សៀមរាប​: ព្រឹត្តិ​ការណ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​កាលពី​ ២ ​ទសវត្សរ៍ ​មុន​អ្នក​ចូលចិត្ត​ជិះ​កង់​ដ៏​អស្ចារ្យ​ម្នាក់​អាយុ ៦៨ ​ឆ្នាំ លោក​ប៉ូល​ឌុយ​ប្រ៊ូ​លបាន​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​ដោយ​ជិះ​កង់​ចម្ងាយ​ ១៥ ២៧២​ គីឡូម៉ែត្រ​ពី​ក្រុង ​Fon​taine​bleau​ ក្នុង​ប្រទេស​បារាំង ​មក​កាន់​ខេត្ត​សៀម​រាប​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០០២​។​


៨ ​ខែក្រោយ​មក លោក​ឌុយ​ប្រ៊ូ​លដែល​មាន​ប្រវត្តិ​ផ្នែក​បដិ​សណ្ឋារ​កិច្ច​ជាមួយ​ការ​តាំង​ចិត្ត​ខ្ពស់​បាន​មក​ដល់​ខេត្ត​សៀមរាប ​ក្នុង​គោល​បំណង​បើក​សម្ពោធ​សាលា​នៅ​ថ្ងៃទី​ ២៤ ​ខែតុលា​ ឆ្នាំ​ ២០០២​ ពេល​លោក​បាន​បង្កើត​សាលា​សណ្ឋា​គារ​និង​ទេស​ចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល​។​

​សព្វថ្ងៃ Formation et Progrès-Cambodge​ ជា​អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​សៀម​រាប​ បាន​អបអរ​បេសក​កម្ម​រយៈ​ពេល​ ២០ ​ឆ្នាំ ​របស់​ខ្លួន​ដែល​បាន​ពង្រីក​វិស័យ​បដិ​សណ្ឋារ​កិច្ច​នៅ​កម្ពុជា​ដល់​សិស្ស​បញ្ចប់​ការ​សិក្សា​ប្រមាណ ​៤ ​ពាន់​នាក់​។​

​លោក​អេ​ន​រីក​ប្លង់​កូជា​អ្នក​គ្រប់​គ្រង​ផ្នែក​គម្រោង​និង​ទំនាក់​ទំនង​បាន​និយាយ​ថា​៖ «​ដោយ​មាន​បទ​ពិសោធន៍ ២០ ​ឆ្នាំ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​យើង​បន្ត​បង្កើត​កិច្ច​សហការ​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អង្គការ​ក្នុងស្រុក​និង​អន្តរជាតិ​ជាច្រើន​ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ក្នុង​ការ​បង្កើន​ជំនាញ ​និង​ការផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព ​(SDG4) ​និង​ឱកាស​ការងារ​សមរម្យ​សម្រាប់​កំណើន​សេដ្ឋកិច្ច (SDG8)»​។

​សាលា​ធុរកិច្ច​បដិសណ្ឋារ​កិច្ច​ EHL​នឹង​បង្កើត​ព្រឹ​ត្ដិ​ការណ៍​អាហារ​ពេល​ល្ងាច​សប្បុរស​ធម៌​ក្រោម​អធិបតី​ភាព​លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​លោក​ ប៉ូល ​ឌុយ​ប្រ៊ូ​ល ​ស្ថាប​និក​សាលា​សណ្ឋាគារ ​និង​ទេស​ចរណ៍​ឌុយ​ប្រ៊ូ​ល​ដើម្បី​អប​អរ​សាទរ​ខួប​លើក​ទី​២០ ​របស់​ខ្លួន​។​


​ព្រឹត្តិ​ការណ៍​ពិសេស​នេះ ​នឹង​ផ្តល់នូវ​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​បុគ្គលិក​សំខាន់ៗ​នៅ​ក្នុង​ឧស្សាហ​កម្ម​បដិ​សណ្ឋារ​កិច្ច និង​ទេស​ចរណ៍ ក៏ដូចជា​ឥស្សរ​ជន​សាធា​រណៈ​ល្បីៗ​ដែរ​។​

