ភ្នំពេញៈ ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែលជា​លទ្ធផល នៃ​សង្គ្រាមរ៉ាំរ៉ៃ​អូសបន្លាយ​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ រហូតដល់​ចុង ឆ្នាំ​ ១៩៩៨​។ ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​នេះ នៅ​អំឡុង​ឆ្នាំ ២០០០ កាកបាទក្រហមកម្ពុជា​បានចាប់ផ្តើម​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​បាន​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន​។​


តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​នោះ​ពលរដ្ឋ​បាន​យល់ដឹង​ច្រើន ប៉ុន្តែ​នៅតែមាន​ពលរដ្ឋ​ចូលទៅក្នុង​ព្រៃ​រក​អនុផល​ព្រៃឈើ​ផ្សេងៗ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ដែលមាន​អ្នករបួស និង​ស្លាប់​ដោយ​គ្រាប់មីន​បន្តបន្ទាប់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​កាកបាទក្រហមកម្ពុជា​បានចាប់ផ្តើម​ផ្តល់​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​ដល់​ពលរដ្ឋ​អាច​យកទៅ​ប្រក​បរបរ​ចិញ្ចឹមជីវិត ឈប់​ចូល​ព្រៃ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​មីន​បន្តទៀត​។

ការផ្តល់​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០០៥ ដែល​គិត​មកដល់​ខែតុលា ឆ្នាំ​២០២២​នេះ កាកបាទក្រហមកម្ពុជា​បានផ្តល់​កម្ចី​ជូន​ពលរដ្ឋ​ចំនួន ៨ ១១៥ គ្រួសារ​ហើយ​។ អ្នក​ដែល​បានទទួល​កម្ចី​គ្មាន​ការប្រាក់​ទាំងនោះ​មាន​ជីវភាព​ធូរធារ​ជាង​មុន ហើយ​បាននិងកំពុង​បន្ត​ការរីកចម្រើន​បន្ថែមទៀត​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។ នេះ​បើតាម​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ នៃ​កាកបាទក្រហមកម្ពុជា​។​


លោកស្រី​អគ្គលេខាធិការរង​ទី​១ នៃ​កាកបាទក្រហមកម្ពុជា បានឱ្យដឹង​ទៀតថា កម្ចី​គ្មាន​ការប្រាក់​នេះ​ដើមឡើយ​ផ្តល់ជូន​តែ​ជនពិការ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​កាកបាទក្រហមកម្ពុជា​បាន​ផ្តល់ជូន​បន្ថែម​ដល់ ជន​ងាយ​រងគ្រោះ​ដោយសារ​មីន គ្រួសារ​ក្រីក្រ ដែលមាន​ស្ត្រី​មេម៉ាយ ចាស់ជរា ក្មេង​កំព្រា និង​គ្រួសារ​យុទ្ធជន និង​អតីតយុទ្ធជន​ផងដែរ​។ ចំណែក​ចំនួន​ទឹកប្រាក់​សម្រាប់​កម្ចី​ដើមឡើយ ៨០ ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ននេះ​គឺ​ផ្តល់ជូន​ចំនួន ១ លាន​រៀល ហើយ​អ្នក​ខ្ចី​ត្រូវ​សង​ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល ១ ឆ្នាំ និង​អាច​ខ្ចី​ជា​លើក​ទី​២​បាន​ផងដែរ​។

បើតាម លោកស្រី ម៉ែន នារី​សោ​ភ័គ ប្រជាពលរដ្ឋ​ដែល​បានស្នើ​សុំ​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​ពី​កាកបាទក្រហមកម្ពុជា គឺ​ពួកគាត់​បាន​យកទៅ​ប្រក​បរបរ​ដាំ​ដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ កាត់សក់ ជួសជុល កង់ និង ម៉ូតូ​ជាដើម​។​លោកស្រី​ថ្លែងថា​៖«​យើង​បានឃើញ​ជីវភាព​គាត់​មានការ​ផ្លាស់ប្តូរ​ច្រើន ដោយសារតែ​គាត់​មានលទ្ធភាព​រកចំណូលបាន​ជា​អចិន្ត្រៃយ៍​ហើយ មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ទីណា​ទេ គឺអាច​នៅ​ជាមួយ​ក្រុមគ្រួសារ មើលថែទាំ​គ្រួសា​ហើយ គាត់​អាច​ធ្វើការ​អ្វី​ផ្សេៗ​ទៀត​បាន​»​។


