បាត់ដំបង​: លោកតា អេង ​អឿន ចាប់ផ្ដើម​ដឹងក្ដី​មក​តាំងពី​ក្នុង​សម័យ​សង្គម​រាស្ដ្រនិយម​ ជា​កុមារ​រស់នៅ​ក្នុង​ភូមិប​ណ្ដែ​ត​ទឹក​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់​ដំបង ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប ជា​បឹង​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។


​លោក​តា អឿន មិន​បានដឹង​ច្បាស់​ពី​ឆ្នាំ​នៃ​ការ​កកើត​ភូមិ​បណ្ដែត​ទឹក​នោះ​ឡើយ​ដោយ​គ្រាន់តែ​ដឹងថា ​អំឡុង​សម័យ​សង្គម​រាស្ដ្រ​និយម​ទម្លាប់​តម្កល់​សព​នៅលើ​ដើម​ឈើ​ធំៗ​ក្នុង​ផ្ទៃ​បឹង​ក៏​ទំនង​ជា​ចាប់​ផ្ដើម​តាំងពី​ពេល​នោះ​ដែរ​។

​មេភូមិ​អាយុ ​៦៦​ ឆ្នាំ​រូបនេះ បាន​និយាយថា​៖ «​តាំងពី​សម័យ​កាលនោះ​ ប្រជាពល​រដ្ឋ​តែងតែ​យក​សព​ទៅ​តម្កល់​ទុក​នៅលើ​ដើមឈើ​នា​រដូវ​វស្សា​ដ៏​ច្រើន​ស្អេក​ស្កះ​នៅតាម​មែក​នីមួយៗ ​រហូ​តដល់​រដូវប្រាំង​ទើប​សាច់ញាតិ​ទម្លាក់​សព​ចុះមក​បូជា​»​។


​ការយក​សព​ទៅ​ទុក​នៅលើ​ដើម​ឈើ​នោះគេ​មាន​ជំនឿ​ថា កូនចៅ​សាច់ញាតិ​យល់​ថា ខ្លួន​អក​ត្ត​ញ្ញូ​នៅពេ​ល​យក​ឪពុកម្ដាយ​ទៅ​ត្រាំ​ក្នុង​ទឹក​ពេល​ពួក​គាត់​ចែក​ឋាន​ទៅ​ថ្មីៗ​។​

​ប៉ុន្ដែ​លោក​មេភូមិ​អះអាង​ថា ឥឡូវ​វា​លែង​មាន​ទៀត​ហើយ ដោយ​រយៈ​ពេល​ ៥-៦​ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ទាំង​ភ្លើង​ឆេះ​ព្រៃ ឆេះ​ទាំង​ព្រៃ​ខ្មោច​សម្រាប់​រក្សាទុក​សព​ទាំងនោះ​អស់​ហើយ​ ជាពិសេស​តាំងពី​ភូមិឋាន​មាន​ការ​អភិវឌ្ឍ​ទី​ប៉ាឆា សាលា​ឆាន់ និង​ព្រះ​វិហារ​នៅ​ទី​អារាម​ជុំវិញ​បឹង​ទន្លេ​សាប​។


​លោក​ អឿន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​កូនចៅ​មិន​ចង់ឱ្យ​ឪពុក​ម្ដាយ ​ជីដូន​ជីតា​សម្រាក [​បញ្ចុះ​] នៅក្នុង​ទឹក​ភ្លាមៗ ដែល​វា​មិន​គប្បី​ចំពោះ​អ្នក​មាន​គុណ​ផង ហើយ​ណា​មួយ វា​មិនអាច​ជីកដី​បញ្ចុះ​ក្នុង​ទឹកបាន​ ទើប​ពួកគេ​យក​សព​ទៅ​រក្សាទុក​នៅ​លើ​ចុង​ឈើ​សិន​»​។

