ភ្នំពេញៈ គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន ៥ បានទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយអង្គការស្វ៊ីសខន់ថាក់ (Swisscontact) ដែលមានរយៈពេលរហូតដល់ ៤ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២១ ដល់ ២០២៤។
បើតាមក្រសួងទេសចរណ៍ ខេត្តចំនួន ៥ នោះរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលអង្គការនេះគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលនេះឡើង។
ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយបានឈានរហូតមានការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គការស្វ៊ីសខន់ថាក់ជាមួយនឹងក្រសួងទេសចរណ៍ដែលមានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) ជាសេនាធិការ។
ការចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនេះ បានធ្វើឡើង កាលពីរថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan នាយកប្រចាំប្រទេសរបស់អង្គការស្វ៊ីសខន់ថាក់ផងដែរ។
នាឱកាសនោះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថែ្លងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅទាំង ៥ នេះ។
លោកបានឱ្យដឹងថា៖ «ការបណ្តុះបណ្តាលនេះគឺដើម្បីទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយឡើងវិញនូវវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិជំងឺកូវីដ ១៩ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដោយបង្កើតបាននូវមូលធនមនុស្សសម្រាប់និរន្តរភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍»។
លោក ប៉ាក់ សុខុម បានបន្ថែមថា រយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៤ គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងវិស័យទេសចរណ៍ឱ្យបាន ១៥០ នាក់ និងអ្នកបម្រើការដែលមានជំនាញតិចតួចឱ្យបានដល់ ៧៨០ នាក់នៅទូទាំងខេត្តទាំង ៥ នេះ។
សូមបញ្ជាក់ដែរថា នាឱកាសនោះក៏មានការចុះហត្ថលេខាត្រីភាគីលើកិច្ចព្រមព្រៀងអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា រវាងគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ អង្គការស្វ៊ីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង ៥ ផងដែរ។
ការចុះហត្ថលេខានេះ គឺបានយកចិត្តទុកដាក់ក្នុងការរៀបចំនូវផែនការសកម្មភាព និងថវិការយៈពេល ៣ ឆ្នាំ ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចលើជំនាញអាទិភាពរបស់ខេត្ត មានដូចជា ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ជំនាញឆុងកាហ្វេ និងមគ្គុទ្ទេសក៍សហគមន៍ផងដែរ។
ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកាលោក ជួប រតនា ក៏បានលើកឡើងដែរថា មូលហេតុដែលគម្រោងបណ្ដុះបណ្ដាលនេះសម្រេចជ្រើសរើសយកខេត្តទាំង ៥ នេះ ដោយសារអ្នកបម្រើការក្នុងវិស័យទេសចរណ៍ភាគច្រើនត្រូវបានផ្អាកការងារ ពួកគេមួយចំនួនក៏បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ អំឡុងពេលវិបត្តិកូវីដ ១៩។
លោកថា នៅពេលវិស័យទេសចរណ៍មានការងើបឡើងវិញ ក៏មានអាជីវកម្មខ្លះត្រូវបានបើកដំណើរការនិងមានការងារធ្វើឡើងវិញ ដូច្នេះគឺត្រូវការអ្នកជំនាញមកជួយបម្រើការងារឡើងវិញដែរ ប៉ុន្តែពួកគេមួយចំនួនធំហាក់បាត់បង់ជំនាញក្នុងវិស័យទេសចរណ៍អស់ច្រើនទៅហើយ។
លោក ជួប រតនា បានបញ្ជាក់ថា៖ «ចំណុចនេះហើយដែលជាមូលហេតុមួយក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់ពួកគេ ដើម្បីឱ្យពួកគេមានជំនាញល្អប្រសើរឡើងវិញ។ មួយវិញទៀត ការបើកអាជីវកម្មឡើងវិញ និងអាជីវកម្មថ្មីៗក៏មានការកើនឡើងគួរឱ្យកត់សម្គាល់បន្ទាប់ពីមានការងើបឡើងវិញនូវវិស័យទេសចរណ៍»។
ក្នុងនោះនិន្នាការនៃការដើរទស្សនារបស់ភ្ញៀវទេសចរមានច្រើនទៅកាន់គោលដៅខេត្តជុំវិញបឹងទន្លេសាប ពិសេសខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ជាដើម។ ដូច្នេះចាំបាច់ណាស់ត្រូវការបង្កើនអ្នកបម្រើការក្នុងវិស័យទេសចរណ៍ដែលមានជំនាញល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរដែលកំពុងមានការកើនឡើងដែរនោះ។នេះបើតាមការលើកឡើងពីលោក ជួប រតនា។
លោកក៏បានបន្ថែមពីមូលហេតុមួយទៀតផងដែរថា ពីមុនមក គម្រោងបណ្ដុះបណ្ដាលរបស់អង្គការស្វ៊ីសខន់ថាក់ ក៏មិនសូវអនុវត្តនៅតាមខេត្តទាំងនោះដែរ ភាគច្រើនមានតែនៅតំបន់ភាគឦសាន ដូច្នេះអង្គការស្វ៊ីសខន់ថាក់ គឺចង់បន្ថែមការបណ្ដុះបណ្ដាលនៅបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងតំបន់ភាគពាយព្យថែមទៀត។
សូមរំឭកថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការស្វ៊ីសខន់ថាក់នេះ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចនេះ៕