ភ្នំពេញៈ មន្ត្រី បសស ពន្យល់ និង​បកស្រាយ​ជុំវិញ​ការផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​សមាជិក ចៀសវាង​សមាជិក​មាន​ការយល់ច្រឡំ ចំពោះ​ការប្រើប្រាស់​សេវា​តាមដាន​សុខភាព គឺ​មិន​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ការធានារ៉ាប់រង​ពី បសស នោះទេ ដោយ​សមាជិក​អាច​ទទួល​ការធានា​រ៉ាប់រង​ក្នុង​ការប្រើ​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​តែប៉ុណ្ណោះ​។


ការបកស្រាយ​បែប​នេះ ដោយសារ​តែមាន​សមាជិក បសស មួយ​ចំនួន​មាន​ចម្ងល់​ជុំវិញ​ការ​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​ពី បសស នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ដែល​សហការ​ជាមួយ បសស ហើយ​ត្រូវ​ចំណាយ​ថវិកា នៅពេល​ពួកគេ​ពិនិត្យ​តាមដាន​សុខភាព​។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បសស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ តុលា​ថា តាមពិត​ទៅ​សមាជិក បសស ដែល​ទៅប្រើប្រាស់​សេវា​ផ្នែក​ថែទាំ​សុខភាព​ភាគច្រើន ហាក់​មិនទាន់​មាន​ការយល់ដឹង​ពី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​នេះ​ទេ​។ ដោយហេតុ​នេះហើយ​បាន​ធ្វើឱ្យ​សមាជិក​មួយចំនួន មាន​ការយល់ច្រឡំ ខណៈ​ដែល​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព គឺ​សំដៅ​ទៅលើ​ការព្យាបាល ដោយ​មាន​ន័យថា ទាល់តែ​សមាជិក បសស មាន​ជំងឺ ទើប​អាច​ប្រើប្រាស់​សេវា​នេះ​បាន​។ ចំណែក​ករណី​ដែល​សមាជិក បសស មិនមាន​ជំងឺ ហើយ​ចង់​ទៅ​ពិនិត្យ​សុខភាព​គឺ បសស មិន​ធានា​រ៉ាប់រង​នោះទេ ដែល​ករណី​នេះហើយ ដែល​ធ្វើ​ឱ្យ​សមាជិក​មួយ​ចំនួន មាន​ការយល់​ខុស ដែល​ទាមទារ​ឱ្យ​សមាជិក បសស ទាំងអស់ ត្រូវ​ស្វែងយល់ និង​ទទួល​ព័ត៌មាន​ទាំងនេះ​ឱ្យបាន​លម្អិត​។


លោក​បាន​បញ្ជាក់ថា​៖ «​យើង​ធានារ៉ាប់រង​ទៅលើ​ជំងឺ​របស់​សមាជិក​មាន​ន័យថា ឱ្យតែ​គាត់​ឈឺ គឺ​គាត់​ទៅ​ព្យាបាល ឬ​ឈឺ​ហើយ​ទៅ​ពេទ្យ គឺ​ពេទ្យ​ប្រចាំ​ការទទួល​នោះ គឺ​ខាង បសស ទទួល​រ៉ាប់រង​។ ឧទាហរណ៍​ថា នៅ​សុខៗ សមាជិក បសស (​មិន​ឈឺ​អី​ទេ​) គាត់​ទៅពិនិត្យ​សុខភាព នោះ​គឺ បសស មិន​ចេញថ្លៃ​សេវា​ជូន​គាត់​ទេ​។ ដូច​អ្នកខ្លះ គាត់​គិតថា គាត់​បាន​បង់លុយ​ឱ្យ បសស ហើយ តែ​មិន​ដែល​បាន​ទៅ​ពេទ្យ​សោះ ដល់​ពេល​គាត់​ចង់ទៅ ហើយ​ប្រាប់​ពេទ្យ​ថា មក​ពិនិត្យ​សុខភាព ដែល​ខាង​មន្ទីរពេទ្យ គេ​គិតលុយ​ហើយ​»​។

បន្ថែម​ពី​ការបកស្រាយ​នេះ លោក ហេង សុផាន់ណារិទ្ធ បាន​ឱ្យ​ដឹងថា រដ្ឋាភិបាល​កំពុង​ពិចារណា​ចំពោះ​ការផ្តល់ជូន​នូវ​កញ្ចប់​ធានារ៉ាប់រង​នៃ​ការពិនិត្យ​តាមដាន​សុខភាព​នេះ​ទៅ​ថ្ងៃ​អនាគត​ សម្រាប់​សមាជិក បសស គ្រប់រូប ដែល​អាចនឹង​ទទួល​បាន​សេវា​នេះ​ក្នុង​រយៈពេល​កំណត់​ណាមួយ​ដូចជា​ ១ ឆ្នាំ​ ១​ ដង ឬ​ ២​ ដង​យ៉ាងតិច​។ ប៉ុន្តែ​យ៉ាងណា​ក្តី លោក​សង្កត់​ធ្ងន់​ថា ចំពោះ​គម្រោង​នេះ គឺ​ស្ថិតក្នុង​ផែនការ​អនាគត​ប៉ុណ្ណោះ ហើយ បសស នឹង​ព្យាយាម​ពង្រឹង​ខ្លួន​បន្ថែមទៀត​ក្នុង​ពេល​អនាគត​។


របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព គឺ​សំដៅ​ដល់​ការធានា​រ៉ាប់រង​សុខភាព​សង្គម ដែល​ត្រូវ​ផ្តល់​តាវកាលិក សេវា​បង្ការ​សុខភាព​តាវកាលិក​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ និង​ការផ្តល់​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ សម្រាប់​រយៈពេល​នៃ​ការផ្អាក​ការងារ​ដោយ​ការព្យាបាល​ជំងឺ ឬ​គ្រោះថ្នាក់​ផ្សេងៗ ក្រៅពី​ហានិភ័យ​ការងារ និង​ការ​សម្រាក​មាតុភាព​។

