ភ្នំពេញៈ លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បញ្ជាក់​ពី​ជំហរ​ម៉ឺង​ម៉ាត់​របស់​កម្ពុជា​លើ​យន្ត​ការ​ពហុភាគីនិ​យម ​ហើយ​សង្ឃឹមថា រដ្ឋជា​សមា​ជិក​អាស៊ាន​ដទៃ​ទៀត​ ក៏គិត​គូរ​ពង្រឹងជំហរ​​ពហុភាគី​និយមនេះដែរ នៅ​ចំពោះ​មុខ​ការ​ប្រកួ​តប្រជែង​យ៉ាង​ស្រួច​ស្រាល់ និងភាព​តាន​តឹងផ្នែក​ភូមិ​សាស្ត្រ​នយោបា​យ និង​វិបត្តិធ្ងន់​ធ្ងរ​របស់​ពិភព​លោក​ដទៃ​ទៀត។​


ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូកលើ​កទី៩​ នៅ​ខេត្ត​សៀមរា​ប កាលពីថ្ងៃទី ២៣ ​វិច្ឆិកា​ លោក ​ហ៊ុន សែន បានគូស​បញ្ជាក់​ថា កម្ពុជា​គាំទ្រ​យ៉ាង​មុត​មាំ​ជានិច្ច​ចំពោះ​យន្ត​ការ​ពហុភាគី​និយ​ម​ប្រកប​ដោយ​បរិយា​ប័ន្ន​និង​បើក​ចំហ ក្នុង​ឋានៈ​កម្ពុ​ជាជាប្រ​ទេស​តូច នៅ​ចំពោះ​មុខ​ភាព​មិ​នប្រាកដ​ប្រជា​នៃស្ថាន​ការណ៍​សកល និង​ការ​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​ ដែល​ស្ថិត​ក្នុង​វិបត្តិ​ដ៏ស្មុគ​ស្មាញ និង​កំពុង​គំរាម​កំហែង​ដល់​គ្រឹះ​នៃ​សន្តិភាព ស្ថិរ​ភាព​ពិភព​លោក។​

លោក​ ហ៊ុន សែន ថ្លែង​ដូច្នេះ​ថា៖ «ក្នុង​ឋានៈ​ជារ​ដ្ឋ​តូច កម្ពុជា​គាំទ្រ​យ៉ាង​មុត​មាំ​ជានិច្ច ​ចំពោះ​យន្ត​ការ​ពហុ​ភាគី​និយម​ប្រកប​ដោយ​បរិយា​ប័ន្ន និង​បើ​ក​ចំហ ក៏ដូច​ជាចំពោះការ​ពង្រឹង​យន្តការ​ដឹក​នាំដោយ​អាស៊ាន​ ឬសណ្តាប់​ធ្នាប់​តំបន់ ដែល​ដឹក​នាំដោយ​អាស៊ាន និង​ការ​ប្រកាន់​ខ្ជាប់​នូវ​អន្តរ​ជាតិ​ ជាពិ​សេសធម្ម​នុញ្ញ​អង្គការ​សហ​ប្រជាជា​តិ។ ខ្ញុំ​ជឿជា​ក់ថា សមា​ជិកអា​ស៊ាន​ដទៃ​ទៀត​ ក៏មាន​ទស្សនៈ​ដូចគ្នានៅ​លើ​ចំណុច​នេះដែ​រ »។

ជុំវិ​ញបញ្ហានេះ​ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អ​ន្តរជាតិ​​នៃ​រាជបណ្ឌិតសភា​កម្ពុជា​លើក​ឡើង​ថា យន្ត​ការ​ពហុ​ភាគី​និយម ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ​សម្រាប់​ក្រុម​បណ្តាប្រ​ទេស​តូច​តាច និង​បណ្តា​ប្រទេស​​មាន​ការ​អភិវឌ្ឍន៍​តិច​តួច ក្នុ​ងបរិបទ​ពិភព​លោក​ដែលនិន្នា​ការឯក​តោភា​គីនិយ​ម និង​និន្នា​ការ​គាំពារ​និយម​កំពុង​លេច​ត្រដែត​ឡើង​ ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ប្រឈ​មនានា​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភ​ពលោ​ក។​

លោក​​គិន ​ភាបញ្ជាក់​ថា​៖ «បញ្ហា​ជាច្រើន​ដែល​បាន​កើត​ឡើង​គឺមិន​អាច​​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប្រទេស​ណាមួយ​តែ​ឯក​ឯង​បាន​ទេ លុះត្រា​តែមាន​ការរួម​កម្លាំង​គ្នា​ពីបណ្តា​ប្រទេស​​និង​ភាគីពាក់​ព័ន្ធ​នានា​ ទើប​យើង​អាច​ដោះស្រា​យបាន ពីព្រោះ​បញ្ហា​ប្រឈម​គឺគ្មាន​ព្រំដែ​ន​ឡើយ។ ដូច្នេះ​ ការ​ពង្រឹង​ពហុភាគី​ភាគី​និយម​ មាន​សារៈ​ខាន់​សម្រា​ប់​កម្ពុជា​និងបណ្តាប្រទេ​សផ្សេ​ងៗ យើង​អាច​រាប់បាន​ដូច​ជាវិបត្តិ​រាត​ត្បាតកូ​វីដ​១៩ ប​ញ្ហាប​ម្រែបម្រួល​អាកាស​ធាតុ វិបត្តិ​ស្បៀង វិបត្តិថា​មពល ជាដើម​ »។


