មណ្ឌលគិរី​:​ ជា​អ្នក​ស្រឡាញ់​វិស័យ​កសិ​កម្ម​តាំងពី​កុមារ​ភាព​លោក ​ហាច ឆន (Hach Chhorn) បាន​ប្រឡង​ជាប់​អា​ហារូបករណ៍​នៅ​វិទ្យា​ស្ថាន​កសិកម្ម​ព្រែក​លៀប​ និង​បាន​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម​ដោយ​បាន​ចូលរួម​ជា​មួយ​បណ្ដា​អ្នក​ជំនាញ​ផ្សេងៗ​ទៀត​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។

​ដោយ​មើល​ឃើញ​ពី​សមា​ជិក​ក្រុម​តាម​ប្រទេស​ជិតខាង​ចិញ្ចឹម​ខ្យង​ពូជ​ជប៉ុន​ព្រោង​ព្រាត ជាពិសេស ជាមួយ​តម្លៃ​ដ៏​ខ្ពស់ លោក ឆន ក៏បាន​សម្រេច​ចិ​ត្ដ​សាកល្បង​ចិញ្ចឹម​ខ្យង​ឈើ​រី ខ្យង​ប៊ឺ និង​ខ្យង​ទុរេន តាមរយៈ​ការសិក្សា​ពី​ប្រទេសជិតខាង​។

​មាន​សម្បក និង​សាច់​លឿង​ស្រដៀង​គ្នា ខ្យង​ ២ ប្រភេទ ​ត្រូវបាន​លោក ឆន ក៏ដូចជា​ប្រជាកសិករ​ដទៃ​ដាក់ឈ្មោះ​ដូចគ្នា​ថា ខ្យង​ប៊ឺ ដែលមាន​ពណ៌​លឿង​ស្លែត និង​ខ្យង​ទុរេន មាន​ពណ៌​ដូច​ផ្លែ​ទុរេន​ទុំ ខណៈ​ខ្យង​ឈើ​រី មាន​ពណ៌​ក្រ​មៅ។


​លោកបាន​និយាយថា​៖ «​ខ្ញុំ​ចូលចិត្ត​ពិសោធ ខ្ញុំ​មិនមែន​យកតែ​ខ្យង ៣ ​ប្រភេទ​នេះ​ទេ ពោលគឺ​មាន​ខ្យង​ជាង ១០ ​ប្រភេទ ​ដែល​ខ្ញុំ​យកមក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ហើយ​ដល់ពេល​ខ្ញុំ​ពិសោធគ្រប់​ខ្យង​ទាំងអស់ ឃើញថា​ ខ្យង ៣ ​ប្រភេទ​នេះ​មាន​សក្ដានុពល​ជាងគេលើ​ការ​ចិ​ញ្ចឹម​។ មានន័យថា​វា​ទាំង​ធន់​នឹង​អាកាសធាតុ​ប្រែប្រួល វា​ធន់​នឹង​ទឹកភ្លៀង វា​អត់​ត្រូវ​ចំណាយ​លើ​ការដូរ​ទឹក និង​ប្រើ​ចំណី​ធម្មជាតិ ១០០ ​ភាគរយ​»​។​

​លោក​បន្ដថា ផ្ដើម​ពី​ខ្យង​ចម្រុះ​ពូជ​តែ៣​គីឡូក្រាម ក្នុង​រយៈពេល​ជាង​១ឆ្នាំ លោក​អាច​ជម្រុះ​ពូជ​ផ្សេងៗឱ្យនៅ​សល់​តិច​ដើម្បី​កាត់បន្ថយ​ការចំណាយ ហើយ​បង្កើត​ពូជ​ទាំងនោះ​ឱ្យ​ច្រើន ដែល​រហូតដល់​សព្វថ្ងៃ​នេះ ពូជឈើ​រី ប៊ឺ និង​ទុរេន​មាន​ជាង ៣០០​ អាង​ក្នុង​កសិដ្ឋាន ៤០០ (400 Farm)​ នៅ​ភូមិ​អូរ​ណា ឃុំ​ស្រែ​ក្ទម្ព ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។