លោកស្រី​អគ្គលេខាធិការរង​ទី​១ នៃ​កាកបាទក្រហមកម្ពុជា ប្រាប់ថា ប្រាក់កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​នេះ​បាន​ក្លាយជា​បទពិសោធ​ថ្មី​មួយ​សម្រាប់​បណ្តា​ប្រទេស​ដែល​កំពុង​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ដោយសារ​មីន ជាង​៦០ ប្រទេស បានមក​ធ្វើ​សិក្ខាសាលា​នៅ​ខេត្តសៀមរាប​ដើម្បី​ដក​ពិសោធន៍​ពី​ការជួយ​ទៅដល់​អ្នក​ដែល​រងគ្រោះថ្នាក់​ដោយសារ​មីន​តាមរយៈ​ការផ្តល់​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​នេះ​។

លោកស្រី​ម៉ែន នារី​សោ​ភ័គ បាន​មានប្រសាសន៍ថា ដើម្បីឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​នឹង​មីន និង​សំណល់​អាវុធជាតិផ្ទុះ​ពី​សង្គ្រាម មាន​ជីវភាព​ធូរធារ​ល្អប្រសើរ​ឡើង និង​ចៀសវាង​ការ​អាស្រ័យ​ផល ក្នុងព្រៃ ដែល​ប្រឈម​នឹង​ការរង​គ្រោះថ្នាក់​ដោយសារ​មីន​។​ក្នុងពេល​ថ្មីៗ​នេះ តប​តាម​ការអំពាវនាវ​រប​ស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន កាកបាទក្រហមកម្ពុជា បាន​ចុះ​អនុស្សរណៈ​ប្រគល់​ថវិកា ចំនួន ២​លាន​ដុល្លារ​អាមេរិក​ជូន​ដល់​អាជ្ញាធរ​មីន​កម្ពុជា ដើម្បី​ចូលរួម​ជា​ចលនា​ជាតិ​ឆ្ពោះទៅរក​សូន្យ​គ្រាប់មីន​ឆ្នាំ​២០២៥ តាមរយៈ​៖«​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​» ក្រោម​មូលបទ «​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» ផងដែរ​។​

លោក យុង គឹម​ហ៊ាន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០០ គ្រួសារ បានទទួល​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​របស់​កាកបាទ​ក្រហម​កម្ពុជា​។ តាម​លទ្ធផល​ជាក់ស្តែង មាន​ប្រជាពលរដ្ឋ ចន្លោះ ៦៥ ទៅ ៧០ ភាគរយ​មាន​ជីវភាព​ល្អប្រសើរ​ឡើងជា​បន្តបន្ទាប់​។ លោក​បញ្ជាក់ថា​៖«​គ្រួសារ​មួយចំនួន​គាត់​បាន​ផ្លាស់ប្តូរ​ជីវភាព​របស់គាត់ ហើយ​គាត់​មានការ​ផ្លាស់ប្តូរ​មុខរបរ និង​បាន​ពង្រីក​មុខរបរ របស់គាត់​បន្ថែម ចំណែក​គ្រួសារ​ប៉ុន្មាន​ភាគរយ​ដែល​មិនទាន់មាន​ការផ្លាស់ប្តូរ​បន្ថែម​នោះ​គឺ​យើង​ផ្តល់ជូន​គាត់​លើក​ទី​២ ដើម្បី​គាត់​យកទៅ​បន្ថែម​ដើម្បី​ពង្រីក​មុខរបរ​គាត់​»។

អ្នកស្រី កា ស្រឿង ប្រជាពលរដ្ឋ​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ បានឱ្យដឹងថា ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ជីវភាព​គ្រួសារ​របស់គាត់ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង ផ្លាស់ប្តូរ រីកចម្រើន​ជា​បន្តបន្ទាប់ ដោយសារ​បាន​ប្រាក់កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​ធ្វើជា​ទុន​បង្វិល រហូត​អាច​ទិញ​របស់​លក់​នំ​បញ្ចុក​ផាក់​ឡូ​វ និង​ទិញ​សត្វ​ចិញ្ចឹម​បាន​កាន់តែ​ច្រើនឡើងៗ​។

