ភ្នំពេញៈ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម​ (CLV) បាន​ឯកភាព​គ្នា​បង្កើត​យន្តការ​កិច្ចប្រជុំ​កំពូល​សភា CLV ក្នុង​គោលបំណង​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ សម្រាប់​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ ៣ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​នយោបាយ ​វប្បធម៌ សេដ្ឋកិច្ច និង​សន្តិសុខ នៃ​ប្រទេស​ក្របខ័ណ្ឌ CLV ក្រោយ​រួមសហការ​គ្នា​ជាង​ ៣០ ​ឆ្នាំ​។


ការឯកភាព​គ្នា​នេះ​ត្រូវបាន​អ្នកតាមដាន​បញ្ហា​សង្គម​យល់​ថា ជា​ការ​ល្អ​ក្នុង​ការពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​ ដើម្បី​បម្រើ​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​ទាំង​ ៣​ នេះ​។ ការឯកភាព​គ្នា​នេះ​ត្រូវបាន​ឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​ ២០ ខែវិច្ឆិកា ដោយ​មាន​ការចុះហត្ថលេខា​​រវាង​ប្រធាន​សភា CLV ខណៈ​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) លើក​ទី​ ៤៣ ​។

ប្រធានរដ្ឋសភា​នៃ​ប្រទេស​ទាំង ​៣ បាន​ពិភាក្សាគ្នា​ដើម្បី​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​រវាង​សភា CLV ក្នុង​គោលដៅ​បង្កើន​ទំនាក់​ទំនង​មិត្តភាព​ជា​ប្រពៃណី​ជា​ប្រទេស​ជិតខាង​ល្អ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​យូរអង្វែង​។


ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន ប្រធាន​រដ្ឋសភា​វៀតណាម​លោក VuongDinh Hue និង​ប្រធាន​រដ្ឋសភា​ឡាវ លោក SaysomphonePhomvihane ដោយ​បាន​ព្រមព្រៀង​គ្នា​បង្កើត​យន្តការ កិច្ចប្រជុំ​កំពូល​សភា CLV ឡើង​បន្ថែម​លើ​យន្តការ ដែល​មាន​ស្រាប់​កន្លងមក​ពោលគឺ កិច្ចប្រជុំ​គណៈកម្មាធិការ​/​គណៈកម្មការ​កិច្ចការ​បរទេស CLV ក្នុង​គោលដៅ​ចំនួន​ ៣ ​។ តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់​ពី​គោលបំណង​នៃ​ការបង្កើត​យន្តការ កិច្ចប្រជុំ​កំពូល​សភា CLV នេះ ដូច្នេះ​ថា​៖ «​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ក្នុង​ចំណោម​ប្រទេស CLV»​។

ជំរុញ​ការផ្លាស់ប្តូរ និង​ការផ្សព្វផ្សាយ​ព័ត៌មាន បទពិសោធន៍ និង​ការអនុវត្ត​ឱ្យបាន​ល្អ​លើ​មុខងារ និង​ភារកិច្ច​របស់​សភាជាតិ CLV និង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​កម្មវិធី និង​គម្រោង​ក្រោម​ក្របខ័ណ្ឌ​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV(CLV-DTA)​។


បើតាម​សេចក្តី​ថ្លែងការណ៍​រួម​នោះ​សម​ភាគី​ទាំង​ ៣ បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រីក​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា និង​បម្រើ​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​។ CLV បាន​សម្រេច​ឱ្យ​រដ្ឋសភា​របស់​ឡាវ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី ​១ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំសភា​កំពូល CLV នេះ​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែងថា ការ​សហការ​គ្នា​ក្នុង​ចំណោម​ប្រទេស​ជិតខាង​ទាំង ​៣ នេះ​ជា​ការចង​ជា​ប្លុក​ក្នុងន័យ​សហការ ផ្លាស់ប្តូរ​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​ក្រោម​កិច្ចសហប្រតិបត្តិការ ដើម្បី​បង្កើន​ផលប្រយោជន៍​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​រួម​សម្រាប់​ភាគី​ទាំង ​៣ ​។

ទាក់ទង​នឹង​ការព្រួយបារម្ភ​មួយ​ចំនួន​ដែលថា កម្ពុជា​ហាក់​មាន​ទំនោ​ងាករេ​ទៅកាន់​ប្លុក​កុម្មុយនីស្ត លោក​ ផៃ ស៊ីផាន អះអាង​ថា មិនមែន​ជា​ការពិត​ឡើយ ដោយ​កាលៈទេសៈ​សកលលោក​បច្ចុប្បន្ន បណ្តា​ប្រទេស​នីមួយៗ​តែង​រក​ច្រក​កិច្ចសហការ ​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​រៀងៗ​ខ្លួន ជា​ជាង​គិត​ទៅលើ​​និន្នាការ​លទ្ធិ​នយោបាយ​។

