កំពង់ឆ្នាំងៈ ជនសង្ស័យចំនួន ២ នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុសចាប់ឃាត់ខ្លួន ករណីលួចក្របីចំនួន ៤ ក្បាល (ញីចំនួន ៣ ក្បាល និងកូនឈ្មោលចំនួន ១ ក្បាល) ដោយបានដឹកឡើងរថយន្ត នៅចំណុចព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែវិច្ឆិកា។
មន្ត្រីនគរបាលស្រុកទឹកផុសបានឱ្យដឹងថា ជនសង្ស័យទាំង ២ នាក់មានឈ្មោះ ១- ម៉េន បាវ ភេទប្រុស អាយុ ៣១ ឆ្នាំ និង ២- ឈ្មោះ ឈន ដានឹត ភេទប្រុស អាយុ ២៧ ឆ្នាំ ។
ជនសង្ស័យទាំង ២ នាក់រស់នៅភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
វត្ថុតាងដកហូតបានរួមមាន រថយន្តសាំយ៉ុង ១ គ្រឿង (កែឆ្នៃ) និងក្របី ៤ ក្បាល ។
បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