ភ្នំពេញៈ ថ្នាក់ដឹកនាំ​កំពូល កម្ពុជា-វៀតណាម ឯកភាព​គ្នា​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​ពី​ខេត្ត​ផ្សេងៗ ឬ​ពី​ទីក្រុងធំៗ​ទៅ​កាន់​គ្នា​ទៅវិញ​ទៅមក និង​ជំរុញ​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំង ២ តាម​ផ្លូវ​គោក​ផងដែរ។


ការ​ឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋ​មន្ត្រី​វៀតណាម នាថ្ងៃទី៨ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ក្នុង​ឱកាស​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ២ថ្ងៃ ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា។

លោក អ៊ាង សុផល្លែត ជំនួយ​ការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នេះ​ថា ថ្នាក់ដឹកនាំ​កំពូល​ទាំង​២ បាន​ឯកភាព​គ្នា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំង ២ ជាពិសេស លើ​វិស័យ​សេដ្ឋកិច្ច។


លោកបញ្ជាក់ថា ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​ការ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ ទាំង​យុវជន ទាំង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​ការ​តភ្ជាប់​ខឿន​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ២ ទាំង​ផ្នែកទន់ ទាំង​ផ្នែករឹង។

លោក អ៊ាង សុផល្លែត បន្តថា ថ្នាក់​ដឹកនាំ​ទាំង​២ ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​ទាំង ២ តាម​រយៈការពង្រឹង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ផង និង​ពង្រីក​ឱ្យ​មាន​ទីផ្សារ និង​បើក​ច្រកតាម​ព្រំដែន ដើម្បី​ឱ្យ​មាន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង ២ ផង។


លោកបញ្ជាក់ថា៖ «លើសពី​នោះ​ទៀត ក៏​មាន​ការ​ឯកភាព​គ្នា​រវាង​ថ្នាក់ដឹក​នាំ​ទាំង ២ ជំរុញ​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំង ២ ទាំង​តាម​ផ្លូវគោក ទាំង​តាម​ផ្លូវ​អាកាស​តាម​រយៈការ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​ពី​ខេត្ត​ផ្សេងៗ ឬ​ពី​ទីក្រុងធំៗ​ទៅ​កាន់​គ្នា​ទៅវិញទៅមក។ ក្នុង​នោះ ក៏​មាន​ការ​ឯកភាព​គ្នា​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ឌីជីថល និង​ជាពិសេស​លើ​វិស័យ​ដទៃ​ទៀត​ផងដែរ»។

លោក ហ៊ុន សែន អរគុណ​វៀតណាម​ដែល​តែងតែ​ផ្ដល់​នូវ​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​និង​បាន​អបអរសាទរ​ដល់​វៀតណាម ដែលទទួល​បាន​កំណើន​សេដ្ឋកិច្ច​យ៉ាងល្អ និង​ទប់ស្កាត់​ជំងឺ​កូវីដ១៩ បាន​យ៉ាងល្អ៕