
ជញ្ជ្រាំងស្រូវរបស់ប្រជាកសិករ បន្ទាប់ពីច្រូតកាត់រួច។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ បច្ចុប្បន្ន ចំបើង និងជញ្ជ្រាំងស្រូវបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករខ្មែរ ដែលនិយមដាំដុះដំណាំស្រូវ ព្រោះក្រោយពីច្រូតកាត់ប្រមូលផលស្រូវរួចរាល់ហើយនោះ ចំបើង និងជញ្ជ្រាំងស្រូវ ក្នុងដីស្រែ ១ ហិកតា អាចផ្ដល់ប្រាក់ចំណូលយ៉ាងតិច ៧០ ម៉ឺនរៀល។
តាំងពីបុរាណកាលមកកសិករខ្មែរបានចាត់ទុកចំបើង និងជញ្ជ្រាំងស្រូវជាកាកសំណល់សំរាម ដែលមានប្រយោជន៍ត្រឹមតែអាចយកមកលាយជាមួយស្មៅស្រស់ៗ សម្រាប់ដាក់ឱ្យសត្វគោ-ក្របីរបស់ពួកគេស៊ី ក្នុងរដូវទឹកជំនន់ ឬរដូវរាំងស្ងួតប៉ុណ្ណោះ។ ហេតុដូច្នេះហើយចំបើង និងជញ្ជ្រាំងស្រូវភាគច្រើនត្រូវបានគេទុកចោល ឬដុតចោលនៅលើដីស្រែដ៏ធំល្វឹងល្វើយ ក្រោយពីច្រូតកាត់ប្រមូលផលស្រូវរួច។ ការដុតចំបើង និងជញ្ជ្រាំងស្រូវ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងដីស្រែប៉ុណ្ណោះទេ ជារឿយៗបានបង្កជាគ្រោះអគ្គិភ័យ ភ្លើងឆេះព្រៃ ឆេះផ្ទះសំបែង ខូចខាតទ្រព្យសម្បត្តិ និងស្លាប់ជីវិតមនុស្សថែមទៀតផង។
សម្រាប់កសិករខ្មែរនាពេលបច្ចុប្បន្នបានចាត់ទុកចំបើង និងជញ្ជ្រាំងស្រូវជាប្រភពធនធានដ៏សំខាន់ និងមានប្រយោជន៍យ៉ាងច្រើនក្រាស់ក្រៃសម្រាប់ពួកគេ។ ប្រជាកសិករនៅភូមិសំរោងខាងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប លោក ឈាវ ហុង អាយុ ៦៥ ឆ្នាំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រៅពីទុកសម្រាប់ធ្វើជាចំណីអាហាររបស់សត្វគោ-ក្របី ចំបើង និងជញ្ជ្រាំងស្រូវអាចយកទៅបណ្ដុះធ្វើជាផ្សិតចំបើង សម្រាប់ធ្វើជាម្ហូបអាហារ ឬកែច្នៃធ្វើជាជីកំប៉ុសសម្រាប់ដាក់ដីស្រែ ដើម្បីបង្កើនជីជាតិដី និងកាត់បន្ថយការចំណាយទៅលើថ្លៃទិញជីគីមីកសិកម្ម ឬយកទៅលាយដីឥដ្ឋសម្រាប់ធ្វើជាជញ្ជាំងខ្ទមចាំស្រែចម្ការបានយ៉ាងមានប្រសិទ្ធភាព មិនចាញ់ជញ្ជាំងស្លឹកនោះទេ។ មិនតែប៉ុណ្ណោះ គេអាចយកចំបើង និងជញ្ជ្រាំងស្រូវទៅក្រាលទ្រាប់ផ្លែឈើ ពងមាន់ ពងទា កុំឱ្យប៉ះទង្គិចគ្នា រងការខូចខាតបានផងដែរ។
