តាកែវៈ កុមារា​ គឹម នី ក្នុង​វ័យ​ទើបតែ ​៧ ​ខែ​មិន​ដឹង​ថា ​មាន​ជំងឺ​អ្វី​ស្រាប់​តែ​ជើង​ទាំង​គូ​របស់គេ​ចាប់​ផ្តើម​ស្វិត​ទន់​រហូត​ដើរ​លែងរួច​កម្រើក​លែង​បាន​ហើយ ​មិន​តែប៉ុណ្ណោះ​ម្តាយ​របស់​គេ​ក៏មាន​ជំងឺ​ស្លាប់​ចោល​ទៀត​។​ ក្រោយ​អត់​ពី​ម្តាយ​ទៅ​ គឹម នី​ និង​បងស្រី​បង្កើត​របស់​គេ ​២ ​នាក់​ទៀត​គិត​ថា ​នៅ​សល់​ឪពុក​ម្នាក់​ទៀត​គ្រាន់​ជាទី​ពឹង​ ប៉ុន្តែ​ក្តីសង្ឃឹម​នោះ​ហាក់​គ្រាន់តែ​ជា​សុបិន​អាក្រក់​ប៉ុណ្ណោះ​​ ព្រោះ​ឪពុក​បាន​យកប្រពន្ធ​ថ្មី​ហើយ​បាន​ចុះចោល​ពួកគេឱ្យ​​រស់នៅតែលតោល​យ៉ាង​វេទនា​បំផុត​នៅ​ក្នុងផ្ទះ​ដែល​ស្ទើរតែ​ខ្យល់​បក់​រលំ​ជាមួយ​ជីដូន​ជរា​។​


​ដោយសារតែ​ខ្លួន​ធ្លាប់​ឆ្លងកាត់​​ភាពលំបាក​វេទនា​ព្រាត់ប្រាស់​ម្តាយ​ឪពុក​ ​ទើប​កូនកំព្រា​រូបនេះបាន​តស៊ូ​រៀនសូត្រ​ទាំង​លំបាក​​រហូត​ក្លាយជា​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​ដល់​ក្មេងៗ​នៅ​ជនបទ​ជិត ​៤០០ ​នាក់ ​ក្នុងភូមិ​ព្រៃស្បាត ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​មិន​យកប្រាក់​ឡើយ​។

​សូរសំឡេង​ដែល​ម្តង​ឮ​ខ្លាំង ​ម្តង​ឮ​ខ្សោយ​តាម​ទូរស័ព្ទ​ដែល​ស្តាប់ទៅ​ហាក់​ដូច​នៅ​បង្កប់ទុក្ខសោក​ក្នុង​អារម្មណ៍​នៅឡើយ​នោះ បុរសពិការ​ជើង​នៅតែលើ​​រទេះរុញ​វ័យ ​៤០ ​ឆ្នាំ​រូបនេះ ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មាន​បងប្អូន​បង្កើត​ចំនួន​ ៣ ​នាក់​ (​ស្រី ​២​ នាក់​) ​ដោយលោក​ជា​កូនពៅ​ហើយបច្ចុប្បន្នកំពុង​រស់​នៅ​ភូមិព្រៃ​ស្បាត ​ឃុំ​ត្រពាំង​ធំ​ខាង​ជើង​ ក្នុង​ស្រុក​ត្រាំ​កក់ខេត្ត​តាកែវ។​


លោក​បាន​រៀប​រាប់​ពី​ប្រវត្តិ​ដើម​ត្រួសៗ​ពី​ការធ្លាប់​រស់នៅ​ជុំគ្រួសារក្នុងភូមិ​បឹង​ឈូក សង្កាត់គីឡូម៉ែត្រ​លេខ​ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ថា មានពេល​មួយ ម្តាយ​របស់លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ក៏ត្រូវ​បាន​សាច់ញាតិ​នាំយកទៅ​ព្យាបាល​នៅឯ​ស្រុកកំណើត​ក្នុង​ឃុំ​-​ស្រុក​កំពង់លាវ​ ខេត្តព្រៃវែង​ ជាទីដែល​លោក​ គឹម នី​ ក៏​បានកើត​នៅទីនោះ​ដែរ​។​ បន្ទាប់មក​ដោយសារតែ​ស្ថានភាព​ជំងឺ​របស់​ម្តាយ​លោក​ចេះតែ​ឈឺ​ធ្ងន់​ឡើងៗ​ សាច់ញាតិ​ក៏បានបញ្ជូន​ម្តាយ​របស់លោក​មករ​ស់​នៅ​រាជធានី​ភ្នំពេញ​វិញ​ក្នុងអំឡុង​ឆ្នាំ​ ១៩៨១ ​ក្នុងពេល​លោក​ទើបមានអាយុបាន ​៧ ​ខែ​។​

​ទោះជា​ពេលនេះ លោក ​គឹម នី ​មាន​អាយុ​ ៤០ ​ឆ្នាំ​ក៏ដោយ​ ក៏ប៉ុន្តែ​បើ​ស្តាប់​សំឡេង​តាម​ទូរស័ព្ទ​អាចបញ្ជាក់បាន​ថា ​ក្នុង​អារម្មណ៍​របស់លោក​ហាក់​នៅតែ​ដក់​ជាប់​នូវ​ក្តី​ទុក្ខសោក​ និង​ភាពលំបាក​វេទនា​មិន​រសាយ​ឡើយ​។ កំពុងនិយាយ​រំឭក​ដល់​រឿងទុក្ខសោក​នេះ ​ស្រាប់បាត់សំឡេង​របស់លោក​ គឹម នី មួយ​ភ្លែត​រួចក៏​ជំនួសមក​វិញ​ដោយសំឡេង​អួលដើមក​ថា​ ក្រោយពី​អ្នក​ម្តាយ​របស់លោក​ស្លាប់​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ​ឪពុក​លោក​ក៏មាន​ស្រី​ថ្មី​ ហើយ​ដាច់ចិត្ត​ចុះចោល​រូបលោក និង​បងស្រី​លោក​ ២ ​នាក់​ទៀត​ ដោយ​គ្មាន​អាឡោះអាល័យ​បន្តិច​ណា​ឡើយ ​ដោយសុខចិត្តទុក​ពួកលោកឱ្យ​រស់នៅ​យ៉ាង​​វេទនា​ជាទីបំផុត​។​


