ភ្នំពេញៈ អង្គការ TPO គឺជា​អង្គការ​មួយ​ដែល​បាន ធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ជំងឺ ផ្លូវចិត្ត​នៅ​កម្ពុជា​។ អង្គការ​នេះ មាន​គោលដៅ​ជួយ​ទប់ស្កាត់ និង​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​តាមរយៈ​ការផ្តល់​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ​។ ជុំវិញ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ បានធ្វើ​បទសម្ភាស​ជាមួយ​លោកស្រី ស៊ុន សូលីដា អ្នក​ចិត្តសាស្ត្រ​នៃ​អង្គការ TPO កម្ពុជា ដែល​បាន​អះអាង​ថា រយៈពេល ៩ ខែ​ឆ្នាំនេះ គ្លីនិក TPO បាន​ផ្តល់​សេវាប្រឹក្សា និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ជាង ១ ០០០ នាក់ ដែល​ចំនួន​នេះ​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន​។


តើ​បច្ចុប្បន្ន​អង្គការ TPO មាន​សកម្មភាព​យ៉ាងណាខ្លះ ក្នុងការ​ចូលរួម​ទប់ស្កាត់​ជំងឺ​ផ្លូវចិត្ត ជាពិសេស​ការជួយ​ប្រជាជន​ខ្មែរ​ពី​ជំងឺ​ផ្លូវចិត្ត​?

អង្គការ TPO មាន​បេសកកម្ម​ជាច្រើន​កន្លង​មក ដើម្បី​ជួយ​ទប់ស្កាត់ ក៏ដូចជា​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​។ ទាំងអស់​នោះ​គឺ​មាន ៣ ចំណុច​ធំៗ​រួមមាន ការអប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុខភាព​នៅតាម​សហគមន៍ និង​បណ្តាញ​សង្គម​។ ការផ្តល់​ប្រឹក្សា​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ និង​តាម​ឆាត​ហ្វេសប៊ុក​ផេច​របស់​អង្គការ TPO ។​ យើង​ក៏មាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​តាម​សហគមន៍ និង​ជនបង្គោល ដូចជា បុគ្គលិក​សុខាភិបាល មន្ត្រីនគរបាល មេភូមិ មេប៉ុស្តិ៍ និង​ក្រុម​នារី​ឃុំ​ជាដើម​។


សម្រាប់​ឆ្នាំនេះ តើ​អង្គការ TPO បាន​ផ្តល់​ការប្រឹក្សា និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដល់​ពលរដ្ឋ​ប៉ុន្មាន​នាក់​?

កាលពី​ឆ្នាំ ២០២១ គិត​ចាប់ពី​ថ្ងៃទី ១ ខែ​មករា ដល់​ថ្ងៃទី ៣០ ខែធ្នូ គឺ​អង្គការ TPO បាន​ផ្តល់​ការប្រឹក្សា និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​សរុប​ចំនួន ១ ១៨០ នាក់​។ សម្រាប់​ឆ្នាំ​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី ១ ខែ​មករា មកដល់​ត្រឹម​ខែ​កញ្ញា មាន​ចំនួន ១ ១៦៩ នាក់​ទៅហើយ ដែល​ទិន្នន័យ​បង្ហាញ​ឱ្យ​ឃើញ​ថា មានការ​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទិន្នន័យ​នេះ វា​នឹង​កើនឡើង​បន្ថែមទៀត ក្នុង​រយៈពេល ៣ ខែ​ទៅមុខ​ទៀត​។ នេះ​គ្រាន់​ទិន្នន័យ​ដែល​បាន​ដកស្រង់​ចេញពី​គ្លីនិក ហើយ​យើង​មាន​ទិន្នន័យ​ផ្សេង​ទៀត​ដែល​ប្រមូល​ពី​ខាង​គម្រោង និង​តាមរយៈ​ទូរស័ព្ទ តែ​មិនទាន់​បាន​បូក​បញ្ចូល​។