​ដោយបាន​សិក្សា​ផ្ទាល់​ដល់​ប្រទេស​ថៃ​រយៈពេល​ ១​ សប្ដាហ៍ លោក ឆន ក៏បាន​នាំចូល​ពូជ​ខ្យង​ជប៉ុន​ទាំងនោះ​ពី​ប្រទេស​ថៃ ​តែម្ដង​ដោយ​មិនចាំបាច់​បញ្ជា​ទិញ​ពី​ប្រទេស​ជប៉ុន​ឡើយ។

​ជាមួយនឹង​ការ​បង្កាត់​ពូជ​រហ័សក្នុង ១ ​អាង ​ពី ៣០ ទៅ ៤០ ​ដង​ ក្នុង​ ១ ឆ្នាំ លោក ឆន អាច​ផ្ទុក​កូន​ខ្យង​ពី​ចន្លោះ ១ ០០០ ទៅជាង ៣ ០០០ ​ក្បាល​។

​ដោយ​ចាប់ផ្ដើម​ពី​ពង​ក្រហម​តូចៗ​បង្កើតជា​ទម្រង់​មូល​ទ្រវែង មេ​ខ្យង​ ១​ ក្បាល​អាច​បង្កើតកូនបាន​ពី​ចន្លោះ ៣០០ ទៅ ៥០០ ​ក្បាល ហើយ​ក្នុង ១ ឆ្នាំ​មេ ​១ ​អាច​បង្កាត់​ពូជ​បាន ៤០​ ដង​ឯណោះ​។

​លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ដោយ​បង្ហាញ​រូបភាព​ខ្យង​ពណ៌​ស្រដៀង​គ្នា​ទាំង ៣​ ប្រភេទ​ថា​៖ «​តាមពិត​មានពូជ​ថ្មីៗ​ទៀត​ដែល​យើង​នាំចូល ហើយ​តម្លៃ​របស់​វា ១​ គីឡូ រហូតដល់ ៥០០ ​ដុល្លារ​ក៏មានដែរ​។ តែ​ឥឡូវ​ខ្ញុំ​បុក ១​ គីឡូ ១០០ សិន អា ៥០០​ ចាំ​បន្តទៀត​។ បច្ចុប្បន្ននេះ ខ្ញុំ​ចាប់​ខ្យង​លក់​រាល់ថ្ងៃ យ៉ាង​អន់​ក៏បាន ១-២​ គីឡូ​ដែរ​។ គិត​មើល ១ ​គីឡូ ១០០​ ដុល្លារ​»​។​

​បុរស​ដែល​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម​តាំងពី​ឆ្នាំ​ ២០១៦ និង​បាន​បោះបង់​ការងារ​ជា​ប្រធាន​អង្គការ​មួយ លោក ឆន បាន​អះអាងថា ថ្វីដ្បិតតែ​លោក​អាច​បង្កាត់​ពូជ​ខ្យង​រាប់រយ​អាងយ៉ាង​ណាក៏ដោយ ក៏​លោក​មិនទាន់មាន​លទ្ធភាព​ក្នុងការចិញ្ចឹមខ្យង​សាច់​បាន​នៅឡើយ​ដែរ ដោយ​អតិថិជន​របស់លោក​ភាគច្រើន​លើសលប់​ជា​អ្នកទិញ​យកទៅ​ចិញ្ចឹម​បន្ដ​។

​ធ្លាប់តែ​ជា​អ្នក​បង្កាត់កូន​កង្កែប​លក់ លោក ជឿន ជា ងាក​មក​ចិញ្ចឹម​ខ្យង​ពូជ​ជប៉ុន នៅ​ខេត្ដ​កំពង់ធំ ដោយ​ចាប់ផ្ដើម​ពី​ការចំណាយ​ប្រាក់ ២០ ​ម៉ឺន​រៀល ​ទិញ​ខ្យង​ទុរេន​កន្លះ​គីឡូក្រាម ឬ​ប្រមាណ ៤០ ​ក្បាល​។​

