ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ រួមគ្នា​ប្រមូល​សំរាម​ប្លាស្ទិក​នៅ​ចុង​ឃ្នៀស​នៃ​បឹង​ទន្លេសាប​

Content image - Phnom Penh Post
អ្នកចូលរួម​ប្រមូល​សំរាម​នៅ​តំបន់​ចុងឃ្នៀស​នៃ​បឹង​ទន្លេសាប​កាលពី​ថ្ងៃទី ២៧ វិច្ឆិកា​។ រូបថត NGO2

សៀមរាបៈ ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប​ប្រមាណ ៤០០ នាក់ បាន​រួមគ្នា​ប្រមូល​សំរាម​ប្លាស្ទិក​ដែល​អណ្តែត​ត្រៀបត្រា​លើ​ផ្ទៃ​ទឹក​នៅ​ក្នុង​តំបន់​ចុង​ឃ្នៀស ខណៈ​ក្រុម​បណ្តុះបណ្តាល​ស្ម័គ្រចិត្ត​ប្រមាណ ១០០ នាក់​បន្ត​សកម្មភាព​ចុះ​អប់រំ​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅលើ​ទឹក​ប្រមាណ ៧០០ គ្រួសារ ឱ្យ​សម្អាត​បរិស្ថាន។​

​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​បរិស្ថាន​ខេត្ត បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី និង​ចៅសង្កាត់​ចុងឃ្នៀស បាន​រៀបចំ​កម្មវិធី​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ ២០២២ ក្រោម​ប្រធានបទ «​មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង»។

​កម្មវិធី​នេះ មានការ​ចូលរួម​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​​ប្រដាប់​អាវុធ ការិយាល័យ​ចំណុះ​រដ្ឋបាល​ក្រុង លោក​ចៅសង្កាត់ មេភូមិ ព្រះសង្ឃ ប្រជា​នេសាទ​ប្រជា​ការពារ សហគមន៍​ទេសចរណ៍ តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាកបាទក្រហម​កម្ពុជា យុវជន សស​យក និង​ក្រុមហ៊ុន​ប្រមូល សម្អាត ដឹកជញ្ជូន​សំរាម រួមមាន​ក្រុមហ៊ុន​ហ្គាអ៊ីយ៉ា ក្រុមហ៊ុន​ឯក​ទីវគ្រីន និង​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រមាណ ៤០០ នាក់។​

​លោក​ ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​និយាយ​ថា ការរៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ប្រជា​នេសាទ សហគមន៍​ទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​សង្កាត់​ចុង​ឃ្នៀស​យល់ដឹង និង​យកចិត្ត​ទុកដាក់​លើការ​គ្រប់គ្រង​សំណល់​ប្លាស្ទិក​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​។ ការរួម​គ្នា​ក្នុងការ​សម្អាត​បរិស្ថាន​ចាប់​ពី​ពេលនេះ ក៏​ដើម្បី​ទប់ស្កាត់​ការបំពុល​បឹង​ទន្លេសាប និង​ជីវចម្រុះ ដោយ​សំណល់​ប្លាស្ទិក និង​លើកស្ទួយ​ភូមិឋាន​មាន​បរិស្ថាន​ល្អ ខ្យល់​បរិសុទ្ធ និង​ទេសភាព​ល្អ​ស្រស់​ត្រកាល ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ លើកកម្ពស់​ជីវភាព​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​ផងដែរ។​

​លោក​ថា​៖ «​នៅក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នេះដែរ មាន​សកម្មភាព​សំខាន់ៗ​រួមមាន​ប្រមូល​សំណល់​ថង់​ប្លាស្ទិក​នៅតាម​មាត់​ព្រែក​នៃ​ព្រៃ​លិច​ទឹក និង​នៅតាម​ភូមិ​បណ្តែត​ទឹក និង​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​នៅតាម​ផ្ទះ និង​ផ្តល់​ការុង​សម្រាប់​ច្រក​សំណល់​ថង់​ប្លាស្ទិក​ដើម្បី​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​បោះចោល​ចូលក្នុង​បឹង​ទន្លេសាប»។​

​លោក​ស៊ា សុផល ប្រធាន​អង្គ​ការ​មូលនិធិ​ទំពាំង​ស្នង​ប្ញ​ស្សី​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៧ វិច្ឆិកា​ថា ការ​ជួបជុំ​បានធ្វើ​ឡើងជា​ទ្រង់ទ្រាយ​ធំ​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៦ វិច្ឆិកា ដើម្បី​ផ្សព្វផ្សាយ​អំពី​ទិវា និង​យុទ្ធនាការ​ដែល​ភាគី​ពាក់ព័ន្ធ​បានរួម​គ្នា​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើឱ្យ​បឹង​ទន្លេសាប​ស្អាត និង​បៃតង។ បន្ទាប់ពី​ការជួប​ជុំគ្នា​នេះ ក្រុម​ការងារ នឹង​បន្ត​ដឹកនាំ​ប្រជា​សហគមន៍​នៅ​តំបន់​ចុង​ឃ្នៀស​ឱ្យ​បន្ត​សកម្មភាព​សម្អាត​បរិស្ថាន និង​ចូលរួម​ទុកដាក់​សំរាម​ប្លាស្ទិក​ឱ្យបាន​ត្រឹមត្រូវ ខណៈ​ក្រុម​បណ្តុះបណ្តាល​ប្រមាណ ១០០ នាក់​នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​រហូតដល់​រដូវ​ទឹក​ស្រក​មកដល់។