​លោក​ គឹម នី​ ថ្លែងថា​៖ «​គ្រានោះ​ពួក​ខ្ញុំ​ត្រូវ​រស់នៅ​យ៉ាង​លំបាក​វេទនា​ត្រូវ​ក្លាយជា​កុមារកំព្រា​គ្មាន​ទីពឹង​ហើយ​បានរស់នៅ​ជាមួយ​លោកយាយ​បង្កើត ​[​ខាង​ឪពុក​]​ ដែល​ចាស់ជរា​ ហើយ​ថែមទាំង​មាន​ជំងឺ​ទៀត​។ ​ពេលនោះ​ខ្ញុំ​ និង​បងស្រី​ខ្ញុំ​រស់នៅ​យ៉ាង​លំបាក​តោកយ៉ាក​ស៊ី​អត់​ស៊ី​ឃ្លា​នរក​អ្វី​ប្រៀប​ពុំ​បានឡើយ ​ព្រោះ​យាយ​ជរា​ហើយ​ពួក​ខ្ញុំ​ក៏នៅ​តូចៗ​ទៀត​។​ ខ្ញុំ​ពិការ​ហើយ​ត្រូវ​ឪពុក​បោះបង់ចោល​ឱ្យនៅ​កំព្រា​ហើយ​ក្រីក្រ​ទៀត​។​ ពេលខ្លះ​ខ្ញុំ​ពិតជា​មិន​ចង់​រំឭក​ពី​ប្រ​វត្ដិហ្នឹង​សោះ​ព្រោះ​វា​ទាក់ទង​នឹង​សម្ពាធ​ផ្លូវចិត្ត​ខ្ញុំ​ខ្លាំង​មែនទែន​»​។​

​យ៉ាងណាក៏ដោយ បើតាម​លោក​ គឹម នី ពេល​លោក​ចម្រើន​វ័យ​បាន​អាយុ ​៥​ ​ឆ្នាំ​ លោក​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​បឹង​ឈូក​ ហើយ​ត្រូវ​ចំណាយពេល​អស់​ជាច្រើន​ម៉ោង​ដោយ​រំកិល​នឹង​គូទ​ផង ​វារ​ផង​ ដើម្បី​ទៅ​សាលារៀន​ក្នុង​ចម្ងាយ​ផ្លូវជាង​ ៣​ គីឡូម៉ែត្រ​។​

ក៏ប៉ុន្តែដោយមើលឃើញ​ពីភាព​លំបាក​របស់លោក​បែបនេះ ​ទើប​មិត្ត​រួម​ថ្នាក់​មួយចំនួន​ដែល​មានកង់​ជិះទៅ​សាលារៀន​ ក៏​ឈប់​កង់​ហើយ​ចាប់​លើក​លោក​ដាក់​លើរាន​កង់​ឌុប​ទៅ​សាលារៀន​។​ តែ​ចៃដន្យ​លោក​អង្គុយ​មិន​ជាប់​ក៏​ធ្លាក់​បាក់ឆ្អឹង​ដៃ​ និងជើង​ថែមទៀត​។ លោក​ថា៖ «ឆ្អឹង​របស់ខ្ញុំ​ស្រួយ​ណាស់​ឱ្យតែ​ធ្លាក់​ពី​ទី​ខ្ពស់​ត្រឹមតែ​ ១​ ម៉ែត្រ​ក៏ត្រូវ​បាក់​ដែរ​​»។​

​លោក​បញ្ជាក់ថា កាលពី​លោក​នៅ​រៀន​ គឺ​លោក​បាក់ឆ្អឹង​ស្ទើរតែ​ ១​ ឆ្នាំ​ម្តង ​បើ​មិន​បាក់ដៃ​ក៏​បាក់​ជើងដែរ​ ពោលគឺ​បាក់ឆ្អឹង​ស្ទើរ​គ្រប់កន្លែង​ទៅហើយ ​ហើយ​លោក​ឆ្លងកាត់​ការលំបាក​វេទនា​រាប់មិនអស់​ទេ​។ ​ដោយ​ឃើញរូប​លោក​ពិបាក​ខ្លាំងពេក​អ៊ំ​ប្រុស​របស់លោក​ក៏បាន​យក​លោក​ទៅ​ចិញ្ចឹម​តែម្នាក់ឯង​ ព្រោះថា​ គាត់​គ្មាន​លទ្ធភាព​​ចិញ្ចឹម​ក្មួយ​ទាំង ​៣​ នាក់​បានឡើយ ​ទើប​ធ្វើឱ្យ​លោក​ត្រូវ​រស់នៅ​បែក​គ្នា​ពី​បងស្រី​ ២ នាក់។

​រីឯ​បងស្រី​ទាំង ២ នាក់ របស់លោក​បាន​បង្ខំចិត្ត​ឈប់រៀន​នៅ​អាយុ​ ១១​ និង​ ១២​ ឆ្នាំ​ ដើម្បី​ដើរ​ស៊ីឈ្នួល​ធ្វើការ​ឱ្យគេ​យកលុយ​មក​ផ្គត់ផ្គង់​លោក​ ព្រោះ​ពេលនោះគ្មាន​អ្នក​ជួយរកលុយ​ចិញ្ចឹម​ប្អូន ​(​លោក​ គឹម នី​) ​ឡើយ​។​ចំណែករូបលោកវិញ​រៀន​បានតែ​ត្រឹម​ថ្នាក់​ទី​១០ ​ប៉ុណ្ណោះ​ ក៏ត្រូវ​បង្ខំចិត្ត​ឈប់រៀន​ក្នុង​អាយុ​ ១៥ ​ឆ្នាំ​ ដោយសារនៅ​ថ្នាក់​ទី​១០​ ខាង​សាលារៀន​តម្រូវឱ្យ​សិស្ស​ទាំងអស់​ផ្លាស់​ប្ដូរ​ថ្នាក់រៀន​ពី​អគារ​ជាន់​ផ្ទាល់​ដី​ទៅ​អគារ​ជាន់​លើ​ដែល​ធ្វើឱ្យ​លោក​ពិបាក​ក្នុងការ​វារ​ឡើង​កាំជណ្តើរ​។​