​រូបភាព​ និង​ទិដ្ឋភាព​នៃ​ការ​តម្កល់​សព​នៅ​ចុងឈើ​ក្នុង​តំបន់​ភូមិ​បណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេ​ហាក់​ត្រូវបាន​ស្ងប់​ស្ងាត់​ប៉ុន្មាន​ឆ្នាំ​មកហើយ ​ទើបតែ​ថ្មីៗ​នេះ មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុម​អ្នកធ្វើ​មាតិកា​វីដេអូ​បណ្ដាញ​សង្គម​បាន​បង្ហោះ​វីដេអូ​ដំណើរ​ទៅកាន់​ទី​តម្កល់​សព​លើ​ចុងឈើ ទម្លាប់​ស្ទើរ​តែ​គ្មាន​អ្នក​ចងចាំ​នេះ​ត្រូវ​បាន​គាស់​កកាយ​ឡើង​វិញ​។

​វីដេអូ​ «​ស្ដីពី​សាក​សព​អ្នក​នៅ​ព្រែក​ទាល់​ គឺ​គេ​យក​ដាក់​នៅលើ​ដើមឈើ​កន្លែង​នេះ​អ្នកភូមិ​ថា​ លង​សាហាវ​ណាស់​» ត្រូវបាន​គេ​ចូល​ទស្សនា​ជាង ៤១ ​ម៉ឺន​ដង​ និង​ចែក​រំលែក​បន្ដ​ជាង ៤​ពាន់​ដង​ក្នុង​រយៈ​ពេល​ជិត​ ១ ​សប្ដាហ៍​។

​អ្នក​បង្កើត​មាតិកា​វីដេអូ​ឈ្មោះ​ដើរលេង ១ Ty បាន​ពិពណ៌​នា​ថា ពួកគេ​ជិះទូក​ពី​ភូមិ​បណ្ដែត​ទឹក ស​ង្កាត់​ចុង​ឃ្នៀ​ស នៃ​ខេត្ដ​សៀម​រាប ជាមួយ​តម្លៃ​ទូក​ស្មាច់​៥០​ដុល្លារ​។

​អ្នក​អត្ថា​ធិប្បាយបាន​និយាយ​មុន​ពេលធ្វើ​ពិធី​សែន​ព្រេន​ទៅតាម​ជំនឿ និង​ផ្ដិត​យក​ទិដ្ឋភាព​មឈូស​នៅលើ​ដើមឈើ​ថា​៖ «​ឆ្នាំនេះ មាន​សព​តិច​ហើយ បើ​ឆ្នាំមុន ​មាន​សព​ច្រើន​មែន​ទែន​។ ទឹក​ឡើង​អ៊ីចឹង ​មាន​មឈូស​ខ្លះ​ធ្លាក់​ចូល​ទឹក​»​។

​អ្វីដែល​អ្នកធ្វើ​មាតិកា​វីដេអូ​នេះ សង្កត់​ធ្ងន់​ផង​នោះ គឺ​វិញ្ញាណ​ខ្មោច​លង​សា​ហាវ​នាពេល​យប់ ​បើទោះបីជា​តំបន់​នេះ​មាន​ត្រី​ច្រើន​យ៉ាង​ណា​ក៏​ដោយ​។

​ទាក់​ទង​នឹង​អ្នក​ផលិត​មាតិកា​វីដេអូ​លើ​បណ្ដាញ​សង្គម​នេះ ទាំង​លោក​មេភូមិ​ព្រែក​ទាល់ និង​លោក​មេឃុំ​កោះ​ជី​វាំង​ មានការ​ងឿង​ឆ្ងល់​ដូចគ្នា​ចំពោះ​វីដេអូ​នោះ ដោយ​ពួកគេ​អះអាង​ថា លែងមា​នទៀតហើ​យ​ទី​តម្កល់​សព​លើ​ដើមឈើ​នៅក្នុង​ឃុំ​កោះ​ជី​វាំង​នៃ​ស្រុក​ឯក​ភ្នំ​។

​លោក​តា អឿន និយាយ​ថា ប្រជាជន​ដែល​ទទួល​មរណ​ភាព​នាពេល​បច្ចុប្បន្ន​នេះ ​ត្រូវបាន​យកទៅ​បូជា​នៅ​មេរុ​ទាំង​អស់​ហើយ ​ខណៈ​លោក​មេឃុំ​កោះ​ជី​វាំង ពុំ ចិន បាន​ឱ្យដឹង​ថា កាល​ជំនាន់​មិន​ទាន់​មាន​ឡ​ ពលរដ្ឋ​ដុត​សព​នៅលើ​ចុង​ឈើ ឬ​ពូន​កំប្លោក​ធ្វើជា​រាន​ដុត​លើ​នោះ​។ ដល់​ពេល​ឥឡូវ ​ទម្លាប់​នេះ​បាន​បញ្ចប់​ហើយ​។ ពលរដ្ឋ​ធ្វើ​កម្មវិធី​បុណ្យ​នៅ​ផ្ទះ រួច​យកទៅ​បូជា​នៅ​ទី​អារាម​។

