ភ្នំពេញៈ ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​និង​ក្រុមហ៊ុន ​Doppelmayr Group ​ដែលជា​ក្រុមហ៊ុន​ល្បីឈ្មោះ​ខាង​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​អឺរ៉ុប ​ចាត់ទុក​វិស័យ​ដឹកជញ្ជូន​សាធារណៈ ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ​ក្នុង​ការឆ្លើយតប​ទៅនឹង​កំណើន​ដ៏​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ។​


ជាមួយ​គ្នានេះ ​បច្ចុប្បន្នកម្ពុជា​-អឺរ៉ុប ​បាន​និង​កំពុង​ជំរុញ​ការវិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​ដឹកជញ្ជូន​សាធារណៈ ​ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត។​

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ក្រសួង​សាធារណការ ​កាលពី​ថ្ងៃទី​ ២៣ ​ខែវិច្ឆិកា ​លោក ​Peter Vogelmann ​នាយក​ផ្នែក​លក់​អន្តរជាតិ ​តំណាង​ក្រុមហ៊ុន ​Doppelmayr Group ​ឱ្យដឹងថា ​ក្រុមហ៊ុន​ Doppelmayr Group ​គឺជា​ក្រុមហ៊ុន​ធំ​ ១ ​នៅ​អឺរ៉ុប​ មាន​ជំនាញ​ក្នុង​ការរៀបចំ​ផែនការ ​អភិវឌ្ឍ ​រចនា ​ផលិត ​សាងសង់ ​និង​គាំទ្រ​គម្រោង​ច្នៃប្រឌិត ​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន​សាធារណៈ ​ដោយ​កន្ត្រក​ខ្សែកាប​(Cable Car) ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ការដឹកជញ្ជូន​អ្នកដំណើរ ​ប្រក​បដោយ​បទពិសោធន៍ ​និង​ការច្នៃប្រឌិត​ខ្ពស់។​

​លោក​បញ្ជាក់ថា ​ដើម្បី​ជំរុញ​ទំនើបកម្ម​វិស័យ​ដឹកជញ្ជូន​សាធារណៈ​របស់​កម្ពុជា ​ឱ្យ​កាន់តែ​ខ្លាំង ​ក្រុមហ៊ុន​លោក​ចង់​វិនិយោគ​សង់​កន្ត្រក​ខ្សែកាប​នៅ​កម្ពុជា ​ព្រោះថា ​គុណសម្បត្តិ​នៃ​ការជ្រើស​យក​ការដឹកជញ្ជូន​ដោយ​“​កន្ត្រក​ខ្សែកាប​” (Cable Car)​ អាចមក​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន​សាធារណៈ​នៅក្នុង​តំបន់​ទីក្រុង ​ទីប្រជុំជន ​និង​តំបន់​ទេសចរណ៍​នានា​។​


តំណាង​ក្រុមហ៊ុន​អឺរ៉ុប​រូបនេះ ​ក៏បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​លើ​វិស័យ​ដឹកជញ្ជូន​សាធារណៈ ​នៅ​ប្រទេស​កម្ពុជា​ តាមរយៈ​ការសង់​កន្ត្រក​ខ្សែកាប​នេះ​ ដោយសារ​មើលឃើញ​ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ផ្ទាល់ ​ដែលមាន​និន្នាការ​ងាក​ទៅរក​ការដឹកជញ្ជូន​រួម​ ១ ​ប្រកប​ដោយ​និរន្តរភាព ​និង​ការគិតគូរ​ដល់​បរិស្ថាន​។​

ជាការ​ឆ្លើយតប​ លោក ​តូច ​ចាន់កុសល ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​លើកឡើងថា​ ទំនោរ​នៃ​ការប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​ប្រជាពលរដ្ឋ ​នៅ​រាជធានី​ភ្នំពេញ ​នៅ​មាន​កម្រិត​នៅឡើយ​។ ប៉ុន្តែ​ក្រសួង​នៅតែ​បន្ត​បញ្ជ្រាប​ការយល់ដឹង​ពី​គុណសម្បត្តិ ​នៃ​ការប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ទៅកាន់​ពួកគាត់​។​