​លោក​ គឹម នី បានបន្ថែមថា ​មុននឹង​លោក​សម្រេចចិត្តឈប់រៀន​នោះ ​គឺ​លោក​មានការ​សោកស្តាយ​យ៉ាងខ្លាំង​​ ព្រោះ​វា​ខុសពី​បំណង​របស់លោក​ដែល​តាំងចិត្ត​ខ្លួនឯង​ថា​នឹង​ខិតខំ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ឱ្យបាន​ខ្ពង់ខ្ពស់​ ព្រោះ​ខ្លួន​ពិការ​បែបនេះ​មានតែ​ចំណេះ​វិជ្ជាទេ​ដែល​អាច​ចិញ្ចឹមជីវិត​បាន​។​ ជាមួយនឹង​ការស្ទាក់ស្ទើរ​នៃ​ការសម្រេចចិត្ត​នាពេលនោះលោក​បាន​អង្គុយ​មើលទៅ​ថ្នាក់រៀន​ជាន់​លើ​ ហើយ​ភ្នែក​សម្លឹងមើល​បន្ទប់រៀន​ដោយ​ក្តី​សោកស្តាយ និង​សែន​តឹងទ្រូង​បំផុត​។​​ គ្រានោះ​លោក​ចេះតែ​គិតពិចារណា​ម្នាក់ឯង​ថា បើ​លោក​នៅ​បន្ត​រៀន​ទៀត​គឺ​ត្រូវ​វារ​ឡើង​កាំជណ្តើរ​ ហើយ​បើ​រមៀល​ធ្លាក់​មកក្រោម​គឺ​លោក​នឹងត្រូវ​បាក់ដៃ​ជើង​ទៀតជា​មិន​ខាន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សែន​តឹងទ្រូង​មែនទែន​នៅពេល​ឃើញ​មិត្តភក្តិដើរទៅ​សាលារៀនគេ​គ្រប់គ្នា​ជិះ​កង់​ទៅ​សាលារៀន​ឆ្លងកាត់​មុខផ្ទះ​ខ្ញុំ​​យើង​ឃើញបែបនេះ​អន្ទះសា​ចង់ទៅ​រៀន​ណាស់​ ពេលខ្លះ​ខ្ញុំ​ស្រក់​ទឹកភ្នែក​នឹក​តូចចិត្ត​តែម្នាក់ឯង​»​។​

​ក្រោយពី​ឈប់រៀន​មក​លោក​ គឹម នី គិតថា ​មិនដឹង​ជា​ទៅ​រៀន​ជំនាញ​អ្វី​ដើម្បី​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃមុខ​ ព្រោះ​ខ្លួន​ពិការ​ជើង​ទាំង ​២ ​មិនអាច​ទៅណា​មក​ណា​បាន​ឆ្ងាយ​ដូចគេឯង​​ប៉ុន្តែ​ជា​សំណាងល្អ​នៅ​ថ្ងៃ ១ ​ក្នុង​ឆ្នាំ​ ១៩៩៧ មាន​មិត្តភក្តិ​ម្នាក់​ដែល​គាត់​ធ្លាប់បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជនពិការ​នៅ​វត្ត​ថា​ន់​បាន​ជូន​លោក​ទៅសុំ​អង្គការ​ឈ្មោះ ម៉ា​រី​ណូ​ល ​ដើម្បី​ចូលរៀន​។

ពេលនោះ ខាង​អង្គការ​មាន​ជំនាញ​ច្រើន​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជនពិការ​ហើយ​លោក​បានជ្រើសរើស​យក​ជំនាញ​កុំ​ព្យូទ័​រ និងភាសា​អង់គ្លេស​ដែល​ត្រូវ​រៀន​រយៈពេល ​១​ ឆ្នាំ​ពេញ​ ព្រោះ​លោក​ជា​មនុស្ស​មាន​និស្ស័យ​ចង់​ធ្វើការ​ជាមួយនឹង​ប៊ិក​សៀវភៅ​ស្រាប់​ ហើយ​ក្នុងចំណោម​សិស្ស​សរុប​ ១៥ នាក់​ គឺ​លោក​ជាប់​ចំណាត់ថ្នាក់​លេខ ​១​។

​ដោយសារតែ​ខាង​អង្គការ​មានកម្ម​វិធី​មួយ​លើកទឹកចិត្ត​សម្រាប់​សិស្ស​ឆ្នើមក៏​បាន​ផ្តល់​ការងារ​ឱ្យ​លោក​ធ្វើ​ដែល​កាលនោះ​ត្រឹមតែ​ជា​អ្នក​វាយ​អត្ថបទ​ធម្មតា​ប៉ុណ្ណោះ​ និង​ទទួលបាន​ប្រាក់ខែ ​៦០ ​ដុល្លារ​ ក្នុង​ ១ ​ខែ​។​

