WHO កំណត់ការកាត់បន្ថយអ្នករបួស និងអ្នកស្លាប់តាមដងផ្លូវឱ្យបាន ៥០% នៅត្រឹមឆ្នាំ ២០៣០

ភ្នំពេញៈ គោលដៅចម្បងមួយនៃការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) គឺការកាត់បន្ថយចំនួនអ្នករងរបួសនិងស្លាប់នៅតាមដងផ្លូវឱ្យបាន ៥០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក (WHO)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរដ្ឋាភិបាលមកពីបណ្តាប្រទេសជុំវិញពិភពលោកនឹងមកជួបជុំគ្នាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលជាផ្នែកមួយនៃសប្តាហ៍មហាសន្និបាតអង្គការសហប្រជាជាតិ។
នេះគឺជាពេលវេលាដ៏មានសារៈសំខាន់ដើម្បីធ្វើការពិនិត្យទៅលើវឌ្ឍនភាពនាពេលបច្ចុប្បន្នក្នុងការអនុវត្តរបៀបវារៈសម្រាប់ឆ្នាំ ២០៣០ ហើយនិងរបៀបដែលយើងនឹងត្រូវធ្វើដើម្បីឈានឱ្យកៀកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧។
លោក Jean Todt បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តកម្មវិធី«ការបណ្តុះបណ្តាលអំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជាដំណាក់កាលទី២» កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា នៅរាជធានីភ្នំពេញថា លោកនឹងធ្វើការកៀរគរឱ្យមានការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងការការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ពិភពលោកត្រូវការអង្គការសង្គមស៊ីវិល ដូចជា អង្គការមូលនិធិបង្ការរបួសអាស៊ីជាដើម ដើម្បីជំរុញទៅរកការរីកចម្រើនតាមរយៈការលើកកម្ពស់នវានុវត្តន៍ដែលនឹងមានលទ្ធផលជះដូចថ្ងៃនេះជាដើម»។
លោកក៏បានលើកឡើងដែរថា កម្មវិធី App នៅលើទូរស័ព្ទដៃដែលផ្តល់ជូនអ្នកបើកបរ របស់អ្នកបើកបរថយន្តដឹកកម្មករនិយោជិតនេះនឹងជួយឱ្យពួកគេមានសុវត្ថិភាពនៅលើដងផ្លូវដែលផ្តល់ឱកាសឱ្យយើងបង្កើតបានអនាគតដែលមានសុវត្ថិភាពជាងមុន និងមាននិរន្តភាព។
កម្មវិធីដំឡើង Eco Safe App មានគោលបំណងផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរតាមរយៈការផ្តល់នូវចំណេះដឹង និងជំនាញក្នុងការការពារពេលបើកបរ ការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃភាព ព្រមទាំងសុវត្ថិភាពយានយន្ត។ នេះគឺជាអ្វីដែលអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ត្រូវបានផ្តល់សិទ្ធិអំណាចដើម្បីបើកបរប្រកបដោយសុវត្ថិភាពប្រសើរឡើងប្រកបដោយនិរន្តរភាព។
លោកស្រី មើរ៉ាម ស៊ីឌីក (MirjamSidik) នាយិកាប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរថា គោលបំណងចម្បងនៃកម្មវិធី Eco Safe Driving App ដើម្បីធ្វើឱ្យប្រសើរឡើងនូវឥរិយាបថរបស់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកាន់តែប្រសើរឡើង។
លោកស្រីថា៖ «ការលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់មធ្យោបាយរថយន្តដឹកជញ្ជូនរួមប្រកបដោយសុវត្ថិភាពប្រសើរឡើង និងឱ្យមានការវាស់វែងនៃការសន្សំសំចៃប្រេងឱ្យបានត្រឹមត្រូវ និងលទ្ធផលលើឥរិយាបថនៃការបើកបរដោយបានវាយតម្លៃតាមរយៈការវាស់វែងពីកម្មវិធី អេប (App)នេះ»។
ក្នុងការអនុវត្តកម្មវិធីដំណាក់កាលទី១ បានផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរដឹកកម្មករនៅរោងចក្រចំនួន៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដោយផ្តល់នូវជំនាញបើកបរដើម្បីសង្រោះជីវិតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងនាមជាអ្នកបើកបរនៅលើដងផ្លូវ។
សូមបញ្ជាក់ថា កម្មវិធី Eco Safe Driving App នេះគឺសម្រាប់តាមដានការបើកបរតាមរយៈការតភ្ជាប់ប្រព័ន្ធ (GPS) ដើម្បីប្រមូលនូវទិន្នន័យអំពីការប្រើប្រាស់ល្បឿន កុងទ័រល្បឿន និងប្រេង ចម្ងាយផ្លូវនៃការធ្វើដំណើរ ការកត់ត្រាបរិមាណនៃការចាក់ប្រេងឥន្ធនៈ និងការប្រើប្រាស់ឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នកបើកបរម្នាក់ៗទៅតាមតំបន់គោលដៅនីមួយៗ ដើម្បីធ្វើការកែលម្អ។
លោកស្រី មឹន មាណវី អគ្គលេខាធិការនៃគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងសិក្ខាសាលានេះដែរថា ការចូលរួមចំណែកជួយដល់កម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ គឺជាការរួមចំណែកយ៉ាងធំ ធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងការពារអាយុជីវិតមនុស្ស ក៏ដូចជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកស្រីថា ៖ «រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំសម្រេចឱ្យបានជោគជ័យលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ»។
យោងតាមទិន្នន័យប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំក្នុងអំឡុងទសវត្សរ៍ ២០១១-២០២០ ឃើញថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងលើយុវជនដែលមានអាយុចាប់ពី១៥ ដល់៣៥ឆ្នាំ ដោយសារតែការប៉ះទង្គិចរវាងទោចក្រយានយន្តជាមួយនឹងរថយន្ត ឬនឹងទោចក្រយានយន្តដូចគ្នា។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានអ្នកប្រើប្រាស់ម៉ូតូប្រមាណជាង ៧៥ ភាគរយ ក្នុងនោះមានតែ៣៩ភាគរយតែប៉ុណ្ណោះដែលបានពាក់មួកសុវត្ថិភាព។មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺល្បឿនលឿនប្រមាណ៣៨ភាគរយ ,មិនគោរពសិទ្ធិអាទិភាព ២៤ ភាគរយ, មិនប្រកាន់ស្តាំ ១៤ ភាគរយ, វ៉ាជែង ៨ ភាគរយ, បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៨ ភាគរយ, ស្រវឹង ៤ ភាគរយ, យានយន្ត ៣ ភាគរយ, ងងុយ ១ ភាគរយ។ នេះបើតាមលោកស្រី មឹន មាណវី។
លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំសុំឱ្យកិច្ចសហការដ៏ប្រពៃនេះនៅតែបន្តយ៉ាងរឹងមាំទៅថ្ងៃអនាគតរហូតទាល់តែយើងអាចរួមគ្នាសម្រេចឱ្យបានក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០ភាគរយ នៅក្នុងទសវត្សរ៍ឆ្នាំ ២០២១-២០៣០ សំដៅធានាឱ្យបាននូវជីវភាពរស់នៅដ៏ល្អប្រសើររបស់គ្រប់ក្រុមគ្រួសារ»៕