ប្រជាពលរដ្ឋ​យើង មានការ​កើនឡើង​នូវ​ការប្រើប្រាស់​សេវា​ប្រឹក្សា និង​ព្យាបាល​នៅ​អង្គការ TPO ហើយ​ការកើនឡើង​នេះ អាច​មាន​កត្តា​រួមផ្សំ ដោយ​ការយល់ដឹង​របស់​ពលរដ្ឋ ហើយ​ការ​ដែលមាន​កំណើន​នៃ​ការកើត​ជំងឺ​ផ្លូវចិត្ត​ក៏​ជា​កត្តា ១ ដែរ​។​ជាពិសេស​នោះ គឺ​ក្នុងអំឡុង​កូវីដ​នេះ យើង​មើលឃើញ​ថា ប្រជាជន​ជាច្រើន មិន​ថា​អ្នក​នៅ​ផ្ទះ អ្នក​ធ្វើការ ឬ​អ្នក​នៅក្នុង​កម្រិតណា​នោះទេ គឺមាន​តម្រូវការ​ផ្នែក​សុខភាព​ផ្លូវចិត្ត​។ អ៊ីចឹង​ទេ​ការផ្សព្វផ្សាយ​បន្ត​របស់​អង្គការ TPO គឺ​បាន​ជួយ​ជំរុញ​ឱ្យ​ពួកគាត់​ស្វែងរក​បន្ថែម ហើយ​ឱ្យ​គាត់​យល់​ថា ជំងឺ​ផ្លូវចិត្ត​គឺជា​អ្វី​?

ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្លូវចិត្ត​វិញ តើ​លោកស្រី​អាច​ជម្រាប​បានទេ​ថា អ្វី​ជា​ជំងឺ​ផ្លូវចិត្ត​?

ជំងឺ​ផ្លូវចិត្ត គឺ​ដូច​ទៅនឹង​ជំងឺ​លើ​រាងកាយ​អ៊ីចឹង ជា​ជំងឺ​ម្យ៉ាង​ដែល​វា​ប៉ះពាល់​ដល់​អារម្មណ៍ ការគិត និង​អាកប្បកិរិយា​របស់​យើង ហើយ​វា​អាច​ធ្វើឱ្យ​ជំនឿ​របស់​យើង​ផ្លាស់ប្តូរ និង​ធ្វើឱ្យ​បុគ្គលិក​លក្ខណៈ​របស់​យើង​ប្រែប្រួល​។ ជំងឺ​នេះ នឹង​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​មុខងារ​បំពេញ​ការងារ​ប្រចាំថ្ងៃ​របស់​យើង ទាំង​បុគ្គល​ផ្ទាល់ និង​ក្រុមគ្រួសារ​ផងដែរ​។

ជំងឺ​ផ្លូវចិត្ត​គឺ​មាន ២ ប្រភេទ ទី​១ គឺជា​ជំងឺ​ពាក់ព័ន្ធ​នឹង​ការគិត អាច​និយាយ​បាន​ថា ពាក់ព័ន្ធ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​ ទី​២ គឺ​ជំងឺ​ផ្នែក​អារម្មណ៍ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ថប់​អារម្មណ៍​។ ក្នុង​ផ្នែក​ទាំងនោះ គឺ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ដែល​យើង​អាច​កំណត់​រោគវិនិច្ឆ័យ​នីមួយៗ​បាន លុះត្រា​ឆ្លងកាត់​ពី​អ្នក​ប្រឹក្សា និង​ក្រុម​វេជ្ជបណ្ឌិត​ចិត្តវិកល ដែល​សេវា​ទាំងអស់​នោះ គឺមាន​នៅក្នុង​អង្គការ TPO​។

កត្តា​អ្វីខ្លះ​ដែល​បណ្តាលឱ្យ​ពលរដ្ឋ​ធ្លាក់​ចូលក្នុង​ជំងឺផ្លូវចិត្ត​?