​លោក​ គឹម នី បន្តទៀតថា លុះ​ចាប់ពី​ឆ្នាំ​ ១៩៩៧ ​ដល់​ឆ្នាំ​ ២០០០​ ខាង​អង្គការ​ម៉ា​រី​ណូ​ល​មើលឃើញថា​ ភាសា​អង់គ្លេស​របស់លោក​អាច​និយាយ និង​សរសេរ​បាន​ប្រសើរ​ហើយ​នោះ ខាង​អង្គការ​ក៏ដំឡើង​តួនាទី​ឱ្យ​លោក​ធ្វើជា​ជំនួយការ​រដ្ឋបាល​ក្នុង​អង្គការ​។​ បន្ទាប់ពី​នៅ​ត្រាំត្រែង​យ៉ាងយូរ​ក្នុង​ការងារ​ជា​ជំនួយការ​នេះ​លោក​បាន​លាឈប់​ពី​អង្គការ​ម៉ា​រី​ណូ​ល​រួចទៅធ្វើ​ការ​ជាមួយ​អង្គការ​មួយទៀត​ផ្នែក​ថែទាំ​ក្មេងៗ​ផ្ទុកមេរោគ​អេដស៍​វិញ​ម្តង​​ ប៉ុន្តែ​លោក​មិន​ទាមទា​រប្រាក់ខែ​ឡើយ​ លុះ​ចប់​អាណត្តិ ៧​ ខែ​ជា​អ្នកស្ម័គ្រចិត្ត ទើប​ខាង​អង្គការ​ទទួលយក​រូប​លោក​ឱ្យនៅ​ធ្វើការ​បន្តទៀត។​

នៅក្នុង​ឆ្នាំ​នោះ​ហើយ​ដែល​លោក​ចាប់ផ្តើម​ចិញ្ចឹម​ក្មេង​កំព្រា ក្មេង​គ្រួសារ​ក្រីក្រ ក្មេង​ដែល​ម្តាយ​ឪពុក​បែកបាក់​គ្នា​, ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ឬ​ផឹកស្រា​ស្រវឹងខួប​។​ល​។ ហើយ​លោក​ក៏​គ្មាន​បានទទួល​ជំនួយ​ពី​អង្គការ ឬ​សមាគម​ណាមួយ​ដែរ​គឺ​​អាស្រ័យ​ដោយសារ​ភ្ញៀវ​ទេសចរដែល​មក​ឃើញ​ហើយ​អាណិត​លោក និង​ក្មេងៗ​តែប៉ុណ្ណោះ​។​

​លោក​បន្ថែមថា កាលនោះ​ ក្មេងៗ​ដែល​លោក​ចិញ្ចឹម​មាន​ចំនួន​ប្រមាណ​ជា ​៣០​ នាក់​ ហើយ​លោក​បាន​ជួល​ផ្ទះមួយ​សម្រាប់​ពួកគេ​ស្នាក់នៅ​ហូបចុក​រហូតដល់​ពេល​ខ្លះ​លោក​ជំពាក់​បំណុល​គេទៀត​ផង​។​លុះនៅឆ្នាំ​ ២០០៧ ដល់ឆ្នាំ ២០១២ ​លោក​បាន​ចាប់ចិត្ត​ស្រឡាញ់​នារី​ម្នាក់ និង​រៀបការ​រួមរស់​ជាមួយគ្នា​។​បន្ទាប់មក​លោក​បាន​បើក​សាលាបង្រៀន​ភាសា​អង់គ្លេស​មួយ​នៅ​ម្តុំ​ផ្សារ​ផ្សារ​ប៉ាំង​សី ស្ថិតក្នុង​ឃុំទួល​អម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​។​ នៅ​ទីនោះ​លោកក៏​បង្រៀន​ក្មេង​មិន​យកលុយ​ដែរ​​ ប៉ុន្តែ​ការណ៍​ដែល​លោក​ និង​ប្រពន្ធ​កូន​ចេះតែរ​ស់បាន​គឺ​អាស្រ័យ​ដោយសារ​​មិត្តភក្តិ​ជា​ជនជាតិ​បរទេស​មួយចំនួន​ដែល​ធ្លាប់​រាប់អាន​លោក​ពីមុន​ចេះតែ​ជួយផ្តល់​ថវិកា​ខ្លះៗ​ដល់​លោក ​ហើយក៏​ចេះតែ​ទ្រទ្រង់​បន្ត​ការបង្រៀន​រហូតមក​ដល់ឆ្នាំ​ ២០១៥​។​

​លោក គឹម នី បានថ្លែងថា លោក​ស្ទើរតែ​នឿយណាយ​នឹង​ការបង្រៀន​នេះ​យូរ​ឆ្នាំ​មកហើយ​ ​ណាមួយ​កាយសម្បទា​របស់លោក​មិន​មាំមួន​ដូច​គេ​ផង​ ​ព្រោះថា​ ខ្លួន​ត្រូវ​ដើរតួជា​ឪពុក​ក្មេងៗ​ផង ជា​អ្នក​ឧបត្ថម្ភ​ផង ជា​គ្រូបង្រៀន ​ជា​អ្នកទំនាក់ទំនង​ផង​ ពោលគឺ​អ្វីៗ​ទាំង​អស់លោក​ធ្វើ​តែម្នាក់ឯង​។​

កូនសិស្សនៅខេត្តតាកែវកន្លងមក។ រូបថត សហការី

ដោយសារបែបនេះលោក​ក៏​សម្រេចចិត្ត​នាំ​ប្រពន្ធ​ និងកូន​ចំនួន​ ៤ ​នាក់​ទៅ​រស់នៅ​ស្រុកកំណើត​ខាង​ប្រពន្ធ​ក្នុងភូមិ​ព្រៃស្បាត ឃុំត្រពាំង​ធំ​ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ​វិញ​ម្តង​។​នៅ​ទីនោះ​ក៏​មិនបាន​ស្ងប់​សុខ​ដែរ​ ព្រោះ​កូនៗ​របស់​អ្នកភូមិ​ដឹងថា​លោក​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ក៏​អង្វរ​ឱ្យ​លោក​ជួយ​បង្រៀន​ពួកគេ​បន្តទៀត​តែ​ត្រូវ​លោក​បដិសេធ​ជាច្រើនលើក​​។​

