បាត់ដំបងៈ ​ប្រជា​នេសាទ​នៅតាម​ដងស្ទឹង​សង្កែ ​នៅ​ខេត្តបាត់ដំបង ​កំពុង​រីករាយ​ក្នុង​មុខរបរ​របស់​ខ្លួន ​ខណៈ​ការមកដល់​នៃ​រដូវ​រំហើយ​ឆ្នាំនេះ ​ត្រី​នៅតាម​ដងស្ទឹង​សង្កែ ​បានចាប់ផ្ដើម​ត្រូវ​ គួរឱ្យ​កត់សម្គាល់ ​ជាពិសេសនៅ​តំបន់​ផ្នែក​ខាងក្រោម​នៃ​ទំនប់​សាលា​តា​អន ​ស្ថិតក្នុង​ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ​ស្រុក​ឯក​ភ្នំ​។​


​ប្រជា​នេសាទ​នៅ​ភូមិ​-ឃុំ​ព្រែកលួង ​ស្រុក​ឯកភ្នំ ​ខេត្តបាត់ដំបង ​លោក​ ហែម សាន ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​កន្លងទៅ​នេះ ​ត្រី​នៅក្នុង​ស្ទឹង​សង្កែ ​បានចាប់ផ្ដើម​ត្រូវ ​គួរឱ្យ​កត់សម្គាល់ ​ជាពិសេសប្រភេទ​ត្រី​រៀល ​និង​ត្រី​ឆ្នូត​។ ប៉ុន្តែ​ទំហំ​ដងខ្លួន​របស់​ពួកវា ​នៅ​តូចៗ​នៅឡើយ ​គឺ​ភាគច្រើន​ទើប​នឹង​ធំ​ប៉ុនៗ​ម្រាមដៃ ​និង​ខ្លះ​ទៀត​ធំ​ប៉ុន​ ២ ​ធ្នាប់​ដៃ​ប៉ុណ្ណោះ​។

​លោក​និយាយថា​៖ «កាលពី​ជាង ​១​ សប្ដាហ៍​ មុន​ត្រី​ត្រូវ​ខ្លាំង​គួរសម ​ពួកយើង​អាចដាក់​មង ​និង​បង់​សំណាញ់​ចាប់​ត្រី​លក់​ក្នុង​ ១​ ថ្ងៃ ​បាន​ប្រាក់​កម្រៃ ​ពី​ ១០-១៥​ ម៉ឺន​រៀល ​ដោយ​ត្រី​ ក្នុង​ ១ ​គីឡូក្រាម​ អាច​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី​ ១ ៥០០​ រៀល ​ទៅ​ ៤ ០០០​ រៀល អាស្រ័យ​លើ​ប្រភេទ ​និង​ទំហំ​ដងខ្លួន​របស់​វា»។


​បើ​តាម​លោក​ ហែម សាន ​ក្នុង​រយៈពេល​ ២-៣​ ថ្ងៃ​ចុង​ក្រោយនេះ ​ត្រី​មិនសូវ​ជា​ត្រូវ​ប៉ុន្មាន​ទេ ​ដោយសារ​មាន​ការប្រែប្រួល​អាកាសធាតុ ​គឺ​ផ្ទៃមេឃ​មាន​សភាព​ចុះ​អ័ព្ទ ​និង​មាន​ភ្លៀង​ធ្លាក់​។ ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ​លោក សាន​ ដែល​មាន​បទពិសោធន៍​នេសាទ​ត្រី​ ក្នុង​ដងស្ទឹង​សង្កែ​ជាង​ ៤០​ ឆ្នាំ​មកនេះ​ បាន​អះអាងថា ​រដូវ​ត្រី​ត្រូវ ​សម្រាប់​ធ្វើ​ប្រហុក ​ផ្អក ​និង​ត្រីឆ្អើរ ​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ​វិច្ឆិកា ​និង​ដើម​ខែធ្នូ​ខាងមុខ​នេះ។​