មាន​កត្តា​ចម្បង ២ ក្នុងនោះ​កត្តា​ក្រៅ​ខ្លួន​គឺ​បរិយាកាស មជ្ឈដ្ឋាន​នៃ​ការរស់នៅ វិបត្តិ​សង្គម ទំនាក់ទំនង និង​វិបត្តិ​គ្រួសារ សរីរាង្គកាយ​ជាដើម​។ កត្តា​ក្នុង​ខ្លួន គឺ​ពាក់ព័ន្ធ​នឹង​ការគិត និង​ការប្រែប្រួល​គីមី​ក្នុង​ខួរក្បាល​ដែល​បណ្តាលឱ្យ​បុគ្គល​បង្ហាញ​ភាព​មិន​ប្រក្រតី​កើតឡើង​។ ឧទាហរណ៍​ដូចជា ការគិត​ច្រើន វា​នឹង​បញ្ចេញ​អ័រម៉ូន​ក្នុង​ខ្លួន​យើង​ច្រើន ដែល​ឱ្យ​សរីរាង្គកាយ​សកម្ម​លើសលប់ ឬ​អ្នកខ្លះ ធ្វើឱ្យ​យើង​ហ្នឹង​ស្ពឹក​ស្រពន់ មិន​ចង់​ធ្វើ​អ្វី​នោះ​ឡើយ ហើយ​ពេលខ្លះ​រហូត​គិតថា ខ្លួនឯង​អត់​តម្លៃ អត់​មាន​ប្រយោជន៍​ជាដើម​។ ចំពោះ​បច្ចុប្បន្ន​ឃើញថា វិបត្តិ​កូ​វីដ ១៩ ក៏​ជា​កត្តា​សំខាន់​មួយ​ដែល​អាច​រាប់​ជា​វិបត្តិ​ក្នុង​សង្គម ហើយ​បង្ក​ទៅជា​វិបត្តិ​ផ្លូវចិត្ត​សង្គម​ផងដែរ​។

តើ​អ្នកជំងឺ​អាចជួយ​ខ្លួនឯង​ពី​ជំងឺ​ផ្លូវចិត្ត​តាម​របៀប​ណា​?

របៀប​ជួយ​ខ្លួនឯង​ពី​ជំងឺ​ទាំងនេះ​គឺ​ទី​១ យើង​មាន​កម្រិត​នៃ​ការវាស់វែង​ដើម្បី​ឱ្យ​បុគ្គល​រៀន​ស្គាល់​នូវ​រោគសញ្ញា​ខ្លួនឯង ព្រោះ​យើង​ជា​អ្នកជំនាញ​ពិតមែន ប៉ុន្តែ​មធ្យោបាយ គឺ​ការ​សួរ ឬ​ការ​បំផុស​ឱ្យ​អ្នកជំងឺ​ឬ​អ្នកមាន​វិបត្តិ គាត់​និយាយ​ពី​បញ្ហា​របស់គាត់​។ ប្រសិនបើ​គាត់​មិន​បង្ហាញ​ពី​វិបត្តិ​របស់គាត់ យើង​ក៏​មិនដឹង​ជួយ​គាត់​យ៉ាង​ដូចម្តេច​ដែរ ព្រោះ​អ្នក​ចិត្តសាស្ត្រ​ខុសពី​អ្នក​វេជ្ជសាស្ត្រ​។​ ដូច្នេះ​នៅពេល​យើង​កំណត់​រោគសញ្ញា​បាន យើង​កំណត់​ពី​ភាព​រំខាន​បាន នោះ​យើង​អាច​កំណត់​បាន​ថា កម្រិត​ណា ដែល​គាត់​អាចជួយ​ខ្លួនឯង​បាន កម្រិតណា​ដែល​ត្រូវ​ជួយ​ពី​អ្នក​ចិត្តសាស្ត្រ​រហូតដល់​ការជួយ​ពី​ក្រុម​គ្រូពេទ្យ​ចិត្ត​វិកល​។

