​បន្ទាយមានជ័យៈ សាក់ សុខ​ធី ជា​យុវជន​មាន​ពិការភាព​ពី​កំណើត បាន​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៧ នៅ​វ័យ​ ១៩ ​ឆ្នាំ ក្នុងអំឡុង​ឆ្នាំ ​២០១៩ ដោយហេតុ​គេ​មិនអាច​ធ្វើដំណើរ​ទៅ​សាលារៀន​ដោយ​ខ្លួនឯងបាន ក្រោយពី​មិត្តភក្ដិ​ដែល​ធ្លា​ប់រៀន​សាលា​ជាមួយគ្នា ហើយ​ធ្លាប់បាន​ជូន​គេ​ទៅ​សាលា បាន​បោះបង់​ការសិក្សា​ចោល​មុនគេ​។​


សុខ​ធី ថ្លែងថា​៖ «​ខ្ញុំ​ឈប់រៀន ព្រោះ​កត្តា​ធ្វើដំណើរ ដោយសារ​មិត្តភក្ដិ​ដែល​ខ្ញុំ​ធ្លាប់​ទៅជា​មួយ​បាន​ឈប់រៀន ពេលនោះ​ខ្ញុំ​ក៏បាន​សាកល្បង ទៅ​រៀន​ធ្វើ​ជាជាង​ទូរទស្សន៍ តែ​មិនអាច​ចាប់​អាជីព​នេះ​បាន ក៏​បង្វែ​មក​រៀន​ជាជាង​ម៉ូតូ​វិញ​»​។​

យុវជន​រូប​កើតមក​មាន​អវៈយវៈ​មិន​ពេញលក្ខណៈ ឬ Phocomelia ដោយ​គន្លាក់ដៃ​របស់គេ​មិនអាច​បត់​បាន ខ្វេ​ប្រអប់ដៃ​ទាំងសងខាង និង​មាន​ម្រាម​មិន​គ្រប់​ចំនួន ខណៈ​ជើង​ទាំង ​២ ​ខ្លី និង​កាច់​ញែក​ចេញពី​គ្នា​។ សុខ​ធី ជា​កូនប្រុស​ពៅ​ក្នុង​គ្រួសារ​អ្នកស្រែ​ចម្ការ មាន​បងប្អូន​សរុប ៩​ នាក់ រស់នៅក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្ដ​បន្ទាយមានជ័យ​។


សុខ​ធី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​មិន​ខុសពី​កូនជាង​ទើប​រៀន​ដំបូងៗ​ដទៃទៀត​នោះទេ ការជួសជុល​ម៉ូតូ​នេះ ត្រូវ​មេជាង​ស្ដីបន្ទោស​រឿង​ការ​ហុច​សោរ​ខុស និង​ដោះ​គ្រឿង​ភ្លេច​ខ្ចៅ​»​។

សុខ​ធី ថ្លែង​ទៀតថា​៖ «​ថ្វីដ្បិតតែ​ទទួលស្គាល់ថា កាយសម្បទា​ខ្ញុំ​មិន​ពេញ​បូ​រិ​បូរ​ណ៌​ដូច​អ្នកដទៃ និង​ជួប​ការលំបាក​ច្រើនជាង​អ្នកដទៃ​យ៉ាងណាក៏ដោយ ខ្ញុំ​នៅតែ​និយាយថា ចំពោះ​មុខរបរ​ជួសជុល​ម៉ូតូ ខ្ញុំ​អាចធ្វើ​បាន​មិន​ចាញ់​មនុស្ស​មាន​កាយសម្បទា​ធ​ម្ម​តា​នោះទេ​។ ជា​រៀងរាល់ថ្ងៃ ខ្ញុំ​មានការ​ងារ​ធ្វើ​ច្រើន លើកលែងតែ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល ដែល​រំខាន​ដល់​អាជីវកម្ម​គ្រប់ៗ​គ្នា មិនមែន​តែ​ការងារ​ជួសជុល​ម៉ូតូ​របស់ខ្ញុំ​នោះទេ​»​។


