពិធី​ដង្ហែ​ព្យុហ​យាត្រា​ក្រោម​ប្រធាន​បទ «​ឆ្ពោះ​ទៅ​មុខ​ដើម្បី​បញ្ឈប់​អំពើ​ជួញដូរ​មនុស្ស​» ​ត្រូវបា​ន​រៀបចំ​ធ្វើ​ឡើង​ជា​លើក​ទី ​១ ​ក្នុង​ប្រទេស​កម្ពុជាក្នុង​គោលដៅ ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​ក្នុងការ​រួមសហការ​គ្នា​ឆ្ពោះទៅមុខ​ ដើម្បី​បញ្ចប់​អំពើ​ជួញដូរ​មនុស្ស​។​


​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុននៅខេត្តសៀមរាបដែល​រៀបចំឡើង​ដោយ​អង្គការ​មូលនិធិ​អេ​២១​កម្ពុជា (A21Cambodia) ​សហការ​ជាមួយ​លេខាធិការដ្ឋាន គ​.​ខ​.​ប​.​ជ ខេត្តសៀមរាប​។​

​កញ្ញា គ្រីស្ទី​ន ស្កា​ហ្វ នាយិកា​អង្គការ​មូលនិធិ​អេ​២១​កម្ពុជា បានឱ្យដឹងថា អង្គការ​មូលនិធិ​អេ​២១​ គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​តែង​ប្តេជ្ញាចិត្ត​ក្នុងការ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង កិច្ចសហការ​ជួយសង្គ្រោះ និង​ការផ្តល់សេវា​ថែទាំ​បន្ទាប់ ​ជូន​ដល់​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​។


​កម្មវិធី​ឆ្ពោះទៅមុខ​ដើម្បី​បញ្ចប់​អំពើ​ជួញដូរ​មនុស្ស​គឺជា​កម្ម​វិធី​លើកកម្ពស់​ការយល់ដឹង​ជា​សកល​មួយ​ដែល​មូលនិធិ​អេ​២១​តែង​ធ្វើឡើង​នៅតាម​មូលដ្ឋាន​ដើម្បី​ប្រយុទ្ធប្រឆាំង​ និង​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ជាស​កល​។

​កញ្ញា បាន​ថ្លែងថា៖ «​សម្រាប់​ប្រទេស​កម្ពុជា នេះ​ជា​លើកទី១​ហើយ​ដែល​បានរៀបចំ​កម្មវិធី​នេះ ដោយមាន​កិច្ចសហការ​ពី​គណៈកម្មាធិការ​ជាតិ និង​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ នាង​ខ្ញុំ​ពិតជា​មានចិត្ត​រំភើប​រីករាយ​ណាស់​ដែល​បាន​ប្រារព្ធ​កម្មវិធី​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​


​កម្មវិធី​ដង្ហែ​ព្យុហយាត្រា​នេះ​មាន​អ្នកចូលរួម​សរុប​ប្រមាណ ៦០០ ​នាក់​ ដោយសារ​វា​ជា​កម្មវិធី​លើកកម្ពស់​ការយល់ដឹង​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​មួយ​របស់​មូលនិធិ​អេ​២១ ដើម្បី​ផ្សព្វផ្សាយ​សារ​អប់រំ សារ​ទប់ស្កាត់ស្តីពី​អំពើ​ជួញដូរ​មនុស្ស​ទៅដល់​សាធារណ​ជន និង​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល ព្រមទាំង​អាជ្ញាធរ​តាម​មូលដ្ឋាន​ក្នុងការ​លុបបំបាត់​ទាសភាព​សម័យ​ទំនើប ​ឬ​អំពើ​ជួញដូរ​មនុស្ស​។

​មនុស្ស​ប្រមាណ​ជា ៦០០​ នាក់​នេះ បានបង្ហាញ​វត្តមាន និង​បាន​ចូលរួម​ដើរ​បង្ហាញ​សារ​យល់ដឹង​ពីការ​ទប់ស្កាត់ទៅដល់​មនុស្ស​រាប់ពាន់​នាក់​ដទៃទៀត​ដែល​បានឃើញ​នូវ​យុទ្ធនា​ការដើរ​នេះ​។​

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពិធី​ដង្ហែព្យុហយាត្រា«​ឆ្ពោះទៅមុខ​ ដើម្បី​បញ្ឈប់​អំពើ​ជួញដូរ​មនុស្ស​» មិនមាន​ធ្វើ​នៅតាម​បណ្តា​ខេត្ត​ណា​ផ្សេងទៀត​នោះទេ​។​

​លោកស្រី​បាន​បញ្ជាក់ថា វា​ជា​គម្រោង​មួយ​របស់​អង្គការ​មូលនិធិ​អេ​២១​កម្ពុជា ធ្វើ​នៅតាម​បណ្តា​ប្រទេស​ដែល​អេ​២១​នេះ ​មាន​ទំនាក់ទំនង​ជាមួយ ហើយ​អេ​២១​នេះ​ ក៏បាន​សហការ​ជាមួយ​ គ​.​ជ​.​ប​.​ជ ផងដែរ​។​

​លោកស្រី ជូ ប៊ុន​អេង មានប្រសាសន៍ថា៖ «​យើង​ធ្វើ​ដើម្បី​បង្ហាញ​នូវ​ឆ​ន្ទៈ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហើយ​យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​មានការ​ចាប់អារម្មណ៍​ថា ​តើ​យើង​ធ្វើ​អី? និង​ធ្វើ​ដើម្បី​អ្វី​? ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ​សម្រាប់​ការ​ដាស់​ស្មារតី​របស់​ប្រជាពលរដ្ឋ​យើង ប៉ុន្តែ​កម្ពុជា​យើង​បានធ្វើ​កម្មវិធី​ច្រើន​ទាក់ទង​នឹង​យុទ្ធនាការ​នេះ ដូចជា​ អន្តរ​សាសនា​,​ទិវា​ជាតិ១២​ធ្នូប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និង​មាន​កម្មវិធី​តូចៗ​ជាច្រើន​ទៀត​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​.​ជ កាលពី​ថ្ងៃទី៧ ខែតុលា កន្លងមកនេះ បានឱ្យដឹងថា ក្នុង​រយៈពេល ៥១ ថ្ងៃនេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៨ ខែសីហា ដល់​ថ្ងៃទី ៤ ខែតុលា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​លើ​បណ្តឹង​ដែល​អះអាងថា ជា​ករណី​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ចំនួន ៤២០ ករណី​។​

​គ​.​ជ​.​ប​.​ជ ថា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ស៊ើប​បញ្ជាក់ដោយបាន​រកឃើញ ២២៩ ករណី មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ក្នុងនោះ ១១៨ នាក់​ ដែលមាន៥សញ្ជាតិ​ជា​ជនរងគ្រោះ​នៃ​បទល្មើស ដូចជា ការ​បង្ខាំង​ជំរិត​ទារប្រាក់ ការធ្វើ​ទារុណកម្ម អំពើ​ជួញដូរ​មនុស្ស សញ្ចារកម្ម​ ល្បែង​អន​ឡាញ​ខុសច្បាប់ ជាដើម​។​

​ប្រភព​ដដែល​បន្តថា ទន្ទឹមនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ និង​ជនបរទេស​ចំនួន ៦៧ នាក់ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