ភ្នំពេញៈ ​ចាប់​​ពី​ថ្ងៃ​ទី ​២៥ ដល់​ទី​ ២៨ ខែ​វិ​ច្ឆិកា ឆ្នាំ ២០២២ នឹង​មាន​ការ​បើក​សម្ពោធ​​​កម្ម​​វិធី​មហោស្រព​ភាព​​យន្ត​​​ខ្លី​​ចតុ​មុខលើក​​ទី១១ (2022 CSFF) ​ដែល​​បាន​រៀបចំ​​នៅ​ប្រទេសកម្ពុជា និង​​មាន​ការ​ចូល​រួម​​ពី​សំណាក់​​សមិទ្ធ​ករ​វ័យ​ក្មេង​ និង​អ្នក​​​​ស្រឡាញ់​​វិស័យ​​ភាពយន្ត​ទាំង​ក្នុង និង​ក្រៅស្រុក​​។​


លោក ​ស៊ុំ ស៊ីថែ​ន ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី១១ បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ កាល​ពី​ថ្ងៃទី​ ២១ ខែ​វិច្ឆិកា​ ​​​ឆ្នាំ​ ២០២២ ឱ្យ​ដឹង​ថា ​ការព្យាយាម​បន្ត​​ប្រារព្ធ​កម្មវិធី​មហោ​ស្រព​ភាព​យន្ត​​​ខ្លី​​ចតុ​មុខ ​ក្នុង​រយៈ​​​​​ពេល ​២​ ឆ្នាំចុង​ក្រោយ​នេះ​ បង្ហាញ​ឱ្យឃើញថា ទោះ​​បី​ជា​ក្នុង​បរិ​បទ​​កូ​វីដ ១៩ ក្តី​​ ក៏​​​ក្រុម​ការ​ងារនៅតែ​ព្យាយាម​ស្វះ​ស្វែង​​​ក្នុងការ​រួមចំណែក​​​ផ្សារភ្ជាប់ការ​ផ្សព្វ​ផ្សាយ ពី​​​វិស័យ​ភាព​​​​​យន្ត​ខ្លី​​​​​​​ទៅ​កាន់​ទស្ស​​និក​ជន​ ទាំង​ក្នុងប្រទេស ​និង​ក្រៅ​ប្រទេស ​ឱ្យ​មានភាពប្រ​​កៀក​គ្នា​។

លោក​​ ស៊ីថែន បញ្ជាក់​​ថា សម្រាប់​កម្មវិធី​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​លើក​ទី១១ ឆ្នាំ​ ២០២២ ​នេះ​ នឹង​​​វិល​មក​​​​រៀបចំ​ ធ្វើ​នៅតា​ម​​រោង​កុន​នានា​វិញ​ ហើយ​មាន​ខ្សែ​ភាព​យន្ត​ខ្លី​​ក្នុង​ស្រុក​ ដែល​បាន​ជ្រើស​រើស​ ​​សម្រាប់ការ​ប្រកួត​​ចំនួន ៦ រឿង និង​ខ្សែ​ភាព​យន្ត​អន្តរជាតិ ​សម្រាប់ការ​ប្រកួត​​ចំនួន ៨ ​រឿង និង​មាន​​ខ្សែ​ភាព​យន្ត​ខ្លី​សម្រាប់​ការចាក់​បង្ហាញ​ផ្សេងៗ​ទៀត​ផង​ដែរ​​។​​