​មេភូមិ​ព្រែក​ទាល់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ក៏​មិនដឹង​ថា វីដេអូ​ដែល​គេ​បង្ហោះ​នោះ ស្ថិ​តនៅ​ទីណា​ឡើយ ទោះ​បីជា​លោក​ជាម​ន្ដ្រី​មូល​ដ្ឋាន​ព្រែក​ទាល់​ស្រាប់​។ ជាក់​ស្ដែង ​រាល់ថ្ងៃ​នេះ បើ​មាន​នរណា​ទទួល​មរណ​ភាព សព​ត្រូវបាន​បញ្ជូនទៅ​ធ្វើ​បុណ្យ​និង​បូជា​នៅ​វត្ដ​»​។​

​ដោយ​សារតែ​មាន​ការ​អភិវឌ្ឍ​តាំងពី​អំឡុង​ឆ្នាំ ​២០១២ ​លោក​បន្ថែម​ថា ​អារាម​នៅ​តំបន់​បឹង​ទន្លេ​សាប ​ត្រូវបាន​កសាង​មេរុ​សម្រាប់​បូជា​សព​ទាំង​អស់ ជា​ហេតុ​ដែល​ធ្វើឱ្យ​លែង​មានការ​តម្កល់​សព​នៅលើ​ដើម​ឈើ​តទៅទៀ​ត​។

​លោក ចិន ក៏បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ លែង​មាន​ទីកន្លែង​រក្សា​ទុក​សព​នៅ​លើ​ដើម​ឈើ​ទៀតហើយ​។ ប្រជា​ពលរដ្ឋ​យក​សព​ទៅ​បូជា​នៅ​ទី​អារាម​ ដែលមាន​ទី​ប៉ាឆា​ត្រឹមត្រូវ​នៅ​គ្រប់​វត្ដ​ទាំ​ងអស់ ​ដូចជា វត្ដ​នៅ​ទីរួមស្រុក​ឯក​ភ្នំ វត្ដ​ព្រៃ​ចាស់ វត្ដ​បាក់​ព្រា ​និង​វត្ដ​ព្រែក​ទាល់​ជាដើម​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​។

​ជា​អ្នករត់​កាណូត​ស្មាច់​ជិត ២០ ​ឆ្នាំ នៅ​ភូមិ​បណ្តែត​ទឹក​ សង្កាត់់​ចុង​ឃ្នៀ​ស សៀមរាប​លោក ​សួន សុផល ដែល​តែងតែ​ជូន​ភ្ញៀវ​ទៅ​លេង​តំបន់​ទេស​ចរណ៍​លើ​បឹង​ទន្លេសាប​បាន​និយាយ​ថា ​កន្លង​មក​ទី​តម្កល់​សព​នៅលើ​ដើមឈើ​មាន ២​កន្លែង ​គឺ​ក្បាល​តោ​មួយ និង​ព្រែក​ទាល់​មួយ​ដែល​ស្ថិត​ក្នុង​ឃុំ​កោះ​ជី​វាំង​។​

​ជា​អ្នក​ជំនាញ​នៅលើ​ផ្ទៃ​ទឹក​បឹង​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​ខ្សោយ​ខាង GPS នៅលើ​ដីគោក ​ដោយ​ទាំង​មិនចេះ​ប្រើ​ទូរស័ព្ទ​ថតរូប​ផង​នោះ លោក ​សុផល បាន​និយាយ​ថា កាល​ពី​មិន​ទាន់​មាន​ប៉ាឆា ​នៅ​លើ​ដើមឈើ​សុទ្ធតែ​សព ​មឈូស​ពាស​ពេញ​ព្រៃ​លើ​ផ្ទៃ​ទឹក​ដែល​ស្ទើរ​តែ​គ្រប់​មែក​ធំៗ​។

