ចង្កៀង​ប្រើ​ថាម​ពល​ពន្លឺព្រះ​អាទិត្យ (​បន្ទះ​សូ​ឡានិង​អំពូល​ភ្លើង​) ចំនួន​ ៧៣​ ប្រអប់ ​ត្រូវបាន​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ​ផ្តល់​ដល់​កាក​បាទ​ក្រហម​កម្ពុជា ជា​អំណោយ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​ផ្សេងៗ​។​


​ការ​ផ្តល់​នេះ បាន​ធ្វើ​ឡើងនៅ​ថ្ងៃទី​ ២២ ​ខែវិច្ឆិកា ​ដោយ​លោក​ គុយ សុផល ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ ​និង​ជា​ទេសរដ្ឋ​មន្ត្រីទទួល​បន្ទុក​កិច្ច​ការ​ទូទៅ អម​ក្រសួង​ព្រះ​បរមរាជ​វាំង ប្រគល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា ​តាម​រយៈ​លោក​ស្រី ពុំ ចន្ទី​នី​ អគ្គ​លេខា​ធិ​ការ​កាក​បាទ​ក្រហម​កម្ពុជា​។​

​នា​ឱកាស​នៃ​ការ​ទទួល​អំណោយ​ទាំង​នេះ​ លោក​ស្រី ពុំ ចន្ទី​នី ​ក៏បាន​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​សម្តេច​ព្រះ​មហា​ក្សត្រី និង​បាន​ប្រគល់​ជូន​លោក គុយ ​សុផល នូវ​សារ​លិខិត​របស់​លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន ប្រ​ធាន​កាក​បាទ​ក្រហម​កម្ពុជា​ដែល​ទូល​ថ្វាយ​ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេច​ព្រះ​មហា​ក្សត្រី​ផង​ដែរ​។​


​លោក​ស្រី ប៊ុន រ៉ានី បាន​លើក​ឡើង​តាម​រយៈ​សា​រលិខិត​នេះ​ថា៖​ «​ខ្ញុំម្ចាស់ ​មាន​សេចក្ដី​សោម​នស្ស​រីក​រាយ​ក្រៃ​លែង ប្រកប​ដោយ​បរិយា​កាស​កក់​ក្តៅ​បំផុត ដែល​បាន​ទទួល​ព្រះរាជ​ទាន ពីសម្តេច​ព្រះ​មហា​ក្សត្រី ​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​នូវ​ចង្កៀង​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ (​បន្ទះ​សូ​ឡា និង​ អំពូល​ភ្លើង​) ចំនួន ៧៣​ ប្រអប់​»​។

​លោក​ស្រី ប៊ុន រ៉ានី បាន​បន្ត​ថា លោក​ស្រី និង​សហ​ការី នឹង​ប្រើ​ប្រាស់​ព្រះរាជ​ទាន​ដ៏​ឧត្តុង្គ​ឧត្តម​នេះ​ ទៅ​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេច​ព្រះ​មហា​ក្សត្រី ក្នុង​បុព្វ​ហេតុ​សកម្ម​ភាព​មនុស្ស​ធម៌ កាក​បាទ​ក្រហម​កម្ពុជា​។​


​យោង​តាម​របាយកា​រណ៍​របស់​កាក​បាទ​ក្រហម​កម្ពុជា ​ក្នុង​ឆ្នាំ ២០២១ និង ៥ ខែ​ដើម​ឆ្នាំ ២០២២​ កន្លង​ទៅនេះ អង្គការ​មនុស្ស​ធម៌​ដ៏​ធំ​មួយ​នេះ ​បាន​ចូលរួម​ជួយ​ជា​ចំណែក​មួយ​ជាមួយ​នឹង​រាជរដ្ឋាភិ​បាលដែល​ក្នុង​នោះ​មាន​ការ​ទប់​ស្កាត់​ជំងឺ​កូ​វីដ ១៩ ជួយ​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ និង​ការសាង​សង់​លំនៅ​ឋាន​ជូន​អតីត​យុទ្ធ​ជន​ទៀត​ផង​។​

​កាក​បាទ​ក្រហម​កម្ពុជា​ក៏បាន​ផ្តល់​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ធម្មជាតិ​ និង​មនុស្ស​ចាស់​ឥត​ទីពឹង កុមារកំ​ព្រា អ្នក​ពិការ ស្ត្រី​មេ​ម៉ាយ ជន​ជាតិ​ភាគ​តិច នៅ​ជនបទ​ដាច់​ស្រយាល​បាន​ជិត ១៤ ម៉ឺន​គ្រួសារ ​បាន​ចូលរួម​លើកក​ម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​និង​បាន​អប់រំ​ផ្សព្វ​ផ្សាយ​យល់​ដឹង​ពី​គ្រោះថ្នា​ក់​ដោយសារ​មីន​ សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដ​ដែល​​៕