​លោក ជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ពី​សមិទ្ធផល​រយៈពេល​ជិត ២ ​ខែ​មកនេះ​ថា​៖ «​បច្ចុប្បន្ន ខ្ញុំ​ទទួល​បានកូន​ខ្យង​ចូល​ខ្ទង់​ម៉ឺន​ក្បាល​ហើយដោយ​ប្រើ ៣​ អាង ដែល​នឹងត្រូវ​បំបែក​ទៅ​អាង​ផ្សេងៗ​ទៀត​។ អាយុ​ពួកវា​ត្រឹម​ប្រហែល​កន្លះ​ខែ យើង​ដួស​​វា​ចេញ​ដាក់​អាង​ថ្មី​»​។

​ផ្ទុយស្រឡះ​ពី​ការចិញ្ចឹម​កូន និង​មេ​ពូជ​កង្កែប ដែល​ទាមទារ​ការយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់ លោក ជា បាន​អះអាងថា ខ្យង​ជប៉ុន​ដែល​លោក​បាន​ទិញ​ពី​លោក ឆន និង​ទទួល​ការបណ្ដុះបណ្ដាល​ពី​ម្ចាស់​កសិដ្ឋាន ៤០០ នេះ​ផង​នោះ ពិតជា​ងាយស្រួល​ចិញ្ចឹម និង​មិន​ចំណាយ​លើ​ចំណី​ច្រើន​ឡើយ​។ ​ត្រឹម​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ កូន​ខ្យង​របស់លោក ដែល​ធំ​ឡើង​មានពូជ​រហូតដល់ ៣ ​ប្រភេទ មាន​អតិថិជន​មកសុំ​ចែក​ទិញ​បន្ដ​ជា​ហូរហែ​។

​លោក​បាន​និយាយថា​៖ «​មាន​អ្នក​ចង់​ចិញ្ចឹម​មក​សួរនាំ​ចែក​កូន​ពី​ខ្ញុំ ២​ គីឡូក្រាម ដោយ​ ១ គីឡូក្រាម​តម្លៃ ១០០ ​ដុល្លារ តែ​ខ្ញុំ​មិនទាន់​ចង់​លក់​ទេ ពីព្រោះ​ពួកវា​នៅ​តូច​ពេក វា​ខាត​ខ្ញុំ​»​។

​អតីត​និស្សិត​អភិវឌ្ឍ​ន៍ជនបទ និង​តយ​ក​វេជ្ជសាស្ដ្រ និង​ពេទ្យសត្វ លោក ឆន បានឱ្យដឹងថា ឈ្មោះ​កសិដ្ឋាន ៤០០ មិនមែន​មានន័យថា មាន​ប្រភេទ​សត្វ​ត្រឹម ៤០០ នោះទេ ទៅ​ថ្ងៃ​អនាគត លោក​នឹង​បង្កើន​ឱ្យដល់ ៧០០ ​ប្រភេទ​នៃ​ពូជ​សត្វ​ចិញ្ចឹម​។

​ប៉ុន្ដែ​បច្ចុប្បន្ននេះ កសិដ្ឋាន​របស់លោក​មា​ន​ពូជ​សត្វ ៤០០ ​ប្រភេទ ជាហេតុ​នាំឱ្យ​ហៅ​កសិដ្ឋាន​នេះ​ថា កសិដ្ឋាន ៤០០ ដោយ​រួមផ្សំ​សត្វ​ចម្រុះ ហើយ​ក្រៅពី​ខ្យង​ជប៉ុន​ដ៏​មានតម្លៃ​ថ្លៃ ក៏​នៅមាន​ប្រភេទ​សត្វ​មានតម្លៃ​ជាច្រើន​ទៀត​ផងដែរ។

