ភ្នំពេញៈ លោក ​ណៅ ធួ​ក រដ្ឋ​លេខាធិ​ការ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ថ្លែង​ថា ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​សង្ហា​រិម​ធ្វើ​ពី​ឈើ​ប្រណីត​មិន​មែន​មាន​ន័យថា​ ជា​ការ​ហាម​មិន​ឱ្យ​ប្រើ​ប្រាស់​គ្រឿង​សង្ហា​រិម​ធ្វើ​ពី​ឈើ​ប្រណីត​នោះ​ទេ ​តែ​ជា​ការ​ចូល​រួម​ថែ​រក្សា​ព្រៃ​ឈើ​ឱ្យមាន​និរន្តរ​ភាព​ ខណៈ​ប្រជា​ជន​កម្ពុជា​កំពុង​បន្ត​កើន​ឡើង​កាន់​តែ​ច្រើន​។


​លោក ​ណៅ ធួក បាន​ថ្លែង​បែប​នេះ​ក្នុង​នៅ​ក្នុង​វេទិកា​គោល​នយោ​បាយ​ស្តីពីការ​កាត់​បន្ថយ​តម្រូវការ​ប្រើ​ប្រាស់​គ្រឿង​សង្ហា​រិម​ធ្វើ​ពី​ឈើ​ប្រណីត ដែល​រៀប​ចំ​ដោយ​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​ USAID ធ្វើឡើង​នៅ​សណ្ឋា​គារ​ភ្នំពេញ នៅ​ថ្ងៃទី​ ៣១​ ខែ​តុលា ឆ្នាំ​ ២០២២​។

​លោក ​ណៅ ធួ​ក ​បញ្ជាក់​ថា​៖ «​កាត់​បន្ថយ​មិន​មែន​ហាម​មិន​ឱ្យ​ប្រើ​ទេ​។​ព្រោះ​ប្រ​ទេស​កម្ពុជា​យើង​មនុស្ស​កាន់​តែ​ច្រើន​ហើយ ១៥-១៦ លាន​នាក់​ជាង​ហើយ តែ​កាល​ជំនាន់​ខ្ញុំ​តែ ​៦-៧​ លាន​ទេ​។​ អ៊ី​ចឹង​ការ​មាន​គំនិត​បង្កើត​ជា policy ដើម្បី​បន្ថយ​ការ​ប្រើ​ប្រាស់ ណែ​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​គាត់​ប្រើ​ឈើ​ស្តើងៗ​ ប្រើ​ឈើ​មិន​ប្រណីត​ខាង​ក្នុង​ហើយ​បិទ​ឈើ​ប្រណីត​ខាង​ក្រៅ​អ៊ីចឹង​ទៅ​»​។​


​លោក ​អ៊ុក ស៊ី​សុវណ្ណ ​ប្រធាន​គម្រោង​អនា​គត​បៃតង​កម្ពុជា​នៃ​អង្គ​ការ​ USAID ថ្លែងថា ​គម្រោង​អនាគត​កម្ពុជា​បៃ​តង​គឺជា​គម្រោង​ដែល​មាន​រយៈ​ពេល​​ ៥ ឆ្នាំ ចាប់​ផ្តើម​ពី​ខែ​តុលា ​ឆ្នាំ​ ២០១៩​ និង​គ្រោង​បញ្ចប់​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ដែល​ផ្តល់​មូល​និធិ​ដោយ ទីភ្នាក់​ងារ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ USAID​។ គម្រោង​មាន​គោល​បំណង​លើក​កម្ពស់ ​និង​ផ្តល់​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​និង​អង្គការ​សង្គម​ស៊ីវិល​នូវ​ចំណេះ​ដឹង ជំនាញ​ដើម្បី​ប្រើ​ប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​ផ្អែក​លើ​ភ័ស្តុតាង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ និង​សកម្ម​ភាព​ជា​វិជ្ជ​មាន​ឆ្ពោះ​ទៅរក​ការ​អភិរក្ស​ជីវ​ចម្រុះ​ការ​ពារ​ព្រៃ​ឈើ ​និង​ការគ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ​ ប្រកប​ដោយ​និរន្ត​រភាព ។

