ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១០ វិច្ឆិកា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។
ជាកិច្ចចាប់ផ្តើម លោក ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញចូលរួមក្នុងជំនួបទ្វេភាគីនាឱកាសនេះ។
បើតាមហ្វេសប៊ុកក្រសួងសាធារណការក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃ ដែលតែងតែជួយគាំទ្រកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង ២ ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន។
លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីសកម្មភាពការងារសំខាន់ៗជាច្រើន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃនៅតាមព្រំដែន ក្នុងនោះរួមមាន៖ ១- គម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់សម្រេចបានជិត ៧០% ហើយ គិតត្រឹមថ្ងៃទី ៣១ តុលា ឆ្នាំ ២០២២ និងកំពុងជំរុញការងារបន្ត។
២- គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់បានណងអៀន ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាលើការយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាននៅឡើយ។
ទាក់ទងនឹងបញ្ហានេះដែរ ភាគីថៃនឹងស្នើសុំការឯកភាពពីថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីពិនិត្យលើសំណើរបស់ភាគីកម្ពុជា ដែលមិនតម្រូវឱ្យយកកម្រៃសេវាពីអ្នកប្រើប្រាស់ស្ពាន ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងនោះ។
៣- គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ) ស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នការសិក្សាគំនូសប្លង់នៃអគារឆ្លងកាត់ព្រំដែនអន្តរជាតិនេះ ត្រូវបានបញ្ចប់រួចរាល់ និងកំពុងពិនិត្យស្វែងរកលទ្ធភាពក្នុងការស្ថាបនា។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានបង្ហាញទស្សនៈយល់ស្របចំពោះលោក ស៊ុន ចាន់ថុល ដែលបានលើកឡើងខាងលើ និងបានបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃនេះស្រាប់។
លោកថ្លែងបន្ថែមទៀតថា ទោះបីជាស្ថិតក្នុងបរិបទដែលមានជំងឺកូវីដ ១៩ រាតត្បាតក៏ដោយ ក៏វិស័យដឹកជញ្ចូនទំនិញរវាងប្រទេសទាំង ២ ក៏មិនបានទទួលរងការប៉ះពាល់ខ្លាំងនោះទេ ដោយសារមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។
នៅចុងបញ្ចប់ភាគីទាំង ២ បានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សា ខាងលើឱ្យសម្រេចបានលទ្ធផលលេចចេញជារូបរាងនាពេលខាងមុខឆាប់ៗ និងបានប្តេជ្ញាខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