ប៉ុន្តែដោយសារ​ក្មេងៗ​ចេះតែ​មក​អង្វរ​លោក​ខ្លាំងពេក​ទើប​លោក​សម្រេចចិត្ត​ចាប់ផ្តើម​បង្រៀន​នៅ​ថ្ងៃទី​ ៣ ​ខែមេសា ​ឆ្នាំ​ ២០១៥​។​ពេលនោះ​គ្មាន​ក្តារខៀននិង​ទីកន្លែង​រៀន​បាន​សមរម្យ​​ទេគឺ​មានតែ​គ្រែ​ ១​ ហើយ​លោក​អង្គុយ​ចំ​កណ្តាល​គ្រែ ​រីឯ​ក្មេងៗ​អង្គុយ​រៀន​នៅ​ជុំវិញ​លោក​។ ​ចំពោះ​ការសរសេរ​វិញ​គឺ​ប្រើតែ​ជញ្ជាំង​ផ្ទះ​ជំនួស​ឱ្យ​ក្តារខៀន​ប៉ុណ្ណោះ​។​

លោក​បន្តទៀតថា​ បើទោះជា​គ្មាន​តុ​កៅអី​ក្តារខៀន​សរសេរ​យ៉ាងនេះ​ក្តី​ តែ​លោក​សង្កេតឃើញថា​ ចំនួន​ក្មេង​មក​រៀន​ភាសា​អង់គ្លេស​ពី​ ១ ​ថ្ងៃ​ ទៅ​ ១​ ថ្ងៃ​ចេះតែ​កើន​ច្រើនឡើងៗ​ទើប​លោក​សម្រេចចិត្ត​ទៅ​បង្រៀន​នៅក្នុង​រោង​គោ​វិញ​ម្តង​ ព្រោះ​មាន​ទីធ្លា​ធំ​ល្មម និង​វែង​ដែល​អាចដាក់​ក្មេងៗ​បាន​ច្រើន​នាក់​។​ ទោះជា​លាយឡំ​នឹង​ក្លិនអាច​ម៌​គោ​ឆ្អេះឆ្អាប​ទឹកនោមគោ​យ៉ាងណាក្តី​ក៏​លោក​រួម​នឹង​សិស្ស​ចេះតែ​នាំគ្នា​តស៊ូ​រៀន​ និងបង្រៀនទាំង​គ្រូ​ទាំង​សិស្ស​ទៅ​។​

នៅពេល​និយាយ​ដល់​ត្រង់នេះ ​លោក​ គឹម នី បាន​ផ្លាស់ប្តូរ​ពី​សំឡេង​ក្រៀមក្រំ​មក​បញ្ចេញ​សំឡេង​ត្រេកអរ​វិញ​ថា​៖ «​ខ្ញុំ​ហាក់ដូចជា​មានភ័ព្វ​ព្រេង​សំណាង​មាន​និស្ស័យ​បុណ្យ​ដែរ​ កំពុងតែ​អត់​តុ​កៅអីអង្គុយ​ក៏​ស្រាប់តែ​មានកូន​សិស្ស​រប​ស់​ខ្ញុំ​ម្នាក់​ដែល​ឪពុក​របស់គេ​បើក​បង្រៀន​ភាសា​អង់គ្លេស​ដែរ​នៅ​ស្រុក​ត្រែងត្រយឹង​ តែ​គាត់​ក្ស័យ​ធន​ក៏​លែង​បង្រៀន​។ ដូចនេះ​កូន​របស់គាត់​ដែល​រៀន​ជាមួយ​ខ្ញុំ​បាន​ទៅ​ត្អូ​ញ​ត្អែ​រ​ប្រាប់​ឪពុកគេ​ថា​ ខ្ញុំ​មានការ​ខ្វះខាត​តុ​កៅអី​ ពេល​ឪពុក​ឮ​អ៊ីចឹង​ក៏​អាណិត​និង​ផ្តល់​តុ​កៅអី​ដល់​ខ្ញុំ​ទើប​ខ្ញុំ​បាន​បង្រៀន​បន្តទៀត​»​។​

​លោក ​គឹម ​នី​ លើកឡើងថា​ ក្រោយពី​ទទួលបាន​តុ​កៅអី​ធ្វើឱ្យ​លោក​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ទេ​ តែ​ក្តី​រីករាយ​នោះប្រែជា​ក្តីបារម្ភ​វិញ​ដោយសារតែ​ប្រទេស​ជួប​នឹងវិបត្តិ​ជំងឺ​កូ​វីដយ៉ាង​ខ្លាំង​។​ពេលនោះ​ទូទាំងប្រទេស​ហាម​មិនឱ្យ​មានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ហើយ​លោក​បាន​បង្ខំចិត្ត​រំសាយ​សិស្ស​ឈប់​បង្រៀន​មួយរយៈ​ធំ​។​

ពេលនោះ​លោក​បាន​អំពាវនាវ​តាម​បណ្តាញ​សង្គម​ហើយមានយុវជន​ខ្លះបាន​ឃើញ​ក៏នាំគ្នា​ជួយ​ចែករំលែក​​បន្ត​រហូត​មាន​មិត្តភក្តិ​ជា​ជនបរទេស​មើលឃើញ​ពី​សកម្មភាព​បង្រៀន​របស់លោក​ ពួកគេ​ក៏នាំគ្នា​ផ្ញើ​ប្រាក់មក​ជា​បន្តបន្ទាប់​ឱ្យ​លោក​ទិញ​តុ​កៅអី​បន្ថែម​ដែលមាន​ទាំង​សប្បុរសជន​ក្នុងប្រទេស​និង​ក្រៅប្រទេស​ផង​ដែរ ជួយ​គាំទ្រ​លោក​។​

