ភ្នំពេញៈ វិស័យ​តែង​និពន្ធ​ជា​វិស័យ​មួយ​ដែល​គ្រប់​ប្រទេស​ជា​សកល​មាន និង​ជា​វិស័យ​បង្កើត​ឱ្យ​មាន​វប្បធម៌​ត​ជំនាន់​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​នៃ​ប្រវត្តិសាស្ត្រ​។ ក្នុង​នេះដែរ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រជាជន​យកចិត្ត​ទុកដាក់​លើ​ការ​តែង​និពន្ធ​នេះ​តាំងពី​សម័យ​នគរ​ភ្នំ​មកម្ល៉េះ​។ ប្រជាជន​ខ្មែរ​សម័យ​ដើម​ចាប់អារម្មណ៍ និង​មាន​មនោសញ្ចេតនា​យ៉ាងខ្លាំង​ក្នុង​ការតែង​និពន្ធ ពិសេស​ការតែង​និពន្ធ​កំណាព្យ​។


ថ្វីបើ​ប្រជាជន​ខ្មែរ​សម័យ​ដើម​ចូលចិត្ត​ និង​ពេញនិយម​ការ​តែង​និពន្ធ​កំណាព្យ​ក៏ពិតមែន ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​ការ​តែង​និពន្ធ​កំណាព្យ​ហាក់​មាន​ការធ្លាក់ចុះ​ជាខ្លាំង​។ ដោយ​មើលឃើញ​ពី​ការថយចុះ​នៃ​ការ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​ពី​សំណាក់​ពលរដ្ឋ​ក៏ដូចជា​កវី​អ្នកនិពន្ធ​បច្ចុប្បន្ន នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នេះ នាយកដ្ឋាន​សៀវភៅ​ និង​ការអាន​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​៖ «​ការពង្រឹង​ស្នាដៃ​តង​និពន្ធ​កំណាព្យ​ខ្មែរ​» ក្នុង​គោលបំណង​អភិរក្ស អភិវឌ្ឍ​អក្សរសាស្ត្រ​ជាតិ និង​ជំរុញ​ការបង្កើត​ស្នាដៃ​តែង​កំណាព្យ​ខ្មែរ​ឱ្យ​ផុសផុល​ឡើងវិញ​។

ថ្លែង​ក្នុង​កម្មវិធី​សិក្ខា​នេះ លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ​ និង​ការអាន​បានឱ្យដឹង​៖ «​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដោយសារ​យើង​សង្កេតឃើញ​ថា កំណាព្យ​ខ្មែរ​សព្វថ្ងៃ​មាន​វិការ​ភាព​ និង​បញ្ហា​ប្រឈម​សំខាន់​បី​៖ ១- វិការ​ភាព​ក្នុង​រូបសាស្ត្រ​៖ ការ​តែង​និពន្ធ​កំណាព្យ​មិន​គោរព​តាម​ក្បួនខ្នាត​នៃ​បទ​កំណាព្យ​។ ២- វិការភាព​ក្នុង​សូរសាស្ត្រ​៖ ក្នុងការ​សូត្រ​ និង​ស្មូត​មិន​គោរព​តាម​ពាក្យ​ ឬ​ព្យាង្គ​នៃ​បទ​នីមួយៗ​។ ៣-​ វិការ​ភាព​ក្នុង​និយណ្ហសាស្ត្រ​៖ ការប្រើ​ន័យ​សេចក្តី​ក្នុង​កំណាព្យ​មិន​ស្របតាម​កាល​អាកាស​»​។


