​ភ្នំពេញៈ​ តំណាង​ជនជាតិដើម​ភាគតិច​ចំនួន ១៦​ នាក់ មកពី​ ១៦ ​អម្បូរ​ជនជាតិ និង​តំណាងឱ្យ​សហគមន៍​ជនជាតិដើម ១២​ ខេត្ត ក្រុង នៅ​ថ្ងៃទី ១៩ ខែតុលា បាន​ចូលជួប​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា​ដើម្បី​ពិភាក្សា និង​ដាក់​ធាតុ​ចូល ៨​ ចំណុច ដែល​ពាក់ព័ន្ធ​នឹង​ព្រៃឈើ និង​តំបន់ការពារធម្មជាតិ​។


អ្នកស្រី ទេព ទឹម តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច ១២ ខេត្ត​-​ក្រុង ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៩ ខែតុលា​ថា គោលបំណង​សំខាន់​ដែល​សហគមន៍​ជនជាតិដើម​ភាគតិច​ទៅ​ចូលជួប​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា​នេះ​ដើម្បី​ពិភាក្សា​និង​ដាក់​ធាតុ​ចូល ៨ ​ចំណុច ទៅក្នុង​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ ជលផល និង​តំបន់ការពារធម្មជាតិ​។ អ្នកស្រី​បាន​គូសបញ្ជាក់ថា ជា​លទ្ធផល ព្រឹទ្ធសភា​បានបញ្ជាក់​មកវិញ​ថា ធាតុ​ចូល​ទាំង ៨ ចំណុច​នោះ ក្រសួង​ពាក់ព័ន្ធ​បាន​ទទួលយក ៥ ចំណុច ដោយឡែក ៣​ចំណុច​ផ្សេងទៀត កំពុងស្ថិត​ក្នុងការ​ពិចារណា​។

អ្នកស្រី​បញ្ជាក់ថា ៣ ​ចំណុច ​ដែល​កំពុងស្ថិត​ក្នុងការ​ពិនិត្យ​ពិចារណា​នេះ រួមមាន ទី​១ សុំ​ដា​ក់ប​ញ្ជូ​ល​សហគមន៍​ជនជាតិដើម​ភាគតិច ព្រោះ​ក្នុង​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​នេះ​ដាក់​តែ​សហគមន៍​មូលដ្ឋាន​។​ ទី​២ ដាក់​ប​ញ្ចូល​ចម្ការ​ពនេចរ [​ចម្ការ​វិលជុំ​] និង​ទី​៣ សុំ​ដា​ក់ប​ញ្ជូ​ល​រយៈពេល​កិច្ចព្រមព្រៀង​សហគមន៍​ព្រៃឈើ និង​សហគមន៍​តំបន់ការពារធម្មជាតិ គួរ​មាន​រយៈពេល​ដូច​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​មិនគួរ​ផ្អាក ឬ​លុប​កិច្ចព្រមព្រៀង​សហគមន៍​ឡើយ​កាលបើ​សហគមន៍​បាន​អនុវត្ត​ត្រឹមត្រូវ​​តាម​កិច្ចព្រមព្រៀង​។​


អ្នកស្រី​ថ្លែងថា​៖ «​ព្រឹទ្ធសភា​មិនមែនជា​អ្នកសម្រេច​លទ្ធផល​ទេ ប៉ុន្តែ​បាន​ជួយ​អន្តរាគម​ន៍​ដល់​ជនជាតិដើម​ភាគតិច អ្វី​ជា​ទុក្ខ​កង្វល់​​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ហើយ​ពេល​ពួក​ខ្ញុំ​ចូល​ក៏​គ្មាន​ការរាំងស្ទះ​អ្វី​ដែរ គាត់​ស្វាគមន៍​និង​ទទួល​នូវ​ពាក្យ​ពេ​ចន៍​ដែល​ពួក​ខ្ញុំ​បានដាក់​»​។

លោក ឈឹម សាមុត តំណាង​ជនជាតិដើម​ភាគតិច​ម្នាក់ទៀត​បានឱ្យ​ដឹង​នៅ​ថ្ងៃទី ២០ ខែតុលា​ថា តាម​អ្វីដែល​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច បាន​ជួប​ជាមួយ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន (​គ​.​ជ​.​អ​.​ប​) និង​ក្រសួង​ពាក់ព័ន្ធ កាលពី​ថ្ងៃទី ៨ សីហា បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ព្រៃឈើ​ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​បានបញ្ចប់​ហើយ ប៉ុន្តែ បើ​មានការ​ស្នើសុំ​ដាក់​ធាតុ​ចូល​បន្ថែម​ក៏​នៅតែ​បាន​ទើប​សហគមន៍​ជនជាតិដើម​ភាគតិច​សម្រេច​ដាក់​ធាតុ​ចូល​ទាំំ​ង​៨ ទៅ​ក្រសួង​ពាក់ព័ន្ធ​រួចរាល់​នៅ​ចុងខែ​សីហា​។


