​លោក វង្ស ពិ​សេន ចាត់ទុក​ការងារ​ហ្វឹកហ្វឺន​ជា​អាទិភាព​សំខាន់​ចាំបាច់​បំផុត ក្នុង​កំណែទម្រង់កងទ័ព​

Content image - Phnom Penh Post
សកម្មភាពក្រុមកុម្ម៉ង់ដូនៃកងយោធពលខេមរភូមិន្ទហ្វឹកហាត់ជំនាញប្រយុទ្ធ។ រូបថត សហការី

ភ្នំពេញៈ ​លោក វង្ស ពិ​សេន អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ធ្វើជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កុម្ម៉ង់ដូ ​១ ​ក្រុម​ លើ​ជំនាញ​ជួសជុល​អូប័រ សង្គ្រោះ​គ្រោះមហន្តរាយ ឆត្រយោង មុជទឹក កាលពី​ម្សិលមិញ នៅ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស (​កំបូល​) ដោយបាន​ចាត់ទុក​ការងារ​ហ្វឹកហ្វឺន​កងកម្លាំង​យោធា​ជា​អាទិភាព​សំខាន់បំផុត ក្នុង​កំណែទម្រង់កងទ័ព​។​

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គបញ្ជាកា​រដ្ឋា​ន​កងយោធពល​ខេមរភូមិន្ទ បាន​ស្រង់​សម្ដី លោក វង្ស ពិ​សេន ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​នោះ​ថា​៖ «​ការងារ​ហ្វឹកហ្វឺន គឺជា​ជ្រុង​អាទិភាព​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត នៅក្នុង​ការកែទម្រង់​ក​សាង​ធនធានមនុស្ស​របស់​ក​ង​យោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​អ្វីៗ​ទាំងអស់ ទាំង​ការកសាង និង​បង្កើន​សមត្ថភាព ការថែរក្សា​គ្រឿង​បំពាក់ និង​ការធានា​និរន្តរភាព​ការងារ​»​។​

លោក​បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន កុម្ម៉ង់ដូ​ជំនា​ន់ទី​១១ បើក​វគ្គ​ជួសជុល​អូប័រ​ជំនា​ន់ទី​៦ វគ្គ​សង្គ្រោះ​គ្រោះមហន្តរាយ និង​បើក​វគ្គ​ឆត្រយោង​ជំនា​ន់ទី​៣៣ វគ្គ​ឆត្រ​បញ្ជា​ជំនា​ន់ទី​៦ វគ្គ​ឯកទេស​មុជទឹក​ជំនា​ន់ទី​៩ នៅ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស​កំបូល​នៅ​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​​ ២០២២​។​

លោក​ ពិ​សេន​ លើកឡើងថា ក្នុង​បរិបទ​ដែល​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ ជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​ធ្វើការ​ហ្វឹកហ្វឺន ពង្រឹងសមត្ថភាព​ជំនាញ​ឲ្យ​កាន់តែ​មុត​ស្រួច ក្នុង​បុព្វហេតុ​បម្រើ​ជាតិ ការពារ​មាតុភូមិ​។ យុទ្ធសាស្ត្រ​នៃ​ការហ្វឹកហ្វឺន ដើម្បី​ប្រែក្លាយ​អង្គភាព​ទ័ព​ពិសេស​ទៅជា​អង្គភាព​មុត​ស្រួច ធានាបាន​កិច្ចការពារ​បូរណភាព​ទឹកដី ការថែរក្សា​សន្តិភាព សន្តិសុខ សុវត្ថិភាព​សង្គម​។​

លោក​ វង្ស​ ពិ​សេន ថ្លែងថា​៖ «​កងទ័ព​ទាមទារ​ចាំបាច់​ក្នុងការ​ប្រកាន់ខ្ជាប់​លក្ខណសម្បត្តិ​ ៤​ យ៉ាង គឺ ទឹកចិត្ត​ក្លាហាន ភក្តីភាព កាយសម្បទា និង​ជំនាញ​»​។​

អគ្គមេបញ្ជាការ​រូបនេះ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន បញ្ជាការដ្ឋាន​ទ័ព​ពិសេស បន្ត​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​តាម​ភារកិច្ច អនុវត្ត​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​ការពារ​សន្តិភាព បូរណភាព​ទឹកដី សន្តិសុខ សុវត្ថិភាព ទប់ស្កាត់​អំពើ​ភេរវកម្ម និង​បង្ក្រាប​បទល្មើស​នានា ដែល​បង្ក​អស្ថិរភាព​ក្នុង​សង្គមជាតិ​៕

ព័ត៌មានថ្មីៗ