ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជាង ៨៦៨ លានដុល្លារ​អាមេរិក​បន្ថែម​ទៀត សម្រាប់​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ ១៩ ចាប់ពី​ចុងខែ​មិថុនា ឆ្នាំ ២០២០ មក​ដល់​ចុងខែ​វិច្ឆិកា ឆ្នាំ ២០២២ នេះ។​


​យោងតាម​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃទី ២៤ ខែ​វិច្ឆិកា​ថា រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ចាប់​ពី​ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ ២០២០ រហូត​មកដល់​ពេល​នេះ​មាន​ចំនួន ១១ ជុំ និង ២៩ លើក​រួច​មកហើយ។​

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ការ​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំទី ១១ លើក​ទី ១ ត្រូវ​បាន​បញ្ចប់ ដោយ​ថវិកា​ចំនួន​ជាង ១២៥ ៤៧០ លានរៀល ត្រូវបាន​ផ្តល់ជូន​គ្រួសារ​ជាង ៧០ ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​គ្រួសារ​ក្រីក្រ​ប្រភេទ ១ និង​ប្រភេទ ២។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា​៖«​សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំទី ១១ លើកទី ២ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ដែល​មាន​រយៈពេល ៣០ ថ្ងៃ​។ សម្រាប់​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ២៩ លើក​រួចហើយ អាច​ទៅ​បើកប្រាក់​នៅ​តាម​បញ្ជរ​វីង​ណាមួយ​បាន​ដោយ​មិន​តម្រូវ​ឱ្យទៅ​បញ្ជាក់​នៅ​សាលាឃុំ សង្កាត់​សាជាថ្មី​ទៀត​ទេ»។​

​ជាមួយគ្នានេះដែរ​ក្រសួង​សង្គម​កិច្ច ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការ​ចាញ់​បោក​គណបក្ស​នយោបាយ ឬ​ជន​ឆបោក​មួយ​ចំនួន ដែល​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​នឹងធ្វើ​ការដក​បណ្ណ​ក្រីក្រ និង​បញ្ឈប់​បើកប្រាក់​ដល់​គ្រួសារ​ទទួល​ផល​ពី​កម្មវិធី​ដោយសារ​ការ​ប្រកាន់​និន្នាការ​នយោបាយ ឬ​បោះឆ្នោត​គាំទ្រ​ក្រុម​ប្រឹក្សាឃុំ- សង្កាត់​ដែល​កំពុង​ដឹកនាំ​បច្ចុប្បន្ន។​


​សូមបញ្ជាក់ថា ទាក់ទង​នឹង​ការផ្តល់​ការឧបត្ថម្ភ​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នេះដែរ ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​សន្តិសុខ​សង្គម​អាស៊ាន (ASEAN Social Security Association (ASSA) បានផ្តល់​ពានរង្វាន់​ដល់​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ដោយ​ទទួល​បាន​ពានរង្វាន់​ឧត្តមានុវត្តន៍​នៃការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​អំឡុងពេល​កូវីដ ១៩ កាល​ពី​ថ្ងៃទី ២៤ វិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ នា​ខេត្ត​ហ្លួងព្រះបាង ប្រទេស​ឡាវ។​

​លោក ឈួ​រ សុ​បញ្ញា ប្រតិភូរា​ជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​មូលនិធិ​ជាតិ​ជំនួយ​សង្គម បាន​ឱ្យដឹង​ថា ពានរង្វាន់​ឧត្តមានុវត្តន៍​គឺជា​ពានរង្វាន់​របស់​សមាគម​សន្តិសុខ​សង្គម​អាស៊ាន​ដែល​ផ្តល់ជូន​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ចំពោះ​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំងអស់ ដែល​បាន​បំពេញ​ការងារ​ប្រកបដោយ​ភាព​ជោគជ័យ​លើ​ឧត្តមភាព​នៃការ​ផ្តល់សេវា​គាំពារ​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​ប្រទេស​នីមួយៗ៕