លោក​បន្តថា​ ក្រសួង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​នាពេល​អនាគត​ ប្រជាពលរដ្ឋ​គ្រប់រូប​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ខ្លួន​ងាក​មក​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ​បាន​កាន់តែ​ច្រើន​ឡើង។​

​លោក​ចាន់កុសល​អះអាងថា​៖«វិស័យ​ដឹក​ជញ្ជូន ​គឺជា​កត្តា ​១ ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ជា​ចម្បង ​ខណៈ​បច្ចុប្បន្ន ​រដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងខ្លាំង​ ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​ផ្លូវគោក ​ផ្លូវទឹក ​និង​ផ្លូវអាកាស ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ដឹកជញ្ជូន​ដែល​កំពុង​តែមាន​កំណើន​យ៉ាង​ឆាប់រហ័ស​នេះ»។

ជាក់ស្តែង​ នាពេល​បច្ចុប្បន្ន​ ក្រសួង​សាធារណការ ​ក៏បាន​ធ្វើការ​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​សាធារណៈ​នៅ​ទីក្រុង ​ក៏ដូចជា​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​បន្ថែម ​ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ​ក្នុងនាម​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ ១ ​ក្នុង​តំបន់​ផងដែរ​។ នេះ​បើ​តាម​លោក​ តូច ​ចាន់កុសល​។​

សូម​បញ្ជាក់ថា ​បើ​តាម​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ ​កាលពី​ឆ្ នាំ​២០២២​ (The ITF Transport Outlook 2022) ​បាន​ព្យាករ​ថា ​តម្រូវការ​ដឹកជញ្ជូន​សម្រាប់​អ្នកដំណើរ ​និង​ការដឹកជញ្ជូន​ទំនិញ ​នឹង​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ទសវត្សរ៍​ខាងមុខ ​ជាពិសេស​ក្នុង​តំបន់​អាស៊ី ​ដែល​វា​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​ការតភ្ជាប់​ដែលមាន​ភាពប្រសើរ​ឡើង ​ហើយ​តម្រូវការ​ដឹកជញ្ជូន​អ្នកដំណើរ​ទូទាំង​ពិភពលោក​ត្រូវបាន​ព្យាករ​ថា ​នឹង​កើនឡើង​ ៣ ដង​ នៅ​ឆ្នាំ ២០៥០​។​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់បាន​លើកឡើងថា​ កម្ពុជា​កំពុង​រៀបចំ​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​នៅ​កម្ពុជា ​ដើម្បី​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ​សម្រាប់​ការតភ្ជាប់​ទៅកាន់​ប្រទេស​ក្នុង​តំបន់ ​និង​ពិភពលោក​។

ជាងនេះ​ទៀត ​លោក​ ស៊ុន ​ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ឱ្យដឹង​ដែរ​ថា​ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​ជិត​ ៥០​ ពាន់​លាន​ដុល្លារ​អាមេរិក ​ដើម្បី​អនុវត្ត​គម្រោង​ប្រព័ន្ធ​ដឹកជញ្ជូន​ចំនួន​ ៣៣០ ​គម្រោង ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ​ឱ្យ​កាន់តែ​មាន​ការប្រកួត​ប្រជែង​ជាង​មុន ​និង​ចូលរួម​ចំណែក​ក្នុង​ការទាក់ទាញ​វិនិយោគិន ​បង្កើត​ការងារ​ធ្វើ​នៅ​កម្ពុជា​ជាដើម​។​

តាមរយៈ​ផែនការ ​និង​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​ដឹកជញ្ជូន​នាពេល​នេះ ​អ្នកជំនាញ​បាន​វាយតម្លៃ​ថា ​នៅ​ថ្ងៃ​ខាងមុខ​ វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ​នឹង​មាន​ស្ថានភាព​កាន់តែ​ល្អប្រសើរ ​និង​រួមចំណែក​ជួយ​កំណើន​សេដ្ឋកិច្ច​ផងដែរ​៕