នៅមុនដំណើរការកិច្ចប្រជុំជាផ្លូវការអាស៊ានបូកបី ចិន ជប៉ុន និងកូរ៉េខាងត្បូង គឺថ្នាក់ដឹកនាំអាស៊ានបើកិច្ចប្រជុំជាមួយបណ្តាប្រទេសទាំងនេះដោយឡែក ដើម្បីផ្លាស់ប្តូរទស្សនៈ និងបង្ហាញការគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបន្តគាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់។
នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ មេដឹកនាំអាស៊ាន បានបើកកិច្ចប្រជុំដោយឡែកជាមួយប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិ។ សម្រាប់កិច្ចប្រជុំកំពូលជាផ្លូវការអាស៊ានបូកបី ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី ២៥ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកានេះ។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានបានថ្លែងថាកិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី ២៥ គឺថ្នាក់ដឹកនាំអាស៊ានបានចូលរួមអបអរសាទរភាពជោគជ័យ ចំពោះកិច្ចប្រជុំមហាសន្និបាតកុម្មុយនិស្ត ចិន លើកទី ២០ ដែលបានប្រារព្ធធ្វើឡើងនាពេលថ្មីៗនេះ និងបានគាំទ្រចង្ខុវិស័យដែលបានដាក់ចេញឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ។
លោកបន្តថា ថ្នាក់ដឹកនាំអាស៊ាន ចិន បានផ្លាស់ប្តូរទស្សនៈគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន ចិន ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។
លោកគូសបញ្ជាក់ថា៖ «កិច្ចប្រជុំបានវាយតម្លៃខ្ពស់ និងស្វាគមន៍គំនិតផ្តួចផ្តើមថ្មី ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍ និងពេញលេញ ក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន ចិន ដើម្បីសន្តិភាព និងវិបុលភាព សម្រាប់ឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៥ ព្រមទាំងសម្រេចឱ្យបាននូវរាល់គោលដៅនៃកិច្ចព្រមព្រៀងមួយនេះ»។
លោកបន្ថែមថា ថ្នាក់ដឹកនាំអាស៊ាន ចិន បានអនុម័តនូវឯកសារសំខាន់ៗចំនួន បី គឺសេចក្តីថ្លែងការណ៍រួមអាស៊ាន ចិន ខួបលើកទី ២០ នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង សេចក្តីថ្លែងការណ៍រួមអាស៊ានចិន ស្តីពីការពង្រឹងការអភិវឌ្ឍន៍រួម និងប្រកបដោយចីរភាព និងសេចក្តីថ្លែងការណ៍រួមអាស៊ាន ចិន ស្តីពីការសហប្រតិបត្តិការសន្តិសុខស្បៀង។
លោក គង់ ភោគ ឱ្យដឹងទៀតថា ដោយឡែកក្នុងកិច្ចប្រជុំកំពូលអាស៊ានជាមួយសាធារណរដ្ឋកូរ៉េខាងត្បូង លើកទី ២៣ ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញនូវភាពសោកស្តាយចំពោះសោកនាដកម្មនៅតំបន់ Itaewoon ដែលបានកើតឡើងនាពេលថ្មីៗនេះ នាំដល់ការបាត់បង់ជីវិតមនុស្សជាច្រើន។
លោកថ្លែងថា ថ្នាក់ដឹកនាំអាស៊ានស្វាគមន៍ចំពោះការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅ ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំនេះ និងស្នើឱ្យសាធារណរដ្ឋកូរ៉េខាងត្បូងបន្តចែករំលែកជំនាញ និងបទពិសោធផ្នែកហិរញ្ញវត្ថុ ជាពិសេសទៅលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់មូលដ្ឋាន ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍរចនាសម្ព័ន្ធ ហិរញ្ញវត្ថុក្នុងតំបន់»។
លោកបន្តថា៖ «ថ្នាក់ដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏បានបង្ហាញឆន្ទៈ ក្នុងការបន្តជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងសង្គម ក៏ដូចជាជំរុញបន្ថែមទៀតនៃការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស។
ដោយឡែកពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ានជាមួយអង្គការសហប្រជាជាតិ លោក គង់ ភោគ ថានឹងជូនដំណឹងនៅពេលក្រោយ ដោយសារនៅមានកែប្រែខ្លឹមសារមួយចំនួន៕