សប្បុរសជន​ទាំងនោះ​បានផ្តល់​ជា​ថវិកា​ឱ្យ​លោកទិញ​ស័ង្កសី​យកមក​ជួសជុល​រោង​គោ​បិទបាំង​ធ្វើ​ជញ្ជាំង​ប្រក់​ដំបូល​បាន​ប្រសើរ​បន្ដិច​តែក៏​មិន​ស្អាត​ដែរ​គ្រាន់តែ​ប្រសើរ​ជាង​មុន​។​ លោក​បាន​បង្រៀន​រយៈពេល​ ៨​ ឆ្នាំ​មកហើយ​ដោយ​គ្មាន​បានទទួល​ប្រាក់​ក​ម្រៃ​អ្វី​ ១ ​រៀល​ពី​ក្មេងៗ​ទេ​ តែ​លោក​ធ្វើ​នេះ​គឺ​ដើម្បី​បំពេញ​សំណូម​ពរ​របស់​ក្មួយៗ​ក្នុងភូមិ​តែប៉ុណ្ណោះ​។​ ម្យ៉ាងទៀត​លោក​មិន​ចង់ទុក​ចំណេះ​ដឹង​ដែល​លោក​មាន​ចោល​ទទេៗ​ឡើយ​ រួមទាំង​ពេលវេលា​ផង​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ខំ​ធ្វើបុណ្យ​តាមរយៈ​បង្រៀន​ក្មេងៗ​ដើម្បីឱ្យ​ជាតិ​ក្រោយ​កុំឱ្យ​អភ័ព្វ​ដូចជា​តិ​នេះ​ទៀត​។​ព្រោះ​ខ្ញុំ​យល់ថា​ការធ្វើ​បុណ្យ​ធ្វើ​ទាន​ជាមួយ​ចំណេះដឹង​នេះ​វា​មិន​សាបសូន្យ​ទេ​។​ណាមួយ​ខ្ញុំ​ចង់​លះបង់​ចូលរួម​ជាមួយ​ការងារ​សង្គម​ដើម្បី​តបស្នង​ដល់​ទឹកដី​កំណើត​របស់ខ្ញុំ​ផង​»​។​

លោក គឹម នី ពេលកំពុងបង្រៀនសិស្សនៅខេត្តតាកែវកន្លងមក។ រូបថត សហការី

​បើតាម​លោក​ គឹម នី​ បច្ចុប្បន្ន​នៅ​សាលា​របស់លោក​មាន​បង្រៀន​ជា​ភាសា​អង់គ្លេស កុំ​ព្យូទ័​រ និង​ភាសា​ចិន ដែលមាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្ម័គ្រចិត្ត​មក​បង្រៀន​ដល់​ក្មេង​។​ជាមួយគ្នានេះដែរ​ ក៏មានយុវជន​យុវតី​ ២​ នាក់​ បាន​ស្ម័គ្រចិត្ត​មក​ជួយបង្រៀន​ក្មេងៗ​ដែរ​។​ ដោយសារតែ​លោក​ទទួលបាន​ជំនួយ​ជា​ថវិកា​ខ្លះ​ពី​ប្រជាជន​អង់គ្លេស​ក៏ធ្វើបាន​បន្ទប់​ ១ ​សម្រាប់​លោកគ្រូ​ស្នាក់នៅ​ ហើយ​លោក​គិតថា ​នឹងធ្វើ​បន្ទប់​ ១ ទៀត​ សម្រាប់​គ្រូ​ជា​ស្ត្រី​ដើម្បីឱ្យ​គាត់​ស្នាក់​នៅបាន​សមរម្យ​។​ចំពោះ​ក្មេងៗ​ប្រុស​ស្រី​ដែល​មក​រៀន​បន្ថែម​នៅ​សាលា​របស់លោក​មាន​ចំនួន​ ៣២៥ ​នាក់ ដោយ​ពួកគេ​ខ្លះ​ដើរមក​រៀន ​ខ្លះ​ជិះ​កង់​២-៣​គីឡូម៉ែត្រឯណោះ​។​

ដោយឡែក​នៅ​សាលា​របស់លោក​មានកម្ម​វិធី​បង្រៀន​កុំ​ព្យូទ័​រ ភាសា​អង់គ្លេស ភាសា​ចិន​ចាប់ពី​ម៉ោង​ ៧ ​ព្រឹក​ រហូតដល់​ម៉ោង​ ៧​ យប់​។​សិស្ស​ដែល​មក​រៀន​ជាមួយ​លោក​ មានមកពី​សាលាបឋមសិក្សា​ចំនួន​ ៥ និង​អនុវិទ្យាល័យ​ ១ វិទ្យាល័យ​ ១​ ផង​ដែរ។​សិស្ស​ទាំង​ ៣២ ៥​នាក់​នេះ​ មកពី​​ឃុំ​ចំនួន ២​។​

​ទោះជាយ៉ាងណា លោក​បាន​ត្អូ​ញ​ត្អែ​រថា ពេលខ្លះ​លោក​ក៏បាន​ជួប​វិបត្តិ​ថវិកា​ដែ​រ​ តែ​លោក​ខិតខំ​លក់​សត្វ​ក្ងាន​ សត្វ​ព្រាប​តាម​អន​ឡាញ​បាន​លុយ​តិចតួច​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ព្រោះ​លោក​មានកូន​ដល់​ទៅ​៤​នាក់​ ក្នុងនោះមានស្រី​ម្នាក់ ​តែ​កូនប្រុស​ម្នាក់​ស្វិតជើង​ដូច​លោក​មិនអាច​ដើរ​បានឡើយ​។ រីឯ​កូន​ម្នាក់ទៀត​ស្ទើរតែ​ស្វិតជើង​ដូច​លោក​ដែរ ​តែ​ដើរ​បាន​ខ្លះ ហើយបើ​ដួល​បន្តិច​ក៏​បាក់ឆ្អឹង​ដែរ​ព្រោះ​ឆ្អឹង​គាត់​ក៏ស្រួយដូចលោក​​ដែរ​។​នេះ​ជាជំងឺ​តំណពូជ​ហើយ​លោក​ក៏​មិនដឹងថា​ទៅ​ថ្ងៃមុខ វា​យ៉ាងម៉េច​ទៀត​ទេ​ តែ​លោក​ព្យាយាម​រម្ងាប់​អារម្មណ៍​។​