ចំពោះ​ជំងឺ​ផ្លូវចិត្ត​នៅពេល​ធ្លាក់​ជា​ជំងឺ​ហើយ​គឺ​ត្រូវការ​ការព្យាបាល ប៉ុន្តែ​បើ​ស្ថិត​ជា​បញ្ហា​ផ្លូវចិត្ត គឺ​គាត់​អាចជួយ​ខ្លួនឯង​បាន​។ នៅក្នុង​ផ្នែក​ចិត្តសាស្ត្រ គេ​បាន​និយាយ​ថា ពេល​មាន​បញ្ហា​ផ្លូវចិត្ត​គឺ​ការចែករំលែក ឬ​ការនិយាយ​ជាមួយ​មនុស្ស​ទុកចិត្ត​នឹងធ្វើ​ឱ្យ​យើង​មាន​ភាព​ធូរស្បើយ​ផ្លូវចិត្ត​។​ បញ្ហា​ផ្លូវ​ចិត្តនឹង​ល្អប្រសើរ​មកវិញ​ក្នុងពេល​ណាមួយ​ដោយ​ឯងៗ​ដោយ​មិនបាច់​និយាយ​ជាមួយ​អ្នកជំនាញ​ទេ គឺ​គ្រាន់តែ​និយាយ​ជាមួយ​អ្នក​ដែល​អ្នក​ទុកចិត្ត ឬ​អ្នកណា​ម្នាក់​ដែល​ចេះ​ស្តាប់​។

ម្យ៉ាង​វិញ​ទៀត គឺ​គាត់​ត្រូវ​ស្វែងរក​អ្នកជំនាញ​ដើម្បី​ជួយ​ឱ្យ​គាត់​អាច​មើលឃើញ ព្រោះ​អ្នកជំនាញ គឺជា​កញ្ចក់ ដែល​អាច​មើលឃើញ​ថា អ្នក​មាន​បញ្ហា ហើយ​ត្រូវការ​ការជួយ​។ នៅពេល​ប្រើប្រាស់ វិធី​ទាំងនេះ​ហើយ នៅតែ​មិន​អាចជួយ​ខ្លួនឯង គាត់​ត្រូវ​ជួយ​ពី​ក្រុមគ្រូពេទ្យ​ដើម្បី​ប្រើប្រាស់​ថ្នាំ​ជំនួយ​។ ឧទាហរណ៍​អ្នកជំងឺ​ពិបាក​គេង​ខ្លាំង​ហើយ​បាន​ប្រើ​វិធីសាស្ត្រ​ណាមួយ​ហើយ នៅតែ​មិន​អាច​ជួយ​គាត់​បាន គឺ​មានតែ​ការប្រើ​ថ្នាំ ដើម្បី​ជំរុញ​ឱ្យ​ការគិត និង​ការ​គេង​របស់គាត់ ដែល​ជា​មុខងារ​ប្រចាំថ្ងៃ​របស់​គាត់​ត្រឡប់​មកវិញ​។

សម្រាប់​ការយល់ដឹង​របស់​ពលរដ្ឋ​ខ្មែរ តើ​ពួកគាត់​មាន​ការ​ស្វែងយល់​ពី​ជំងឺ​នេះ កម្រិត​ណា​ហើយ​ក្នុងពេល​បច្ចុប្បន្ន​?

ទោះបី​ជា​មាន​កំណើន​នៃ​ចំនួន​ប្រជាជន​យើង​មក​ទទួល​សេវា​ក៏ដោយ ក៏ប៉ុន្តែ​ការយល់ដឹង​មួយ​ចំនួន​អំពី​ជំងឺ​ផ្លូវចិត្ត​របស់​ប្រជាជន​ខ្មែរ​នៅមាន​កម្រិត​នៅឡើយ ហើយ​វា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ជំនឿ និង​ទំនៀមទម្លាប់​ប្រពៃណី​ទៀតផង​។​ ភាគច្រើន​បុគ្គល​ដែល​គិតគូរ និង​ស្វែងរក​សេវា​គាំទ្រ​ផ្លូវចិត្ត គឺ​ចាប់ផ្តើម​ពី​បុគ្គល​ដែល​ធ្លាប់បាន​សិក្សា ឬ​រស់នៅ​ក្រៅប្រទេស ឬ​បុគ្គល​ដែល​មាន​បទពិសោធ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត ឬ​មាន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​ផ្លូវចិត្ត​។