​លោក ឆន បាន​ប្រាប់ថា​៖ «​នៅ​នេះ​គ្រាន់តែ​ព្រាប​ចូល ២០០ ​ប្រភេទ ​ហើយ​ព្រាប​ខ្លះ​មានតម្លៃ​ដល់​ទៅ ១០​ លាន​រៀល ​ក្នុង ១ គូ​ហើយ ខណៈ​ព្រាប​ខ្លះទៀត ១ ​គូ​ ត្រឹមតែ ២​ ម៉ឺន​រៀល​។ ព្រាប​ក៏​អាច​យកមក​ធ្វើ​ម្ហូប​បានដែរ ដោយសារ​ខ្ញុំ​ទៅ​វៀតណាម ខ្ញុំ​ចូលទៅ​ឃើញ​គេ​មាន​ដី​តូច​ទេ តែ​គេ​ចិញ្ចឹម​បាន ដោយ​អាច​រកបាន​ពី ១ ០០០ ទៅ ៣ ០០០​ ដុល្លារ​ ក្នុង ​១ ខែ​»​។

​លោក ឆន នៅមាន​មាន់​ខ្មៅ​ជាមាន​ច្រើន​ប្រភេទ ដោយ​ពូជ​ខ្លះ ១​ គូ​តម្លៃ ១០​ លាន​រៀល ហើយ​ពូជ​ខ្លះទៀត ១៨​ លាន​រៀល​។​នៅ​ផ្នែក​ក្នុង​ទឹក ក្រៅពី​ខ្យង ម្ចាស់​កសិដ្ឋាន ៤០០ រូបនេះ​នៅមាន​ប្រភេទ​ត្រី​ក្រាញ់ ត្រី​អណ្ដែង​ស ខ្ចៅ សត្វ​សម្រាប់​ជា​ចំណី​សត្វ​ដទៃ រួមទាំង​មាន់​លម្អផ្សេងៗទៀតផង​។​

​ជាទូទៅ​ក្នុង​កសិដ្ឋាន ៤០០ ផ្ដោត​សំខាន់​លើ​ផលិត​ពូជ​សត្វ ផលិត​ពង កូន មេបា និង​កូន​ពូជ មិន​ថា តែអន្ទង់ ឬ​ពស់​ចាន់​តាមម និង​ពស់​ព្រលឹត​ដែល​ត្រូវបាន​មើលឃើញ​មានការ​ចិញ្ចឹម​យ៉ាងទូលំទូលាយ​ក្នុងប្រទេស​កម្ពុជា​។

​ចំពោះ​ការចិញ្ចឹម​ខ្យង ៣ ​ប្រភេទ​ដ៏​មានតម្លៃ​នេះ ត្រូវបាន​ម្ចាស់​កសិដ្ឋាន​អះអាងថា ពិតជា​ងាយស្រួល​ទាំង​ការថែទាំ និង​ការផ្ដល់​ចំណី ដោយ​លោក​តែងតែ​បង្ហោះ​វីដេអូ​ចែករំលែក​បទពិសោធ​នៃ​ការចិញ្ចឹម​ទៀតផង​។

​លោក ឆន បានឱ្យដឹងថា​៖ «​ខ្ញុំ​ចង់​ចែករំលែក​ភាពជោគជ័យ​នេះ ដោយ​មិន​បារម្ភ​ថា មាន​អ្នកដទៃ​ចិញ្ចឹម​បាន និង​លក់​តម្លៃថោក​ជាង​ឡើយ ពីព្រោះ​ខ្ញុំ​ធ្វើ​ច្រើនជាង​គាត់​។ ខ្ញុំ​មានគុណ​ធម៌​មួយ​តែងតែ​ចែករំលែក​។ ពេលខ្លះ​ទោះបី​ថ្លៃ​មែន តែ​គេ​ទទួលបាន​ជំនាញ និង​ចំណេះ​ថែម​ពី​យើង ដែល​ពួកគេ​នៅតែ​បន្ដ​ទិញ​ពី​យើង​»​។​

