លោក ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី

ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដឹកនាំកិច្ចប្រជុំ ពិនិត្យឆ្លង សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៥ វិច្ឆិកានេះ ខណៈដែលមន្ត្រីជំនាញបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះ គឺមានចែងអំពីការកំណត់ប្រភេទបទល្មើសចរាចរណ៍ច្បាស់លាស់។
បើតាមហ្វេសប៊ុកលោក ស ខេង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជាន់ខ្ពស់ជាសមាជិកក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ជាច្រើនរូបទៀត។
លោក ស ខេង មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឆ្លងកាត់ដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់ទៅតាមបរិបទនៃការប្រែប្រួលខាងសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងបានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។
លោកបន្ថែមថា ដោយសារការសិក្សាបានរកឃើញថា ច្បាប់កំពុងអនុវត្តជាធរមាននេះមានមាត្រាត្រូវធ្វើ វិសោធនកម្មច្រើន លោកក៏បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមធ្វើសេចក្តីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារតាក់តែងច្បាប់ ដែលបានដឹកនាំក្រុមការងារអន្តរក្រសួង រៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសា ដើម្បីប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗរហូតឈានទៅសម្រេចបាននូវសេចក្ដីព្រាងច្បាប់ក្នុងកម្រិតបឋមនៃដំណើរការបង្កើតច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។
លោក តូច ចាន់កុសល បានរាយការណ៍ជូនលោក ស ខេង និងអង្គប្រជុំថា ក្នុងចំណោមខ្លឹមសារសំខាន់ៗនោះ សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏ចែងអំពីការកំណត់ប្រភេទបទល្មើសចរាចរណ៍ច្បាស់លាស់ ដើម្បីឱ្យការអនុវត្តវត្តច្បាប់មានភាពប្រសើរឡើងដែរ។
លោកបន្តថា ក្រុមការងារតាក់តែងច្បាប់បានបើកកិច្ចប្រជុំចំនួន ២២ លើករហូតឈានទៅបង្កើតបាននូវសេចក្ដីព្រាងច្បាប់ថ្មីនាពេលនេះ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លោក តូច ចាន់កុសល ស្ដីអំពីខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករួចមក លោក ស ខេង និងសមាជិកនៃកិច្ចប្រជុំក៏បានបន្តផ្លាស់ប្ដូរមតិយោបល់គ្នាលើខ្លឹមសារនីមួយៗនៃសេចក្ដីព្រាងច្បាប់នេះ ជាពិសេសខ្លឹមសារដែលត្រូវបានកែសម្រួលខុសពីមាត្រាចំនួន ៤៨ នៃច្បាប់ដែលកំពុងនៅជាធរមាននៅឡើយ។
មន្ត្រីជំនាញពាក់ព័ន្ធមិនទាន់បញ្ចេញឱ្យដឹងថា តើសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ៕