
គ្រូបង្រៀនកំពុងបង្រៀនសិស្សក្នុងថ្នាក់រៀននៅសាលាបឋមសិក្សា ១ កន្លែងនៅភ្នំពេញ កាលពីឆ្នាំ ២០២១។ រូបថត ហុង មិនា
ភ្នំពេញៈ តាមនិយាមនៃចំណុះសិស្សនៅកម្ពុជា ២៥ នាក់ក្នុងថ្នាក់រៀន គឺជាចំនួនសមស្របមួយ ដែលអាចបង្កលទ្ធភាពគ្រប់គ្រងរបស់គ្រូ ឱ្យកាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែដោយសារបញ្ហាកង្វះថ្នាក់រៀន សាលារៀនមួយចំនួន ជាពិសេសនៅតាមទីជនបទ និងទីរួមខេត្ត បង្ខំចិត្តដាក់សិស្សលើសពីនិយាម ដែលកំណត់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។
បើនិយាយអំពីថ្នាក់បឋមសិក្សាវិញ រឹតតែទាមទារឱ្យចំនួនសិស្សត្រឹមត្រូវទៅតាមនិយាម ព្រោះថា កម្រិតនេះ ត្រូវការការគ្រប់គ្រងខ្ពស់ពីគ្រូបង្រៀន។ កម្រិតដែលសិស្សមិនទាន់សុំាទៅនឹងការរៀនសូត្រ កម្រិតដែលសិស្សត្រូវការលេងជាងសិក្សា កម្រិតដែលសិស្សចង់នៅផ្ទះជាងនៅសាលាជាដើម សុទ្ធតែជាបញ្ហាចំពោះមុខ ដែលគ្រូត្រូវប្រឈម និងដោះស្រាយដោយខ្លួនឯង។
លោក ថាន់ កុសល្យ ជាគ្រូបង្រៀនកម្រិតបឋមសិក្សា នៅទីរួមខេត្តតាកែវ បានរៀបរាប់ថា វាជារឿងធម្មតាទៅហើយ ដែលសិស្សមានចំនួនរហូតទៅដល់ជាង ៤០ នាក់ ក្នុង ១ ថ្នាក់ មានន័យថា ថ្នាក់ផ្សេងៗទៀត ក៏ត្រូវបង្រៀនចំនួនសិស្សប្រហាក់ប្រហែលគ្នាដែរ។
លោកនិយាយថា៖ «នៅសាលារបស់ខ្ញុំ ទាល់តែសិស្សឡើងដល់ ៥០ នាក់ ទើបខាងរដ្ឋបាលបំបែកថ្នាក់ឱ្យ...ការពិតទៅ វាក៏មិនមែនជាបញ្ហាអ្វីធ្ងន់ធ្ងរដែរ ប៉ុន្តែវាធ្វើឱ្យយើងជាគ្រូពិបាកក្នុងការគ្រប់គ្រង»។
គ្រូបង្រៀនរូបនេះបន្តថា ខ្លួនចង់ឱ្យសិស្សត្រូវតាមស្តង់ដា ព្រោះបច្ចុប្បន្ន ការបង្រៀន ហាក់មិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ។ មិនបានគ្រប់ជ្រុងជ្រោយ ព្រោះថា ពេលខ្លះការគ្រប់គ្រងសណ្ដាប់ធ្នាប់របស់សិស្ស បានធ្វើឱ្យប៉ះពាល់ទៅដល់ពេលវេលាក្នុងការបង្រៀនទៅវិញ។
លោកគ្រូ លឹម គា ឯណោះវិញ ក៏មិនខុសគ្នាដែរ បច្ចុប្បន្នលោកគ្រូទទួលបន្ទុកបង្រៀនសិស្ស ៤០ នាក់ផងដែរ នៅកម្រិតបឋមសិក្សាខេត្តកំពត ដោយហេតុថា សាលាដែលលោកគ្រូបង្រៀនមានកង្វះខាតបន្ទប់រៀន។ ដោយសារបញ្ហាដដែលនេះ លោកគ្រូអះអាងថា ការបំបែកថ្នាក់ នឹងធ្វើឡើង លុះត្រាតែចំនួនសិស្សឡើងដល់ ៧០ នាក់។
លោក លឹម គា ថ្លែងថា៖ «ក្មេងតូចៗនេះពិបាកគ្រប់គ្រងណាស់! ហើយបើចំនួនកាន់តែច្រើន ការលំបាកក៏កាន់តែច្រើនដូចគ្នា បើមានត្រឹមតែជាង ២០ នាក់អី ច្បាស់ជាស្រួលបង្រៀនជាងនេះ»។
បន្ថែមពីបញ្ហាគ្រប់គ្រងសិស្សលើសចំណុះ គ្រូបង្រៀនរូបនេះ ក៏បានលើកឡើងផងដែរអំពីបញ្ហាអាណាព្យាបាល ដែលធ្វើឱ្យការអប់រំរបស់ខ្លួនកាន់តែលំបាក។ ការងារដែលដាក់ទៅឱ្យសិស្ស ជានិច្ចកាល មិនទទួលបាលការចូលរួមពិនិត្យពីសំណាក់ឪពុកម្ដាយ ហើយសៀវភៅតាមដានការសិក្សា ក៏មិនមានហត្ថលេខាអាណាព្យាបាល។
