ភ្នំពេញៈ លោកស្កុត នីសុន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) បានទទួលពានរង្វាន់អន្តរជាតិ សម្រាប់ភាពជាអ្នកដឹកនាំឆ្នើម និងការងារសប្បុរសធម៌នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមលោកស្រី Kate Ginn និពន្ធនាយកផ្នែកទំនាក់ទំនងជាន់ខ្ពស់នៃអង្គការមូលនិធិកុមារកម្ពុជា។
លោកស្រី Kate Ginn ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៥ តុលាថា លោកស្កុត នីសុន បានទទួលពានរង្វាន់ឈ្មោះ CHT International Award 2022 Cambodia នៅក្នុងពិធីជប់លៀងពិសេសមួយ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។
Kate Ginn បន្តថា ការផ្តល់ពានរង្វាន់ CHT International Awards នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨មក ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័នណាដែលពូកែក្នុងវិស័យរបស់ពួកគេ។
លោក ស្កុត នីសុន និងអង្គការមូលនិធិកុមារកម្ពុជាត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់អន្តរជាតិសម្រាប់ការងារជាមួយកុមារងាយរងគ្រោះ និងគ្រួសារ ដែលរស់នៅក្នុងភាពក្រីក្របំផុតមួយនៃប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។
លោក ស្កុត នីសុន ថ្លែងពីចំណាប់អារម្មណ៍ខ្លួនឯងថា៖«ខ្ញុំមានកិត្តិយសណាស់ ដែលបានទទួលរង្វាន់នេះ។ ខ្ញុំទទួលយករឿងនេះក្នុងនាមក្រុមមនុស្សអស្ចារ្យ ដែលធ្វើការនៅមូលនិធិកុមារកម្ពុជា។ ជោគជ័យដ៏គួរឱ្យកត់សម្គាល់នេះគឺបានមកពីការយកចិត្តទុកដាក់របស់ពួកគេទាំងអស់គ្នា ក្នុងបុព្វហេតុរួមដូចគ្នា។
លោកបន្ថែមថា៖ «ជ័យជម្នះដ៏អស្ចារ្យ នៅទីក្រុង Kuala Lumpur ខ្ញុំបានមកទទួលពានរង្វាន់ CHT Awards 2022! សូមអបអរសាទរ និងអរគុណដល់ក្រុមការងារទាំងអស់គ្នា នៅអង្គការមូលនិធិកុមារកម្ពុជា!»។
លោក ស្កុត បានបង្កើតអង្គការមូលនិធិកុមារកម្ពុជា (CCF) នៅឆ្នាំ ២០០៤ បន្ទាប់ពីបានទៅលេងកន្លែងចាក់សំរាមក្នុងទីក្រុងភ្នំពេញ ដែលជាកន្លែងលោកបានឃើញកុមារ និងមនុស្សពេញវ័យរាប់ពាន់នាក់ កំពុងរស់នៅ និងធ្វើការនៅលើគំនរសំរាមដ៏ធំនោះ។
អង្គការមូលនិធិកុមារកម្ពុជា ដែលធ្វើការផ្ទាល់នៅលើដីក្នុងរាជធានីភ្នំពេញ ចាប់តាំងពីពេលនោះមកបានជួយកុមារ និងគ្រួសាររាប់ពាន់នាក់ឱ្យទទួលបានជីវិតកាន់តែប្រសើរឡើង។ បច្ចុប្បន្នមានកុមារជាង ១ ៨០០ នាក់ ក្នុងកម្មវិធីអប់រំចាប់ពីថ្នាក់មត្តេយ្យដល់សាកលវិទ្យាល័យ រួមទាំងមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ការថែទាំសហគមន៍ និងសហគមន៍លំនៅឋាន។
ពានរង្វាន់ CHT International Awards ត្រូវបានរៀបចំឡើងជារៀងរាល់ ២ ឆ្នាំម្តង ដោយ CHTNetwork ដែលជាបណ្តាញមានជំនាញវិជ្ជាជីវៈក្នុងប្រទេសម៉ាឡេស៊ី សម្រាប់បង្កើតអាជីវកម្មរីកចម្រើន និងបង្កើតគំនិតឈានមុខ។
ព្រឹត្តិការណ៍នេះ ទទួលស្គាល់ប្រជាជន និងអង្គការក្នុងស្រុក និងអន្តរជាតិ ដែលសម្រេចបាននូវឧត្តមភាព និងបានរួមចំណែកដ៏មានតម្លៃដល់សង្គម និងប្រទេសជាតិ។ ពានរង្វាន់មាន៣ប្រភេទ គឺ លក្ខណៈអន្តរជាតិ លក្ខណៈជាតិ និងសម័យថ្មី។ សម្រាប់អ្នកឈ្នះ គឺតំណាងឱ្យល្អបំផុតនៃអ្នកដែលបានឈានដល់ចំណុចកំពូលនៃសមិទ្ធផលរបស់ពួកគេ។
ក្រុមអ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ CHT International Awards បានថ្លែងក្នុងកម្មវិធីនៅសណ្ឋាគារ Sunway Resort Hotel ថា៖ «ប៉ុន្មានឆ្នាំមកនេះ យើងបានទទួលស្គាល់ និងផ្តល់កិត្តិយសដល់ឥស្សរជន និងអង្គការល្បីៗរបស់ប្រទេសមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី និងជុំវិញពិភពលោក។ ពានរង្វាន់នេះផ្តល់ជូនរួមមានសម្រាប់អាជីវកម្ម និងអ្នកដឹកនាំដែលទទួលបានជោគជ័យ អ្នកនយោបាយ គួរឱ្យកត់សម្គាល់ វីរសិល្បករ សប្បុរសជន និងប្រភេទផ្សេងទៀត»។
លោក ស្កុត នីសុន ទទួលពានរង្វាន់ ក្នុងកម្មវិធីរៀបចំនៅឯសណ្ឋាគារ Sunway Resort Hotel ក្នុងរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីភ្ញៀវកិត្តិយស និងភ្ញៀវបរទេសចំនួន ៤០០ នាក់។
ដោយឡែកសម្រាប់អ្នកឈ្នះពានរង្វាន់ CHT International Award ពីមុនមក រួមមាន សម្រាប់កម្ពុជាដែរនោះមានលោក លី ធុជ ទេសរដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានទី១ នៃអាជ្ញាធរសកម្មភាពកម្ចាត់មីន និងជនរងគ្រោះ (CMAA) នៅឆ្នាំ ២០២០ និងលោកឧកញ៉ា រិទ្ធី សៀ ស្ថាបនិក និងជាប្រធានក្រុមហ៊ុន WorldBridge International Group នៅកម្ពុជា ក្នុងឆ្នាំ ២០១៦។
សហគ្រិនជាតិអាមេរិក លោក Jim Thompson ស្ថាបនិក និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូនឯកជន Crown Worldwide Group និងសកម្មនៅក្នុងអង្គការ Changing Young Lives Foundation ដែលជាអង្គការសប្បុរសធម៌ ដែលផ្តោតលើការជួយកុមារ មានមូលដ្ឋាននៅទីក្រុងហុងកុង ដែលគាត់រស់នៅក្នុងឆ្នាំ ២០១៨។ Sukanya Janchoo ជាអ្នកគ្រប់គ្រងទូទៅស្ត្រីដំបូងគេនៃសណ្ឋាគារលំដាប់អន្តរជាតិ Dusit International គឺDusit Thani Bangkok ក្នុងឆ្នាំ ២០១៨៕