​អ្នក​រត់​កាណូត​អាជីព​រូបនេះ បាន​អះអាង​ថា ប្រសិនបើ​មាន​ភ្ញៀវ​ចង់ទៅ​ទស្សនា​តំបន់​កម្សាន្ដ​នានា​រួមទាំង​កន្លែង​មើល​សត្វ​ស្លាប ទេស​ភាព​ផ្ទៃ​បឹង ភូមិ​បណ្ដែត​ទឹក កន្លែង​ចិញ្ចឹម​ក្រពើ គឺមាន​សេវា​ជូនទៅ​ដល់ទី​នោះ​។

​លោក សុផល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ជា​ធម្មតា​ មិនមាន​ភ្ញៀវ​ទេសចរ​ណា​ចង់​មើល​កន្លែង​តម្កល់​សព​លើ​ដើម​នោះទេ​។ ប៉ុន្ដែ​លោក​ក៏​មិន​ជំទាស់​ដែរ បើ​មាន​អ្នក​ចង់​ដឹង​ចង់​ឃើញ​តំបន់​ព្រៃ​ខ្មោច​ទាំង​នោះ​»​។

​អ្នក​ពូកែ​ខាង​តាក់ស៊ី​ជើង​ទឹក​ដែល​ហ៊ាន​ធ្វើដំណើរ​គ្រប់​ច្រកល្ហក​លើ​បឹង​ទន្លេសាប តែ​សារភាពថា មិន​ហ៊ាន​ចូល​ព្រៃ​ខ្មោច​នាពេល​យប់ បាន​ឱ្យដឹង​ថា ចាប់​ផ្ដើម​ពី​ខែកុ​ម្ភៈ ឬ​មីនា ទើប​មាន​គេ​ទម្លាក់​សព​មក​បូជា​តាម​ប្រពៃ​ណី​។

​ថ្វីដ្បិត​តែ​ទម្លាប់​នេះ​ត្រូវ​បាន​អនុវត្ដ​អស់​ជា​ច្រើន​ទសវត្សរ៍​និង​ច្រើន​ជំនាន់​យ៉ាង​ណាក៏​ដោយ ក៏​វា​មិន​មែនជា​ប្រពៃ​ណី ឬ​ពាក់​ព័ន្ធ​នឹង​អ​បិ​យ​ជំនឿ​ដូន​តា​អ្វី​ឡើយ​។

​លោក​មេឃុំ​កោះ​ជី​វាំង​ពុំ ចិន បាន​អះ​អាង​ថា វា​ដោយ​សារ​នៅ​ខែវស្សា​ប្រជា​ពលរដ្ឋ​គ្មាន​ទីកន្លែង​បញ្ចុះ​សព និង​ទី​ប៉ាឆា​បូជា​សព ទើប​ពួកគេ​រក្សា​សព​នៅ​លើ​ចុង​ឈើ​មួយ​រដូវ​កាល​រហូត​ដល់​ទឹក​ស្រក​វិញ ទើប​ពួកគេ​ធ្វើការ​បូជា​។

​លោក​ ចិន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​នៅពេល​ខែប្រាំង ​ដែល​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ចាប់​ផ្ដើម​ស្រក​មាន​ដី ប្រជា​ពលរដ្ឋ​ឡើង​យក​សព​នៅលើ​ដើម​ឈើ​នោះ​មក​បញ្ចុះ ឬ​បូជា​វិញ​»​។​

​លោក​បាន​បន្ថែម​ថា ព្រៃ​ខ្មោច​ដែល​មាន​ចម្ងាយ​ជិះ​កាណូត​ស្មាច់​ប្រមាណ ​២០ ​នាទី​ ពី​ភូមិ​ព្រែក​ទាល់​ បានប្រែ​ក្លាយ​ជា​ភូមិ​បណ្ដែត​ទឹក​របស់​ប្រជា​ពលរដ្ឋ​អស់​ទៅ​ហើយ​។​

