ភ្នំពេញៈ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​(CHRC) ស្នើ​គ្រប់​ក្រសួង ​ស្ថាប័ន និង​ភាគី​ពាក់​ព័ន្ធ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ដំណើរ​ការ​សរសេរ​របា​យ​ការណ៍​សិទ្ធិ​មនុស្ស​ជូន​អង្គការ​សហ​ប្រជា​ជាតិ (UN)​ ដើម្បី​កិត្យានុ​ភាព​ប្រទេស​កម្ពុជា​។​


​ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា​នា​ថ្ងៃទី ​២៨ ​ខែវិច្ឆិកា ដែល​រៀបចំ​ឡើង​ក្រោម​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង ​CHRC ​និង​ការិយា​ល័យ​ឧ​ត្ត​ម​ស្នងការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ (OHCHR)​។​

​សិក្ខា​សាលា​នេះ​មាន​គោល​បំណង​ផ្សព្វ​ផ្សាយ ​តាម​ដាន និង​ជំរុញ​ការ​អនុវត្ត​អនុ​សាសន៍​នៅក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​របស់​គណៈ​កម្មកា​រ​សិទ្ធិ​មនុស្ស​ UN ​ដែលជា​គណៈ​កម្មការ​ទទួល​បន្ទុក​តាម​ដាន​ការ​អនុវត្ត​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិ​នយោ​បាយ​របស់​រដ្ឋ​ភាគី​។​


សិក្ខាសា​លា​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​តំណាង​ប្រចាំ​ប្រទេស​ និង​មន្ត្រី​នៃ​ OHCHR​ ព្រឹទ្ធ​សភា ​រដ្ឋស​ភា អង្គ​ទូត ក្រសួង​ ស្ថា​ប័ន នៃ​រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​អង្គ​ការ​សង្គម​ស៊ីវិល​។​

​លោក ​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន ​CHRC ថ្លែង​ក្នុង​សិក្ខា​សាលា​នេះ​ថា ការ​សម្រេច​បាន​លទ្ធផល​នានា​ស្តីពី​ការ​អនុវត្ត​អនុ​សាសន៍​ដែល​ទទួល​បាន​ពី​យន្តការ​សិ​ទិ្ធ​មនុស្ស​ទាំង​ឡាយ​របស់ ​UN​ ពិត​ជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​ដាក់​បញ្ចូល​ទៅក្នុង​របាយ​ការណ៍​សិទ្ធិម​នុស្ស​នៅ​ជុំ​បន្ទាប់​ទៀត​ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ប្តេជ្ញា​ចិត្ត និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​កម្ពុជា​លើ​វិស័យ​សិទ្ធិ​មនុស្ស​។


​លោក​បន្ត​ថា​ ការធ្វើ​របាយ​ការណ៍​ឱ្យ​ស្រប​តាម​ទម្រង់ ការដាក់​របាយ​ការណ៍​ទាន់​ពេល​វេលា និង​ការចូល​រួម​ការ​ពិនិត្យ​របាយ​ការណ៍​ជាតិ​ជា​មួយ​យន្តការ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ​និង​យន្តការ​ស្ថាប័ន​តាម​សន្ធិ​សញ្ញា​ក៏​ជា​ចំណែក​មួយ​ដែល​សហ​គមន៍​អន្តរ​ជាតិ​យក​ធ្វើជា​មូលដ្ឋាន​សម្រាប់​វាយ​តម្លៃ​ពី​ការយក​ចិត្តទុក​ដាក់រ​បស់​កម្ពុជា​លើ​វិស័យ​សិទ្ធិ​មនុស្ស​ផង​ដែរ​​។