លោក ហុង ដែលបច្ចុប្បន្នជាប្រធានគណៈកម្មការបច្ចេកទេសនៃសហគមន៍កសិកម្មសំរោងមានជ័យ បាននិយាយថា៖ «ឥឡូវនេះចំបើង និងជញ្ជ្រាំងស្រូវក៏មានទីផ្សារដែរ ក្រោយពីច្រូតកាត់ប្រមូលផលស្រូវរួច កសិករយើងក៏អាចលក់ចំបើង និងជញ្ជ្រាំងស្រូវបានក្នុងតម្លៃជាមធ្យមចន្លោះពី ៧០ ម៉ឺនរៀលទៅ ១ លានរៀលក្នុងផ្ទៃដី ១ ហិកតា។ ប៉ុន្តែបើសិនជាយើង យកវាមកកែច្នៃបណ្ដុះផ្សិតចំបើងលក់វិញនោះ យើងអាចរកប្រាក់ចំណូលពីចំបើង និងជញ្ជ្រាំងស្រូវបានច្រើនជាងនេះទ្វេដង»។
ដោយមានបច្ចេកទេសក្នុងការបណ្ដុះផ្សិតចំបើងជាង ៤០ ឆ្នាំ លោក ហុង បានប្រាប់ឱ្យដឹងថា កាលពីមុន ក្រោយពីច្រូតកាត់ប្រមូលផលស្រូវរួច លោក និងក្រុមគ្រួសារតែងតែនាំគ្នាប្រមូលយកចំបើងពីក្នុងស្រែ ទៅទុកដាក់នៅក្នុងរោងស្តុកចំបើង ដើម្បីទុកឱ្យគោស៊ីផង និងកែច្នៃបណ្ដុះជាផ្សិតចំបើងលក់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផង។ ចំណែកជញ្ជ្រាំងស្រូវវិញ គឺលោកប្រើត្រាក់ទ័រភ្ជួរកប់លុបនៅក្នុងដីស្រែវិញ ដើម្បីឱ្យពុកផុយជួយបង្កើនជីជាតិដី ដែលរួមចំណែកក្នុងការកាត់បន្ថយការចំណាយទៅលើថ្លៃជីគីមីកសិកម្មបានប្រមាណ ៦០ ភាគរយ។
ប៉ុន្តែចាប់តាំងពី ៤ ឆ្នាំមុន បន្ទាប់ពីលោកបានទិញម៉ាស៊ីនមូរចំបើង ១ គ្រឿងរួចមក ជញ្ជ្រាំងស្រូវរបស់លោកឈប់ភ្ជួរកប់លុបទៀតហើយ គឺលោកប្រើគ្រឿងចក្រមូរទុកដាក់ជាមួយចំបើង ដើម្បីផលិតផ្សិតចំបើងលក់ និងសម្រាប់ឱ្យសត្វគោចំនួន ៤៥ ក្បាលស៊ី។ បើតាមលោក ហុង ចំបើង និងជញ្ជ្រាំងស្រូវដែលពុកផុយរលួយ ក្រោយពីបណ្ដុះផ្សិតរួច គឺអាចយកមកលាយផ្សំគ្នាជាមួយលាមកគោ និងអាចម៍មាន់ ផលិតចេញជាជីកំប៉ុសបានចំនួនជាង ២០០ តោនក្នុង ១ ឆ្នាំៗសម្រាប់លក់ទៅឱ្យកសិករដាំទុរេននៅខេត្តព្រះវិហារ និងខេត្តបាត់ដំបង ដែលអាចរកប្រាក់ចំណូលបានប្រមាណជាង ១ ម៉ឺនដុល្លារបន្ថែមទៀតក្នុង ១ ឆ្នាំៗ។