ប្រធាន​​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី១១ រូបនេះ​បាន​ប្រាប់ថា៖ «​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុ​មុខ​ (CSFF) គឺជា​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​ដំបូង នៅ​ប្រទេស​កម្ពុជា បង្កើត​នៅ​ក្នុង​ឆ្នាំ​ ២០​១២​ ដែល​​ឱ្យ​​​​តម្លៃ​ដល់​ស្នាដៃ​ថ្មី​របស់​យុវ​សមិទ្ធ​ករ​កម្ពុជា និង​សមិទ្ធ​ករពី​បរទេស។ សមិទ្ធផល​ក្នុង​ស្រុក​ និង​ក្រៅ​​​​ស្រុក​ ត្រូវ​​​បានជ្រើសរើស សម្រាប់​ប្រកួត​ផ្តាច់​ព្រ័ត នឹងត្រូវ​បានទទួល​ការ​វាយតម្លៃពី​សំណាក់​គណៈ​​មេប្រយោគ​របស់​ម​ហោ​ស្រព ដែល​មាន​ជំនាញ​ក្នុង​វិស័យ​ភាព​យន្ត»។

លោក​បន្ត​ថា៖ «ខ្សែ​ភាព​យន្ត​ខ្លី​​ក្នុង​ស្រុក ​(កម្ពុជា) ដែល​បាន​ជ្រើស​រើស​សម្រាប់ការ​ប្រកួត​​ចំនួន​ ៦​ រឿង​​នោះ​រួម​មាន​រឿង «សំឡេង​រាត្រី» របស់​សមិទ្ធករ សុខ ច័ន្ទរ៉ាដូ និង​វ៉ាន់ គង់ហា រឿង​«ពុកចង់​បាន​អ្វី?» របស់​សមិទ្ធករ​ ព្រំ ស្រីលក្ខណ៍ រឿង​ «ពលី» របស់​សមិទ្ធករ ថោង សារ៉េត រឿង​ «ក្រចក​ហ្គីតា​»​ របស់​សមិទ្ធករ​ មឿន សូសុខ​ហេង ​រឿង «ថ្ងៃរះ​ក្នុងចិត្ត» របស់​សមិទ្ធករ សាន ដានិច ​និង​រឿង ​«កញ្ញា​​អតិថិជន» របស់​សមិទ្ធករ​ ទី ទេព​និមល។


ចំណែក​​​ខ្សែ​ភាព​យន្ត​អន្តរជាតិ ​សម្រាប់ការ​ប្រកួត​​ចំនួន ៨​ រឿង មាន​ដូចជា​ រឿង «Bye Bye» របស់​​សមិទ្ធករ ​Amelie Bonnin រឿង «Sudden Uncertainty» របស់​សមិទ្ធករ Firdaus Balam រឿង «Domar» របស់​សមិទ្ធករ Alcibiade Cohen រឿង «Summer Friends» របស់​សមិទ្ធករ Maxime Hermet រឿង «Motorcyclist’s Happiness Won’t Fit Into His Suit» របស់​សមិទ្ធករ Gabriel Herrera រឿង «Hot Rod» របស់​សមិទ្ធករJuliette Gillot រឿង «Lili Alone» របស់​សមិទ្ធករ Zou Jing និង​​រឿង «Curupira and the Machine of Destiny» របស់​សមិទ្ធករ Janaina Wangner»។

​ឯ​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែលត្រូវ​បាន​​គេ​ទទួល​យកសម្រាប់​​ដាក់​ចូល​រួម​ ក្នុង​​​កម្មវិធី​មហោស្រព​ភាព​យន្ត​​ខ្លី​ចតុមុខ​ឆ្នាំ​ ២០២​២ ​​រួម​មានខ្សែ​ភាពយន្ត​ឯកសារ​ខ្មែរ​ខ្នាត​ខ្លី វី​ដេ​អូ​ចម្រៀង​ខ្មែរ និង​ខ្សែ​ភាពយន្ត​អន្តរ​​ជាតិ​​ខ្លី​​ប្រឌិត និង​ឯកសារ។