លោកបានឱ្យដឹងថា ពីមុន​ពេលមាន​សប្បុរសជន​ជួយ ​គឺ​លោក​ជិះ​តែ​រទេះ​បង្វិល​កង់​ដោយ​ដៃ​ទេ​ តែ​ដោយ​មើលឃើញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក៏មាន​មិត្តភក្តិ​លោក​ម្នាក់​ជា​ជនជាតិ​អង់គ្លេស​ បានទិញ​រទេះ​អគ្គិសនី​ផ្ញើមកឱ្យ​លោក​ តែ​ឥឡូវនេះ រទេះ​នោះបាន​ខូច​អស់ហើយ​។​បន្តម​កទៀត​មាន​សប្បុរសជន​ជួយ​រទេះ​អគ្គិសនី​ ១ ​គ្រឿង​ទៀត​ដល់​លោក​ ហើយ​បច្ចុប្បន្ននេះ​លោក​កំពុងតែ​ប្រើប្រាស់​វា​ជា​យាន​ជំនិះដ៏សំខាន់​ជា​មធ្យោបាយ​ជិះទៅ​បង្រៀន​។​

​លោក គឹម នី បានបន្តទៀតថា​៖ «​កាលពី​ខ្ញុំ​នៅ​ជិះរទេះ​បង្វិល​គឺ​ចង់ទៅ​ណា​មក​ណា​មិនបាន​ដូច​ចិត្ត​ទេវា​រគើមៗ​ដល់​ខ្ញុំ​បាន​រទេះ​អគ្គិសនី​ថ្មី​ខ្ញុំ​ត្រេកអរ​មែនទែន​ ព្រោះវា​បាន​ជួយ​ការងារ​ខ្ញុំ​ច្រើនណាស់​។ ​ខ្ញុំ​ជួយ​កិច្ចការ​សង្គម​បែបនេះ​ដោយ​គិតថា​ប្រវត្តិ​ខ្ញុំ​ពីមុន​ជា​ក្មេង​កំព្រា​រស់នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​ រីឯ​ផ្ទះ​វិញ​ខ្យល់​បក់​មក​ស្ទើរតែ​រំលំ​ អ៊ីចឹង​ហើយ​នេះ​ជា​មូលហេតុ​។​ខ្ញុំ​មិន​ចង់ឱ្យ​ក្មេងៗ​មាន​ប្រវត្តិ​ដូច​ខ្ញុំ​ទេ ​ខ្ញុំ​ដាក់ឈ្មោះ​សាលា​ខ្ញុំ​ថា​ (​អាយ​ស៊ី​អាយ​ឌូ)»​។​

បើតាម​លោក​ គឹម នី ដី​សាលា​នេះ​ជា​កម្មសិទ្ធិ​របស់លោក​ផ្ទាល់​និង​មាន​ទំហំ​ដី​ក្បាល ​២៧ ​ម៉ែត្រ បណ្តោយ ​២០០​ ម៉ែត្រ។​ដី​សាលា​នេះ​លោក​ទុក​ធ្វើជា​សាលា​រហូតដល់​អស់​ជីវិត​។​ដោយសារ​តែមាន​សប្បុរ​សជន​ជួយឧបត្ថម្ភ​ដល់​សាលា​របស់លោក​ជា​ហូរហែ​មកដល់ពេលនេះ​លោក​សង់​បាន​បន្ទប់​បង្រៀន​ភាសា​អង់គ្លេស​ ១ បន្ទប់​ថ្នាក់​ភាសា​ចិន​ ១ និងបន្ទប់​ថ្នាក់​កុំ​ព្យូទ័​រ​ ១ តែ​បន្ទប់​ថ្នាក់រៀន​ទាំង​៣​នេះ​ក្តៅ​ណាស់ ​ព្រោះ​ទាំង​ជញ្ជាំង និង​ដំបូល​សុទ្ធតែ​ហ៊ុមព័ទ្ធ​ដោយ​ស័ង្កសី​ហើយ​ងាយ​នឹង​ខូច​កុំ​ព្យូ​ទ័​រទៀតផង​ តែទោះជា​យ៉ាងណា​ក៏​វា​ប្រសើរ​ជាង​មុន​ដែល​អត់​ទាំង​ជញ្ជាំង​ដំបូល​ក៏​ធ្លុះធ្លាយដែរ​ព្រោះខែខ្លះ​ពេល​ក្តៅ​ខ្លាំង​លោក​បាន​ឱ្យសិស្ស​ចេញពី​បន្ទប់​សិន​ព្រោះ​ខ្លាច​ក្មេងៗ​ដួលសន្លប់​។​

​លោក​លើកឡើងថា កន្លងមក​ខាង​ក្រុមហ៊ុន​ជីបម៉ុង​បាន​ជួយ​កុំ​ព្យូទ័​រ​ ២០ គ្រឿង ធុងសំរាម​៧ និងកៅអីបង់​អង្គុយ ១០ ​លោកជំទាវ​ម៉ែន ច​ន្ដា ២០​ គ្រឿងនិង​បាន​បញ្ជូន​ក្រុម​ជាងសំណង់​មក​វាស់វែង​ដី​ក្នុង​បរិវេណ​សាលា​ដែរ​។ ​តែ​លោក​មិនដឹងថា ​ទៅ​ថ្ងៃមុខ​ទៀត​យ៉ាងណាទេ ​តែពេលនេះ​ វាគឺ​ជា​សញ្ញា​មួយ​ដល់​លោក​ឱ្យ​កាន់​តែមាន​ក្តីសង្ឃឹម​ខ្លាំង​ឡើងៗ​ដោយសារតែ​មួយរយៈ​នេះ​មាន​បងប្អូន​សប្បុរសជន​ជួយ​ជា​ក្តារខៀន ប៊ិក​ហ្វឺត ​អ៊ីចឹង​លោក​មិនសូវ​ជា​ជួប​បញ្ហា​ពិបាក​ដូច​មុន​ទេ​។ តែ​អ្វីលោ​កនៅ​ជួប​ការលំបាក​ខ្លាំងគឺខ្វះ​បន្ទប់ទឹក​ដោយសារ​ក្មេងៗ​មាន​ជាង​ ៣០០ ​នាក់​ ហើយ​បន្ទប់ទឹក​បច្ចុប្បន្ន​មានតែ ១​។​