​សាលា​បដិសណ្ឋារ​កិច្ច​ផ្តល់ជូន​កម្មវិធី​ចំនួន​ ៥ ​រួម​មាន​សេវាកម្ម​ម្ហូបអា​ហារ​និង​ភេសជ្ជៈ​ជំនាញ​ចម្អិន​អាហារ​ជំនាញ​ដុត​នំ​ការិយា​ល័យ​ជួរមុខ​និង​គេហ​ដ្ឋាន​និង​ប្រតិ​បត្តិការ​ទីភ្នាក់​ងារ​ទេស​ចរណ៍​។​

​កញ្ញា​ ស្រ៊ុន គីម​លុយ អាយុ ២២ ​ឆ្នាំ​ មកពី​ខេត្ត​បាត់​ដំបង ​ត្រូវបាន​មិត្ត​រួមការ​ងារ​ណែនាំ​ឱ្យមក​ស្នើសុំ​ការ​សិក្សា​នៅ​សា​លា​សណ្ឋា​គារ ​និង​ទេសចរណ៍​នេះ​នៅ​ពេល​កញ្ញា​ធ្វើជា​បុគ្គលិក​ទទួល​ភ្ញៀវ​នៅឯ​ស្រុក​កំណើត​។ ​ក្នុង​ឆ្នាំ​ ២០២១​ កញ្ញា​ គីម​ លុយ បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​សណ្ឋា​គារ និង​ទេស​ចរណ៍​ឌុយ​ប្រ៊ូ​ល​។

​យុវតី ​គីម​ លុយ ដែល​សិក្សា​កម្ម​វិធី​ប្រតិ​បត្តិការ​ទីភ្នាក់ងារ​ទេស​ចរណ៍​ដែល​ចំណាយ​ពេល ​១០ ​ខែ ​នៅ​សាលា​សណ្ឋា​គារ​ និង​ទេសចរណ៍​ឌុយ​ប្រ៊ូ​ល​បាន​និយាយ​ថា​៖ «​វា​ជា​សាលា​ដ៏​ល្អ​សម្រាប់​ឧស្សា​ហកម្ម​បដិ​សណ្ឋារ​កិច្ច​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចូលរៀន​សាលា​នេះ​»​។​

​បច្ចុប្បន្ន​កញ្ញា​កំពុង​ធ្វើ​កម្ម​សិក្សា​នៅ​សាលា​របស់​អង្គការ​នេះ​ផ្ទាល់​ជា​អ្នក​សម្រ​បសម្រួល​គម្រោង​ និង​ផ្នែក​រដ្ឋបាល​ដែល​កញ្ញា​គិតថា ​វា​ទាក់ទង​នឹង​កម្ម​វិធី​សិក្សា​របស់​ខ្លួន​។​

​យុវតី​មកពី​ខេត្ត​បាត់​ដំបង​រូបនេះ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​និង​ធ្វើការ​នៅ​សាលា​ព្រោះ​អ្នក​រាល់គ្នា​ពិតជា​បុគ្គល​ល្អៗ ​និង​មាន​វិជ្ជាជីវៈ​ខ្លាំង​ណាស់​»​។​

​លោក ​ប៉ូល ឌុយ​ប្រ៊ូ​ល សហ​ស្ថាប​និក​នៃ​សម្ព័ន្ធ​សណ្ឋាគារ​ Accor Hotels មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​និង​ចាប់​ផ្ដើម​មាន​គំនិត​អភិវឌ្ឍន៍ បន្ទាប់ពី​លោក​បានធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៨​។

​ក្នុង​នាម​ជា​អភិបាល​ក្រុង Fontainebleau​ ក្នុង​ប្រទេស​បារាំង ជំហាន​ដំបូង​របស់​លោក ​គឺ​លើក​កម្ពស់​ការអភិវឌ្ឍ​ស្របគ្នា​ជាមួយ​ខេត្ត​សៀមរាប​។​ នេះ​បើ​យោង​តាម​សាវតារ​របស់​លោក ​ប៉ូល ឌុយ​ប្រ៊ូ​ល ដែល​បាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​។​