មួយវិញទៀត​លោក​ថា កម្ពុជា​មាន​រដ្ឋាភិបាល​ស្វយភាព​ដឹកនាំ​ប្រទេស​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​ស្រាប់ ដែល​ប្រទេស​កម្ពុជា​មិនអាច​បាត់បង់​អធិបតេយ្យ​ខ្លួន​ទោរទន់​ទៅកាន់​ប្រទេស​ណាមួយ​ឡើយ​។ លោក​ ផៃ ស៊ីផាន បាន​សង្កត់ធ្ងន់​ថា​៖ «​ការធ្វើ​កិច្ចសហប្រតិបត្តិការ​មិនអាច​ចោទ​ទៅលើ​ភាគី​នៅ​ជាមួយ​បាន​នោះទេ ជាក់ស្តែង​សហរដ្ឋអាមេរិក​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន មិនអាច​ចាត់ទុក​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​លទ្ធិកុម្មុយនីស្ត​បាន​ឡើយ​»​។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សភា​បន្ថែម​សម្រាប់​ប្រទេស CLV ជា​ការ​ល្អ ព្រោះ​ប្រទេស​ទាំង​ ៣ មាន​កិច្ចសហប្រតិបត្តិការ​អន្តររដ្ឋាភិបាល​ល្អ​ស្រាប់ ហើយ​ក៏​ជា​ប្រទេស​ភូមិផង​របង​ជាមួយ​ដែល​មិនអាច​កាត់ផ្តាច់​ចេញពី​គ្នា​បាន​។ លោក​លើកឡើង​ពី​ផលប្រយោជន៍​ចេញពី​ទំនាក់ទំនង​សភា​ត្រីភាគី CLV នេះ​ថា​៖ «​វា​មាន​ភាព​ជាប់​ពាក់ព័ន្ធ​គ្នា​ទាំង​កត្តា​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ សង្គម​ជាដើម​។ យន្តការ​សភា​នេះ មាន​ប្រយោជន៍​ក្នុង​ការចែករំលែក​គ្នា​បន្ថែម​ទៅលើ​ការអនុវត្ត​ច្បាប់​នៃ​ប្រទេស​រៀងខ្លួន ចែករំលែក​ព័ត៌មាន​គ្នា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ និង​ស្មើមុខ​ស្មើមាត់​តួយ៉ាង​នីតិប្បញ្ញត្តិ ច្បាប់​នានា និង​ព័ត៌មាន​នានា​ក្នុងចំណោម​ប្រទេស​ទាំង​ ៣»​។

ពាក់ព័ន្ធ​នឹង​ការព្រួយបារម្ភ​នានា​ជុំវិញ​ការបាត់បង់​អធិបតេយ្យ​កម្ពុជា​ ដោយសារ​ការ​រឹតចំណង​សាមគ្គីភាព​ជាមួយ​ប្រទេស​ជិតខាង​ទាំង​ ២ ដែល​សុទ្ធសឹង​ជា​ប្រទេស​ប្រកាន់​លទ្ធិកុម្មុយនីស្ត​នោះ លោក​ យង់ ពៅ បញ្ជាក់ថា ការ​រឹតចំណង​ទំនាក់ទំនង​សភា​នេះ មិនអាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា ឬ​ប្រទេស​ណាមួយ​ឡើយ ផ្ទុយទៅវិញ​ការណ៍​នេះ នាំឱ្យ​មាន​ការចែករំលែក​ព័ត៌មាន​គ្នា​កាន់តែ​ស៊ីជម្រៅ​ទៅវិញ​ទេ​។ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​រូបនេះ បន្ថែម​ថា ដោយសារ​កត្តា​សត្យានុម័ត​នៃ​លក្ខខណ្ឌ​ភូមិសាស្ត្រ វា​ទាមទារ​ឱ្យ​ប្រទេស​ទាំង​ ៣ ដែលជា​មិត្ត​ភូមិ​ផង​របង​ជាមួយគ្នា រួម​សហប្រតិបត្តិការ​នឹង​គ្នា​ឱ្យបាន​ស៊ីជម្រៅ​ក្នុងន័យ​បម្រើ​ប្រយោជន៍​សង្គម សេដ្ឋកិច្ច​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ៣ ជា​​ផលប្រយោជន៍​ជាតិ​រៀងៗ​ខ្លួន ទោះបី​មាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា​ក្តី​។ ក្នុង​សម័យ​សកល​ភាវូបនីយកម្ម គេ​លែងយក​​លទ្ធិ​មនោគមន៍វិជ្ជា​ជា​ត្រីមុខ​ទៀត​ហើយ​។

សូម​រំឭកថា ចំណង​កិច្ចសហប្រតិបត្តិការ​នៃ​រដ្ឋសភា CLV ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ១៩៩៩ ម្ល៉េះ ស្របពេល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំ ង​៣ បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (DTA)៕