បើតាម លោក​ ឈឹម សាមុត ព្រឹទ្ធសភា​បានបញ្ជាក់​ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ព្រៃឈើ​ច្បាប់ ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​បានបញ្ចប់ ក្រោយពី​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ ហើយ​បាន​បញ្ជូន​បន្តទៅ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ​ជំពូក ដែល​ចែង​ពី​ទោស​ប្បញ្ញត្តិ​។

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ព័ត៌មាន​ពី​ព្រឺទ្ធសភា​បញ្ជាក់ជូន​ [​ថ្ងៃទី​ ១៩ តុលា​] ថា នៅពេល​ក្រសួងយុត្តិធម៌​គាត់​ពិនិត្យ​រួចហើយ​ទើប​គាត់​រៀបចំ​ធ្វើ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​អញ្ជើញ​តំណាង​ជនជាតិ អង្គការ​សង្គម​ស៊ីវិល​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជាមួយគ្នា​ទើប​ដឹងថា ៣ ​ចំណុច​នោះគេ​ទទួលយក​ឬ​មិន​ទទួល​យ៉ាងណា ប៉ុន្តែ​អត់​ទាន់​ដឹងថា​ គេ​ធ្វើ​ថ្ងៃ​ណា​នៅឡើយ​ទេ​»​។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២០ ខែតុលា​ថា ក្រុមការងារ​ក្រសួងយុត្តិធម៌​កំពុង​ពិនិត្យមើល​លើ​សេចក្តីព្រាង​ដែល​បញ្ជូន​មកពី​ក្រសួង​ដែលជា​ម្ចាស់​នៃ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​នេះ និង​មិនទាន់មាន​ព័ត៌មាន​អ្វី​ថ្មី​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​បច្ចេកទេស​កំពុង​ពិនិត្យមើល​ហើយ​។​ធម្មតា​ការ​ពិនិត្យមើល​លើ​ទោស​ប្បញ្ញត្តិ ទាមទារ​ឱ្យមាន​ការជួបគ្នា​រវាង​សាមី​ក្រសួង​​ដែលជា​ម្ចាស់​សេចក្ដីព្រាង ជាមួយ​ក្រុមការងារ​ទ​ទួល​បន្ទុក​ការពិនិត្យ​របស់​ក្រសួងយុត្តិធម៌ ដើម្បី​ពិភាក្សាគ្នា អ៊ីចឹង​ខ្ញុំ​ជឿថា កិច្ចការ​នេះ​ក្រុមការងារ​កំពុងតែធ្វើកា​រហើយ​បាទ​»​។

គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត នៃ​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​១) និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៨ ដឹកនាំ​ដោយ​លោក យ៉ង់ សែម ប្រធាន​គណៈកម្មការ និង​ប្រធាន​ក្រុម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ នឹង​តំណាង​ជនជាតិដើម​ភាគតិច​ចំនួន ១៦​ នាក់ មកពី ​១៦ ​អម្បូរជនជាតិ និង​តំណាងឱ្យ សហគមន៍​ជនជាតិដើម ១២ ​ខេត្ត ក្រុង នៅ​សាលប្រជុំ​ពិសេស​៣ ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី ​១៩ ខែតុលា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ព្រឹទ្ធសភា​កម្ពុជា​។

ប្រភព​ដដែល​បញ្ជាក់ថា ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឈ្វេងយល់ ទាក់ទង​នឹង​សំណើ​របស់​តំណាង​ជនជាតិដើម​ភាគតិច ដែល​បាន​ដាក់សំណើ​ទៅ​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បី​សុំ​ការ​អនុ​ញ្ញា​តជួប និង​គោរព​ផ្តល់ជូន​នូវ​សេចក្តីថ្លែងការណ៍​រួម​និង​របាយការណ៍​នៃ​លទ្ធផល​ពិគ្រោះ​យោបល់​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់ ស្តីពី​តំបន់ការពារធម្មជាតិ​ឆ្នាំ​ ២០០៨ និង​ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ ​២០០២៕