ភ្នំពេញៈ ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​គឺជា​ថ្នាំ​មួយ​ប្រភេទ​ដែល​ពេញ​និយម​ក្នុងការ​ប្រើ​ប្រាស់​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ មិន​ថា​រាង​កាយ​មាន​ការ​ឈឺចាប់​ប្រភេទ​ណាមួ​យទេ តែថ្នាំ​នេះ​ហាក់​ក្លាយ​ជា​ជម្រើស​ទី​១​។ ម្យ៉ាង​ទៀត ការរក​ទិញ​ថ្នាំ​ប្រភេទ​នេះ​ក៏​ងាយ​ស្រួល​ និង​ជា​ដំណាក់​កាល​ដំបូង​ដែល​មិន​ទាម​ទារ​ការ​ពិនិត្យ​សុខ​ភាព​ដែល​នាំឱ្យ​ចំណេញ​ពេល​វេលា និង​ថវិកា​។


​មួយ​វិញ​ទៀត ​ការ​ព្យា​បាល​ជំងឺ​ដែល​ឆ្លង​កាត់​ភាព​ឈឺចាប់​ខ្លាំង គ្រូ​ពេទ្យ​ក៏​មិនមាន​ជម្រើស​អ្វី​ក្រៅពី​ការប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការឈឺ​ចាប់​នេះ​ដែរ​ ដើម្បី​ឱ្យ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែអ្ន​កជំនាញ​អះអាងថា​ការប្រើ​ថ្នាំ​ញឹក​ញយ​ដង​ពេក​មិន​មែន​ជា​រឿង​ល្អ​ឡើយ ​ព្រោះថ្នាំ​ជា​អាវុធ​មុខ​ ២ ដែល​អាច​ព្យា​បាល​ជំងឺ​មួយ តែ​ក៏​អាច​បង្ក​ជំងឺ​ផ្សេង​ទៀត​ផង​ដែ​រប្រសិន​បើ​ប្រើ​លើស​កម្រិត​។

​អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ឱសថ​មួយ​រូប​បាន​ចំណាយ​ពេល​ស្រាវ​ជ្រាវ ​១០ ​ឆ្នាំ ​ដើម្បី​បាន​សមិ​ទ្ធផល​ថ្មី​មួយ​ដែល​ជួយ​ជំនួស​ឱ្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​។ សមិទ្ធ​ផល​ថ្មី ដែល​ឆ្លង​កាត់​ការ​សម្រិត​សម្រាំង​បែប​វេជ្ជ​សាស្ត្រ​នេះ ​គឺ ប្រេង​រឹត​បំបាត់​ការ​ឈឺ​ចាប់​លើ​រាង​កាយ​។​


​បញ្ចប់​ការ​សិក្សា​ផ្នែក​ឱសថ​កាលពី​ឆ្នាំ ២០១២​ អ្នក​ស្រី អ៊ឹង សៀម​គីម បាន​យក​ទ្រឹស្ដី​ដែល​ខ្លួន​ទទួល​បាន​ពី​គ្រូប​ង្រៀន​ទៅ​ព្យា​យាម​អនុវត្ត​បង្កើត​ប្រភេទ​ផលិត​ផល​ថ្មី ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​សារ​កា​រ​អនុវត្ត​ជាក់​ស្ដែង​ អ្នកស្រី​បាន​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន​។

​ក្នុង​រយៈ​ពេល​នៃ​ការ​ស្រាវ​ជ្រាវ​នោះ​ អ្នកស្រី​បាន​សិក្សា​លើ​សារធាតុ​ដែល​អាច​ជួយ​ជំរុញ​ប្រសិទ្ធ​ភាព​នៃ​ផលិត​ផល​ថ្មី​របស់ខ្លួន​។ ក្នុង​រយៈពេ​លនោះផង​ដែរ អ្នកស្រី​បាន​ដើរ​សិក្សា​ពី​ទីផ្សារ​ក្នុង​ស្រុក និង​ឃើញ​ថា​មិន​ទាន់​មាន​ប្រភេទ​ប្រេង​រឹត​បំបាត់​ការ​ឈឺចា​ប់​ដូច​អ្វីដែល​អ្នកស្រី​កំពុង​ធ្វើ​នៅ​ឡើយ​ ដោយ​ភាគ​ច្រើន​ជា​ផលិ​តផល​ដែល​នាំចូល​ពី​ប្រទេ​សក្រៅ ជា​ពិសេស​គឺ​សិង្ហ​បុរី​។​


​ចំពោះប្រេ​ងរឹត​ដែល​បង្កើត​ឡើងនេះ ​អ្នកស្រី​បាន​ធ្វើការ​ពិសោធន៍​នៅលើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ និ​ង​កែខៃ​នូវ​ចំណុច​ខ្វះខាត​បន្តិច​ម្ដងៗ ​រហូត​ចេញ​ជា​ផលិត​ផល​សម្រេច​មួយ​ដូច​បច្ចុប្បន្ន​។​រីឯថវិកា​ដែល​អ្នកស្រី​បាន​ចំណាយ​ក្នុង​ដំណើរការ​ស្រាវ​ជ្រាវ និង​ផលិត​កន្លង​មក​គឺ​អស់​ប្រមាណ​ជាជាង​៣​ម៉ឺន​ដុល្លារ ​ដែល​ភាគច្រើ​ន​ចំណាយ​លើ​វត្ថុ​ធាតុ​ដើម​សំខាន់​ដែល​នាំ​ចូល​ពី​បរទេស​។​