​លោកបញ្ជាក់ថា​៖ «​ឆ្នាំនេះ យើង​មាន​យុទ្ធនាការ​មួយ​ដែលមាន​ឈ្មោះថា ចុង​ឃ្នៀស​ស្អាត ទន្លេសាប​បៃតង​ដោយ​គ្មាន​ប្លាស្ទិក ដោយ​ផ្តោត​ទៅលើ​ភូមិ​បណ្តែត​ទឹក​ដែលមាន​ពលរដ្ឋ​ជិត ៧០០ គ្រួសារ​។ ពេលនេះ ចូល​ដល់​ខែប្រាំង​ហើយ ទឹក​ចាប់ផ្តើម​ស្រក​តិចៗ ដែល​ចាប់ពី​ខែ ១១ ខែ​១២ ខែ​១ និង​ខែ ២ យើង​នឹង​បន្ត​ចុះ​អប់រំ​តាម​ផ្ទះ​ឱ្យ​គាត់​ចូលរួម​ក្នុងការ​សម្អាត​ប្លាស្ទិក​។ យើង​ធ្វើ​រហូត​មិន​ដាក់​ដៃ​ទេ រហូតដល់​រដូវប្រាំង យើង​ធ្វើ​នៅលើ​គោក​បន្តទៀត»។​

​បើតាម​លោក ស៊ា សុផល យុទ្ធនាការ​ចុង​ឃ្នៀ​ស​ស្អាត ទន្លេ​សាប​បៃតង​ដោយ​គ្មាន​ប្លាស្ទិក គឺ​ផ្តោត​ទៅ​លើ​លក្ខខណ្ឌ​ចំនួន ២ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជា​សហគមន៍​ចុង​ឃ្នៀស​ទាំងអស់ ចូលរួម​សម្អាត​បរិស្ថាន​សាធារណៈ​ឱ្យបាន​ស្អាត​ជាប្រចាំ និង​បង្កើតជា​កម្មវិធី​នានា​នៅក្នុង​សហគមន៍​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​ក្នុង​ការញែក​សំរាម​ប្លាស្ទិក។

​លោក​បន្តថា​៖ «​យើង​ផ្តោតទៅលើ​ប្លា​ស្ទិ​ក​នៅក្នុង​បរិស្ថាន ដែល​នៅក្រៅ​ផ្ទះ​របស់​គាត់ នៅ​តាម​ទន្លេ អណ្តែត​លើទឹក លើ​មែកឈើ យើង​ចុះ​អប់រំ​ឱ្យ​ពួកគាត់ យក​តម្ពក់​ថ្ពក់​សំរាម ឬ​ដួស​សំរាម​ឱ្យ​ទន្លេសាប​នេះ​អស់​ប្លាស្ទិក។ យើង​កំពុង​ធ្វើ​រឿងនេះ ដែល​មាន​រូបភាព​មួយចំនួន​ដើម្បី​បង្ហាញ​ឱ្យ​គាត់​ចូលរួម ដោយ​បង្ហាញ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​ពួកគាត់»។

​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ប្ញស្សី (NGO2) និង​អង្គការ​ដៃគូ​ឈ្មោះ Ocean Recovery Alliance បាន​ប្រកាស​គាំទ្រ​សហគមន៍​សង្កាត់​ចុង​ឃ្នៀស​ឱ្យ​អនុវត្ត​កម្មវិធី​គ្រប់គ្រង​កាកសំណល់ និង​ប្រមូល​យក​ប្លាស្ទិក​ពី​ក្នុង​បឹង​ទន្លេសាប​រយៈពេល ៣ ឆ្នាំ ដែល​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ​។ ក្រៅពី​សហគមន៍​ចុង​ឃ្នៀស អង្គការ​ទាំង ២ នេះ​ក៏​ជំរុញ​លើក​ទឹកចិត្ត​សហគមន៍​បឹង​ទន្លេសាប ដទៃ​ទៀត​ធ្វើការ​សម្អាត​សំរាម​ប្លាស្ទិក​ប្រចាំឆ្នាំ​តាម​សហគមន៍​រៀងៗខ្លួន​ផងដែរ៕​

ព័ត៌មានថ្មីៗ