ភ្នំពេញៈ របាយការណ៍​របស់​ក្រសួងកសិកម្ម​បង្ហាញថា ​កម្ពុជា​បាន​នាំចូល​បន្លែ​ប្រមាណ​ជិត​ ២ ៥០០ ​តោន ក្នុង ​១ ​ថ្ងៃ ដោយសារតែ​ផលិតកម្ម​ដំណាំ​បន្លែ​ក្នុងស្រុក​មាន​បញ្ហា​ប្រឈម​នានា ដែលជា​ហេតុ​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស​បាន​។​


សមាជិកា​ខុទ្ទកាល័យ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបន្ទុក​ផ្នែក​ព័ត៌មាន កញ្ញា អុឹម រចនា លើកឡើងថា​ ការនាំ​បន្លែ​ពី​ក្រៅប្រទេស គឺ​ដោយសារ​ប្រទេស​កម្ពុជា មាន​បញ្ហា​នឹង​បច្ចេកទេស​ដាំ​ដុះ សម្ភារ​កសិកម្ម​មានតម្លៃ​ថ្លៃ និង​បញ្ហា​គ្រោះធម្មជាតិ ដែលជា​ហេតុ​ផលិតកម្ម​ដំណាំ​បន្លែ​ក្នុងស្រុក មិន​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ខ្លួនឯងបាន​ឡើយ ទើប​វិស័យ​ឯកជន​បាន​នាំចូល​បន្លែ​ពី​ក្រៅ​ស្រុក​បន្ថែម ដើម្បី​មក​បំពេញតម្រូវការ​។​

កញ្ញា អុឹម រចនា​ថា​៖ «​ដើម្បី​បំពេញតម្រូវការ​បន្លែ​ក្នុងស្រុក ក្រសួងកសិកម្ម ត្រូវ​ពង្រឹង និង​ជំរុញ​ការដាំដុះ​បន្លែ​បន្ថែមទៀត ដោយ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម​និង​វែង ដើម្បី​គាំទ្រ​និង​លើកទឹកចិត្ត​កសិករ ឬ​អ្នក​ផលិត​បន្លែ​ក្នុងស្រុក​។​


ក្រៅពីនេះទៀត កញ្ញា​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​និង​គម្រោង​ដៃគូ​នានា គួរតែ​ផ្តោតទៅលើ​ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ មាន​ប្រព័ន្ធ​ស្រោចស្រព ផ្ទះ​សំណាញ់ ឧបករណ៍ និង​សម្ភារ​កសិកម្ម ហើយ​និង​ការបញ្ចុះ​តម្លៃ​ធាតុ​ចូល​នៃ​កសិកម្ម (​ពូជ ជី ថ្នាំ​កសិកម្ម​)​។ លើសពីនេះ គឺ​ផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល ត្រូវ​ពង្រឹង​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ ផលិតកម្ម​ពូជ​បន្លែ និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​។​

កញ្ញា​រចនា​បន្ថែមថា​៖ «​ដូច្នេះហើយ ជំរុញ​ឲ្យ​ក្រុម​កសិករ​ផលិត​បន្លែ​ចងក្រង​ជា​សហគមន៍​ផលិត ដើម្បី​អាច​រៀបចំ​ផែន​ការផលិត​ស្របតាម​តម្រូវការ​ទីផ្សារ និង​ត្រូវ​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើ​វិស័យ​ដំណាំ​បន្លែ​»​។​