អ្នកស្រី​ថ្លែងថា​៖​ «​ខ្ញុំ​លក់​នំ​បញ្ចុក​ផាក់​ឡូ​វ​តែងតែ​សល់ ដល់​សល់​អ៊ីចឹងទៅ​ខ្ញុំ​អត់​មាន​សត្វ​ចិញ្ចឹម ក៏​ចាក់ចោល​នាំឱ្យមាន​ក្លិន​មិនល្អ​ប៉ះពាល់​អ្នកជិតខាង គេ​ខឹង ក្រោយមក​ខ្ញុំ​បាន​ដំណឹង​ពី​កម្ចី​ហ្នឹង​ក៏​ទៅរក​ខ្ចី ដល់ពេល​ខ្ចី​អ៊ីចឹងទៅ​គេ​ក៏​ឱ្យ អ៊ីចឹង​ខ្ញុំ​យកមក​ទិញ​សត្វ​ជ្រូក​មេ​១ ជ្រូក​សាច់​១​ក្បាល ដល់​វា​ធំ​ខ្ញុំ​លក់ ក្រោយមក​ខ្ញុំ​បន្ត​ខ្ចី​លើក​ទី​២​ទិញ​ទាកាប៉ា​ថែមទៀត ក៏​រីកចម្រើន​ពី​ហ្នឹង​មក​បន្តបន្ទាប់​អ៊ីចឹងទៅ​»​។

ស្រដៀង​គ្នា​នេះ អ្នកស្រី​ខៀវ ស៊ិន រស់នៅ​ភូមិ​កំពត ឃុំ​រហ័ស ស្រុក​រវៀង បានឱ្យដឹង​ដែរ​ថា អ្នកស្រី​បាន​ខ្ចីប្រាក់​ពី​កាកបាទក្រហមកម្ពុជា​ចំនួន​២​ដង ហើយ ដែល​លើក​ទី​១ នៅ​ឆ្នាំ ២០០៨ និង​លើក​ទី ២ នៅ​ឆ្នាំ ២០២២ នេះ​។ ការខ្ចីប្រាក់​នេះ​អ្នកស្រី​បញ្ជាក់ថា យកមក​ជា​ទុន​ក្នុង​ការដាំដុះ​បន្លែ មានដូចជា​ត្រសក់ សណ្តែកកួរ ត្រប់ ត្រកួន និង​ម្ទេស​។ អ្នកស្រី​ប្រាប់ថា រយៈពេល​ ៣-៤ ​ឆ្នាំ​មកនេះ ជីវភាព​គាត់​មានការ​ផ្លាស់ប្តូរ​ច្រើន រហូត​មានលទ្ធភាព​អាច​ពង្រីក​មុខរបរ មួយ​បន្ថែមទៀត នៅផ្ទះ គឺ​លក់​បុកល្ហុង និង​គ្រឿងក្លែម អាច​ចិញ្ចឹម​សមាជិកគ្រួសារ​៧​នាក់​ក្នុងបន្ទុក​បាន​ដោយ​ស្រួល​។

អ្នកស្រី​ថ្លែងថា​៖ «​នៅពេល​បាន​ទុន​មកហើយ​ខ្ញុំ​ពង្រីក​មុខរបរ​បន្ថែម​ទៀត ដោយសារ​ប្រាក់ចំណូល​ចេះតែ​ចូល កើន​ម្តង​បន្តិចៗ​ទៅ ខ្ញុំ​ពង្រីក​បន្ថែម​ដោយ​ធ្វើ​ក្យូ​សលក់​បុកល្ហុង បុក​សាច់គោ កំពឹស ខ្យង​ស្ងោរ ហើយ​ខ្ញុំ​បាន​ខ្ចី​លើក​ទី​២​ទៀត យកមក​ពង្រីក​បន្ថែម​ឱ្យបាន​កាន់តែច្រើន​»​។