ចំណែកអ្នកស្រី ឡុក ពិសី ប្រជាកសិករនៅភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីមុនគ្រួសារអ្នកស្រី និង អ្នកភូមិពោធិ៍មិនចាប់អារម្មណ៍ក្នុងការលក់ចំបើង និងជញ្ជ្រាំងស្រូវនោះទេ។ អ្នកភូមិតែងតែទុកជញ្ជ្រាំងស្រូវចោលនៅក្នុងដីស្រែ ដើម្បីរក្សាសំណើមក្នុងដីស្រែងាយស្រួលឱ្យស្មៅដុះសម្រាប់ជាចំណីរបស់សត្វគោ-ក្របី ព្រោះអ្នកភូមិនិយមលែង សត្វគោ-ក្របី ឱ្យដើរស៊ីស្មៅនៅតាមវាលស្រែដែលច្រូតកាត់រួច។ ដល់ពេលរដូវបង្កបង្កើនផលស្រូវមកដល់អ្នកភូមិតែងតែនាំគ្នា ដុតគល់ជញ្ជ្រាំងស្រូវចោល ដើម្បីសម្លាប់ស្មៅឱ្យអស់ រួចទើបភ្ជួររាស់ដាស់ដីស្រែ ដាំស្រូវជាថ្មីឡើងវិញ។
អ្នកស្រីបាននិយាយថា៖ «ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ មានឈ្មួញមួយចំនួនមកម៉ៅចំបើង និងជញ្ជ្រាំងស្រូវពីពួកយើងក្រោយពីច្រូតកាត់ប្រមូលផលស្រូវរួច ដោយឱ្យតម្លៃប្រមាណពី ៥០-៨០ ម៉ឺនរៀលក្នុងដីស្រែ ១ ហិកតា។ អ៊ីចឹងទេយើងក៏លក់វាខ្លះ យើងទុកខ្លះឱ្យគោស៊ី»។
អ្នកស្រីពិសីបានបន្តថា អ្នកស្រីមានដីស្រែ ៣,៥ ហិកតា ហើយអ្នកស្រីធ្វើស្រែក្នុង ១ ឆ្នាំបាន ២ ដង ប៉ុន្តែអ្នកស្រីលក់ចំបើង និងជញ្ជ្រាំងទៅឱ្យឈ្មួញដែលចុះមកប្រមូលទិញតែ ២ ហិកតាប៉ុណ្ណោះក្នុង ១ រដូវ ដោយទុក ១,៥ ហិកតាសម្រាប់ឱ្យសត្វគោស៊ី។
បើតាមអ្នកស្រី ពិសី ក្នុង ១ ឆ្នាំអ្នកស្រីលក់ចំបើង និងជញ្ជ្រាំងស្រូវបានប្រមាណពី ២ លាន -២,៦ លានរៀល។ ប៉ុន្តែអ្នកភូមិពោធិ៍មួយចំនួនទៀត ដែលធ្វើស្រែបាន ៣ ដងក្នុង ១ ឆ្នាំ ពួកគេលក់បានច្រើនជាងនេះ។
ស្រដៀងគ្នានេះដែរ ប្រជាកសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក ឌុន រី អាយុ ៤៥ ឆ្នាំ បាននិយាយថា ដោយសារចំបើង និងជញ្ជ្រាំងស្រូវមានទីផ្សារ កសិករក៏មានចិត្តអរសប្បាយជាងមុន ព្រោះអាចរកចំណូលបន្ថែមពីការលក់វាទៅឱ្យឈ្មួញ។
លោក រី បាននិយាយថា៖ «កាលពីមុន យើងធ្វើស្រែ យើងលក់តែស្រូវក៏ពិបាកដែរ ដោយសារខ្វះទីផ្សារ ឥឡូវយើងលក់ទាំងស្រូវ លក់ទាំងចំបើង និងជញ្ជ្រាំងស្រូវ ហើយលក់បានថ្លៃថែមទៀត»។ បើតាមលោក រី ការលក់ចំបើង និងជញ្ជ្រាំងស្រូវ គឺមិនពិបាកលក់ទេ គេអាចលក់ម៉ៅទៅឱ្យឈ្មួញ ដែលមានម៉ាស៊ីនមូរចំបើង និងជញ្ជ្រាំងស្រូវក្នុងតម្លៃ ៥០ ម៉ឺនរៀលក្នុង ១ ហិកតា ក៏បាន ឬជួលអ្នកមានម៉ាស៊ីនមូរចំបើង និងជញ្ជ្រាំងស្រូវនោះ មកមូរជាដុំៗ រួចដឹកយកទៅលក់នៅព្រំដែនវៀតណាមដោយខ្លួនឯងផ្ទាល់ក៏បាន គឺមិនខ្វះអ្នកចាំប្រមូលទិញទេ។