​លោក​ កែវ រ៉េមី មាន​សេចក្តី​រំពឹង​យ៉ាង​មុតមាំ​ថា សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​នេះនឹង​បង្កើន​ការ​យល់​ជ្រួត​ជ្រាប​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​លើ​អនុ​សាសន៍​ទាំង​ឡាយ​នៅក្នុង​សេចក្តី​អង្កេត​សន្និ​ដ្ឋាន​នេះ​ដែល​នឹង​ចូល​រួមចំណែក​ធ្វើឱ្យ​សម្រេច​គោល​បំណង​សំខាន់​របស់​កម្ពុជា​គឺ​ការ​អនុវត្ត​អនុ​សាសន៍​ទាំង​នោះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ សម្រាប់​បញ្ចូល​ក្នុង​របាយ​ការណ៍​ជុំ​បន្ទាប់​។

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ក៏មាន​ជំនឿ​ជាក់ និង​ក្តី​រំពឹង​ផងដែរ​ថា​ គ្រប់​ក្រសួង ​ស្ថា​ប័ន និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នឹងចូល​រួម​កាន់តែ​សកម្ម​និង​ប្រកប​ដោយ​អត្ថ​ន័យ​បន្ថែម​ទៀត​ក្នុង​ដំណើរ​ការ​នៃ​ការ​សរសេរ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ និង​ការ​ការពារ​របាយ​ការណ៍​ជា​មួយ​គ្រប់​យន្តការ​សិ​ទិ្ធ​មនុស្ស ដើ​ម្បី​បុព្វហេ​តុ និង​កិត្យា​នុភាព​ជាតិ​របស់​យើង​»​។​

​លោក ​កែវ រ៉េមី កត់​សម្គាល់ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តាម​រយៈ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​រប​ស់​គ្រប់​ក្រសួង ​ស្ថាប័​ន​ដែលជា​ប់​កាតព្វ​កិច្ច​ទទួល​បន្ទុក​ក្នុង​ការធ្វើ​របាយ​ការណ៍​ជូន​UN​កម្ពុជា​ត្រូវបាន​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសដែលមា​ន​ការអ​នុវត្ត​ល្អៗ​លើ​ការ​ដាក់​របា​យការណ៍និង​ការ​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​បែប​ស្ថាប​នា​ជា​មួយ​យន្ត​ការ​សិទ្ធិម​នុស្ស​នានា​។​

​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​លើ​កតិ​កាសញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោ​បាយ​ ក្នុង​ឆ្នាំ​ ១៩៩២ ​និង​បានដាក់​របាយ​ការណ៍​លើក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៨ ​ហើយ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ UN​ បាន​ពិនិត្យ​របាយ​ការណ៍​នេះ​ក្នុង​ឆ្នាំ​ ១៩៩៩​។ របាយ​ការណ៍​លើក​ទី​២ ទី​៣ និង​ទី​៤ បាន​បញ្ជូន​ទៅ​គណៈ​កម្មការ​នេះក្នុង​ឆ្នាំ​ ២០១​២ ដោយ​គណៈ​កម្មការ​បាន​ពិនិត្យ​ក្នុង​ឆ្នាំ​ ២០១៥​។

​ចំពោះ​របាយ​ការណ៍​លើ​ទី​៥​ នេះ បាន​ដាក់​ជូន​គណៈ​កម្មកា​រ​នេះ​ក្នុង​ឆ្នាំ​ ២០១៩ ​ដោយ​គណៈ​ប្រតិភូ​កម្ពុជា​បាន​ចូលរួម​ពិនិត្យ​របាយ​ការណ៍​នេះ​ជាមួយ​គណៈ​កម្មការ​ UN​ នេះ​កាល​ពី​ខែមីនា ឆ្នាំ​ ២០២២​ តាម​ទម្រង់​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ហើយ​គណៈ​កម្ម​ការ​នេះ​បាន​ចេញ​ជា​សេចក្តី​អង្កេត​សន្និ​ដ្ឋាន​ផ្លូវការ​ចំនួន​ ៤៦​ ចំណុច​ កាលពី​ខែ​ឧសភា ឆ្នាំ​ ២០២២ សម្រាប់​ឱ្យ​កម្ពុជា​អនុវត្ត​បន្ត និង​ឆ្លើយ​តប​៕