លោក​បាន​ថ្លែង​បន្ត​ថា​៖ «​តាមរយៈ​ការដាក់​ប្រឡង​ប្រជែង​ស្នាដៃ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​នៅតាម​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​នានា យើង​សង្កេត​ឃើញ​ថា​ស្នាដៃ​តែង​និពន្ធ​កំណាព្យ​មាន​ការកើន​ជាង​មុន ប៉ុន្ដែ​ការប្រើ​ជើង​កាព្យ​កំណាព្យ​ខ្មែរ​ក្នុង​ការតែង​និពន្ធ​នាពេល​បច្ចុប្បន្ន​កំពុង​ប្រាសចាក​ក្បួនច្បាប់​របស់​បុព្វបុរស​ខ្មែរ​។ ការមើលរំលង ឬ​កង្វះ​ការយកចិត្ត​ទុកដាក់​របស់​ស្មេរ​ ឬ​ត្មែង​កំណាព្យ​ខ្មែរ​អាច​បង្ក​ជា​បញ្ហា​ប្រឈម​ឈាន​ដល់​ការបាត់បង់​ក្បួនខ្នាត​កំណាព្យ​ខ្មែរ​បន្តិច​ម្ដងៗ​។ នេះ​ជា​បញ្ហា​មួយ​ដែល​អ្នកជំនាញ​មាន​ការបារម្ភ និង​ផ្តោត​ការយកចិត្ត​ទុកដាក់​”​។

ថ្លែង​ក្នុង​សន្ទរកថា​សិក្ខាសាលា​ស្តីពី​៖ «​ការពង្រឹង​ស្នាដៃ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​» នេះ​ដដែល លោក កុក រស់ មាន​ប្រសាសន៍​ប្រាប់​ពី​គោលបំណង​នៃ​ការបង្កើត​ឱ្យ​មាន​សិក្ខាសាលា​នេះ គឺធ្វើឡើង​ដើម្បី​៖ ១- ត្រួសត្រាយ​ស្រាយ​ចម្ងល់​ និង​បង្ហាត់បង្ហាញ​ផ្លូវ​ដល់​យុវជន​ដែលជា​អ្នក​ចង់​បង្កើត​ស្នាដៃ​ និង​អភិវឌ្ឍ​ស្នាដៃ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​។ ២- ការចែករំលែក​ចំណេះដឹង​ និង​បទពិសោធ​នៃ​ការតែង​និពន្ធ​របស់​រៀមច្បង​កវីនិពន្ធ​ដែល​ធ្លាប់បាន​បង្កើត​ស្នាដៃ​កំណាព្យ​ល្អៗ និង​ទទួលបាន​ជយលាភី​ក្នុង​វិស័យ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​នាពេល​កន្លងមក​។ និង​៣- ជំរុញ​ និង​លើកទឹកចិត្ត​ដល់​យុវ​អ្នកនិពន្ធ​ និង​កវីនិពន្ធ​ដែល​មាន​គំនិត​ប្រតិដ្ឋ​ញ្ញាណ ចូលរួម​បង្កើត​ស្នាដៃ​និពន្ធ​ថ្មីៗ​ឱ្យ​បាន​ច្រើន និង​មាន​ភាព​សម្បូរបែប​ ដើម្បី​លើកស្ទួយ​អក្សរសាស្ត្រ​ជាតិ​។


រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចំណែក​លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី «​ការពង្រឹង​ស្នាដៃ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​» មាន​ប្រសាសន៍​​បង្ហាញ​ពី​តម្លៃ​នៃ​អ្នកនិពន្ធ​ថា​៖ «​អ្នកនិពន្ធ​គឺជា​អ្នក​ដែល​ធ្វើឱ្យ​ពិភពលោក​មាន​សន្តិភាព និង​សង្គ្រាម​ដោយ​អាវុធ​ស្លាបប៉ាកកា​មិនមាន​បង្ហូរឈាម ប៉ុន្ដែ​បង្ហូរ​តាមរយៈ​ទឹកខ្មៅ​នៃ​ចុង​ប៉ាកកា​។ អ្នកនិពន្ធ គឺជា​ជា​វិស្វករ​នៃ​ព្រលឹង​ និង​ជា​អ្នក​បង្វិល​ចក្រវាល​»​។

