បន្ទាយមានជ័យៈ លោក អ៊ុ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បានធ្វើការ​អំពាវនាវ​ដល់​អាជីវករ ឈ្មួញ​ទិញស្រូវ និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់ សូម​ជួយ​សម្របសម្រួល​ក្នុងការ​ទិញស្រូវ​ប្រជាកសិករ​ក្នុងតម្លៃ​សមរម្យ ចៀសវាង​ការទិញ​ទម្លាក់​ថ្លៃ​។


លោក អ៊ុ រាត្រី បានធ្វើការ​អំពាវនាវ​បែបនេះ កាលពី​ថ្ងៃទី​ ១៦ ​ខែវិច្ឆិកា ក្នុងពេលដែល​លោក​បាន​ដឹកនាំ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យមើល​ការប្រមូល​ផល​ស្រូវ​ដើមរដូវ និង​ជួប​ជាមួយ​ប្រជាកសិករ និង​ឈ្មួញ​ទិញស្រូវ នៅក្នុង​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

លោក​បន្ដថា អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​សូម​ចូលរួម​ជួយ​ពិនិត្យ និង​សម្របសម្រួល​ជាមួយ​ឈ្មួញ និង​ប្រជាកសិករ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដោយ​រក​វិធី​ផ្សេងៗ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការទិញ ប្រមូលផ្តុំ​ទិញ និង​ការដឹកជញ្ជូន​ស្រូវ​ជាដើម​។


បើតាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ការចុះទៅ​ពិនិត្យមើល​ការប្រមូល​ផល​ស្រូវ​របស់​កសិករ​ដោយផ្ទាល់​ពី​សំណាក់​លោក​អភិបាលខេត្ត​នោះ គឺ​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ផ្សេងៗ ជូន​ប្រជាកសិករ ដូចជា ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ការប្រមូល​ផល​ស្រូវ​ប្រជាពលរដ្ឋ ស្រូវ​ដើមរដូវ​នេះ និង​ពិនិត្យមើល​តម្លៃ​ស្រូវ​មានការ​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយ​ឈ្មួញ និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​ឱ្យមាន​ការទិញ​លក់​ស្រូវ​ក្នុងតម្លៃ​សមរម្យ​៕