ដោយសារតែ​លទ្ធភាព​នៅ​ខ្សត់ខ្សោយ សុខ​ធី មិនអាច​ទិញ​គ្រឿងបន្លាស​ម៉ូតូ​បាន​គ្រប់គ្រាន់​បម្រើ​ដល់​ការជួសជុល​នោះទេ ដោយ​ត្រូវ​ទិញ​គ្រឿង​ពី​តូប​ដទៃ​សម្រាប់​ជួសជុល​ឱ្យ​ភ្ញៀវ​។

លោក​បានឱ្យដឹងថា​៖ «​បើ​មាន​គ្រឿង​ដាក់លក់​ច្រើន ១ ​ថ្ងៃ​ ខ្ញុំ​អាច​រកចំណូលបាន​ពី ៣​ ម៉ឺន​ទៅ ៥ ​ម៉ឺន​រៀល​ដែរ​។ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​កាត់​ចំណូល​ទាំងនេះ​ខ្លះ​សម្រាប់​ទិញ​គ្រឿង​ពី​គេ​បន្ដ​»​។

នៅពេល​បងៗ​ទាំង ៨​ នាក់ បាន​រៀបការ និង​មានគ្រួសារ​រៀងៗ​ខ្លួន លោក សុខ​ធី ត្រូវ​បង្កើន​ការខិតខំ​ប្រឹងប្រែង​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង​ផង និង​អ្នក​ម្ដាយ​ចាស់ជរា​ថែមទៀត​។

ជាមួយ​រូបរាង​ខុស​ប្រក្រតី​ពី​បងៗ​ទាំង ៨​ នាក់ យុវជន​ដែល​និយម​បង្ហោះ​សកម្មភាព​ទាំង​នៅលើ Facebook និង TikTok បាន​អះអាងថា​៖ «​ខ្ញុំ​មិនតូច​ចិ​ត្ដ​តូច​ថ្លើម​ចំពោះ​កាយសម្បទា​ពី​កំណើត​របស់ខ្ញុំ​ឡើយ​។ ខ្ញុំ​មានតែ​ខិតខំ​ប្រឹងប្រែង​លើស​អ្នក​ធម្មតា​ដើម្បី​ជីវភាព​ ១​ ដែល​សមប្រកប​»​។

លោក​និយាយថា​៖ «​ខ្ញុំ​មានតែ​សម្លឹង​ទៅមុខ ដោយ​ប្រឹងប្រែង​ធ្វើ​ការរកចំណូល ពឹង​អាស្រ័យ​លើ​ខ្លួនឯង និង​ជួយ​ម្ដាយ​ជរា​នៅផ្ទះ​ជាមួយ ពីព្រោះ​បងៗ​គាត់​មានគ្រួសារ​ចេញ​អស់ហើយ​។ បងៗ​គាត់​ជួយ​ទៅតាម​លទ្ធភាព​របស់គាត់​»​។

ពេល​សួរថា មានបំណង​ចង់រក​ដៃគូ​ជីវិត​ដូច​បងៗ​ដែរឬទេ លោក សុខ​ធី បាន​ឆ្លើយ​ទាំង​ស្ទាក់ស្ទើរ​ថា «​ខ្លាច​ចិញ្ចឹម​កូន​គេ​មិន​រស់​»​។ ប៉ុន្ដែ​លោក​មិន​ប្រកែក​ថា មិន​យក​ឡើយ ដោយសារ​នេះ​ជា​ធម្មជាតិ​។

ម្យ៉ាងវិញទៀត ជាង​ជួសជុល​ដែលមាន​ដៃជើង​មិន​ប្រក្រតី​រូបនេះ មិនអាច​បើក​ម៉ូតូ​ដោយ​ខ្លួនឯង​បានឡើយ ហើយ​លោក​ក៏​មិនមាន​លទ្ធភាព​ទិញ​ម៉ូតូ​កង់​បី​សម្រាប់​ជិះ​ខ្លួនឯង​ដែរ​។ ប៉ុន្ដែ​លោក​អះអាងថា​៖ «​ខ្ញុំ​អាច​បើក​ម៉ូតូ​កង់​បី​ច្នៃ​ដោយ​ខ្លួនឯង​»​។​