លោក មេ​ត មៀន ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​អំបិល ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា លោក​បាន​ខ្ចីប្រាក់​កាកបាទ​ក្រហ​ហម​យកមក​ធ្វើការ​ដាំដំឡូង​លក់បាន​ប្រាក់​ធ្វើ​ដើមទុន​ក្នុងការ​ពង្រីក​បន្ថែម តាំងពី​ដាំដំឡូង រហូតដល់ ចិញ្ចឹមសត្វ​បែប​លក្ខណៈ​គ្រួសារ មាន​មាន់​ទា​ជាដើម កើត​កើន​កាន់តែច្រើន ដែល​អាច​រក​ចំណូល​សម្រាប់​កូនៗ ទៅ​សិក្សា​រៀនសូត្រ បាន​យ៉ាង​ស្រួល​។

លោក​បញ្ជាក់ថា ការធ្វើ​កសិកម្ម ដាំ​ដុះ ចិញ្ចឹមសត្វ លក្ខណៈ​គ្រួសារ​ទាមទារ​ការតស៊ូ ព្យាយាម និង​យកចិត្តទុកដាក់ ពោលគឺ​ស្រឡាញ់​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ​ទើប អាច​ជោគជ័យ​បាន​។

លោក​ថ្លែងថា​៖ «​ពេល​បាន​លុយ​មក​ធ្វើ​ដើមទុន ខ្ញុំ​បាន​ធូរ​ច្រើន ដូច​ថា ខ្ញុំ​បាន​ហូប​ផង ខ្ញុំ​បាន​លក់​ផង ហើយ​បាន​បន្តធ្វើ​ទៅមុខទៀត​ចេះតែ​កើនឡើង​បន្តិច​ម្តងៗ អត់​ដូច​ពីមុន​ទេ​។ ​ពីមុន​ខ្ញុំ​អត់ អត់​មែនទែន រកតែ​កង់​១​ជិះ​មិនបាន​ផង តែ​ពេលនេះ​ខ្ញុំ​មាន​កង់​មាន​ទាំង​ម៉ូតូ កូនៗ​ខ្ញុំ​បាន​ទៅ​រៀន ថ្នាក​ទី​៤ ទី​៥ ហើយ​»​។

លោក ឃិន ញ៉ា​ណ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​របស់​កាកបាទ​ក្រហម​កម្ពុជា​ពិតជា​បាន​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​ប្រក​ដ​មែន ប៉ុន្តែ​សម្រាប់​ការផ្តល់​កម្ចី​នេះ មិនមែន​ចេះតែ​ផ្តល់ជូន​នោះទេ កាកបាទក្រហមកម្ពុជា ក៏ត្រូវ​ការពិនិត្យ​សិក្សា​លទ្ធភាព អ្នក​ដែល​ស្នើសុំ​កម្ចី​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ការផ្តល់ជូន​កម្ចី​នេះ​យើង​មើល​ដែរ បើ​ពលរដ្ឋ​គាត់​អាច​រកប្រាក់​បានមក​វិញ គាត់​យកទៅ​ចិញ្ចឹម​ត្រី ដាំ​ដុះ​លក់ដូរ​អី និយាយ​រួម​ឱ្យ​តែមាន​ផលប្រយោជន៍​គាត់​អាច​រកបាន​ដើម​មកវិញ ហើយ​និង​មាន​លក្ខណៈ​ចំណេញ​ទើប​យើង​ឱ្យ​គាត់​ខ្ចី​បាន បើ​គាត់​យកទៅ​រកស៊ី​ឡុងចុង​អាហ្នឹង​ដូច​ធ្វើឱ្យ​គាត់​ខាត​អ៊ីចឹង លុយ​យើង​មិនសូវ​គិត​ទេ សំខាន់​ធានា​ផល​ឱ្យ​គាត់​»​។

លោក​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​គូសបញ្ជាក់ថា បើ​សិក្សា​ឃើញថា ពលរដ្ឋ​មិនអាច​រកចំណូលបាន​តា​មរយៈ​មុខរបរ​ដែល​គាត់​ស្នើសុំ​នោះទេ កាកបាទក្រហម​នឹងមិន​ផ្តល់ជូន​កម្ចី​ខ្នាតតូច​គ្មាន​ការប្រាក់​នេះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​អាចជួយ​ជា​អំណោយ​កាកបាទក្រហមកម្ពុជា​បាន​៕