លោក គាំ វុត្ថា ជា​អ្នកជ្រើសរើសរឿងក្នុងស្រុក  បាន​​រំឭក​ឱ្យ​ដឹង​ពី​លក្ខ​ខណ្ឌ​ សម្រាប់ការ​ដាក់​ស្នា​ដៃ​​​​ចូល​រួម​​ក្នុង​កម្ម​វិធី​មហោស្រពភាពយន្តខ្លីចតុមុខ​ថា៖ «​លក្ខ​ខណ្ឌ​ ដែល​យើង​បាន​ជ្រើស​រើស​រឿង​ក្នុង​ស្រុក​ សម្រាប់​បង្ហាញ និង​យក​មកប្រកួត​ប្រជែង​ក្នុង​កម្ម​​វិធី​មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ ឆ្នាំ​ ២០២២ ​នេះ​គឺ​ ទី១ ត្រូវ​តែ​ជារឿង​មាន​រយៈពេល​ក្រោម ៣០ នាទី(The films are under 30 ​minutes)​។ ទី​២ ត្រូវ​​​ជារឿង​ ដែល​​​​ថត​​ផលិត​​​នៅ​ឆ្នាំ​ ២០២១ (​The films made in 2021) និង​​ទី​៣ យើង​ទទួល​យក​គ្រប់​​​ប្រភេទ​​រឿង​ទាំង​​អស់​ (All genres of films) ​ដូច​ជា​​ខ្សែ​​​រឿង​​ខ្លី ខ្សែ​ភាព​​យន្ត​ឯក​សារ និង​វី​ដេ​អូ​​ចម្រៀង»។​​​

ចំណែក​​លោក ​រដ្ឋ សានសិទ្ធិនី ជាអ្នកជ្រើសរើសរឿងអន្តរជាតិ​ ក៏​បាន​បង្ហើប​ពី​ចំណុច​សំខាន់ជា​លក្ខ​​ខណ្ឌ​​​​ ២​ យ៉ាង ក្នុង​ការ​ជ្រើសរើស​​ខ្សែ​ភាពយន្តខ្លី​អន្តរជាតិ​ មានចំនួន ៥៥ រឿង មក​ពី​​​ ១០ ​ប្រទេស ដែល​​​​​​​បាន​ដាក់​ក្នុង​​​កម្ម​វិធី​មហោ​ស្រព​ភាព​យន្តខ្លី​ចតុមុខ​ឆ្នាំ​ ២០២២ ​នេះ​ដែរ​។

លោក ​រដ្ឋ សានសិទ្ធិនី​ ឱ្យ​ដឹង​ថា៖ «សម្រាប់​ខ្សែ​ភាពយន្តខ្លី​អន្តរជាតិ​ ដែល​អាច​ត្រូវ​បាន​ជ្រើស​រើស​​​នោះ​​ទី១ ត្រូវជា​ខ្សែ​ភាព​យន្ត​ ដែល​មាន​និយាយ​ពី​ធម្មជាតិ​ពិត​នៃ​មនុស្ស​ និង​ទី​២​ ត្រូវតែជា​ខ្សែ​​​ភាព​យន្ត​​​​​ដែល​បាន​លើក​​យក​ពី​បញ្ហា​សង្គម​ពិត​នានា​​មក​ឆ្លុះ​បញ្ចាំង​»។​​

សម្រាប់​ទីតាំង​​ចាក់​បញ្ចាំង​កុន​ខ្លី​វិញ ​គឺ​មាន​នៅតាម​រោងភាព​យន្ត ដែល​ជាដៃគូ​សហការរបស់កម្ម​វិធី​មហោ​​ស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ ដូច​ជា សាល​សន្និសីទ​ចតុ​មុខ​ រោងភាពយន្ត Legend និង រោង​ភាព​យន្ត Major Cineplex ចាប់​ពី​ថ្ងៃ​ទី​ ២៥ ដល់​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២​។