​ជាមួយ​ការចែករំលែក​បទពិសោធ ការបង្រៀន​ពី​វគ្គ​បណ្ដុះបណ្ដាល​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​ និង​ Telegram ​លោក ឆន ក៏បាន​ពន្យល់​ពី​មូលហេតុ​ដែលនាំឱ្យ​ខ្យង​ជប៉ុន​ទាំងនេះ​មានតម្លៃ ក៏ដូចជា​លើកទឹកចិត្ដដ​ល់អ្ន​កមាន​បំណង​ចង់​ចិញ្ចឹម​ទោះបី​ជាមាន​ថវិកា​តិចតួចក៏ដោយ​។

​លោក​បានឱ្យដឹងថា​៖ «​អ្នកខ្លះ​ហ៊ាន​ទិញ​សត្វ​ផ្សេង​តម្លៃ​រាប់លាន​រៀល​។ ប៉ុន្តែ​សម្រាប់​ខ្យង ខ្ញុំ​មិនឱ្យ​គាត់​ចេញ​ច្រើន​ទេ តែ ១០-២០ ​ម៉ឺន​ឱ្យ​គាត់​ទៅធ្វើ​ពូជ​ទៅ​។ ទ្រាំតែ ៣ ​ខែ​បាន​ផល ៣​ខែ​ខ្យង បង្កាត់​ពូជ​ទៀត​បាន​ហើយ​។​ អ្នកខ្លះ​គេ​អត់លុយ​គេ​ទិញ ៣ ​គូ តម្លៃ ៥​ ម៉ឺន​រៀល ហើយ​ខ្លះទៀត​ទិញ ១០ ​ម៉ឺន​រៀល​ក៏​យើង​ខ្ចប់​ផ្ញើឱ្យ​ដែរ​»​។​

​លោក ឆន បាន​បន្ដថា ថ្វីដ្បិត​តែ​ខ្យង​ទាំងនេះ​មាន​តម្លៃ​ថ្លៃ​ប្រាកដ​មែន តែ​កសិករ​ដែល​ទិញ​យកទៅ​ចិញ្ចឹម​បន្ដ មិន​ចំណាយ​លើ​ចំណីអាហារ និង​ការថែទាំ​អ្វី​ឡើយ​។ មាន​ន័យ​ថា បើ​ពួកគេ​មាន​លូ ​សំណាញ់ ស្បៃ ​ចាស់ៗ ក៏​អាច​ចិ​ញ្ចឹម​បាន​ហូប​ដែរ​។ លោក​ព្យាយាម​ពន្យល់​ឱ្យ​អ្នក​ចង់​ចិញ្ចឹម​ឱ្យ​យល់​ច្បាស់​អំពី​វិធី​ចិញ្ចឹម​។​

​បើ​ប្រៀបធៀប​ជាមួយ​ខ្យង​ក្នុងស្រុក ខ្យង​ជប៉ុន​នេះ​ស្រួល​ជាង​ទៀត ២០-៣០​ ដង​។ ការចិញ្ចឹម​អាចធ្វើ​ឡើង​នៅក្នុង​ផ្ទះថ្ម ម្លប់ និង​អត់​ពន្លឺ​ចូលដល់​ក៏បាន​។ ពួកវា​ស៊ី​ផ្លែ​ននោង កាកសំណល់​បន្លែ ស្លឹកឈើ​ដំណាំ​ក្បែរ​ផ្ទះ រួមទាំង​ចក ត្រកួន​ជាដើម​។​​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ ៤០០ ​ប្រភេទ​រូបនេះ បាន​និយាយ​ថា ៩០ ​ភាគ​រយ ក​សិករ​ទិញ​យក​ទៅធ្វើ​ពូជ ​ហើយ ១០​ ភាគ​រយ ទិញ​យក​ទៅ​លក់​បន្ដ និង​យក​ទៅ​ហូប​ខ្លះ​។