លោក ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC) បាន​ប្រាប់ថា កត្ដា​ដែល​បណ្ដាល​ឲ្យ​មិនមាន​បន្លែ​គ្រប់គ្រាន់ អាច​ផ្គត់ផ្គង់​តម្រូវការ​លើ​ទីផ្សារ​បាន គឺ​ទី​១៖ កត្តា​ផលិត និង​ការ​វេច​ខ្ចប់​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ស្ថានភាព​បច្ចុប្បន្ននេះ ការដាំដុះ និង​ការធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​មានការ​ធ្លាក់ចុះ ដោយសារ​ក្នុង​ទីផ្សារ​បន្លែ​កម្ពុជា ស្ថិតក្នុង​កម្រិត​មួយ​ដែល​ទាប មិនអាច​ធ្វើ​ឲ្យ​កសិករ​មាន​ចំណូល​រួច​នឹង​តម្លៃ​ដើម​។ កត្តា​ទី​២ គឺ​យុទ្ធសាស្ត្រ​នៃ​ការផលិត ដែល​ការ​ចែកចាយ​បន្លែ​នឹង វា​មាន​លក្ខណៈ​មិន​សមភាព ឬ​មិនមាន​យុទ្ធសាស្ត្រ​ល្អ សម្រាប់​កសិករ ដែល​ពេលខ្លះ​ពួកគាត់​មាន​បន្លែ​ច្រើន​មិនអាច​រក​ទីផ្សារ​លក់​បន្លែ​ចេញ​បាន​។​

លោក ថេ​ង សាវឿន​ បន្តថា​៖ «​ដូច្នេះ​ការដោះស្រាយ​របស់​អាជ្ញាធ​រ ឬក៏​ការ​គាំពារ​ហ្នឹង គឺ​នៅមានកម្រិត​នៅឡើយ​ទេ គិត​ទៅលើ​យុទ្ធសាស្ត្រ​នៃ​ការ​ចែកចាយ​ទៅតាម​ទីផ្សារ​ ហើយក៏​គិត​ទៅលើ​បច្ចេកទេស​នៃ​ការដាំដុះ ពីព្រោះ​ទាំង​ពូជ​បន្លែ គឺ​សុទ្ធតែ​ទិញ​ពី​ក្រៅ​ស្រុក​ទាំងអស់​»​។​

លោកថ្លែងថា​៖ «​យើង​មើល​អំពី​វិធី និង​យន្តការ យុទ្ធសាស្ត្រ​នៃ​ការផលិត និង​ដាំ​បន្លែ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង គឺ​គាត់​ធ្វើតាម​អ្វីដែល​គាត់​ចេះ គាត់​ដឹង មិនមាន​លក្ខណៈ​បច្ចេកទេស និង​ការ​គាំពារ​ពីរ​ដ្ឋ ហើយ​និង​អ្នកជំនាញ​កសិកម្ម​ឡើយ​»​។​

លោក​ សាវឿន ​បន្ថែមថា រឿង​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បោះបង់​ការផលិត​ដំណាំ​បន្លែ ទើប​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​បាន ដូច្នេះ​ត្រូវ​ពឹង​ទៅលើ​បន្លែ ផ្លែឈើ និង​ទំនិញ​ផ្សេងៗ​ទៀត​ពី​ប្រទេសជិតខាង ហើយ​វា​ជាការ​ធ្វើ​ឲ្យ​ខាត​ចំណូល​សេដ្ឋកិច្ច និង​ខាត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។​

បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​ បាន​ផលិតដំណាំ​បន្លែ​មាន​ចំនួន ២ ៤៨៩ ​តោន ក្នុង​ ១ ​ថ្ងៃ ស្មើនឹង​ ៧៣% ចំណែក​តម្រូវការ​បន្លែ​សរុប​ក្នុងស្រុក​មាន​ចំនួន ៣ ៣៨៩​ តោន ក្នុង​ ១ ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ចំនួន ៩០០​ តោន ក្នុង ១ ​ថ្ងៃ ស្មើនឹង​ ២៧%​ ហើយ ភាគច្រើន​បន្លែ​ដែល​ប្រទេស​កម្ពុជា​នាំចូល គឺ​បន្លែ​ដែល​ដាំ​ដុះ​ខែត្រជាក់​ដូចជា ការ៉ុត ដំឡូងបារាំង ស្ពៃបូកគោ និង​ខ្ទឹមបារាំង និង​បន្លែ​គ្រប់មុខ​ជាច្រើន​ទៀត​៕