​អ្នក​ស្រី អ៊ឹ​ង សៀម​គីម រៀប​រាប់​ពី​បញ្ហា​ដែល​អ្នក​ស្រី​បាន​ឃើញ​រហូត​កើត​ជា​គំនិត​បង្កើត​ប្រេង​រឹត​នេះ​ថា​៖ «​ខ្ញុំ​ឃើញ​ប្រជា​ជន​យើង​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការឈឺ​ចាប់​ច្រើន ​ហើយ​យើង​ដឹង​ហើយ​ថា​ការប្រើ​ថ្នាំ​តិច​ឬ​ច្រើន​គឺ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ហើយ​»​។

​អ្នកស្រី​បន្ត​ថា៖​ «​ថ្នាំ​បំបាត់​ការឈឺចា​ប់​បើ​ប្រើ​តាម​កម្រិត​ត្រឹមត្រូវ​វា​ប៉ះពាល់​តិចតួច​ ព្រោះ​ធម្មតា​ទេដែល​ថ្នាំ​ផ្ដល់​ផល​រំខាន ​តែបើ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ហើយ​ត្រូវការ​វះកាត់​ផ្សេងៗ​ ពេទ្យ​មិន​មាន​ជម្រើស​ក្រៅពី​ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចា​ប់​ទេ​»។

ការ​ប្រើប្រា​ស់​ថ្នាំ​បំបាត់​ការ​ឈឺចា​ប់​ច្រើនអា​ច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ថ្លើម ​តម្រង​នោម ដំបៅ​ក្រពះនិ​ង​ពោះវៀន​ជាដើ​ម​។លើស​ពីនេះ​ទៀត​មួយរ​យៈ​ចុងក្រោយ​នេះក៏មា​ន​ការស្រា​វជ្រាវ​ឃើញ​ថា​មានការ​ប៉ះពាល់​ដល់​ខួរក្បាល​ផង​ដែរ​ ជាពិសេស​លើ​ស្ត្រី​មាន​ផ្ទៃពោះ​។ នេះ​បើតា​ម​ការ​បញ្ជាក់​បន្ថែម​របស់​ឱសថ​ការី​ អ៊ឹង សៀម​គីម​។​

​ផលិត​ផល​ប្រេង​រឹតដែល​អាច​ប្រើ​បាន​លើ​របួស​និង​សាច់ដុំ​របស់​ឱសថ​ការី​រូបនេះ ​ត្រូវបាន​ចុះប​ញ្ជី​នៅ​ក្នុង​ក្រសួង​ឧស្សាហ​កម្ម​នៅ​ដើម​ឆ្នាំ​ ២០២២ ​នេះ​។ អ្នកស្រី​បញ្ជាក់​ថា នេះ​ជា​ជំហាន​តូច​មួយ ​ព្រោះ​ថា​អ្នកស្រី​ចង់​ពង្រីក​បន្ថែម​លើ​ការ​ផលិត​ និង​ផ្គត់​ផ្គង់​ធំ​នៅ​ក្នុង​ស្រុក​តែម្ដង​។ ជំហាន​បន្ទាប់ ​គឺ​អ្នកស្រី​ចង់​ពង្រីក​ទៅ​ដល់​ទីផ្សារ​ក្រៅ​ប្រទេស ដើម្បី​ឈាន​ទៅ​ដល់​ស្តង់​ដា​អន្ត​រជាតិ​។​

​ទោះ​ជា​យ៉ាង​ណា ប​ច្ចុប្បន្ន​នេះ កា​រ​ផលិត​ប្រេង​រឹត​របស់​អ្នកស្រី​គឺកំ​ពុងធ្វើ​ឡើង​ក្នុង​លក្ខណៈ​តូច​តាច​នៅ​ឡើយ ពោល​គឺមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រុម​គ្រួសារ​អ្នក​ស្រី​ផ្ទាល់​។ ប៉ុន្តែ​ចំពោះ​ទីផ្សារ​សម្រាប់​អ្នកស្រី​នៅ​តូច​ចង្អៀត​នៅ​ឡើយ ​ព្រោះ​ថា​ផលិត​ផល​នេះ​ហាក់​នៅ​ថ្មី​សម្រាប់​ស្រទាប់​អ្នក​ប្រើប្រា​ស់​នៅ​កម្ពុជា ​ខណៈ​ដែល​ពួកគេ​ទម្លាប់​ក្នុងការ​លេប​ថ្នាំ​បំបាត់​ការឈឺ​ចាប់ ឬ​ប្រើប្រា​ស់​កៅ​អៀក​បិទ​ទៅ​ហើយ​នោះ​។

​ឱស​ថកា​រី​រូបនេះ​ប្ដេជ្ញា​ថា​នឹង​ខិតខំ​បង្កើន​គុណភា​ព​ផលិត​ផល​ខ្លួន​ឱ្យ​ឆ្លើយតប​ស្តង់​ដា និង​មាន​តម្លៃ​សមរម្យ​ដែល​អាច​ចរាច​រណ៍​បាន​លើ​ទីផ្សារ​កម្ពុជា ក្នុង​នាម​ជា​ផលិតផ​ល​ជាតិ​។​

​កាលពី​ថ្ងៃទី​ ២៧​ តុលា​ថ្មីៗ​នេះ ​ផលិត​ផល​របស់​អ្នកស្រី​ក៏មាន​វត្តមាន​ដាក់​តាំង​នៅក្នុង​វេទិកា «​ភូមិ​មួយ​ផលិត​ផល​មួយ​»ជា​លើក​ទី​១ ​ផង​ដែរ។ ក្រោយ​វេទិកា​នោះ អ្ន​កស្រី​ទទួល​បាន​ការគាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​ថ្នាក់ដឹក​នាំ​ក្នុង​ស្រុក និង​គណៈ​កម្មា​ធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយផលិត​ផល​មួយ​​៕​