​គម្រោង​នេះ​ផ្តោត​និង​ធ្វើ​ការ​ជា​មួយ​យុវជន​ទូទាំង​ប្រទេស ទាំង​នៅ​រាជធា​នី​ភ្នំពេញ ​និង​តំបន់​ទេស​ភាព​ គោល​ដៅ​ចំនួន ​២​ គឺព្រៃ​ឡង់ និង​តំបន់​ទេស​ភាព​ភាគ​ខាង​កើត​។ ដោយ​មាន​ការ​ចង្អុលប​ង្ហាញ​ជា​យុទ្ធ​សាស្ត្រ ស្តីពី​ទំនាក់​ទំនង​ផ្លាស់​កាល​ផ្លាស់ប្តូរ​ឥរិយា​បថ​សង្គម ​អន្តរា​គមន៍​របស់​គ​ម្រោ​ង​កំពុង​ផ្តោត​លើ​ប្រធាន​បទ​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម​ចំនួន​ ៣ ​គឺ ទី​១ ​តម្រូវការ​កាត់​បន្ថយ​គ្រឿង​សង្ហា​រិម​ធ្វើ​ពី​ឈើ​ប្រណីត​ ទី​២ ការ​កាត់​បន្ថយការទិញនិង​ហូប​សាច់​សត្វ​ព្រៃ និង​ទី​៣ ​បញ្ឈប់​ការ​ចោល​សំរាម​ផ្តេស​ផ្តាស​។


​លោក​ថ្លែង​ថា​៖ «​វេទិកា​គោល​នយោបាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​គម្រោង​អ​នា​គត​បៃតង​កម្ពុជា​ដែល​មាន​គោល​បំណង​សិក្សា​ស្វែង​យល់​ពី​របៀប​ដែល​យើង​អាច​ប្រើ​ប្រាស់​ទំនាក់​ទំនង​ផ្អែកលើ​ភ័ស្តុតា​ង បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដែល​ភ្ជាប់​ជា​មួយ​នឹង​យុទ្ធ​នាការ​ទំនាក់​ទំនង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម​»​។

​លោក Craig Hart តំណាង​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអ​ភិវឌ្ឍន៍​អន្តរ​ជាតិ USAID ថ្លែង​ថា ព្រៃឈើ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការធានា​និរន្តរ​ភាព​កំណើន​សេដ្ឋ​កិច្ច ជីវ​ចម្រុះ​ បេតិក​ភណ្ឌ ​វប្បធម៌ និង​ការ​រស់នៅ​។ លោក​បន្តថា​នៅ​សកល​លោក​មាន​កា​រពឹក​ផ្អែក​ទៅ​លើ​ខ្យល់​ជា​សំខាន់​ មិន​ថា​តែ​អ្នក​នៅ​ទីណា​នោះ​ទេ គឺ​តែងតែ​ត្រូវការ​។ប៉ុន្តែ​ទាក់​ទង​នឹង​ឈើ​ប្រណីត​ក៏​នៅ​តែមា​ន​ការ​កើន​ឡើង​ទាំង​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ដែល​រួមចំ​ណែក​ដល់​ការ​បាត់​បង់​ព្រៃ​ឈើ ​ក៏ដូច​ជា​បាត់​បង់​នូវ​ពូជ​ឈើ​ល្អ នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

​លោក​ថ្លែង​ថា​៖ «​គម្រោង​អ​នា​គត​បៃតង​កម្ពុជា ​របស់​ USAID យើង​ទទួល​ស្គាល់​តួនាទី​របស់​យុវជន​នៅ​ក្នុង​ការលើក​កម្ពស់ ​និង​ការ​គ្រប់​គ្រ​ងព្រៃ​ឈើ​ប្រកប​ដោយ​និរន្តរ​ភាព ការ​ពារ​ព្រៃឈើ ​ក៏ដូច​ជា​ការ​ការពារ​បរិស្ថាន ​ហើយ​នោះ​គឺជា​ទស្សនៈ​ទាន​ដ៏​ធំ ដែល​យើង​នឹង​ពិភាក្សា​គ្នា​» ។​

​លោក​បាន​លើ​កឡើង​ទៀត​ថា ក្នុង​គម្រោង​ការងារ​រ​បស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ លោក​បាន​ចុះទៅមើ​ល​តំបន់​ផ្សេងៗ ជា​ពិសេស​គ្រឿង​សង្ហា​រិម​ដែល​មាន​ការដឹក​ជញ្ជូន​តាម​តំបន់​ផ្សេងៗ ក៏ដូច​ជា​ដាក់​លក់​នៅតា​ម​ហាង​ផ្សេងៗ​។ លោក​ថ្លែងថា​​៖ «​ខ្ញុំ​គិត​ដែរ​ថា​ប្រតិ​បត្តិ​ការ​នេះ​មិន​ទៅរក​គ្រឿង​សង្ហា​រិម​ដ៏​ស្រ​ស់​ស្អាត​នោះទេ ​ប៉ុន្តែ​យើង​ត្រូវ​គិត​ផង​ដែរ​អំពី​និរន្តរ​ភាព​ព្រៃឈើ​។តើ​គេ​មាន​បទ​ប្បញ្ញត្តិ​នៅ​នឹង​កន្លែង​ឬទេ ដើម្បី​ធានា​ថា ​ឈើ​ទាំង​អស់​នេះ​ត្រូវបា​ន​គេ​ដាំ​ដុះ​និង​ធានា​និរន្តរ​ភាព​»៕