​លោក ឌុយ​ប្រ៊ូ​ល បាន​បង្កើត​សាលា​សណ្ឋាគារ ​និង​ទេសចរណ៍​នេះ​ឡើង (EHT) ជា​គំនិត​ផ្តួច​ផ្តើម​ផ្ទាល់​ខ្លួន​នៅ​ពេលដែល​លោក​បាន​បម្រើការ​ជា​សមាជិក​ព្រឹទ្ធ​សភា​បារាំង​ពី​ឆ្នាំ​ ១៩៩៩ ​ដល់​ឆ្នាំ​ ២០០៤ ​ដែល​តំណាង​ឱ្យ​តំបន់ Seine-et-Marne​។​

​លោក ឌុយ​ប្រ៊ូ​ល ដែល​ជា​អ្នក​ចូលចិត្ត​ជិះ​កង់​ដ៏​ល្បី​ល្បាញ ១ ​រូប​ដែរ​នោះ ​បាន​ឱ្យដឹង​ថា​៖«​យើង​ជឿថា​ការបណ្តុះ​បណ្តាល​និង​គុណ​វុឌ្ឍិ​ គឺជា​គន្លឹះ​នៃ​អនាគត​របស់​បុគ្គល​ម្នាក់ៗ​»​។​

​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​សាលា​ពាណិជ្ជ​កម្ម​បដិសណ្ឋារ​កិច្ច EHL និង​សម្ព័ន្ធ​សណ្ឋា​គារ ​AccorHotels​ ស្ថាប័ន​ទាំង ​២ ​ផ្តល់​ការ​អប់រំ​ថ្នាក់​សញ្ញា​បត្រ​ផ្នែក​គ្រប់គ្រង​បដិ​សណ្ឋារ​កិច្ច​ចាប់​តាំងពី​ឆ្នាំ ​២០១៦​។​

២០​ ឆ្នាំ ​នៃ​ការផ្តល់​ការ​អប់រំ​ផ្នែក​បដិ​សណ្ឋារ​កិច្ច EHL​កំពុង​កសាង​ធនធាន​ប្រហែល​ ៤​ ពាន់​នាក់​។​ ពាក់​កណ្តាល​នៃ​ពួកគេ ​គឺជា​ស្ត្រី​ហើយ​សិស្ស​ចំនួន​ ២៥០ ​នាក់ ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ ១​ ឆ្នាំៗ​។​

​ខណៈ​ពេល​ដែល​សាលា​បាន​ផ្តល់​អាហា​រូបករណ៍​តម្លៃ​ពេញ​ដល់​សិស្ស​ជាង​ ១​ ពាន់​នាក់​រួចហើយ ​ចាប់​តាំងពី​ឆ្នាំ​ ២០០៣​ មក សិស្ស​ជាង​ ១០០ ​នាក់​ មកពី​ដៃគូ​ទេស​ចរណ៍​ក្នុង​ស្រុក ​និង​អន្តរ​ជាតិ​។​

​កម្មវិធី​ទាំង ​៥​ នៅក្នុង​បដិ​សណ្ឋារ​កិច្ច​ដែល​ផ្តល់​អាហា​រូបករណ៍​ ១០០​ ភាគ​រយ​ ជា​ផ្នែក​មួយ​នៃ​អាហា​រូបករណ៍​ខ្លះៗ ​និង​តម្លៃ​ពេញ​សម្រាប់​និស្សិត​រាប់​ពាន់​នាក់​ត្រូវបាន​គេ​មើល​ឃើញ​ថា​ ជា​សមិទ្ធ​ផល​ដ៏​ធំ​។​

