បន្ទាប់ពីសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានចេញសេចក្តីថ្លែងការណ៍មួយស្តីអំពីការកើនឡើងច្រើននៃបទល្មើសព្រៃឈើ ក្រសួងបរិស្ថាន ថាគ្មានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍របស់សហគមន៍ព្រៃឡង់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ឡើយ។
តាមសេចក្ដីថ្លែងការណ៍ដែលចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តមាន៖ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ រកឃើញថា បទល្មើសព្រៃឈើមានការកើនឡើងច្រើនជាងការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ តាំងពីក្រសួងបរិស្ថានបានហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់មិនឱ្យចុះល្បាត។ ហើយជនប្រព្រឹត្តបទល្មើសមានសេរីភាពចេញចូលព្រៃឡង់កាប់ឈើ និងដឹកជញ្ជូនឈើយ៉ាងរលូន ដោយគ្រាន់តែបង់ប្រាក់ជូនមន្ដ្រីតាមស្នាក់ការត្រួតពិនិត្យ ជាថ្នូរនឹងការទទួលបានការអនុញ្ញាតឱ្យប្រព្រឹត្ដបទល្មើសក្នុងព្រៃឡង់។
ចាប់តាំងពីដើមឆ្នាំ ២០២២ មក សកម្មភាពល្មើសច្បាប់ នៅជុំវិញតំបន់ព្រៃឡង់ បន្ដកើតមានយ៉ាងអនាធិបតេយ្យដូចជា៖ ការកាប់បំផ្លាញដើមឈើធំៗនៅក្នុងតំបន់ព្រៃឡង់ ដោយជនអនាធិបតេយ្យ និងក្រុមហ៊ុន អង្គរផ្លាយវ៉ូត និងក្រុមហ៊ុន Think Biotech Co., Ltd ស្ថិតក្នុងខេត្ដក្រចេះ ក្រុមហ៊ុន Thy Nha Co., Ltd Development, and Investment ក្រុមហ៊ុនម៉ាយខលឡូជីស្ទីក និងក្រុមហ៊ុន PNT ស្ថិតក្នុងខេត្ដព្រះវិហារ។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។
ទន្ទឹមនេះ របាយការណ៍រកឃើញទៀតថា ការដឹកជញ្ជូនឈើជាច្រើនតាមរទេះក្របី រថយន្ដកែច្នៃ និងគោយន្ដក្នុងមួយថ្ងៃៗ និងឧបករណ៍សម្រួលដល់ការកាប់ឈើ ចូលទៅក្រុមហ៊ុន ដោយពុំមានចំណាត់ការច្បាស់លាស់ពីអាជ្ញាធរពាក់ព័ន្ធ។
ជុំវិញបញ្ហានេះលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ថាបច្ចុប្បន្ននេះ បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសខ្នាតតូច ដែលមន្ត្រីជំនាញជាពិសេសមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បន្តទប់ស្កាត់ និងបង្ក្រាបជាប្រចាំ។
លោក នេត្រ ភក្ត្រាថា៖ «ក្រសួងបរិស្ថានគ្មានភាពចាំបាច់ក្នុងការឆ្លើយតបលើរបាយការណ៍របស់ភាគីទី៣ ណាមួយទេ។ ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ក្រសួងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក្រោមដែនយុត្តាធិការរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ»។
ដោយសារតែកត្តាសុខសន្តិភាពពេញលេញ លោកថា មានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន (Carbon Credit) ក្នុងគម្រោងរេដបូក គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service)។
ក្រៅពីនេះ លោក ភក្ត្រា លើកឡើងថា ក្រសួងបរិស្ថានកំពុងរៀបចំ គម្រោងរេដបូកបន្ថែមទៀត លើផ្ទៃដីចំនួន ១,១៩ លានហិកតា ដែលនឹងធ្វើឱ្យផ្ទៃដីគម្រោងរេដបូកសរុបនឹងមានចំនួន ២,៤៦ លានហិកតា (ស្មើនឹង ៣៤,១ ភាគរយនៃផ្ទៃដីតំបន់ការពារធម្មជាតិទាំងអស់)។
លោកបន្ថែមថា ការដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។
ចំណែកលោក ខេម សុឃី សមាជិកសហគមន៍ព្រៃឡង់ បានប្រាប់ថាតាមរយៈការចុះល្បាតព្រៃពីសហគមន៍មូលដ្ឋាន ដែលរស់នៅជិតតំបន់នោះ សហគមន៍លោកសង្កេតឃើញថា បទល្មើសនៅក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន បើទោះបីជាមានការចុះល្បាតពីសហគមន៍ការពាររបស់ក្រសួងបរិស្ថានក៏ដោយ។
សូមបញ្ជាក់ថា យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សម្រាប់រយៈពេល ៨ ខែឆ្នាំ ២០២២ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានចុះល្បាតចំនួន ១៤៦៩២ លើក បង្ក្រាបបានបទល្មើសចំនួន ៤២៥០ ករណី ដែលភាគច្រើនជាបទល្មើសកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ។
មន្ត្រីឧទ្យានុរក្ស បានដកហូតវត្ថុតាងជាឈើអារចម្រុះចំនួន ៧៥៨ ម៉ែត្រគុប ដកហូតវត្ថុតាងជាមធ្យោបាយ ឧបករណ៍សម្ភារក្នុងនោះរួមមានរណារយន្តចំនួន ១៧២៤ គ្រឿង រថយន្ត ៥១ គ្រឿង ត្រាក់ទ័រចំនួន ៧ គ្រឿង គោយន្តកន្ត្រៃចំនួន ១៣៨ គ្រឿង ម៉ូតូ ១៥២ គ្រឿង ដោះអន្ទាក់សត្វចំនួន ២៦៥៨៨ អន្ទាក់ ដកហូតអាវុធកែច្នៃចំនួន ៣៤៤ ដើម។ ហើយនិងបានធ្វើការអប់រំកិច្ចសន្យាចំនួន ១១៦៧ ករណី បានធ្វើពិន័យអន្តរការណ៍ចំនួន ២៥៨ ករណី និងបញ្ជូនសំណុំរឿងទៅតុលាការ ៣៥៣ ករណី៕