​ចំពោះ​ទឹក​ប្រើប្រាស់​វិញ​លោក​មិន​ជួប​បញ្ហា​ទេ ព្រោះ​កាលពី​ឆ្នាំ ​២០១៧ មានកូន​ខ្មែរ​នៅ​បរទេស​ម្នាក់​គាត់​បាន​ស្ម័គ្រចិត្ត​មក​បង្រៀន​ហើយពេល​ត្រឡប់​ទៅវិញ​គាត់​ប្រាប់​ក្រុមគ្រួសារ​របស់គាត់​ក៏បាន​ជួយ​ជីក​អណ្តូងទឹក​ឱ្យ​ ១ និង​ជួយ​ធ្វើជា​ស៊ីទែន​សម្រាប់​ស្ដុកទឹក​ផង។ ​រីឯ​អគ្គសនិ​វិញ​ត្រូវ​ទិញ​ពី​ក្រុមហ៊ុន​ឯកជន​ដែល​ក្នុង​ ១ ខែៗ​ ត្រូវ​បង់ថ្លៃ​អគ្គិសនីពី ​២៥ ​ទៅ​ជាង​ ៣០ ​ម៉ឺន​រៀល ​ដែល​លុយ​បង់ថ្លៃ​ភ្លើង​នេះ​លោក​បាន​ពី​សប្បុរសជន​ជួយ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ខែ​ខ្លះ​លោក​ក៏ត្រូវ​បាន​គេ​ផ្ដាច់​ចរន្ត​អគ្គិសនីមិនឱ្យ​ប្រើ​ ២-៣​ ដង​​ដែរ​។

លោកបានរំពឹងថា​ ​ទៅ​ថ្ងៃ​អ​នា​គត​បើ​ចេះតែមាន​សប្បុរសជន​ជួយ​គឺ​លោក​នឹង​កែសម្រួល​បន្ទប់រៀន​ឱ្យបាន​ស្រួល​បន្តិច​ដោយលោក​សង្ឃឹមថា នឹង​មានប​ង​ប្អូន​សប្បុរសជន​ចាប់អារម្មណ៍​ពីទីកន្លែង​ដ៏​តូច​ ១ ​​ដែល​ផ្តល់​ចំណេះដឹង​ដល់​ក្មេងៗ​មួយនេះ ហើយតាមរយៈសេចក្តីអំពាវនាវ​របស់​លោក​នឹង​បានដឹង​ដល់​សប្បុរសជន​ទាំងនោះ។​

​លោក អ៊ុំ រិម មេឃុំត្រពាំង​ធំ​ខាងជើង ក្នុងស្រុកត្រាំកក់ បានឱ្យដឹងថា ចំពោះ​សាលាបង្រៀន​ដែលមាន​គ្រូ​ជា​ជនពិការ​ជើង​ទាំង ២ ​គឺ​គាត់​បាន​បង្រៀន​ក្មេងៗ​ក្នុងភូមិមិនគិតថ្លៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​​។ ​ដោយសារតែ​ការងារ​ជួយ​បង្ហាត់បង្រៀន​របស់គាត់ដោយ​ស្ម័គ្រចិត្ត​នេះ​ បាន​ទាក់ទាញ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​ជួយឧបត្ថម្ភ​ដល់​គាត់​ជា​បន្តបន្ទាប់​រហូតដំណើរការបាន​មកទល់​ប​ច្ចុ​ប្បន្ន​។​ ការជួយ​បណ្តុះបណ្តាល​ដល់​កូនៗ​អ្នកភូមិ​នូវ​ចំណេះដឹង​ដូចជា​ភាសា​អង់គ្លេស ជំនាញ​កុំ​ព្យូទ័​រ និង​ភាសា​ចិន​បែបនេះ​ គឺជា​កិច្ចការ​មួយ​ជួយ​បង្កើន​ចំណេះ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ច្រើនណាស់​។​

​លោក​បន្តថា ឃុំ​ត្រពាំង​ធំ​ខាងជើង ក៏ដូចជា​ឃុំ​ឯទៀត​ដែរ​ គឺជា​តំបន់​ជនបទ​ដែល​ក្មេង​ត្រូវការ​ចំណេះ​បំ​ប៉ន​បន្ថែម​ក្រៅពី​រៀន​នៅ​សាលា​រដ្ឋ​ ហើយ​បើ​មាន​សាលាបង្រៀន​ដោយ​ស្ម័គ្រចិត្ត​បែបនេះ​លោក​សប្បាយចិត្ត​ណាស់​ក្នុងនាម​ជា​អាជ្ញាធរ​ឃុំ​។​​ លោក​ថ្លែងថា​៖ «​ខ្ញុំ​ថាបើ​គាត់​បង្រៀន​គឺ​គាត់​មានចំណេះដឹង​ហើយ​ដូចជា​ជំនាញ​កុំ​ព្យូ​ទ័​រ ខាង​ភាសា​អង់គ្លេស និង​ភាសា​ចិន​ក្មេងៗ​ចេញពី​សាលា​រដ្ឋ​ទៅ​ពួកគេ​ទៅ​រៀន​បន្ថែម​នៅ​សាលា​របស់គាត់​។​ លោកគ្រូ​ម្នាក់​នេះ ជួយ​ក្មេងៗ​បាន​ច្រើន​​ណាស់​»៕