លោកបានបញ្ជាក់ថា៖ «បើយើងជួលគេមូរ គេគិតថ្លៃក្នុង ១ ដុំ ទម្ងន់ ១០ គីឡូក្រាម ថ្លៃ ១ ៥០០ រៀល ហើយក្នុង ១ ហិកតា គេមូរបានជាងពី ២០០ ដុំ។ ប៉ុន្តែពេលយើងដឹកវាទៅលក់នៅព្រំប្រទល់វៀតណាម យើងលក់បានក្នុងតម្លៃពី ៥ ០០០ រៀលទៅ ៦ ០០០ រៀលក្នុង ១ ដុំ។ អ៊ីចឹងបើយើងកាត់ចំណាយទៅលើថ្លៃមូរ និងថ្លៃឈ្នួលផ្សេងៗទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃកម្លាំងពលកម្ម យើងអាចរកចំណូលបានពីការលក់ចំបើង និងជញ្ជ្រាំងស្រូវបានចន្លោះពី ៧០ ម៉ឺនរៀល ទៅ ៩០ ម៉ឺនរៀលក្នុង ១ ហិកតា»។
បើទោះជាយ៉ាងដូច្នេះក្ដី កសិករជំនាញម្នាក់នៅស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ គឺលោក ស៊ឹម សារុំ បាននិយាយថា ការលក់ចំបើង និងជញ្ជ្រាំងស្រូវ គឺជារឿងត្រេកអរមួយរបស់កសិករ ព្រោះវាអាចជួយបង្កើនប្រាក់ចំណូលបន្ថែមពីការលក់ស្រូវ អង្ករ។ ប៉ុន្តែនិនា្នការនេះ គឺមិនល្អប្រសើរឡើយសម្រាប់គុណភាពដីស្រែនៅពេលអនាគត។ លោកបានលើកឡើងពីសារប្រយោជន៍នៃចំបើង និងជញ្ជ្រាំងស្រូវនេះថា៖ «ចំបើង និងជញ្ជ្រាំងស្រូវ រួមទាំងអង្កាម គឺជាជីធម្មជាតិដ៏ល្អបំផុត ក្នុងការជួយបង្កើនជីជាតិដី និងសំណើមបានយូរអង្វែង ធ្វើឱ្យដំណាំគ្រប់ប្រភេទ ពិសេសដំណាំស្រូវទទួលបានទិន្នផលខ្ពស់នៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ»។
លោកបានពន្យល់ថា៖ «ប្រសិនបើយើង កាប់ចិញ្ច្រាំចំបើង និងជញ្ជ្រាំងស្រូវឱ្យតូចៗ ហើយយកវាដាក់នៅក្នុងដីស្រែឱ្យបាន ១ តោនក្នុងដីស្រែ ១ ហិកតាក្នុង ១ រដូវ ហើយភ្ជួរដីលុបកប់វា និងបញ្ចូលទឹកចោល ១ សប្ដាហ៍ ដើម្បីឱ្យផុយរលួយក្លាយជាជីកំប៉ុនោះ យើងនឹងចំណេញប្រាក់យ៉ាងតិច ២ លានរៀលក្នុង ១ ឆ្នាំពីការចំណាយទៅលើការទិញជីគីមីកសិកម្មមកដាក់ស្រែរបស់យើងនោះ»។
បើតាមលោក សារុំ កសិករគួរគិតអំពីអនាគតដីស្រែរបស់ខ្លួន កុំចេះតែពីលក់ចំបើង និងជញ្ជ្រាំងស្រូវ គួរតែប្រើប្រាស់ឬ កែច្នៃវាជាប្រយោជន៍ឱ្យបានច្រើនជាងនេះ ព្រោះបច្ចុប្បន្នមានគ្រឿងចក្រទំនើប ដែលអាចមូរចំបើង ជញ្ជ្រាំងស្រូវងាយស្រួលទុកដាក់មិនពិបាកដឹកជញ្ជូនដូចមុនទៀតឡើយ៕