​លោក​ទទួល​ស្គាល់​ថា មាន​ភោជនីយ​ដ្ឋាន​មួយ​ចំនួន​ទាក់ទង​ទិញ​ខ្យង​សាច់​ខ្លះ​ដែរ តែ​លោក​មិនទា​ន់​អាច​ផ្គត់​ផ្គង់​បាន​ដោយ​សារ​បើ​នៅ​ហាង​ធំៗ​ទាម​ទារ​ឱ្យមាន​ការផ្គ​ត់ផ្គង់​ជាប់លាប់ និង​ច្បាប់​មួយ​ត្រឹមត្រូវ​សម្រាប់​លើ​ការ​ចិ​ញ្ចឹម ដែល​លោក​កំពុងតែ​ប្រែក្លាយ​សិប្ប​កម្ម​ទៅជា​ក្រុមហ៊ុន​។​

​រំឭក​ដល់​វេលា​ទំពាសាច់​ដ៏​ឈ្ងុយឆ្ងាញ់​លើសពី​អ្វីដែល​ធ្លាប់​ទទួលទាន​កន្លងមក កញ្ញា ហួរ ជា​បុគ្គលិក Tonlesap App បាន​រៀបរាប់​អំពី​រសជាតិ​ខ្យង​សម្រស់​ស្រស់ស្អាត​ឈើ​រី ប៊ឺ និង​ទុរេន ដែល​ស័ក្តិសម​នឹង​តម្លៃ​ដ៏​ថ្លៃ ដោយសារ​វា​ជា​ប្រភេទ​មេ​ពូជ​។

​កញ្ញា ហួរ ដែល​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​កសិកម្ម​រប​ស់លោ​ក ហាច ឆន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​រសជាតិ ខ្យង​ជប៉ុន​គឺ​វា​ប្លែក​ខុសពី​ខ្យង​ធម្មតា​មែន ​មើល​សម្បក​ស្អាត​ហើយ​បើ​សាច់​ខ្យង​គឺ​កាន់តែ​ឆ្ងាញ់​ទៀតផ​ង ព្រោះ​សាច់​វា​អាច​និយាយ​បាន​ថា​ដូច​សាច់​មាន់ ឬ​សាច់​គោ​អ៊ីចឹង​»​។

​កញ្ញា​បន្ដថា​៖ «​ពេលដែល​​ផ្សំ​គ្រឿង​គឺ​ឆាប់​ចូលជាតិ និង​ធ្វើបាន​ម្ហូប​ច្រើន​មុខ​ទៀតផង​។ អ្វីដែល​ពិសេស​គឺ​យើង​អាចធ្វើឱ្យ​ខ្យង មាន​រសជាតិ​ល្ពៅ និង​មាន​រសជាតិ​បន្លែ ផ្លែឈើ​ផ្សេងៗ​ទៀត​បាន ដោយ​មុនពេល​ចម្អិន យើង​ដាក់​បន្លែ ផ្លែឈើ​ឱ្យ​ខ្យង​ស៊ី​សិន​ហើយ​ខ្យង​នោះ​នឹង​មាន​រសជាតិ​តាម​អ្វីដែល​យើង​ឱ្យ​វា​ស៊ី​»​។​

​ចំពោះ​អ្នក​ចង់​ភ្លក្ស​រស​ជាតិ​ខ្យង​ទាំង ៣ ​ប្រភេទ លោក ឆន បាន​ឱ្យដឹង​ថា បន្ដិចទៀត ខ្យង​ទាំងនេះ​នឹង​រីក​សាយ​ភាយ​ទៅ​តាម​បណ្ដា​ខេត្ដ​នានា​យ៉ាង​ទូលំទូលាយ​។ ពេលនោះ​ហើយ តម្លៃ​របស់​វា​នឹង​ធ្លាក់​ចុះ ដែល​មនុស្ស​ទូទៅ​អាច​លៃលក​រក​ទិញ​មក​ទទួល​ទាន​បាន​ហើយ​។