​លោក ​ប្លង់​កូ បាន​និយាយ​ថា​៖ «​នៅ EHT ការរៀន​និង​ភាព​សប្បាយ​រីករាយ​គឺជា​ផ្នែក​មួយ​នៃ​កម្ម​វិធីសិក្សា​របស់​សិស្ស​។​ ពី​ថ្នាក់​រៀន​រហូត​ដល់​កម្ម​សិក្សា​ព្រឹត្តិការណ៍​នានា​រហូត​ដល់​ដំណើរ​កម្សាន្ដ​គ្រប់​ជំហាន​ទាំង​អស់​​ត្រូវបាន​បង្កើត​ឡើង​ ដើម្បី​បង្កើន​ចំណេះ​ដឹង​ដល់​សិស្ស​»​។​

​លោក​បន្ដថា​៖ «​សិស្សានុ​សិស្ស​បង្កើន​ជំនាញ​របស់​ពួកគេ​នៅក្នុង​បរិយា​កាស​ជីវិត​ពិត​រួមមាន​បន្ទប់​រៀន​ដែល​បំពាក់​ដោយ​ឧបករណ៍​ពេញ​លេញ​ចំនួន​ ១២ បន្ទប់​កុំព្យូទ័រ​ចំនួន​៣ បណ្ណាល័យ​ដែលមាន​សៀវភៅ​ជាង ២ ៥០០​ ក្បាល បន្ទប់​សិក្ខា​សាលា​ចំនួន ​២ សាលប្រជុំ​ ១ ភោជនីយ​ដ្ឋាន​បណ្តុះ​បណ្តាល​ផ្ទះបាយ​គរុកោ​សល្យ​ និង​សិក្ខា​សាលា​ផ្សេងៗ​ក៏ដូចជា​បន្ទប់​សណ្ឋា​គារ​បណ្តុះ​បណ្តាល​ចំនួន​ ៤»​។

​លោក​និយាយ​ថា​៖ «​យើង​លើក​ទឹកចិត្ត​សិស្ស​ឱ្យ​រស់នៅ​ក្នុង​ជីវិត​គំរូ​ដែល​ទទួលបាន​ពី​ការ​បណ្ដុះ​បណ្ដាល​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ការ​ចូលរួម​ក្នុង​សង្គម​ការចែក​រំលែក​គោល​ដៅ និង​ចំណង់​ចំណូល​ចិត្ត​»​។​

​ដោយ​មិន​ទទួល​បាន​អាហា​រូបករណ៍​សិក្សា​នៅ​សាលា​សណ្ឋាគារ​និង​ទេស​ចរណ៍​នេះ ​លោក តែ វុទ្ធី បាន​ចំណាយ​ពេល​ ២ ​ឆ្នាំ​ធ្វើការ​ជា​អ្នករត់​តុ​នៅ​ភោជនីយ​ដ្ឋាន​មួយ​នៅ​សៀម​រាប​និង​២​ឆ្នាំ​ទៀត​នៅ Angkor Zipline ​ជាទី​ដែល​លោក​ទទួលបា​ន​ការ​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ជំនាញ​ចុង​ភៅ​។

​លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ពេល​ខ្ញុំ​កំពុង​រៀន​នោះ​ខ្ញុំ​ត្រូវ​បង់ថ្លៃ​សម្រាប់​ចូល​រួម​ចំណែក​ត្រឹម​តែ​ជាង ៨០០ ​ដុល្លារ​ ក្នុង​តម្លៃ​ប្រមាណ ​៥ ០០០​ ដុល្លារ ដោយ​មាន​ទាំង​ការ​ផ្ដោត​លើ​ទ្រឹស្ដី និង​អនុវត្ដ​ផ្ទាល់​»​។​

​យ៉ាង​ណា​មិញ​សាលា​អង្គការ​នេះបាន​ផ្ដល់​ឱ្យដល់​សិស្ស​ច្រើន​ដោយ​មាន​ក្មេងៗ​ជា​ច្រើន​មក​ស្នើសុំ​អាហា​រូបករណ៍​សិក្សា​ជំនាញ​ផ្សេងៗ​។