វីដេអូ​ឃ្លី​ប​របស់​យុវជន​មាន​ពិការភាព​កំពុងធ្វើការ​ជួសជុល​គ្រឿង​ម៉ាស៊ីន​ម៉ូតូ ត្រូវបាន​ចែករំលែក​បន្ដ និង​ផ្ដល់​មតិយោបល់​ដោយ​បង្ហាញ​ពី​ក្ដី​អាណិតអាសូ និង​កោតសរសើរ​ពី​ការតស៊ូ​ក្នុង​ឆាកជីវិត​នៅលើ​បណ្ដាញ​សង្គម Facebook​។

ដោយសារតែ​ការចែក​ចាយ​ទាំងនេះ លោក សុខ​ធី ក៏​ទទួលបាន​នូវ​ជំនួយ​ពី​សប្បុរសជន​មួយចំនួន ដែលមាន​ក្ដី​អាណិត​ស្រឡាញ់​ចំពោះ​រូបលោក​។

លោក សុខ​ធី ដែល​ខ្លួន​ប្រឡាក់​ប្រឡូក​ទៅដោយ​ប្រេងម៉ាស៊ីន និង​សម្លៀកបំពាក់​ដិតដាម​ដោយ​ធូលី ដែល​លោក​ត្រូវ​រំកិល​បំលាស់​ទី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​មាន​សប្បុរសជន ៣​នាក់​បាន​ជួយ​ជា​សម្ភារ​សម្រាប់​ជួសជុល​ម៉ូតូ ដែល​សម្រួល​ដល់​ការប្រើប្រាស់​កម្លាំង​ជាច្រើន​»​។

លោក ឈុន លីម ដើម្បី​ប៉ះ​ម៉ូតូ​ដែល​ធ្លាយ បាន​បណ្ដើរ​ម៉ូតូ​សំដៅទៅ​កាន់​តូប​ជួសជុល​ម៉ូតូ​មួយ ហ៊ុំព័ទ្ធ​ដោ​យស​ង្ក័​សី​ចាស់ៗ ប៉ុន្ដែ​គ្មាន​គ្រឿងបន្លាស​តាំង​លក់​ព្រោងព្រៀត ឃើញច្បាស់​តែ​ម៉ាស៊ីន​ខ្យល់​ ១ និង​គ្រឿង​ម៉ាស៊ីន​ម៉ូតូ​ដោះ​រប៉ាត់រប៉ាយ ក៏មាន​ម្ចាស់​ខុសពី​ជាង​ដទៃ​ផងដែរ​។

ពិការភាព​របស់ សុខ​ធី គេ​មិនអាច​មើល​ដឹង​ច្បាស់​បាន​ថា​អង្គុយ ឬ​ឈរ​នោះ តែ​កំពុង​មមាញឹក​ក្នុងការ​រើ​ម៉ាស៊ីន​ម៉ូតូ បានស្នើ​សុំ​លោក លីម ជួយ​លើក​ម៉ូតូ​ដាក់​ជ​ន្ទ​ល់​កណ្ដាល រួច​ចាប់ផ្ដើម​ទាញ​ប្រដាប់​គាស់​មក​គាស់​សម្បក​កង់​ម៉ូតូ​ភ្លាមៗ ខណៈ​លោក​អង្គុយ​លើ​គ្រែ​រងចាំ​។

​ម្ចាស់​ម៉ូតូ​អាយុ ២៣ ​ឆ្នាំ លោក លីម បាន​និយាយថា លោក​ទទួលស្គាល់ថា ជាង​ពិការភាព​រូបនេះ​មាន​សមត្ថ​ភាពមិន​ខុសពី​ជាង​ដទៃ​ឡើយ​។ ដូច្នេះលោក​មិន​មើល​តែ​សម្បក​ក្រៅ ដោយ​ផោ្ដ​ត​លើ​សមត្ថ​ភាពជា​ចម្បង​។

