សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សារា​រំពឹង​ថា ភ្ញៀវ​ទេសចរ​កាន់​តែច្រើន​ នឹង​ចូល​សាល​របាំ​នៃ​ប្រាសាទ​តាព្រហ្ម​ បន្ទាប់​ពី​ត្រូវបាន​ក្រុម​អ្នក​ជំនាញ​​ជួស​ជុល​រួចរាល់​មក​នោះ។


លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃទី ១៤ ​វិច្ឆកា ​ឆ្នាំ​ ២០២២ ថា ​សាល​របាំ​នៃ​ប្រាសាទ​តាព្រ​ហ្ម​ជាផ្នែកមួ​យ​ដែលនាំឱ្យ​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​បន្ថែម​ទៀត។ ប្រាសាទ​តាព្រហ្ម ក៏​ជា​គោល​ដៅ​ទេសចរ​មួយ​ចម្បង​នៅ​តំបន់​នា​នា​នៃ​អង្គរ និង​ជា​ប្រាសាទ​ដែល​នៅ​ជាប់​ជា​មួយ​នឹង​ដើម​ឈើ និង​ធម្ម​ជាតិ​ផងដែរ។

លោក​បន្ថែមថា ការ​ជួស​ជុល​សាល​របាំ​នៃ​ប្រាសាទ​នេះ ជា​ចំណុច​ ១ ​ដែល​សំខាន់ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេ​សចរ ដែល​ចូល​មក​ទស្សនា​ឱ្យ​ចំណាយ​ពេល​កាន់​តែច្រើន​ស្វែង​យល់​ពីបរិ​វេណ​ប្រាសាទ​។


លោក ឡុង កុសល ថា៖ «ការ​ជួស​ជុល​សាល​របាំ​នៃ​ប្រាសាទ​នេះ គឺ​យើង​ប្រើ​រយៈ​ពេល​យូរ​ណាស់ ដល់​តែ ​២ ឆ្នាំ ហើយ​មូល​ហេតុ​នៃ​ការ​ប្រើ​រយៈ​ពេល​យូរ គឺ​ដោយ​សារ​យើង​ត្រូវ​កសាង​ឯក​សារ និង​ត្រូវ​លើក​ជា​ជម្រើស​បែប​បទ​នៃ​ការ​ជួស​ជុល។ ​បន្ទាប់​យក​បែប​បទ​ដែល​បាន​ជ្រើស​រើ​ស ត្រូវ​យក​ទៅ​ពិភាក្សា ​ឯកភាព ផ្ដល់​មតិ​ពី​គណៈ​កម្មា​ការ​អង្គរ»។

លោក​បន្ថែម​ថា ចំណែក​ឯ​ថវិកា​ក្នុង​ការ​ជួស​ជុល គឺ​បាន​មក​ពី​ភាគី​ប្រទេស​ឥណ្ឌា ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​អាជ្ញាធរ​ជាតិ​អប្សរា មាន​ន័យ​ថា​ រាល់​ការ​ចំណាយ​ទាំង​អស់ គឺ​ប្រទេស​ឥណ្ឌា​ជា​អ្នក​គ្រប់​គ្រង ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ខ្វះ​ខាត គឺ​ខាង​អាជ្ញាធរ​ជា​តិអប្សរា ជាអ្នក​ជួយ​គាំ​ពារ និង​ឧបត្ថម្ភ​ផង​ដែរ។


ជាមួយគ្នានេះលោកស្រី ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទេសចរណ៍ បាន​ប្រាប់​ថា​ សាល​របាំ​នៃ​ប្រាសាទ​តាព្រហ្មដែល​បាន​ជួស​ជុល​រួច​រាល់ ដោយ​អ្នក​ជំនាញ​មក​ពី​ប្រទេស​ឥណ្ឌា និង​ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ពេល​នេះ​ត្រូវ​បាន​សម្ពោធ និង​ដាក់ឱ្យ​ចូល​ទស្សនា​ជា​សាធារណៈ​ហើយ ដោយ​អាច​សង្ឃឹមថា នឹង​​ទាក់​​ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កើន​ឡើង​ជាង​មុន។

លោកស្រី ឆាយ ស៊ីវលីន ថា៖ «យើង​សង្ឃឹម​ថា អាច​នឹង​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ច្រើន ពីព្រោះ​អី​លើក​មុន​មាន​ការ​ទាក់​ទាញ​ដែរ ប៉ុន្តែ​នៅ​ក្នុង​មាន​តែ​ ១ ​ចំណែក​អ៊ីចឹង​ណា ហើយ​យើង​ក៏​អត់​ដែល​បាន​ឃើញ​សាល​របាំ​ហ្នឹង​ទេ។ ដូច្នេះ​វា​ហ្នឹង​ទាក់​ទាញ​អ្នក​មក​លើក​មុន ចង់​មក​ឃើញ ដោយ​សារ​លើក​មុន​មាន​តែ​គំនរ​ថ្ម ហើយ​គេ​ចង់​ឃើញ​សាល​របាំ​ហ្នឹង​វា​មាន​​លក្ខណៈ​បែប​ម៉េច ស្អាត​យ៉ាង​ម៉េច អ៊ីចឹង​វា​ទាក់​ទាញ​អ្នក​ទស្សនា​បាន​ច្រើន​ជាង​មុន»។

លោកស្រីបន្តថា ជាពិសេស អាច​​នឹង​ទាក់​ទាញ​ឱ្យ​អ្នក​ទស្សនា មក​ស្នាក់​នៅ​បាន​យូរ​ជាង​មុន ក្នុង​ការ​គយ​​គន់​សាល​របាំ​នេះ​។

សូម​បញ្ជាក់​ថា សាល​របាំ​នៃ​ប្រាសាទ​តាព្រហ្ម​ដែល​បាន​ជួស​ជុលដោ​យអ្នកជំនាញ​មកពី​ប្រទេស​ឥណ្ឌា ក្រោម​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ត្រូវ​បានសម្ពោធ​​ដាក់​ឱ្យចូល​ទស្សនា​ជា​សាធា​រណៈ ចាប់​ពីថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២​។

​មុននឹ​ងមានការ​ជួស​ជុល​សាលរ​បាំប្រាសាទ​តាព្រ​ហ្មនេះ កាលពី​មុន​សាល​ប្រាសាទ​នេះត្រូ​វបាន​ដួល​រលំជាគំ​នរថ្ម ហើយ​ដំបូល​ត្រូវជ្រុះធ្លា​ក់​ស្ទើរទាំង​ស្រុង ចំណែក​សសរ​ដួល​រាបដល់​ដីគ្មាន​សល់​និង​បាន​ចាប់ផ្តើម​ជួស​ជុល​ចាប់​តាំង​ពីឆ្នាំ​ ២០១០​ និង​បាន​បញ្ច​ប់​ទាំងស្រុង​​នៅឆ្នាំ​ ២០​២២ ​នេះ៕​