តាម​អនុក្រឹត្យ​ស្តីពី​ការបង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​បាន​ឱ្យ​ដឹងថា តាវកាលិក​ថែទាំ​សុខភាព សំដៅ​ដល់​របប​ធានារ៉ាប់រង​ ដែល​ផ្តល់​តាវកាលិក​សុខភាព និង​សេវា​បង្ការ ដែល​សមាជិក បសស នឹង​ទទួល​បាន​កញ្ចប់​តាវកាលិក​សុខភាព​នេះ តាមរយៈ​ការទទួល​បាន​សេវា​ព្យាបាល​ថែទាំ​វេជ្ជសាស្ត្រ សេវា​បញ្ជូន​ជនរងគ្រោះ សេវា​បញ្ជូន​សព និង​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​។

ចំពោះ​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ គឺ​មាន​រាប់បញ្ចូល​ដូចជា​ការព្យាបាល​ដោយ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ សេវា​ព្យាបាល​ថែទាំ​តាម​បច្ចេកទេស​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ សេវា​ធ្វើ​រោគវិនិច្ឆ័យ សេវា​មន្ទីរពិសោធន៍ និង​សេវា​ពិនិត្យ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត រួមទាំង​ឱសថ​តាម​វេជ្ជបញ្ជា បន្ទប់​ (​ធម្មតា​) និង​អាហារ​ដែល​ផ្តល់​ដោយ​មូលដ្ឋាន​សុខាភិបាល​ជាដើម​។

កន្លងមក បសស ធ្លាប់​បាន​ប្រកាស​ថា សមាជិក បសស អាច​ទទួល​បាន​សេវា​សង្គ្រោះ​បន្ទាន់ ដែលជា​សេវា​អន្តរាគមន៍​ទាំងឡាយ​ណា​ដែល​ធ្វើឡើង​ក្នុង​កាលៈទេសៈ​មួយ​ដែល​មិនបាន​គ្រោងទុក ហើយ​អន្តរាគមន៍​ទាំងនោះ​អាច​ត្រូវធ្វើឡើង​ភ្លាម​ក្នុង​គោលបំណង​ជួយសង្គ្រោះ​ជីវិត ឬ​ជួយ​ការពារ​ការបាត់បង់​អវយវៈ​ណាមួយ​នៃ​សរីរាង្គ​របស់​អ្នកជំងឺ ឬ​ជនរងគ្រោះ​។

បសស​បាន​ពន្យល់ថា​៖ «​អ្នកជំងឺ ឬ​ជនរងគ្រោះ​អាច​ចូលទៅ​ប្រើប្រាស់​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​បំផុត​។ បសស ធ្វើការ​ទូទាត់​សង​វិញ​ទៅតាម​វិធីសាស្ត្រ​បង់ថ្លៃ​តាម​ករណី និង​សេវា លុះត្រាតែ​ជនរងគ្រោះ ឬ​សិទិ្ធវន្ត​ជូនដំណឹង​មក បសស ក្នុង​អំឡុងពេល​យ៉ាងយូរ ៤៨ ​ម៉ោង តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​ ១ ២៨៦ »​។

ក្រៅពី​ទទួល​បាន​ការធានា​រ៉ាប់រង​ទាំងនេះ សមាជិក បសស ក៏​នឹង​ទទួល​កញ្ចប់​សេវា​ព្យាបាល​ដោយ​ស្អំ និង​ចលនា គឺជា​សេវា​ជំនួយ​វេជ្ជសាស្ត្រ សេវា​សម្រាល​កូន និង​សេវា​ព្យាបាល​ថែទាំ​មុន និង​ក្រោយ​ពេល​សម្រាល​កូន និង​សេវា​បញ្ជូន​អ្នកជំងឺ ឬ​ជនរងគ្រោះ និង​សេវា​បញ្ជូន​សព​ផងដែរ​។

លោក ហេង សុផាន់ណារិទ្ធ បាន​ឱ្យ​ដឹង​បន្ថែមថា ចំពោះ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ដែល​សមាជិក បសស ទទួល​បាន​គឺ​នឹង​ផ្តល់ជូន​ សម្រាប់​រយៈពេល​អាក់ខាន​ការងារ​ដោយសារ​ការធ្លាក់​ខ្លួន​មាន​ជំងឺ គ្រោះថ្នាក់ និង​លម្ហែ​មាតុភាព ឬ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ និង​ការព្យាបាល​ដោយ​មិន​គិតថ្លៃ ដែល​មាន​ចែង​នៅក្នុង​គោល​នយោបាយ​សុខាភិបាល​សាធារណៈ ខណៈ​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ដែល​ទទួលបាន​គឺ​ចំនួន ៧០ ​ភាគរយ នៃ​ប្រាក់​ឈ្នួល​មធ្យម​ប្រចាំថ្ងៃ​របស់​សាមីជន​។

គិត​ត្រឹម​ថ្ងៃទី ​២ តុលា ឆ្នាំ ២០២២ មាន​កម្មករ​និយោជិត​ចំនួន ​១ ៤៦៦ ៧២៥​ នាក់ នៅក្នុង​សហគ្រាស​ជាង​ ១៣ ៣០០ សហគ្រាស បាន​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ បសស ដើម្បី​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព ខណៈ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ត្រូវ​បាន​អនុវត្ត​ចាប់ពី​ខែតុលា ឆ្នាំនេះ​តទៅ​៕