​ចំណែក​ប្រជា​នេសាទ​នៅ​ភូមិ​ព្រែក​កញ្ច្រែង ​ឃុំ​ព្រែកនរិន្ទ ​ស្រុក​ឯក​ភ្នំ ​អ្នកស្រី ​ម៉ាត់​ អាលីហ្សា ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​រដូវ​រំហើយ​ឆ្នាំនេះ ​ត្រី ​និង​កំពឹស បានចាប់​ផ្ដើម​ត្រូវ ​តាំងពី​ដើមរដូវ​មកម្ល៉េះ ​ហើយ​គ្រួសារ​របស់​អ្នកស្រី ​អាច​ចាប់​វា​បាន​ចន្លោះ​ពី ​៥០-៦០​ គីឡូ​ក្រាម ​ក្នុង​ ១​ ថ្ងៃ ​ដោយ​ប្រើ​ឧបករណ៍​ថ្នង ​មង ​និង​សំណាញ់​។​


​ស្ត្រី​ខ្មែរ​អុីស្លាម​រូបនេះបន្តថា ​នៅ​ឆ្នាំនេះ ​ឃើញ​សម្បូរ​ប្រភេទ​ត្រី​ឆ្នូត ​និង​ត្រី​រៀល ​ច្រើន​ជាងគេ ​បន្ទាប់មក​គឺ​ត្រី​កញ្ចុះ​ ត្រីឆ្ពិន ​និង​ត្រី​ច្រកែង ​ហើយ​កំពឹស​ក៏​សម្បូរ​ផងដែរ​។ តម្លែ​ត្រី​កញ្ចុះ​លក់បាន​ថ្លៃ​ជាងគេ ​គឺ​ក្នុង​ ១ ​គីឡូក្រាម​ ថ្លៃ ​៥ ០០០ ​រៀល ​ខណៈ​ត្រី​ច្រកែង ​និង​ត្រី​ឆ្ពិន​ ថ្លៃ​ ៤ ៥០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ ចំណែក​ត្រី​រៀល ​និង​ត្រី​ឆ្នូត ​ថ្លៃ​ចន្លោះ​ពី ​១ ៥០០​ រៀល ​ទៅ ​៤ ០០០​ រៀល ​អាស្រ័យ​ទៅលើ​ទំហំ​ត្រី​។ រីឯ​កំពឹស​វិញ ​លក់បាន ​២ ៥០០​ រៀល​ក្នុង ​១ ​គីឡូក្រាម​។​

​ជាមួយ​នឹង​ប្រាក់ចំណូល ​បានមក​ពី​ការលក់​ត្រី​ ដែល​នេសាទ​បាន​ពី​ក្នុង​ស្ទឹង​សង្កែ ​ក្នុង​រយៈពេល​ជាង​ ១ ​សប្ដាហ៍​កន្លងមក​នេះ ​អ្នកស្រី​អាលីហ្សា ​បាន​និយាយថា​៖ «ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ​ព្រោះ​ខ្ញុំ​អាច​រក​ប្រាក់​ចំណូល​ពី​ការលក់​ត្រី​ដែល​ចាប់បាន​ពី​ក្នុង​ស្ទឹង​សង្កែ​បាន ​ពី ​២០-៣០ ​ម៉ឺន​រៀល ​ក្នុង​ ១​ ថ្ងៃ»។​

​ទោះជា​យ៉ាងណា ​អ្នកស្រី​ក៏បាន​អំពាវនាវ​ដល់​អ្នកនេសាទ ​និង​ក្រុម​ឈ្មួញ​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ជលផល​ទាំង​អស់ ​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​អ៊ុយ​ និង​ណ​រ៉ាវ​ រួមទាំង​ឧបករណ៍​នេសាទ​ទាំងអស់ ​ដែល​ត្រូវបាន​ហាម​ឃាត់​ដោយ​ច្បាប់ ​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ធនធាន​ត្រី​នៅ​កម្ពុជា៕