លោក លីម ថ្លែង​ដោយ​ក្ដី​ស្រឡាញ់​ចូល​ចិ​ត្ដ​ជាង​ម៉ូតូ​រូបនេះ​ចេះ​តស៊ូ​នឹង​ជីវិត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​គាត់​ធ្វើ​ការល្អ​។ គាត់​ធ្វើបាន​ទាំងអស់​ចំពោះ​ការជួសជុល និង​រើស​ម៉ាស៊ីន​ម៉ូតូ​។ គ្រាន់តែ​មើលទៅ​ឃើញ​គាត់​ពិបាក​ឡើង​ចុះ​ផ្សារ​ទិញ​គ្រឿងបន្លាស់​ប៉ុណ្ណោះ​»​។

ដោយ​មើលឃើញ​ពី​ការ​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់​យុវជន សុខ​ធី ជួសជុល​ម៉ូតូ​ខ្វះ​សម្ភារ​ប្រើប្រាស់ បុរស​ផ្សេង​ម្នាក់ទៀត ឈ្មោះ​លោក ពិសិដ្ឋ (Piseth) បាន​បង្ហោះ​នៅលើ Facebook ដោយ​បង្ហាញ​ទឹក​ចិ​ត្ដ​ចូលរួម​ជួយ​រំលែក​ការលំបាក​របស់​យុវជន​មានការ​ពិការភាព​ជាមួយ​ការផ្ដល់​សម្ភារ​សោរ​មួយឈុត និង​ឧបករណ៍​គាស់​ពោះវៀន​ម៉ូតូ​មួយគូ​។

លោក​បានឱ្យដឹង​នៅលើ Facebook ថា​៖ «​សូម​បង​ជាជាង​ជួសជុល​ម៉ូតូ​ពិការ​ដៃ ទាក់ទង​មក​ខ្ញុំ​តាម​លេខ​ទូរស័ព្ទ​នេះ ប្អូន​ជួយ​សម្ភារ​សោរ​មួយឈុត និង​ប្រដាប់​គាស់​ម៉ូតូ​អា​ល្អ​ ២»​។

​ក្រៅពី​ការងារ​ជួសជុល​ម៉ូតូ លោក សុខ​ធី ក៏​អាច​ជួសជុល​គ្រឿង​បរិក្ខា​អេឡេចត្រូនិក​តិចតួច​បន្ថែមទៀត ដូចជា កង្ហា និង​ឆ្នាំង​ដាំបាយ​ជាដើម​។

យុវជនដែល​ចាប់​អាជីព​ជាជាង​ជួសជុល​ម៉ូតូ​បានបញ្ជាក់​អំពី​ជំហរ​របស់ខ្លួន​ថា លោក​ត្រូវខិតខំ​ដោយ​សមត្ថភាព​ខ្លួនឯង ទោះបីជា​ការជួសជុល​គ្រឿង​ម៉ាស៊ីន​ម៉ូតូ​លំបាក និង​ទាមទារ​ការតស៊ូ​យ៉ាងណាក៏ដោយ ក៏​លោក​មិន​លាដៃ​សុំ​លុយ​ពី​អ្នកដទៃ​ដែរ​។

លោក​បាន​និយាយថា​៖ «​យើង​មាន​លុយ​ចាយ​ខ្លួនឯង​ងាយស្រួល ហើយ​បើ​យើង​លាដៃ​សុំ​លុយ​ពី​គេ ខ្មាស​គេ​! ខ្ញុំ​មិនអាច​ធ្វើ​បានទេ​»​។

ថ្វីដ្បិតតែ​លោក សុខ​ធី ជា​ជន​មាន​ពិការភាព និង​ជីវភាព​ក្រីក្រ​យ៉ាងណាក៏ដោយ ក៏​រហូតមកដល់​សព្វ​នេះ ក្រៅពី​សប្បុរសជន​មួយចំនួន លោក​មិនទាន់​បានទទួល​ការឧបត្ថម្ភ​ណាមួយ​ពី​អាជ្ញាធរ​នោះទេ​។