លោកស្រី​បន្តថា​៖ «​អ្នកនិពន្ធ គឺជា​ស្ថាបត្យករ​សង្គម​ដែល​យក​បញ្ញាញាណ​ និង​ចុង​ប៉ាកកា​របស់ខ្លួន​មក​ធ្វើជា​ដើមទុន​ដោយ​មិន​គ្រាន់តែ​ប្ដូរ​យក​កម្រៃ ​និង​កិត្តិយស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកនិពន្ធ​បាន​បន្សល់​ទុក​នូវ​គំនិត​ប្រាជ្ញា​បង្កប់​ក្នុង​ស្នាដៃ​របស់ខ្លួន​ ដែល​ជា​វិភាគទាន​មួយ​ដ៏ធំធេង​ និង​ជា​ទ្រព្យសម្បត្តិ​មហាសាល​ចំពោះ​មនុស្សជាតិ​។ ដូច្នេះ​អ្នកនិពន្ធ​ត្រូវ​មាន​ចំណេះដឹង​ពហុ​ជំនាញ​មាន​ក្រមសីលធម៌​ក្នុង​ការបង្កើត​ស្នាដៃ​ប្រលោមលោក កំណាព្យ ចម្រៀង ខ្សែភាពយន្ត​»​។​ល​។

សិក្ខាសាលា​ថ្ងៃនេះ ជា​ឱកាស​ដ៏ពិសិដ្ឋ​មួយ​សម្រាប់​អ្នកនិពន្ធ​ដែល​មាន​បទពិសោធ និង​អ្នកនិពន្ធ​ជំនាន់​ថ្មី​ជជែក​ពិភាក្សា ផ្លាស់ប្ដូរ​បទពិសោធ ចែករំលែក​ចំណេះដឹង​ទៅវិញ​ទៅមក​ស្វែងរក​បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​ជូន​ដល់​អ្នកនិពន្ធ​។ តើ​អ្វីខ្លះ​ជា​ផល​លំបាក​ដែល​បន្ទុច​បង្អាក់​ដល់​វិស័យ​តែង​និពន្ធ​? តើ​យើង​មាន​វិធានការ​បែបណា​ ដើម្បី​ជួយ​ជំរុញ​ឱ្យ​ស្នាដៃ​តែង​និពន្ធ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​អរិយ​ប្រទេស​?

សូមបញ្ជាក់​ថា​សិក្ខាសាលា​ស្តីពី «​ការពង្រឹង​ស្នាដៃ​តង​និពន្ធ​កំណាព្យ​ខ្មែរ​» នេះ​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ២០០ ​នាក់ ដែល​អញ្ជើញ​មកពី​បណ្ដា​ខេត្ត រាជធានី និង​ស្ថាប័ន​នានា​។ សិក្ខាសាលា​នេះ​ក៏មាន​វាគ្មិន​ជាច្រើនរូប​ចូលរួម​ធ្វើ​បទបង្ហាញ​លើ​ប្រធានបទ​ដូចជា​៖ ១- វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​នៃ​កំណាព្យ​ខ្មែរ ២- សិល្បៈ​នៃ​ការបង្កើត​រូបារម្មណ៍​ក្នុង​កំណាព្យ​ខ្មែរ ៣- វិធីសាស្ត្រ​នៃ​ការ​តែង​និពន្ធ​កំណាព្យ​ខ្មែរ ៤- វិធីសាស្ត្រ​នៃ​ការតែង​និពន្ធ​កំណាព្យ​រឿង ៥- វិសេសភាព​នៃ​កំណាព្យ​ទំនើប​និយម ៦-​វិធីសាស្ត្រ​នៃ​ការតែង​និពន្ធ​កំណាព្យ និង​ចម្រៀង​ខ្មែរ និង ៧- ការចែក​រំលែក​ចំណេះដឹង និង​បទពិសោធ​ម្ចាស់ពាន​ឥន្ទ្រទេវី៕