​លោក​បាន​បញ្ជាក់​ថា ប្រជាជន​រស់នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង​មាន ​២ ៦៨៧​ គ្រួសារ ឬ​ជាង​ ១ ​ម៉ឺន​នាក់​ទាំង​ ៥​ ភូមិ ដែល​អាស្រ័យ​ផល​ទៅលើ​ការនេ​សាទ​ត្រី ពួកគេ​លែង​ចង់យក​សព​ឪពុក​ម្ដាយ​ឬ​ជីដូន​ជីតា​ទៅ​ទុក​លើ​ដើមឈើ​បែប​នោះ​ទៀត​ហើយ នៅ​ពេល​មាន​ទី​ប៉ាឆា​។

​យ៉ាង​ណាមិ​ញ លោក​មេភូមិ អេ​ង អឿន បាន​បង្ហើប​ប្រាប់​ថា ការបន្ដ​រក្សា​សព​នៅលើ​ដើមឈើ​ដែល​បង្ហាញឱ្យ​ឃើញ​នៅលើ​វីដេអូ​របស់​អ្នក​បង្កើត​មាតិកា​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​អាច​មិនមែន​ជា​សព​ជនជាតិ​ខ្មែរ​រស់នៅក្នុ​ង​តំបន់​ព្រែក​ទាល់​នោះទេ​។

​លោក​បាន​ប្រាប់​ថា​៖ «​បើ​មើល​តាម​វីដេអូ​ដែល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករចនា​ប័ទ្ម​មឈូស​នោះ​មិនមែន​ជា​មឈូស​សព​ខ្មែរ​យើង​ទេ វា​ទំនង​ជា​មឈូស​របស់​ជ​ន​ជាតិ​វៀត​ណាម​។ ប៉ុន្ដែ​ខ្ញុំ​មិន​ដឹងថា​ នៅ​ទីកន្លែង​ណា​ពិត​ប្រាកដ​ឡើយ​»​។​

​ទោះ​ជាយ៉ាង​ណា​ ភ្នំពេញ​ ប៉ុស្ដិ៍ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ណា​មួយ​ពី​អ្នក​ផលិត​មាតិកា​ហ្វេ​ស​ប៊ុ​ក​ចំពោះ​ទីតាំង​ពិត​ប្រាកដ ដែល​ពួកគេ​បាន​ទៅ​ផ្ដិត​យក​ទិដ្ឋ​ភាព​នោះទេ​។

​ទន្ទឹម​នឹង​នេះ កាលពី​ជាង ១០​ ឆ្នាំមុន ​ទម្លាប់​រក្សាទុក​សព​នៅ​លើ​ដើមឈើ​នេះ ក៏​ត្រូវបាន​អនុវត្ដ​នៅ​ភូមិ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ​ខេត្ដ​កំពង់ធំ​ដែរ ​ចំពោះ​រដូវវស្សា ​ដោយ​សារ​ឃុំ​នេះ​ស្ថិតនៅ​កណ្ដាល​បឹង​ទន្លេ​សាប ​និង​មាន​ដី​ទួល​តែ​ប្រមាណ ៣០ ​ម៉ែត្រ ​៤​ ជ្រុង​ប៉ុណ្ណោះ នោះ​គឺ​ទីទួល​ព្រះ​វិហារ​វត្ដ​ពៅ​វើ​យ​។

​រាល់​អ្នក​ស្លាប់​នៅ​រដូវវស្សា​សម្រាប់​ក្នុង​ឃុំ​នេះ​សាច់​ញាតិ​តែង​ពុះពារ​នាំទៅ​បូជា​នៅឯ​ទីទួល​ក្នុង​វត្តពៅ​វើ​យ (​សម្រាប់​អ្នក​មាន​លទ្ធភាព​)​។ ប៉ុន្តែ​សម្រាប់​អ្នក​ពុំមាន​លទ្ធភាព​ដឹកយក​សាក​សព​ចម្ងាយ​ជិត​ ២០​ គីឡូ​ម៉ែត្រ ឬ​ពុំ​មិនអាច​រក​អុស​បូជា​ភ្លាមៗ​បាន ពួក​គេ​តែង​យក​មឈូស​សព​ទៅ​ដាក់​បន្ទើរ​នៅ​លើ​ដើម​រាំង​ធំៗ ដែល​ដុះ​ខ្ពស់​ផុតពី​ផ្ទៃ​ទឹក​៕