​ភ្នំពេញៈ ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​បញ្ជាក់ថា​ ការអប់រំ​កំពុង​ត្រូវ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី តាមរយៈ​បរិវត្ត​កម្ម​នៃ​ការអប់រំ ក្នុងពេលដែល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​កំពុងមាន​តម្រូវការ​ផ្នែក​ជំនាញ និងទេពកោសល្យ ហើយ​អ្នកសិក្សា​ត្រូវតែ​បន្ត​រៀន ជាប់​ជាប្រចាំ​នូវ​ជំនាញ​ថ្មីៗ បន្ស៊ាំ​ខ្លួន​ជាមួយនឹង​ប្រព័ន្ធ​អេកូឡូស៊ី​ការងារ​ដែលមាន​ការប្រែប្រួល ជាប់​ជាប្រចាំ និង​បណ្តុះ​គំនិត​ច្នៃប្រឌិត​សម្រាប់​ដឹកនាំ​ឱ្យមាន​បរិវត្ត​កម្ម​ឌីជីថល​។


លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​យ៉ាងនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ «​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការអប់រំ​ឌីជីថល​» នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នេះ។

លោក​ថ្លែងថា​៖ «​សិស្សានុសិស្ស និង គ្រូបង្រៀន ត្រូវ​ភ្ជាប់​ខ្លួន​ទៅកាន់​នវានុវត្តន៍​នៃ​ការអប់រំ ថ្មីៗ មាតិកា​ឌីជីថល និង កម្មវិធីសិក្សា​ដែល​សម្បូរបែប និង មានគុណ​ភាព បណ្តាញ​គ្រឹះស្ថាន សិក្សា​ដែលមាន​ម៉ូ​ដែល និង គំរូ​ថ្មីៗ ឱកាស​សម្រាប់​អភិវឌ្ឍ​បំ​ណិ​ន​សតវត្សរ៍​ទី២១ ឱ្យបាន កាន់តែ​ប្រសើរ និង ការផ្សារភ្ជាប់​ការសិក្សា​ទៅកាន់​តម្រូវការ​នៅលើ​ទីផ្សារការងារ ដែល​តម្រូវឱ្យ មាន​សមត្ថភាព និង​ជំនាញ​ឌីជីថល​កាន់តែ​ខ្ពស់​»​។​


លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែងថា ការទទួលស្គាល់​ពីសា​រៈ​សំខាន់​នៃ​បច្ចេកវិទ្យា​ឌីជីថល គ្រាន់តែ​ជា​ឧបករណ៍​ដែល ជួយ​ឱ្យ​ការរៀន និង​បង្រៀន​កាន់​តែមាន​ប្រសិទ្ធភាព ប៉ុន្តែ​ឧបករណ៍​នេះ​នឹង​មិនមែនជា​របស់ ដែល​ត្រូវ​យកមក​ជំនួស​ឱ្យ​ការរៀន និង​បង្រៀន​ដោយផ្ទាល់​នោះបានទេ ដែល​មានន័យថា "​បច្ចេកវិទ្យា គឺជា​ឧបករណ៍​ជំនួយ​, តែ​មិនមែន​ឧបករណ៍​ជំនួស នោះឡើយ​”។

លោកថ្លែងថា ការសម្ពោធ «​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការអប់រំ​ឌីជីថល​» បាន​ឆ្លុះ​បង្ហាញ​យ៉ាង​ប្រត្យក្ស​នូវ​កិច្ច ខិតខំ​ប្រឹងប្រែង និង​ការឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ព​ន្លឿ​ន​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការអប់រំ តាមរយៈ​ការ​បង្ខិត​បច្ចេកវិទ្យា​អប់រំ​ឱ្យបាន​ដល់ដៃ​សិស្សានុសិស្ស​។​


លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ការសម្ពោធ​ជា​ផ្លូវការ «​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការអប់រំ​ឌីជីថល​» គឺជា​បង្គោល​ចរ​ថ្មី​មួយទៀត នៃ​បរិវត្ត​កម្ម​នៃ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​វិស័យ​អប់រំ​ដែលជា​ការសម្រួល​សកម្ម​ភាព​មួយ​ដែល​ផ្តល់​លទ្ធផល​ដើម្បី​កសាង​មូលធន​មនុស្ស​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖​ «​អគារ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការអប់រំ​ឌីជីថល​ត្រូ​បាន​ជួសជុល​កែលម្អ​និង​អភិរក្ស​អគារ​បេតិកភណ្ឌ​មួយ​នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ហើយក៏​ជា​និមិត្តរូប​នៃ​បរិវត្ត​កម្ម​នៅក្នុង​វិស័យ​អប់រំ​ផងដែរ​»​។​

លោក​បន្តថា ការ​ជ្រើស​រើសយក​ទីតាំង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ​ធ្វើជា​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការអប់រំ​ឌីជីថល ដោយសារតែ​ជា​វិទ្យាល័យ​មួយ​ដែល​ចាស់​ជាងគេ​បំផុត​នៅ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៨៧៣ ជា​កន្លែង​បណ្តុះបណ្តាល​សិស្ស គរុ​សិស្ស ប​ញ្ញ​វន្ត​ជាច្រើន​នាក់​រហូតមកដល់​សព្វ​ថ្ងៃនេះ​។​

លោក​ថ្លែងថា មជ្ឈមណ្ឌល​នេះ គឺជា​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​ប្រមូលផ្តុំ​រាល់​ឯកសារ​ទាំងអស់ ទាំង​វីដេ​អូ​ដែល​ថត​បាន​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​នៃ​វិ​ប​ត្តិ​កូ​វីដ​ ១៩ ហើយ​បង្កើតជា​បណ្តាញ​មួយ​សម្រាប់​ការអប់រំ​ពី​ចម្ងាយ ដែល​សិស្ស​អាច​ប្រើ App ចូលរៀន​បាន​។ មួយវិញទៀត មជ្ឈមណ្ឌល​នេះ​មាន​ទាំង​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​ដែល​សាលារៀន​ជំនាន់​ថ្មី អាច​ប្រើប្រាស់ App គ្រប់គ្រងពិនិត្យ​វត្តមាន​សិស្ស​និង​គ្រូ​។ ក្រៅពីនេះ​គឺជា​ការពង្រឹង​សមត្ថភាព​គ្រូ ដោយ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ ជាពិសេស​គ្រូ​អាច​ថត​ជា​វី​ដេ​អូ​ដើម្បី​ចែករំលែក​ហើយ​តាមរយៈ​វិ​ដេ​អូ​ គ្រូ​ក៏​អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​បានដែរ​។

លោក ណា​រ៉ុ​ន ថ្លែងថា ពេល​វិ​ប​ត្តិកូ​វីដ​ ១៩ វាយលុក​ខ្លាំង ក្នុង​វិស័យ​អប់រំ​បាន​បិទ​សាលារៀន​ជាបណ្តោះអាសន្ន ​ប៉ុន្តែការបិទ​នេះ​បែរជា​បាន បង្កើត​ឱកាស​សម្រាប់​ការអប់រំ​ឌីជីថល ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យូ​ធូប វាត់​អាប់ ដើម្បី​ថត ជា​វីដេ​អូ បង្កើតជា​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា Learning Management System ដែល​ប្រើ Google swift ប្រើ App ក៏ដូចជា​បង្កើត​វិ​ដេ​អូ​សិក្សា​ជាច្រើន និង​បាន​បង្កើតជា​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា​ផ្ទាល់ខ្លួន អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ ជាពិសេស​បាន​បង្កើត Cambodian Cyber University Network ដែល​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ទៀតផង​៕