ដោយសារបញ្ហានេះ លោកធ្លាប់បានហៅឪពុកម្ដាយសិស្ស ដើម្បីមកជួបប្រជុំជជែកគ្នាលើការពង្រឹងការរៀនសូត្ររបស់កូន ប៉ុន្តែបែរជាមិនទទួលបានការសហការ។ កុមារតូចៗនៅតែបន្តមកសិក្សាដោយអាក់ខានការបំពេញកិច្ចការដែលគ្រូដាក់ឱ្យ។ គ្រឿងអេឡិចត្រូនិក ក៏បានក្លាយជាគ្រឿងពង្វក់ចំណាប់អារម្មណ៍ពួកគេចេញពីការសិក្សាថែមទៀត។ លោកសម្គាល់ឃើញថា លទ្ធផលសិក្សារបស់សិស្សមានការធ្លាក់ចុះយ៉ាងគំហុក។ នេះបើតាមលោក លឹម គា។
លោក លឹម គា អះអាងថា ចំនួនសិស្សដែលមិនទទួលបានការសហការពីឪពុកម្ដាយនេះ មានដល់ទៅប្រមាណជាជិតពាក់កណ្ដាលនៃសិស្សក្នុងថ្នាក់។ ដូច្នេះ ក្នុងនាមជាគ្រូបង្រៀន ១ រូប លោកមិនសប្បាយចិត្តទេ ដែលការអប់រំរបស់ខ្លួនមិនបានជោគជ័យ និងមិនបានដិតដល់ទៅសិស្សគ្រប់គ្នា។
បើតាមលោក ប្រាក់ កុសល អ្នកជំនាញផ្នែកអប់រំកុមារតូច ដែលជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បញ្ហាសិស្សលើសនិយាមកំណត់នេះ កើតឡើងច្រើនករណីណាស់ ដែលមានជាពិសេសនៅតាមខេត្តតែម្ដង។
លោកថ្លែងថា៖ «កុមារក្នុងវ័យទើបតែចូលបឋមនេះត្រូវការការយកចិត្តទុកដាក់ច្រើនណាស់! ស្រមៃមើល៍ថា ក្មេងអាយុប៉ុណ្ណេះត្រឹមតែ ២-៣ នាក់នៅផ្ទះ តើឪពុកម្ដាយនឹងលំបាកយ៉ាងណា? ចុះទម្រាំដល់កុមារ ៤០ នាក់ ខណៈដែលគ្រូបង្រៀនមានត្រឹមតែម្នាក់ តើនឹងត្រូវទាមទារការអត់ធ្មត់ខ្ពស់ប៉ុនណា?»
លោកបន្តថា ទាំងនេះគឺដោយសារកត្តាខ្វះថ្នាក់រៀន និងតំបន់មួយចំនួនខ្វះគ្រូបង្រៀនថែមទៀត ប៉ុន្តែទោះយ៉ាងណាក្រសួងអប់រំ រួមទាំងភាគីពាក់ព័ន្ធ កំពុងតែយកចិត្តទុកដាក់កែប្រែ និងដោះស្រាយនូវបញ្ហាទាំងនេះជាដំណាក់កាលៗ។ សម្រាប់ពេលនេះ គឺធ្វើយ៉ាងណាធានាឱ្យកុមារទទួលបានការសិក្សាគ្រប់គ្នាសិន រីឯចំនួន និងគុណភាពនៃការបង្រៀនគឺកំពុងស្ថិតក្នុងដំណាក់កាលពង្រឹង។
លោក កុសល ក៏បានលើកផងដែរ អំពីសារៈសំខាន់នៃការចូលរួមរបស់ឪពុកម្ដាយ ក្នុងដំណាក់កាលអប់រំកុមារក្នុងវ័យមត្តេយ្យសិក្សា និងបឋមសិក្សា។ ដើម្បីឆ្លើយតប នាយកដ្ឋានរបស់លោកបានចេញសៀវភៅណែនាំទៅដល់ឃុំ-សង្កាត់ ដើម្បីឱ្យមានការអប់រំបន្តទៅដល់អាណាព្យាបាល លើការបន្ថែមការយកចិត្តទុកដាក់លើការសិក្សារបស់កូនតូចៗ។
ពាក្យខ្មែរដែលថា «គ្រូបង្រៀនជាឪពុកម្ដាយទី២» គឺនៅតែត្រឹមត្រូវទៅលើបរិបទនេះ មានន័យថា ឪពុកម្ដាយ ឬអាណាព្យាបាលជាភាគីសំខាន់ជាងគេ ដែលដើរតួនាទីសំខាន់ក្នុងការថែទាំក្មេងនៅផ្ទះ ក្រៅពីសាលា។ នេះបើតាមប្រសាសន៍បន្ថែមរបស់លោក ប្រាក់ កុសល៕