ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដឹកនាំដោយ មឿង ឌីញ ហ្វេ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ភាគីទាំង ២ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបតាមបរិបទជាក់ស្ដែង។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានឱ្យដឹងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយគ្នា រវាងរដ្ឋសភាប្រទេសទាំង ២ ដែលបានចុះហត្ថលេខានាពេលនេះ សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្ដូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្ត្រីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភា ក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានោះ ភាគីទាំង ២ បានអបអរសាទរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដែលមានការរីកចម្រើនឥតឈប់ឈរនៅលើគ្រប់វិស័យ ដែលបាននាំមកនូវផលប្រយោជន៍ ដល់ប្រទេស និងប្រជាជនទាំងសងខាង។ ឆ្នាំ ២០២២នេះ ជាខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំង ២ កម្ពុជា-វៀតណាម។
ភាគីទាំង២ បានគូសបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិត ទាំងសា្ថប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិជាបន្តបន្ទាប់មកនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដ៏ល្អលើគ្រប់វិស័យ ឱ្យបានកាន់តែខ្លាំងក្លា រឹងមាំ និងស្ថិតស្ថេរយូរអង្វែង ស្របតាមទិសស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាព យូរអង្វែង”។ បន្ថែមលើនេះ ភាគីទាំង ២ បានចែករំលែកនូវព័ត៌មានពីគ្នាទៅវិញទៅមក ជុំវិញស្ថានការនយោបាយ សេដ្ឋកិច្ច សន្តិសុខ សង្គម និងវប្បធម៌។
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវាងរដ្ឋសភា កម្ពុជា-វៀតណាម មានការវិវឌ្ឍកាន់តែរីកចម្រើន និងស្អិតរមួត ដោយភាគីទាំង ២ បានឯកភាព និងចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀងជាមួយគ្នា សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មការជំនាញ និងមន្រ្តីជំនាញ ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភា ក្នុងតំបន់ និងអន្តរជាតិ។
លោកបានលើកឡើងបន្ថែមថា ៖«រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំង ២ នាពេលកន្លងមក»។
លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង ចំពោះចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការប្រទេសទាំង ២ ពិសេស រដ្ឋសភាប្រទេសទាំង ២ មានការរីកចម្រើនជាលំដាប់ ទាំងនៅក្នុងកម្រិតទ្វេភាគីនិងអន្តរជាតិ។
លោកបានស្នើ ប្រធានរដ្ឋសភាកម្ពុជាជួយជំរុញនិងបង្កលក្ខណៈកាន់តែងាយស្រួលនៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះ ឱ្យបាននៅគ្រប់កម្រិតទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតមន្រ្តីបច្ចេកទេស។
ដំណើរទស្សនកិច្ចរបស់ លោក វឿង ឌីញ ហ្វេ នៅកម្ពុជានាពេលនេះបានធ្វើឡើងបន្ទាប់ពីលោក ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែកញ្ញា កន្លងមកនេះ។
តបតាមការអញ្ជើញរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក មឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣។
លោក ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធាន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនៅពេលនេះ នឹងរួមចំណែកបន្តជំរុញលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសយើងទាំង២ កម្ពុជា-វៀតណាម ជាពិសេស ផ្ដល់កិត្តិយសយ៉ាងខ្លាំងដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធានមហាសន្និបាត អាយប៉ា លើកទី៤៣ ហើយជាការរួមចំណែកមួយដ៏សំខាន់ដល់ភាពជោគជ័យ នៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ ផងដែរ៕