​លោក​អះ​អាង​ថា លោក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុងការ​ចេញ​ទៅ​បំពេញ​ការងារ​នៅតាម​ភោជនីយ​ដ្ឋាន​ និង​សណ្ឋា​គារ​ធំៗ​ដែល​មាន​កម្រិត​ស្ដង់ដា​។​

​លោក​ វុទ្ធី​ បាន​ឱ្យដឹង​ថា​៖ «​ខ្ញុំ​មាន​គោល​បំណង​បើកមុខ​ជំនួញ​ភោជនីយ​ដ្ឋាន​មួយ​ខ្លួន​ឯង តែ​ដោយ​មិន​ទាន់មាន​លទ្ធភាព​ខ្ញុំ​នឹង​ចាប់ផ្ដើម​ពី​ការងារ​ក្នុង​វិស័យ​ម្ហូប​នេះដែ​លអាច​សម្រួច​បទពិសោធ​ន៍ និង​ចំណេះ​ដឹងក៏​ដូចជា​សន្សំ​លុយ​បន្ថែម​ទៀត​ដែរ​»​។

​លោក​ ប្លង់​កូ បាន​និយាយ​ថា ក្នុង​ចំណោម​ជំនាញ​ទាំង ​៥ ​ជំនាញ​ធ្វើ​នំ គឺជា​មុខវិជ្ជា​ដែល​ពេញ​និយម​ជាងគេ​។​

​សាលា​សណ្ឋា​គារ​និង​ទេស​ចរណ៍ EHT ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍​ជាច្រើន​នា​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែវិច្ឆិកា​ ឆ្នាំ​ ២០២២ ​នេះ និង​ស្វា​គមន៍​ភ្ញៀវ​ជាង​ ៤០០​ នាក់ ​រួមទាំង​នាយក​ប្រតិបត្តិ​ជាតិ​និង​អន្តរជាតិ​ និង​បុគ្គល​សំខាន់ៗ​នៃ​ឧស្សា​ហកម្ម​បដិសណ្ឋារ​កិច្ច​និង​ទេស​ចរណ៍​។​

​ព្រឹត្តិ​ការណ៍​នេះ នឹង​ចាប់​ផ្តើម​ជាមួយ​ការ​ប្រកួត​ប្រជែង​សហគ្រិន​ភាព ​ដំណើរ​ទេស​ចរណ៍​ជិះ​កង់ ការណែ​នាំ​អំពី​សាលា​និង​កម្មវិធី​លៀង​សាយ​ភោជន៍​សប្បុ​រស​ធម៌​។​

​នៅ​ថ្ងៃ​សុក្រ​ ទី​ ២ ខែធ្នូ​ ឆ្នាំ​ ២០២២ នៅ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ផ្លូវជាតិ​លេខ​ ៦ ​ខេត្ត​សៀម​រាប កម្មវិធី​លៀង​សាយ​ភោជន៍​សប្បុ​រសធម៌​ចាប់​ផ្តើម​នៅ​ម៉ោង ​៧ ​យប់​ ដែល​រៀបចំ​ និង​បម្រើ​ដោយ​សិស្ស​របស់​សាលា​អង្គការ​ដើម្បី​ធានា​ដល់​ភាព​រីករាយ​ចំពោះ​អ្នក​ចូល​រួម​ទាំង​អស់​រួមទាំង​មាន​កម្ម​វិធី​សិល្បៈ​ជា​ច្រើន​ទៀត​។

​សាលា​សណ្ឋា​គារ​និង​ទេស​ចរណ៍ EHL អញ្ជើញ​មហាជន​ឱ្យចូល​រួមការ​ដេញថ្លៃ​ទិញ​ផលិត​ផល​សិល្បៈ ​ដើម្បី​គាំទ្រ​ការ​អប់រំ​ និង​ការ​បណ្តុះ​បណ្តាល​ហើយ​ប្រាក់​ចំណេញ​ទាំង​អស់​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​មូល​និធិ​អាហា​រូបករណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​នេះ​៕