លោក ឃុន វុទ្ធី ប្រធាន​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ដ​បន្ទាយមានជ័យ បាន​លើកឡើងថា រាល់​ជន​មាន​ពិការភាព​គួរ​ត្រូវ​បានទទួល​ជំនួយ​ឧបត្ថម​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​ជន​មាន​ពិការភាព យើង​បាន​ចុះបញ្ជី​ឈ្មោះ​ទទួល​ជំនួយ​ពី​រាជរដ្ឋាភិបាល ដែល​ក្នុងចំណោម ១៤ ០០០ ​នាក់ យើង​បាន​បញ្ចូល​ចំនួន ១ ​ម៉ឺន​នាក់​រួចហើយ​នៅ​ទូទាំង​ខេត្ដ​។ ផ្អែកលើ​ទិន្នន័យ​នេះ ខាង​ផ្នែក​គាំពារ​សង្គម​រៀបចំ​ជួយ​ពួកគាត់​ទៅតាម​គោលការណ៍​រាជរដ្ឋាភិបាល​»​។

យោងតាម​លោក វុទ្ធី បានឱ្យដឹងថា ក្រៅពី​ជន​មាន​ពិការភាព ពលរដ្ឋ​រង​ប៉ះពាល់​ពី​វិបត្ដិ​កូ​វីដ ដែលមាន​ប័ណ្ណ​ក្រីក្រជាង ៣ ​ម៉ឺន​គ្រួសារ កំពុង​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ប្រចាំខែ ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ ដែល​មន្ទីរ​សង្គមកិច្ច​បាន​អនុវត្ដ​រៀងរាល់​រហូត​។

ជន​មាន​ពិការភាព​ក្រីក្រ​នៅក្នុង​សហគមន៍ ដែល​ត្រូវបាន​អនុវត្ដ​ផ្ដល់ជំនួយ​នៅក្នុង​ក្រុង​សិរី​សោ​ភណ្ឌ មាន​ចំនួន ៤០៣ ​នាក់ និង​ស្រុក​មង្គលបុរី ដែលមាន ៤៩៨​ នាក់​។ លោក វុទ្ធី បាន​បញ្ជាក់ថា ជន​មាន​ពិការភាព​អាច​ទទួលបាន​ប័ណ្ណ​ជំនួយ​ផ្នែក​ពិការភាព​ផង និង​ប័ណ្ណ​ជា​ជនក្រីក្រ​ថែមទៀត​។

លោក​បាន​និយាយ​អំពី​យុវជន សុខ​ធី ជា​ជន​មាន​ពិការភាព លោក​នឹង​ចុះទៅ​ពិនិត្យមើល​ដល់ទី​តាំង​ថា តើ​យុវជន​ពិការ​អវៈយវៈ​រូបនេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​របស់​មន្ទីរ​ហើយ​ឬ​នៅ ហើយ​លោក​នឹងធ្វើ​ការឱ្យ​លឿន​ភ្លាមៗ​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បីឱ្យ​ជន​មាន​ពិការភាព​ត្រូវបាន​គាំពារ​។

យ៉ាងណាមិញ លោក សុខ​ធី មានបំណង​ប្រាថ្នា​ឱ្យ​តូប​ជួសជុល​ម៉ូតូ​របស់ខ្លួន​មាន​ពេញ​ទៅដោយ​សម្ភារ និង​គ្រឿងបន្លាស់​ម៉ូតូ​សម្រាប់​លក់ និង​ដល់​សេវាកម្ម​ដល់​ភ្ញៀវ​របស់លោក​។​ លោក សុខ​ធី បានឱ្យដឹងថា​៖ «​សព្វថ្ងៃនេះ ខ្ញុំ​ជួសជុល​ម៉ូតូ​បានតែ​ម៉ា​ចាយៗ ដោយ​ត្រូវយក​គ្រឿង​ពី​គេ​ផង និង​ផាត់​ចំណាយ​ផ្សេងៗ​នៅសល់​ចំណូល​បន្ដិចបន្ដួច​»៕