នាពេល​បច្ចុប្បន្ន​នេះ TPO សង្កេត​ឃើញ​ថា យុវជន ចាប់ផ្តើម​ស្វែងយល់ និង​ជជែក​ពិភាក្សា​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាច្រើន​លើ​បណ្តាញ​សង្គម ជាពិសេស​ទំព័រ​ហ្វេសប៊ុក​ផេច​របស់​អង្គការ TPO ដែល​មាន​យុវជន​ជាច្រើន​បាន​ឆាត និង​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត​របស់​ពួកគេ​។

ក្នុង​ទិសដៅ​បន្ត តើ​អង្គការ TPO ​មាន​ផែនការ​យ៉ាងណា​ទៀត ដើម្បី​ចូលរួម​កាត់បន្ថយ និង​ជួយ​ដល់​អ្នកមាន​បញ្ហា​ជំងឺ​ផ្លូវចិត្ត​នៅ​កម្ពុជា​?

ជាការ​ពិតណាស់ ស្រប​ជាមួយ​ទិសដៅ​របស់​អង្គការ TPO យើង​តែងតែ​ចង់ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ការពេញចិត្ត​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​គាត់ និង​មាន​គុណភាព​រស់នៅ​ក្នុង​ជីវិត​ល្អ​។ ដូច្នេះ TPO នៅតែ​បន្ត​ផ្សព្វផ្សាយ និង​អប់រំ​ផ្លូវចិត្ត ផ្សព្វផ្សាយ​អំពី​សុខភាព​ផ្លូវចិត្ត​នៅ​ថ្នាក់មូលដ្ឋាន ក្រុម​គោលដៅ សិស្សសាលា និង​អាជ្ញាធរ​មូលដ្ឋាន ដែលជា​ភ្នែក​ជា​ច្រមុះ​របស់​សហគមន៍​។

យើង​ក៏​បន្ត​ផ្តល់​វគ្គ​បណ្តុះបណ្តាល​អំពី​ការសង្គ្រោះ​បឋម​ផ្លូវចិត្ត និង​សុខភាព​ផ្លូវចិត្ត​ទៅកាន់​ពួកគាត់ អាច​មាន​លទ្ធភាព​កំណត់​ឬ​បញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅរក​សេវា​ដែល​ត្រឹមត្រូវ និង​សមស្រប​។​ ជំងឺ​ផ្លូវចិត្ត​ខ្លះ​ក្នុង​អតីតកាល​ត្រូវបាន​គេ​ប្រើប្រាស់​វិធី​ព្យាបាល​បែប​ទំនៀមទម្លាប់​ច្រើន​រហូត​ធ្វើឱ្យ​អ្នកជំងឺ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ អ៊ីចឹង​យើង​ចង់ឱ្យ​គាត់​មើលឃើញ កន្លែង​ណា​ដែល​គ្រោះថ្នាក់ កន្លែង​ណា​មិន​គ្រោះថ្នាក់ ហើយ​ទទួលបាន​សេវា​ដោយ​សុវត្ថិភាព​សម្រាប់​អ្នកជំងឺ​។

ជាង​នេះ​ទៅទៀត យើង​ក៏​បន្ត​ពង្រឹង​បេសកកម្ម​របស់​យើង ចែករំលែក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និងទិកតុក ដើម្បី​ឱ្យ​ប្រាកដ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​ទទួលបាន​សារ​អប់រំ​ច្រើន ហើយ​យើង​នឹង​ពង្រឹង​សេវាកម្ម​ប្រឹក្សា​យោបល់​ឱ្យ​ល្អ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។

លោក​អ្នក​អាច​ពិគ្រោះ​យោបល់​ពី​បញ្ហា​ជំងឺ​ផ្លូវចិត្ត​ដោយ​ឥត​គិតថ្លៃ​ពី​អ្នកជំនាញ​របស់​អង្គការ TPO តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ២២២ ៣៧២/០១០ ២២២ ៤៧៨/០៩៧ ៩១១១ ៩១៨ ឬ​តាមរយៈ​ហ្វេសប៊ុក​ផេច​មាន​ឈ្មោះ TPO Cambodia៕