ចំពោះ​ការប្រកួត​ក្នុងកម្ម​វិធី​​​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី១១ នេះ ខ្សែភាពយន្ត​ខ្លី ដែល​បាន​ជាប់​​ជម្រើស នឹងបាន​​​ទទួល​ប្រាក់រង្វាន់​ច្រើន​​រួមមាន​ដូចជា ​ជយលាភី​ភាពយន្ត​ខ្លី​លេខ ១ ក្នុង​​ស្រុក​​​​​ បាន​ប្រាក់​​រង្វាន់​ ១ ០០០ ដុល្លារ​ ជយលាភី​ភាពយន្ត​ខ្លី​លេខ ២ ក្នុង​ស្រុក​​ទទួល​បាន​រង្វាន់ ​៥០០ ​​ដុល្លារ​។

រង្វាន់​​​​ជ​ម្រើស​ទស្សនិកជន សម្រាប់​រឿង​ខ្លី​​ក្នុងស្រុកបាន​ប្រាក់​រង្វាន់​ចំនួន​ ៣០០ ដុល្លារ ដែល​​​​​​​​បោះ​ឆ្នោត​​​​​ដោយ​ទស្សនិកជន​ សម្រាប់​រឿង​ខ្លី​អន្តរ​ជាតិ​ បាន​ប្រាក់​រង្វាន់​ចំនួន ​៣០០ ដុល្លារ ដែល​​​បោះ​​ឆ្នោត​​​ដោយ​ទស្ស​និ​ក​​ជន​។​​

ក្រៅ​ពី​ការ​ចាក់​បញ្ចាំង​​ខ្សែភាព​ខ្លី​ទាំង​ក្នុង​ស្រុក (រឿង ៦) និង​អន្តរជាតិ (រឿង ៨) សម្រាប់​ការ​ប្រកួត​​ដែល​​មាន​ចំនួនសរុប ​១៤ រឿងនោះ កម្ម​វិធី​មហោ​ស្រព​ភាពយន្តខ្លី​ចតុមុខ​លើកទី​១១ ឆ្នាំ​ ២០២២ នេះ​ ក៏​មាន​ការ​ចាក់​បញ្ចាំង​​ប្រភេទ​ខ្សែ​​ភាព​យន្តផ្សេងទៀត​ដែរ ​ដូចជា ​​ភាពយន្ត​ខ្លី «តោះ​ថត​ឯក​សារ​នៅ​​កម្ពុជា ២០២១» មាន​​ចំនួន ៨ ​រឿង ដែល​បាន​ថត​មក​ពីភូមិ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។

ខ្សែ​ភាព​យន្ត​​​​ខ្លី​របស់​កម្ពុជា ​សម្រាប់​ចាក់​បង្ហាញ មានចំនួន​ ១៤ រឿង ខ្សែ​ភាពយន្ត​ខ្លី​ដែលដឹកនាំ​ដោយ «ក្រុម​ភាព​​​​យន្ត​ឈូក​រត្ន័» ​ក្នុងឆ្នាំថ្មី ២០២២​ នេះ ​និង​ផលិត​ដោយ​ «អង្គការភាពយន្តឈូករ័ត្ន» សហ​ការ​ជា​មួយ​​ការិ​យា​​​ល័យ​​ទំនាក់​ទំនង​ភ្នំពេញ​នៃមូល​និធិជប៉ុន ​កាលពីចុង​ឆ្នាំ ២០២១​ សម្រាប់​ការ​ចាក់​បង្ហាញ​មាន​​ចំនួន​​ ៦រឿង ភាពយន្ត​ឯកសារខ្លី​របស់កម្ពុជា ដែល​នឹង​ត្រូវចាក់​បង្ហាញផ្លូវ​ការ​មាន​ចំនួន ​៧​រឿង។ និង​ភាពយន្ត​ខ្នាតខ្លីអន្តរ​ជាតិ​ទាំង ៤ ដែល​បាន​ជ្រើស​រើស​ជា​ផ្លូវការ​សម្រាប់​ការ​ចាក់​បញ្ចាំង​​មាន​ចំនួន ៤​ រឿង​៕​