ទោះបី​ជាក្នុង​ក្របខ័ណ្ឌ​អាស៊ាន តែង​មាន​ការលើក​កម្ពស់​យន្តការ​ពហុភាគី​និយម​ជារឿយៗ​ក្តី​ ក៏លោក ​​គិន ភា យល់​ថា នៅមាន​ការរាំ​ង​ស្ទះមួយ​ចំនួន​ដែរ ខណៈ​នៅក្នុង​ការ​សម្រេច​ចិត្ត​ចំពោះ​ផលប្រយោជ​ន៍រ​ដ្ឋ​នៅ​ខណៈ​ពេល​ខ្លះ ​មានកា​រ​ប្រទាំង​ប្រទើសចំ​ពោះនិន្នាកា​រពហុភាគីនិ​យម និង​ឯកតោ​ភាគីនិយ​ម ពីប​ណ្តារដ្ឋ​ជាស​មាជិក​អាស៊ាន​ខ្លះ។

ជាមួយ​គ្នានេះ លោក​​ យង់ ពៅ អគ្គលេ​ខាធិការ​នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​ជាអ្នក​ជំនា​ញភូមិ​សាស្រ្ត​នយោបា​យយល់​ថា កត្តាទំ​នាក់ទំ​នងក្នុង​ប្រវត្តិសាស្រ្ត​និង​កត្តា​ផល​ប្រយោជន៍​របស់​បណ្តា​រដ្ឋជា​សមាជិកអាស៊ា​នជា​ដើម​ចម នៃការ​រាំង​ស្ទះដ​ល់ដំណើរ​លើក​កម្ពស់​និន្នាការ​ពហុភាគី​និយម។

ក្រៅ​ពីនោះ​ ទំនោរ​ទៅរក​ប្រទេស​មហា​អំណាច​ណាមួយ ក្នុង​លក្ខខណ្ឌស​ម្ព័ន្ធ​មិត្ត ឬមិត្ត​ដែក​ថែប​ពីសំណាក់​ប្រទេស​ជាសមាជិក​អាស៊ាន​ជាដើម ​ក៏ជាឆ្អឹង​ទទឹងក ក្នុង​ដំណើរ​យន្ត​ការព​ហុភាកីនិយម​សម្រាប់​អង្គការ​តំបន់​មួយ​នេះ​ដែរ។​

សម្រាប់លោក ​​យង់ ពៅ លោកមា​នសុទិដ្ឋិនិយម​ចំពោះដំណើរ​រួម​នៃនិន្នា​ការពហុភាគី​និយម​របស់​អាស៊ាន បើទោះបី​អង្គការ​តំប​ន់មួ​យនេះ នៅ​មាន​ចំណុច​អារិភាព​នឹង​គ្នាខ្លះ​ៗ ដែល​មិន​ទាន់​រកចំណុច​រួម និង​កុង​សង់​ស៊ីស​ក្តី ព្រោះលោ​កយល់ថា អង្គការ​តំប​ន់នេះ​បានហែល​ឆ្លង​ព្យុះភ្លៀង​រាប់សិប​ឆ្នាំជាមួយ​នឹង​គ្នាទៅ​ហើយ​ ក៏អង្គ​ការ​នេះរក្សា​បាន​នូវ​ចំណង​តាំង​ពីមាន​សមាជិក​ត្រឹ​ម​ ៥ ​ប្រទេស​ មក ១០​ ប្រទេស ហើយ​នឹងអាច​កើន​ដល់​សមាជិ​ក ១១ ​ប្រទេ​ស។​

ការ​ប្រកាសរ​បស់លោ​កនាយ​ករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ជាថ្មី​នេះ ​ចំពេ​លដែ​លពិ​ភពលោក​ កំពុង​ក្រឡេ​កមើល​មកកាន់​តំបន់​អាសាន​ ដែល​កំពុង​នៅ​កណ្ដាល​​នៃ​ផល​ប្រយោជន៍​របស់​ចិន​និង​អាមេរិក។​ អាស៊ាន​ក្លាយ​ជាទី​ប្រជែង​ឥទ្ធិ​ពលគ្នា​ពី ១ ​ថ្ងៃ ទៅ ១ ​ថ្ងៃ រ​វាងមហាអំ​ណាច ក្នុង​តំបន់​និង​ពិភព​លោក​៕