ភ្នំពេញៈ កិច្ច​​សន្ទនា​គោល​នយោបាយ​ប្រចាំ​ឆ្នាំ ២០២២ ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ​ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​(KOICA) ​នៅ​កម្ពុជា ​ដូចជា​គម្រោង​ ដែល​កំពុង​ដំណើរការ​គម្រោង​ថ្មី​សម្រាប់​ឆ្នាំ ២០២៣ ​និង​ឆ្នាំ ២០២៤ ​កម្មវិធី​វគ្គ​បណ្តុះ​បណ្តាល​ សម្រាប់​ឆ្នាំ ២០២២ ​និង​ឆ្នាំ ២០២៣​ និង​ការពិភាក្សា​អំពី​ការរៀបចំ​គម្រោង​ថ្មី​សម្រាប់​ឆ្នាំ ​២០២៥។


កិច្ច​សន្ទនា​គោល​នយោបាយ​នេះ ​ធ្វើឡើង​ក្រោម​អធិបតីភាព​ លោក ​នោ​ ហ្យន់ជូន ​(Rho Hyunjun) ​ប្រធាន​តំណាងឱ្យ​កយកា ​និង​លោក ​ឈៀង យ៉ាណារ៉ា ​រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី ​និង​ជា​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(គ.ជ.នា/ក.អ.ក-CRDB/CDC) ​កាលពី​ថ្ងៃទី​១៦ ​ខែវិច្ឆិកា ​ឆ្នាំ ២០២២​។

លោក​ នោ ហ្យន់ជូន ​បានសង្កត់​ធ្ងន់​លើ​ជំហាន​បន្ទាប់​ នៃ​ការធ្វើការ​ជាមួយ​គណៈ​កម្មាធិការ​នីតិ​សម្បទា ​និង​អភិវឌ្ឍន៍​កម្ពុជា​ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(គ.ជ.នា/ក.អ.ក-CRDB/CDC) ​និង​ក្រសួង​ពាក់​ព័ន្ធ​របស់​កម្ពុជា ​ដើម្បី​អភិវឌ្ឍ​គម្រោង​ថ្មី​ដែល​អាចនឹង​ធ្វើ​ទៅបាន​សម្រាប់​ឆ្នាំ ២០២៥​ ផង​ដែរ។​


លោក ​នោ ​ហ្យន់ជូន ​បញ្ជាក់​ថា​៖ «នៅ​ឆ្នាំនេះ​ យើង​បាន​ធ្វើការ​រួមគ្នា​ជាមួយ​ CDC ​ដើម្បី​កំណត់​គម្រោង​ថ្មី​សម្រាប់​​ឆ្នាំ ២០២៤។ ជា​លទ្ធផល​យើង​ទទួលបាន​ឯកសារ​គោល​គំនិត​គម្រោង​ថ្មី ​(PCPs) ​ចំនួន ៦​ ពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៥​ នៅ​កម្ពុជា​ តាមរយៈ​ជុំ​ទី១​ និង​ជុំទី២ ​ក្នុង​ការកំណត់​អត្ត​សញ្ញាណ​ នៃ​គម្រោង​របស់​យើង»។​

លោក​បន្ត​ថា​៖ «ឆ្នាំ​ក្រោយ​ ឆ្នាំ ២០២៣ ​ក្នុង​ការប្រារព្ធ​ខួប​លើក​ទី២០​ នៃ​ការបើក​ការិយាល័យ ​KOICA​ នៅ​កម្ពុជា ​យើង​នឹង​អនុវត្ត​គម្រោងថ្មី​ចំនួន​ ២ ​រួម​ជាមួយ​គម្រោង ​និង​កម្មវិធី​ដែល​កំពុង​ដំណើរការ​ផ្សេងៗ​ទៀត។ គម្រោង​ថ្មី​ចំនួន ​២​ នោះ​ គឺ​ទី១​ គម្រោង​កសាង​សមត្ថភាព ​ICT ​នៃ ​TVETs ​នៅ​កម្ពុជា ​និង​ទី២ ​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​សុវត្ថិភាព ​និង​អនាម័យ​ផលិតផល​បសុសត្វ​នៅ​កម្ពុជា»។


លោក​ ឈៀង ​យ៉ាណារ៉ា ​នា​ឱកាស​នោះ ​ក៏​បានឱ្យ​តម្លៃ​ខ្ពស់​នូវ​រាល់​អ្វីជា​សមិទ្ធផល ​ដែល​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ KOICA ​សម្រេច​បាន​សម្រាប់​ប្រទេស​កម្ពុជា។ លោក​ថ្លែង​អំណរ​គុណ​ថា៖ «ចំពោះ​ KOICA ​រដ្ឋា​ភិបាល ​និង​ប្រជាជន​ នៃ​សាធារណរដ្ឋ​កូរ៉េ ​ដែល​តែងតែ​គាំទ្រ​ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ របស់​កម្ពុជា ​តាម​រយៈ​ការអនុវត្ត​គម្រោង​ និង​កម្មវិធី​ជាច្រើន​នៅ​កម្ពុជា»។

ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ​លោក​នោ​ ហ្យន់​ជូន ​បាន​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ​និង​សមិទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ ​និង​ទី៤១ ​និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ​ដែល​បាន​ធ្វើ​ឡើង​ កាលពី​ខែវិច្ឆិកា ​សប្តាហ៍​មុន​ នៅ​ប្រទេស​កម្ពុជា។

ក្នុង​នាម​ជាមិត្តពិត​របស់​កម្ពុជា ​KOICA ​បាននិង​កំពុង​ជួយ​ដល់​ប្រទេស​កម្ពុជា ​ក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​-សង្គម​លើ​វិស័យ​ស្នូល​ចំនួន​ ៤ ​ការគ្រប់គ្រង​ទឹក ​និង​សុខភាព​សាធារណៈ ​ការអប់រំ​កសិកម្ម ​ការអភិវឌ្ឍជនបទ ​និង​ការដឹកជញ្ជូន ​តាមរយៈ​គម្រោង ​និង​កម្ម​ក្របខ័ណ្ឌ ​ជំនួយ​អភិវឌ្ឃន៍​ផ្លូវការ ​(ODA) ​ផ្សេងៗ ​ដែល​មាន​តម្លៃ​ប្រហែល ​៣៣៦,៧ លាន​ដុល្លារ​អាមេរិក​ ចាប់​ពី​ឆ្នាំ ១៩៩១-២០២២៕​