​ម្ចាស់​សិប្បកម្ម ដែល​តែង​តែ​ធ្វើ​វិ​ដេ​អូ​បទ​បង្ហាញ​វិធីសាស្ដ្រ​ចិញ្ចឹម​ខ្យង និង​សត្វ​ដទៃ​ទៀត បាន​និយាយថា​៖ «​ឥឡូវ មាន​គេ​ចិញ្ចឹម​ច្រើន​។ ខ្ញុំ​គិតថា ២ ​ឆ្នាំ​ទៀត ខ្យង​នេះ​អាច​ធ្លាក់ចុះ ១ ​គីឡូ ត្រឹម ១០​ ដុល្លារ​។ សាច់​វា​វិញ ស្រទន់​ឆ្ងាញ់ និង​ជួយ​ទៅ​ដល់​បញ្ហា​សុខ​ភាព​កុមារ ស្ត្រី និង​សុខភាព​បន្ត​ពូជ ដើម្បី​ឱ្យមាន​កម្លាំង​»​។

​បច្ចុប្បន្ននេះ ខ្យង​ទាំង ៣ ​ប្រភេទ ដូចជា​ខ្យង​ប៊ឺ និង​ខ្យង​ទុរេន ១ ​គីឡូក្រាម​មាន​តម្លៃ ១០០ ​ដុល្លារ ខ​ណៈ​ខ្យង​ឈើ​រី​ដែលមាន​ពណ៌​សម្បុរ​ស្រគាំ មានតម្លៃ ៥០​ ដុល្លារ​។

​ក្រៅពី​អតិថិ​ជន​ជា​ប្រជា​កសិករ​ក្នុង​ស្រុក កសិដ្ឋាន ៤០០ ក៏បាន​បញ្ជូន​ខ្យង​ពូជ​ទៅកាន់​ប្រទេស​វៀត​ណាម​ ក៏ដូចជា​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​ប្រជា​កសិករ​វៀត​ណាម​រៀន​អំពី​វិធី​ចិញ្ចឹម​ខ្យង​ទាំង​នេះ​ផង​ដែរ​។

​លោក ឆន បាន​ស្រាយ​ចម្ងល់​ពី​ភាពចាំ​បាច់​នៃ​ការរៀន​វគ្គ​បណ្ដុះ​បណ្ដាល ​ថ្វីដ្បិតតែ​វា​ងាយ​ស្រួល​ចិញ្ចឹម​មែន តែការធ្វើ​កសិកម្ម​មិន​មែន​ផ្ដោត​តែ​លើ​ខ្យង​ ១ ​មុខ​ទេ មាន​ទាំង ត្រី កង្កែប ខ្យង បង្កង អន្ទង់ មាន់​ស្រែ មាន់​ខ្មៅ មាន់​លម្អ ព្រាប ក្ងាន ទា​កាប៉ា ដែល​មាន​តម្លៃ​បង្រៀន​តាម​អន​ឡាញ ​៥០ ​ដុល្លារ​និង​រៀន​ផ្ទាល់ ១០០ ​ដុល្លារ រួមទាំ​ង​ការផ្ដល់​ការប្រឹក្សា​តាម Telegram ឥត​កំណត់​។

​ជាមួយ​លទ្ធ​ភាព​លក់​ចេញពី ​១ ទៅ ២​ តោន​ ក្នុង ​១ ខែ​សម្រាប់​ខ្យង​ជប៉ុន និង​ខ្យង​ស្រែ​ជាង ១០ ​ប្រភេទ និង​អ្នក​ទិញ​ទៅ​ចិញ្ចឹម​បន្ដ​រាប់​ពាន់​នាក់​ ម្ចាស់​កសិដ្ឋាន​ ៤០០ ​រូបនេះ​ បាន​លើកឡើ​ង​ពី​បញ្ហា​ប្រឈម​ចម្បង​របស់​អ្នក​ចង់​ចិញ្ចឹម​ថ្មីៗ​ថា ពួកគេ​បារម្ភ​ពី​ទីផ្សារ​។​

​លោក ឆន បាន​ប្រាប់​ថា​៖ «​ចំពោះ​កសិករ​ដែល​រៀន​ជាមួយ​ខ្ញុំ ជួនកាល​ខ្ញុំ​ជួយ​គាត់​មកវិញ​ដែរ ទាំង​ពង ទាំង​កូន សាច់ និង​ពូជ​ជួយ​លក់​គាត់​ទូទាំងប្រទេស​វិញ​។ពេលខ្លះ​ខ្ញុំ​ផលិត​ខ្លួនឯង​អត់​ទាន់​ទេ​។ ខ្ញុំ​មានកូន​ក្រុម​តាម​ផ្នែក​មួយៗ​ដែល​ជួយ​ផលិត​ខ្ញុំ​ដើម្បី​លក់​បន្តទៀត​។ យើង​ក៏​បង្រៀន​ឱ្យមាន​ទំនុកចិត្ត និង​ការតាំង​ចិត្ត​ខ្លួនឯងបាន​លក់​ទៅ​មាន​និរន្ត​រភាព​»​។

​លោក បានដាក់​ទិសដៅ​ថា នៅ​ឆ្នាំ​ ២០២៥ ចិញ្ចឹម​សត្វ​ដល់ ៧០០ ​ប្រភេទ រួមទាំង ឈ្លើង ក្អែប ខ្ទួយ ខ្ទីង កញ្ចាញ់​ចេក ថ្លែន ឱ្យតែ​យកមក​ធ្វើ​ចំណី​បាន​។ លោក​គ្រោង​ពង្រីក​ផ្ទៃដី ១៥​ ហិកតា និង​រៀបចំ​ជា​មជ្ឈមណ្ឌល​សម្រាប់​ធ្វើជា​ការិយាល័យ ផ្ទះ​ស្នាក់ អាហា​រដ្ឋា​ន​ជាដើម​។ ពេលនេះ​កសិដ្ឋាន​ ៤០០​ បើកទទួល​ភ្ញៀវ​បង់ប្រាក់​តម្លៃ​ ៥​ ដុល្លារ​ម្នាក់​ សម្រាប់​ការថតរូប ​និង​ដើរ​កម្សាន្ដ​ហើយ​ឥតគិតថ្លៃ​សំបុត្រ​សម្រាប់​អ្នក​ទទួល​យក​សេវាកម្ម​ជា​កញ្ចប់​ផ្សេងៗ​។

​លោក ឆន បាន​ប្រាប់ថា​៖ «​បច្ចុប្បន្ន​យើង​មាន​ការបើក​ទស្សនា កន្លែង​ស្នាក់នៅ អគារ​ប្រជុំ បង្រៀន និង​កន្លែង​បោះតង់​។ កន្លែង​ស្នាក់នៅ​ខ្លះ​មាន​ជា​បន្ទប់​រួម ខ្លះ​ជា​លក្ខណៈ​ក្យូ​ស ឬ​តង់​។

​លោក​បន្ដថា​៖ «​តម្លៃ ១ ​ម៉ឺន​រៀល​សម្រាប់​ស្នាក់នៅ​តង់ តែបើ​បាយទឹក ៣ ​ពេល​ទៀត សម្រាប់​អ្នក​មក​រៀន យើង​គិត ៥​ ដុល្លារ​ម្នាក់​។ ម្ហូប​ជួនកាល​មាន​មាន់​ខ្មៅ ព្រាប​ រួមទាំង​ខ្យង​។ យើង​អត់​គិត​រឿង​តម្លៃ​ទេ សំខាន់​ឱ្យគេ​ស្គាល់​រសជាតិ ស្គាល់​ប្រភេទ សត្វ​របស់​យើង ​ហើយ​គេ​អាច​យក​ទៅ​និយាយ​តៗ​នៅ​ថ្ងៃ​ខាងមុខ​ទៀត​»៕